សៀមរាបៈ មនុស្សប្រុសស្រីក្មេងចាស់ចំនួន ១០ ១៥៤ នាក់ មកពី ៧៨ ប្រទេស បានចូលរួមរត់ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី ២៨ ឆ្នាំ ២០២៣ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៣ ដែលនេះជាព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំនៅលើទឹកដីអង្គរ។
លោក ថោន ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ថ្លែងថា ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងនេះជាព្រឹត្តិការណ៍កីឡាទេសចរណ៍ ដោយយើងបានរៀបចំព្រឹត្តិការណ៍នេះតាំងពីឆ្នាំ ១៩៩៦ មកហើយសម្រាប់ការរៀបចំឆ្នាំទី ២៨ ព្រឹត្តិការណ៍របស់យើង មានអ្នកចូលរួមដល់ ១០១៥៤ នាក់ក្នុងនោះមានបរទេស ៣ ៦៥៤ នាក់មកពី ៧៨ ប្រទេស ដែលភាគច្រើនមកពីអឺរ៉ុប អង់គ្លេស បារាំង និងអាមេរិកជាដើម។
លោកបន្ថែមថា៖ «ព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំនៅលើទឹកដីអង្គរដ៏ល្អឯកនេះ ពិតជាបាននាំមកនូវភាពកក់ក្តៅ ភាពសប្បាយរីករាយ មិត្តភាព និងសាមគ្គីភាព ជូនដល់អត្តពលិកចូលរួមរត់ប្រណាំងទាំងអស់ដែលបានមកពីគ្រប់ទិសទីជុំវិញពិភពលោកដោយសារកម្ពុជាបានវិវឌ្ឍខ្លួនក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់បំផុតលើពិភពលោកហើយកម្ពុជាក៏បានក្លាយជាគោលដៅទេសចរណ៍សុវត្ថិភាពមុនគេក្រោយវិបត្តិជំងឺកូវីដ ១៩ និងផ្ដល់ភាពកក់ក្ដៅជាទីបំផុតក្រោមម្លប់នៃសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ»។
បន្ថែមលើនេះ លោក ថោង ខុន បានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលបានអនុម័ត និងដាក់ចេញផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបអង្គរ សម្រាប់ឆ្នាំ២០២១-២០៣៥ ក្នុងគោលដៅយុទ្ធសាស្ត្រដើម្បីធ្វើការអភិវឌ្ឍតំបន់ប្រាសាទអង្គរ និងតំបន់ជុំវិញ ដែលជាតំបន់ទេសចរណ៍បេតិកភណ្ឌពិភពលោក ដ៏ល្បីល្បាញមួយនះ ឱ្យមានការអភិវឌ្ប្រកបដោយនិរន្តរភាព ក្នុងស្មារតីប្រុងប្រយ័ត្ន និងការទទួលខុសត្រូវខ្ពស់ ស្របតាមទស្សនទាន «អភិរក្សដើម្បីអភិវឌ្ឍ អភិវឌ្ឍដើម្បីអភិរក្ស»។
អតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះ បន្ថែមថា នៅក្នុងដំណាក់កាលកូវីដ ១៩ កន្លងមក រាជរដ្ឋាភិបាលបានធ្វើការវិនិយោគយ៉ាងច្រើនក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់អង្គរ និងសាងសង់ផ្លូវទាំង ៣៨ ខ្សែនៅទីក្រុងសៀមរាប និងជំរុញកិច្ចសហប្រតិបត្តិការជាមួយជប៉ុន ដើម្បីរៀបចំទីក្រុងសៀមរាប ដែលជាទីក្រុងបេតិកភណ្ឌ ឱ្យក្លាយជាទីក្រុងឆ្លាតវៃ “Smart City” ផងដែរ។
ម្យ៉ាងវិញទៀត ការដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី នាពេលថ្មីៗនេះ បានផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរអន្តរជាតិក្នុងការធ្វើដំណើរតាមជើងហោះហើរត្រង់ផ្លូវឆ្ងាយ ដោយប្រើប្រភេទយន្តហោះយក្សមកកាន់គោលដៅទេសចរណ៍បេតិកភណ្ឌដ៏ល្បីល្បាញមួយនេះ។
លោក ថោន ខុន បញ្ជាក់ថា៖«កម្ពុជា ជាប្រទេសគោលដៅទេសចរណ៍ តែសម្រាប់ការធ្វើដំណើរមកប្រទេសយើង ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ យើងគ្រាន់តែជាគោលដៅរណបមួយ ដោយសារជើងហោះហើរ យើងបានយកបន្តពីបាងកក ហូជីមិញ យកពីម៉ាឡេស៊ី និង សិង្ហបុរី ប៉ុន្តែពេលនេះ យើងអាចហោះហើរត្រង់មកពីអឺរ៉ុប អាមេរិក និងប្រទេសឆ្ងាយៗ នៅលើពិភពលោក មកកាន់សៀមរាបតែម្តង។ អ៊ីចឹងធ្វើឱ្យភ្ញៀវទេសចរបរទេស មានការចាប់អារម្មណ៍មកលេងកម្សាន្តនៅកម្ពុជា និងតំបន់អង្គរ»។
លោកថោង ខុនបន្ថែមថា៖«នេះជាសញ្ញាដ៏ល្អមួយ ដែលយើងសង្ឃឹមថា នៅឆ្នាំក្រោយ នឹងមានអ្នកចូលរួមកាន់តែច្រើនថែមទៀត ដោយ NOCC នឹងខិតខំសហការជាមួយដៃគូសហការ ជាពិសេសគណៈកម្មាធិការអូឡាំពិកប្រទេសផ្សេងៗ ដើម្បីយកអ្នករត់មកកាន់ព្រឹត្តិការណ៍របស់យើងឱ្យបានច្រើន គឺយើងរំពឹងថា ចំនួនអ្នកចូលរួម នៅឆ្នាំ ២០២៤ អាចនឹងកើនឡើងដល់ ១៥ ០០០ នាក់»។
ជាមួយគ្នានេះលោក ថោង ខុន បានលើកឡើងថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី ២៨ ឆ្នាំ ២០២៣ នេះ បានឆ្លុះបញ្ជាំងឱ្យឃើញពីចំណងមិត្តភាពយ៉ាងយូរអង្វែងរវាង NOCC និងអង្គការបេះដូងមាសរបស់ជប៉ុន ដែលបានរួមគ្នាបង្កើតទិវានេះឡើង ហើយទិវានេះក៏ជាការអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុនផងដែរ។
លោកថា៖ «កម្ពុជា និងជប៉ុនបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ ដំបូងនៅឆ្នាំ ១៩៥៣ ហើយ ៧០ ឆ្នាំក្រោយ គឺឆ្នាំ ២០២៣ នេះ ប្រទេសទាំង ២ បានដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីដល់កម្រិត“ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ដែលជាដៃគូយុទ្ធសាស្ត្រកម្រិតខ្ពស់បំផុត ហើយមិត្តជប៉ុនក៏ជាប្រទេសមួយនាំមុខគេក្នុងការផ្តល់ជំនួយឥតសំណងដល់កម្ពុជា និងកម្ចីសម្រាប់ការអភិវឌ្ឍនៅកម្ពុជា»។
លោកបន្ថែមថា៖ «យើងខ្ញុំសង្ឃឹមថា នឹងមានជើងហោះហើរត្រង់ពីជប៉ុន និងកំណើនភ្ញៀវទេសចរជប៉ុន ក៏ដូចជាមកពីទីផ្សារធំៗជាច្រើនទៀតក្នុងតំបន់ និងពិភពលោកមកកាន់សៀមរាបអង្គរកាន់តែច្រើនក្នុងពេលឆាប់ៗ ហើយខ្ញុំសូមគាំទ្រ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អង្គការបេះដូងមាសជប៉ុន ដែលបានសហការយ៉ាងស្អិតល្មួតជាមួយ NOCC ក្នុងការបន្តនិរន្តរភាពរៀបចំទិវារត់ប្រណាំងអន្តរជាតិនេះអស់រយៈពេល ២៨ ឆ្នាំមកហើយ ដើម្បីមនុស្សធម៌ កាត់បន្ថយភាពក្រីក្រ កំណើនទេសចរណ៍ និងបំផុសការចូលរួមលេងកីឡា។ សូមឱ្យកិច្ចសហការរួមគ្នារវាងនេះ នៅបន្តស្ថិតស្ថេរជានិរន្តរ៍»៕