ភ្នំពេញៈ សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន បាន​បញ្ជូន​ប្រតិភូ​កីឡា​ចំនួន​ ២៥​ នាក់ ក្នុងនោះ​មាន​កីឡាករ ​១៥​ នាក់ ឱ្យទៅ​ចូលរួម​ការប្រកួត​កីឡា​ប្រណាំង​ទោចក្រយាន​មិត្តភាព​អន្តរជាតិ កម្ពុជា វៀតណាម ឡាវ ដែល​ត្រូវធ្វើ​ពីថ្ងៃ​ទី​៤ ដល់ទី​៧ ធ្នូ ខណៈ​ការប្រកួត​ធ្វើ​តែ​ ១ ​ថ្ងៃ​ទេ គឺ​ថ្ងៃទី​៦ ខែធ្នូ នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ​។​

នៅក្នុង​សន្និសីទកាសែត កាលពី​១ ខែធ្នូ លោក នូ ចំរើន អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​បានឱ្យដឹងថា ការ​ទៅ​ចូលរួម​ការប្រកួត​កីឡា​ប្រណាំង​ទោចក្រយាន​មិត្តភាព​អន្តរជាតិ កម្ពុជា វៀតណាម ឡាវ នេះ​ត្រូវបាន​ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់​ស​ហ​ព័ន្ធ​កីឡា​ទោចក្រយាន​ឡាវ ហើយ​ការប្រកួត​នេះ​គឺ​ដើម្បី​អបអរសាទរ ក្នុងឱកាស​ដែល​ប្រទេស​ឡាវ​ធ្វើជា​ម្ចាស់ផ្ទះ​លើក​ទី​១​នៃ​កិច្ចប្រជុំ​កំពូល​សភា​កម្ពុជា​-​ឡាវ​-​វៀតណាម ឆ្នាំ​២០២៣​។​

​សម្រាប់​ការប្រកួត​នេះ ទាំង​កីឡាករ​កម្ពុជា ឡាវ និង​វៀតណាម សុទ្ធតែ​ត្រូវបាន​បែង​ចែកជា​៣​ក្រុម​ដូចគ្នា គឺ​១​ក្រុម​មាន​កីឡាករ​៥​នាក់​ហើយ​ពួកគេ​ត្រូវធ្វើ​ការប្រកួត​គ្នា​រយៈ​ចម្ងាយ​៤០​គីឡូម៉ែត្រ​។​អ្នកជិះ​មកដល់​ទី​ផ្តាច់ព្រ័ត្រ​មុនគេ នឹង​ក្លាយជា​ម្ចាស់​ជើងឯក​តែម្តង ដោយ​មិន​មានការ​បូកសរុប​ពិន្ទុ​ជា​ក្រុម រួច​គិត​ជា​លទ្ធផល​រួម​នោះទេ​។ 


ក្រៅពី​គោលបំណង​ចម្បង​នៃ​ការចូលរួម​រឹតចំណង​មិត្តភាព សាមគ្គីភាព ផ្លាស់ប្តូរ​បទពិសោធន៍ ជាមួយ​កីឡាករ​អន្តរជាតិ​គឺ​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា បាន​យក​ការប្រកួត​កីឡា​ប្រណាំង​ទោចក្រយាន​មិត្តភាព​អន្តរជាតិ នៅ​ប្រទេស​ឡាវ​នេះ ជា​កិច្ច​ចាប់ផ្តើម​ក្នុងការ​ធ្វើកំណែទម្រង់​ប្រភេទ​កីឡា​ប្រណាំង​កង់​គួ​ក បន្ទាប់ពី​ប្រភេទ​កីឡា​កង់​គួ​ក​របស់​កម្ពុជា នៅតែ​មិនអាច​ដណ្តើមបាន​មេដាយ ពី​ការប្រកួត​ស៊ី​ហ្គេម​គឺ​ផ្ទុយ​ពី​ក្រុម​កង់​ភ្នំ ដែល​ដណ្តើមបាន​មេដាយប្រាក់​១ និង​សំរឹទ្ធ​១ ពី​ការប្រកួត​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។​

លោក នូ ចំរើន បាន​ថ្លែងថា​៖«​បន្ទាប់ពី​ការប្រកួត​ស៊ី​ហ្គេម កន្លងមកនេះ ក្រុម​កង់​គួ​ក​របស់​យើង នៅតែ​ទទួលបាន​លទ្ធផល​មិនទាន់​ល្អ ដែល​ទាមទារ​ឱ្យ​យើង​ធ្វើកំណែទម្រង់​ថ្មី ដោយ​ត្រូវធ្វើ​ការជ្រើសរើស​គ្រូបង្វឹក និង​កីឡាករ កីឡាការិនី​ឡើងវិញ សម្រាប់​ត្រៀម​ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៥ នៅ​ប្រទេស​ថៃ រួមទាំង​ការប្រកួត​អន្តរជាតិ​ផ្សេងៗ​ទៀត អ៊ីចឹង​ការប្រកួត​នេះ ជា​ឱកាស​ដ៏​ល្អ​មួយ ដែល​យើង​អាច​មើលឃើញ​ពី​សមត្ថភាព​កីឡាករ​របស់​យើង​»​។​


លោក​បាន​បន្ថែមថា​៖ «​បន្ទាប់ពី​ការប្រកួត​នេះ យើង​ក៏​នៅមាន​ការប្រកួត​អន្តរជាតិ​ផ្សេងៗ​ទៀត ដែល​ធ្វើ​នៅ​ប្រទេស​ថៃ និង​វៀតណាម​ជាដើម នៅ​ឆ្នាំ​២០២៤ អ៊ីចឹង​ទេ ការប្រកួត​ទាំងអស់នេះ​ជាការ​វាយតម្លៃ​ពី​កម្រិត​សមត្ថភាព​កីឡាករ​របស់​យើង​នៅក្នុង​ចំណោម​កីឡាករ​ទាំង​១៥​នាក់​នេះ ថា តើ​នៅមាន​កីឡាករ​ប៉ុន្មាន​នាក់​ដែល​អាច​បន្ត​ស្ថិតនៅក្នុង​ក្រុម​ជម្រើសជាតិ​កង់​គួ​ក​របស់​យើង​ជា​បន្តទៀត​»​។​

​សម្រាប់​ការត្រៀម​ចូលរួម​ការប្រកួត​កីឡា​ប្រណាំង​ទោចក្រយាន​មិត្តភាព​អន្តរជាតិ កម្ពុជា វៀតណាម ឡាវ ដែល​ធ្វើ​នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ​នេះ សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​បាន​ប្រមូលផ្តុំ​ក្រុម​កីឡាករ​ជម្រើសជាតិ និង​កីឡាករ​កម្រិត​ខ្ពស់​ចំនួន​១៥​នាក់ មក​ហ្វឹកហាត់​ចាប់ពី​ដើមខែ​វិច្ឆិកា ដោយ​មិនមាន​ការឧបត្ថម្ភ​អ្វី​នោះទេ ពោលគឺ​ការហ្វឹកហាត់​ដោយ​ការស្ម័គ្រចិត្ត និង​ការស្រឡាញ់​។​

លោក នូ ចំរើន បាន​បញ្ជាក់ថា​៖ «​បើទោះបីជា ពេលនេះ យើង​មិនមាន​ការប្រមូលផ្តុំ​ជា​ក្រុម​ជម្រើសជាតិ ប៉ុន្តែ​កីឡាករ​របស់​យើង​ទាំង​១៥​នាក់ បាន​ព្យាយាម​លះបង់​ទាំង​ពេលវេលា និង​ថវិកា​ផ្ទាល់ខ្លួន ដោយ​ស្មារតី​នៃ​ការស្រឡាញ់ ដើម្បី​ធ្វើការ​ហ្វឹកហាត់ ដោយមាន​ការតាមដាន​ពី​មន្ត្រី​បច្ចេកទេស​របស់​សហព័ន្ធ សម្រាប់​ត្រៀម​ចូលរួម​ការប្រកួត​នៅ​ប្រទេស​ឡាវ​នេះ ព្រោះ​ចង់​ទទួលបាន​លទ្ធផល​ល្អ​»​។​

ជាមួយគ្នានេះ ការបញ្ជូន​ប្រតិភូ​ទៅ​ចូលរួម​ការប្រកួត​កីឡា​ប្រណាំង​ទោចក្រយាន​មិត្តភាព​អន្តរជាតិ កម្ពុជា វៀតណាម ឡាវ នៅ​ទីក្រុង​វៀងចន្ទន៍​នេះ បានទទួល​ការឧបត្ថម្ភ​ពី​វិស័យ​ឯកជន ដោយមាន​ទឹកប្រាក់​សរុប​ចំនួន​៣ ៦០០​ដុល្លារ ហើយ​ប្រតិភូ​កីឡា​ទោចក្រយាន​កម្ពុជា បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ឡាវ កាលពី​ថ្ងៃទី​៣ ហើយ​គ្រោង​នឹង​វិល​ត្រឡប់មកវិញ នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២៣៕