ភ្នំពេញៈ អ្នកគ្រប់គ្រង​សង្វៀន​ប្រដាល់​ទ​ទក រួមជាមួយ​ដៃគូ​សហការ បាន​សម្រិតសម្រាំង​យក​កីឡាករ​បរទេស​មា​នស​ម​ត្ថ​ភាពល្អៗ​ចំនួន ១១​ នាក់ មកពី​ប្រទេស​ថៃ អ៊ីរ៉ង់ និង​ឡាវ ដើម្បី​ប្រកួត​ឆ្លង​ឆ្នាំ​២០២៣ ជាមួយ​អ្នក​ប្រដាល់​លំដាប់​ល្បីៗ​របស់​កម្ពុជា ក្នុង​ព្រឹត្តិការណ៍ Krud Kun Khmer នៅ​ទីតាំង​មុខ​សាលាខេត្ត​ត្បូងឃ្មុំ​ថ្មី នា​យប់​ថ្ងៃទី​៣០ និង​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៣​នេះ​។​

ជាមួយ​ការ​ចល័ត​ការប្រកួត ទៅដល់​ខេត្ត​ត្បូងឃ្មុំ​នេះ លោក ម៉ុ​ល នី ប្រធាន​ផ្គូផ្គង​របស់​សង្វៀន​ប្រដាល់​ទ​ទក បាន​អះអាងថា នឹង​ទទួលបាន​ការគាំទ្រ​ខ្លាំង​ជាង​ការប្រកួត​នៅ​ខេត្តកំពង់ស្ពឺ ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និង​ខេត្តព្រះវិហារ កន្លងមក​ទៅទៀត ដោយសារ​ការប្រកួត​ឆ្លង​ឆ្នាំ​ចំនួន ២​ថ្ងៃនេះ Krud Kun Khmer បាន​សម្រិតសម្រាំង​យក​សុទ្ធតែ​កីឡាករ​ល្អៗ មាន​ប្រជាប្រិយ​ភាពខ្លាំង​ទៅ​ប្រកួត​។​

​លោក ម៉ុ​ល នី បាន​ប្រាប់​កាលពី​ថ្ងៃទី​២៨ ខែធ្នូ​ថា​៖ «​តាមរយៈ​ការប្រកួត​តាម​ខេត្ត​កន្លងមកនេះ យើង​ទទួលបាន​ជោគ​ជ័យ ដោយមាន​អ្នក​អបអរសាទរ និង​គាំទ្រ​ច្រើន ហើយ​នេះ​ជាការ​ផ្សព្វផ្សាយ​គុន​ខ្មែរ​របស់​យើង​ទៅដល់​ក្មេងៗ និង​ប្រជាពលរដ្ឋ​នៅតាម​ខេត្ត ដើម្បីឱ្យ​ពួកគាត់ មានការ​យល់ដឹង​កាន់តែច្បាស់ និង​រួមចំណែក​អភិរក្ស និង​អភិវឌ្ឍ​ក្បាច់គុន​ដូនតា​របស់​យើង ឱ្យ​កាន់​តែមាន​ភាពល្បីល្បាញ​»​។​

លោក​បាន​បន្ថែមថា​៖ «​ចំណែក​ការប្រកួត នៅ​ខេត្ត​ត្បូងឃ្មុំ​លើក​នេះ អាច​នឹងមាន​អ្នកគាំទ្រ​ច្រើនជាង​បណ្តា​ខេត្ត​ផ្សេងៗ ព្រោះ​យើង​បានដាក់​កីឡាករ​ល្បីៗ ដែលជា​តារា​ប្រដាល់​ទៅ​ច្រើន ដូចជា​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម ឡៅ ចិ​ត្ត្រា​, ឡៅ ចន្ទ្រា​, លន បញ្ញា រួមទាំង គឹម វាសនា​, ប៊ុន សុធា​, វ៉ាន់ វឿន និង​មានការ​ប្រកួត​ជម្រុះ​សន្សំ​ពិន្ទុ​ ដណ្តើម​ខ្សែក្រវាត់​ចំនួន ​៤​ ប្រភេទ​ទម្ងន់​ផ្សេងគ្នា ដែល​ចម្រុះ​ដោយ​កីឡាករ​មាន​សមត្ថភាព​ល្អ ចំណែក​កីឡាករ​បរទេស យើង​បាន​យកមក​ពីស​ង្វៀន​ធំៗ ព្រោះនេះ​ជាការ​ប្រកួត​ឆ្លង​ឆ្នាំ​»​។​


​សម្រាប់​ការប្រកួត Krud Kun Khmer រយៈពេល ២​ថ្ងៃនេះ មានការ​ប្រកួត​សរុប​ចំនួន ១៣​ គូ ហើយ​ក្នុងនោះ មានការ​ប្រកួត​អន្តរជាតិ ជា​លក្ខណៈ​មិត្តភាព និង​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់​អន្តរជាតិ រហូតដល់ ១១ ​គូ ហើយ​បេក្ខភាព​ដែល​ត្រូវ​ប៉ះគ្នា​នេះ សុទ្ធតែជា​កីឡាករ ដែលមាន​សមត្ថភាព​ខ្លាំងៗ​។​

​ចំពោះ​ការប្រកួត​នៅ​សៅរ៍ ទី​៣០ ខែធ្នូ ដែល​ចាប់ផ្តើម​ពី​ម៉ោង ៧​យប់​ទៅនោះ ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម ឡៅ ចន្ទ្រា ត្រូវ​ដាក់ឱ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​វ័យក្មេង​របស់​អ៊ីរ៉ង់ Mahammad Mahdi ក្នុង​ទម្ងន់ ៧៣ ​គីឡូក្រាម ហើយ​គេ​ម្នាក់នេះ ទើបតែ​ទទួលបាន​ជ័យជម្នះ សម្រាប់​ការប្រកួត នៅ​សង្វៀន Thai Fight ផងដែរ​។ ចំណែក គឹម វាសនា ក៏ត្រូវ​ដាក់ឱ្យ​ប្រកួត​ជាមួយ​អ៊ីរ៉ង់ Sa Degh ក្នុង​ទម្ងន់ ៦៩​ គីឡូក្រាម​។​


ចំណែក​អ្នកលេង​កាំភ្លើង​ភ្លោះ វ៉ាន់ វឿន ត្រូវ​ដាក់ឱ្យ​ប្រកួត​ជាមួយ​ជើង​ខ្លាំង​របស់​ថៃ Zlatan Chibmerngnun ក្នុង​ទម្ងន់ ៦០​គីឡូក្រាម ហើយ​អ្នក​ប្រដាល់​រូបនេះ ត្រូវបាន​គេ​ស្គាល់​ថា ជា​សិស្ស​ប្អូន​របស់​កីឡាករ​ថៃ​កំពុង​មានឈ្មោះ​ល្បី​ខ្លាំង រថ​ថាំង ដូច្នេះ​ជំនួប​លើក​នេះ វ៉ាន់ វឿន អាច​នឹងត្រូវ​ធ្វើការ​ងា​រ​ធ្ងន់​។​

យ៉ាងណាក៏ដោយ វ៉ាន់ វឿន បាន​និយាយថា​៖ «​គាត់​ជា​កីឡាករ​ល្អ រឹង និង​លឿន ហើយដោយ​សារ​គាត់​រាង​ធំ​ជាង​ខ្ញុំ អ៊ីចឹង​អាច​នឹងមាន​ការពិបាក​ដែរ ប៉ុន្តែ​ការប្រកួត​វ៉ៃ​ត្រឹម ៣​ទឹក គឺ​អ្នកចេញ​បាន​លឿន​ជាង អ្នក​ហ្នឹងហើយ​!​។ ម្យ៉ាងទៀត Zlatan ជា​កីឡាករ​ដើរចូល​វ៉ៃ អត់​សូវ​បិទ​ទេ អ៊ីចឹង​អាច​លេង​គ្នា​បាន គ្រាន់តែ​យើង​អាច​ចាញ់​កម្លាំង​ស៊ុ​ហ្វ​គេ​បន្តិច​»​។​

បន្ថែម​ទៅលើ​ការប្រកួត​មិត្តភាព​អន្តរជាតិ​នេះ កីឡាករ​ជើង​ថ្មី កំពុង​ក្រសោប​បាន​ភាព​ល្បី ប៊​ន ពន្លឹក ត្រូវ​ជួប​ឡាវ Yot Soanganvansoede រីឯ ធន់ វិ​ណ្ណ ត្រូវ​ប៉ះ​ថៃ Pethnamnim ដែល​ជំនួប​ទាំង ២​ ​គូ​នេះ ជាការ​ប្រកួត​ជម្រុះ​សន្សំ​ពិន្ទុ​ដណ្តើម​ខ្សែក្រវាត់ ក្នុង​ប្រភេទ​ទម្ងន់ ៥១​ គីឡូក្រាម ហើយ​កីឡាករ​កម្ពុជា​ចំនួន ៤​ នាក់​ទៀត រួមមាន ពេជ្រ សុ​ឃីម​, ម៉ាលី អូ​ប៉​, ធន់ សាក់​ស៊ីន និង គឿ​ប សុវណ្ណ​ឃីម ត្រូវ​ប្រកួត​ជម្រុះ​សន្សំ​ពិន្ទុ​ដណ្តើម​ខ្សែក្រវាត់ ប្រភេទ​ទម្ងន់ ៥៤​ គីឡូក្រាម នា​យប់​ថ្ងៃទី​៣០ ធ្នូ​នោះដែរ​។​

ដោយឡែក សម្រាប់​ការប្រកួត នៅ​ថ្ងៃទី​៣១ ខែធ្នូ​វិញ ម្ចាស់​មេដាយមាស ឡៅ ចិ​ត្រា ត្រូវ​ជួប​ជើង​ខ្លាំង​របស់​ថៃ Prasit Chai ក្នុង​ទម្ងន់ ៦៥​ គីឡូក្រាម ហើយ​ម្ចាស់​មេដាយមាស លន បញ្ញា ត្រូវ​ប្រឈម​ជាមួយ​ម្ចាស់​ខ្សែក្រវាត់​មកពី​ថៃ Kajatsik Arun ក្នុង​ទម្ងន់ ៦៥​ គីឡូក្រាម ចំណែក ប៊ុន សុធា ត្រូវ​តទល់​នឹង​ឡាវ Khumbang Lung ក្នុង​ទម្ងន់ ៥៧​ គីឡូក្រាម​។ 

​ចំពោះ​ការប្រកួត​នៅ​ខេត្ត​ត្បូងឃ្មុំ ជា​លើកដំបូង​នេះ លន បញ្ញា បាន​និយាយថា​៖ «​ខ្ញុំ​ហ្វឹកហាត់​បាន​ពេញ​ល្អ ហើយ​ដៃគូ​របស់ខ្ញុំ ឮថា ជា​ម្ចាស់​ខ្សែក្រវាត់​មកពី​ប្រទេស​ថៃ ប៉ុន្តែ​ខ្ញុំ​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព ដោយ​ត្រូវ​វ៉ៃ​ឱ្យ​លះ ស្អាត និង​ចេញ​ឱ្យបាន​គ្រប់​ក្បាច់ ដើម្បីឱ្យ​បងប្អូន​សប្បាយ​ភ្នែក ដោយសារ​ការប្រកួត​នេះ ចំ​ថ្ងៃ​ឆ្លង​ឆ្នាំ​ផង​»​។​

ជាមួយគ្នានេះ កីឡាករ ធន់ ផានិត ត្រូវ​ប្រកួត​ជម្រុះ​សន្សំ​ពិន្ទុ​ដណ្តើម​ខ្សែក្រវាត់ ក្នុង​ប្រភេទ​ទម្ងន់ ៥៧​គីឡូក្រាម ជាមួយ​ថៃ Petdam Sitbonsokhun ហើយ អ៊ូច ធា​រិ​ទ្ធ ត្រូវ​ប្រកួត​សន្សំ​ពិន្ទុ​ជាមួយ​កីឡាករ​ឡាវ Khanlakhik ដូចគ្នា ចំណែក សុវណ្ណ​ភូមិ រុងរឿង ក៏ត្រូវ​ប្រកួត​ជម្រុះ​សន្សំ​ពិន្ទុ​ដណ្តើម​ខ្សែក្រវាត់​ប្រភេទ​ទម្ងន់ ៦៥ ​គីឡូក្រាម ជាមួយ​កីឡាករ​ថៃ Ningdeav Kibryuth នា​យប់​ថ្ងៃអាទិត្យ​នោះ​ដូចគ្នា​៕