ភ្នំពេញៈ សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា ​ក្រោម​កញ្ចប់ថវិកា​ចំណាយ​របស់​ក្រសួងអប់រំ យុវជន និង​កីឡា បាន​បញ្ចប់​​ការ​ប្រកួត​កីឡា​ប្រដាល់​សកល​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ឆ្នាំ​២០២៣ ដោយ​ជោគ​ជ័យ និង​រក​ឃើញ​ម្ចាស់​មេដាយ​មាស នៅ​លើ​ប្រភេទ​ទម្ងន់​ទាំង​៨ ជា​​ផ្លូវការ​ហើយ ប៉ុន្តែ​មន្រ្តី​ជំនាញ​របស់​សហព័ន្ធនេះ បានឱ្យ​ដឹង​ថា ម្ចាស់មេដាយមាស​ទាំង​៨នាក់​នេះ មិន​​ប្រាកដ​ថា នឹង​អាច​ត្រូវ​បានជ្រើស​រើសជា​កីឡាករ​ជម្រើសជាតិ​ទាំងអស់នោះ​ទេ គឺ​វាអាស្រ័យ​ទៅ​លើ​​ការ​​ប្រជុំ​ត្រួតពិនិត្យ និង​វាយ​តម្លៃ​ឱ្យបាន​ល្អិតល្អន់ថែម​ទៀត។

សម្រាប់​ការ​ប្រកួត​កីឡា​ប្រដាល់​សកល​​ជើងឯក​ថ្នាក់​ជាតិ ឆ្នាំ២០២៣ ដែល​ធ្វើ​នៅ​សាល​ហ្វឹក​​ហាត់នៃ​ពហុកីឡ​ដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី២៦ ដល់​ថ្ងៃទី​២៩ ខែធ្នូ កន្លង​មក​នេះមាន​កីឡាករ៩៩នាក់ និង​កីឡាការិនី​៦នាក់ បាន​ចូល​រួម ដោយអ្នក​ទាំង​នេះ ប្រកួត​តំណាង​ឱ្យ​ក្លិប​-សមាគម​ចំនួន​២០ នៅលើ​ប្រភេទ​ទម្ងន់​ចំនួន​៨ គឺ​ផ្នែក​បុរស​មាន​៧​ទម្ងន់ និង​ផ្នែកនារី​មានតែ​ប្រកួត​ទម្ងន់​៥២គីឡូក្រាម​១​ទេ។

ជាលទ្ធផល សម្រាប់​ការ​ប្រកួតផ្តាច់​ព្រ័ត្រ​ទាំង​ ៨​ប្រភេទ​ទម្ងន់ កាលពី​ថ្ងៃទី​២៩ ខែធ្នូ កន្លងមក​នេះ កីឡាករ លីម សៀងឡាំ បាន​ឈ្នះមេដាយមាស ក្នុងប្រភេទ​ទម្ងន់​៥១​គីឡូក្រាម បន្ទាប់​ពីរូបគេ​បាន​ឈ្នះ អំ ខេម ដោយពិន្ទុ រីឯ​កីឡាករ សុផាត មេសា បាន​យក​ឈ្នះ នា សុវណ្ណ ដើម្បី​ឈ្នះ​មេដាយ​មាស ក្នុង​ទម្ងន់​៥៤​គីឡូ​ក្រាម ហើយ​កីឡាករ​ជម្រើស​ជាតិ សៅ រង្សី បាន​ឈ្នះ ដុស រតនា ដើម្បី​ទទួល​បាន​មេដាយមាស ក្នុង​ទម្ងន់​៥៧គីឡូក្រាម ចំណែក កីឡាករ ណាត សៀកនិន បាន​ឈ្នះ​មេដាយមាស​ទម្ងន់​៦០​គីឡូក្រាម ក្រោយ​ឈ្នះ ហួន យ៉ា ដោយ​ពិន្ទុ។


ចំពោះការ​ប្រកួត​ទម្ងន់​៦៣,៥​គីឡូក្រាម​វិញ កីឡាករ ស្រ៊ាង ណារិត បាន​ឈ្នះ​ពិន្ទុ​កីឡាករ សោម វិច្ឆ័យ ដើម្បី​ទទួល​បាន​មេដាយ​មាស រីឯ អេ វិរៈខាំ​ឈិត​ភូថង ដែល​គេស្គាល់​ថា ជា ម៉ឺន មេឃា នោះ​បាន​ម៉ាត់​ឱ្យ ប៊ុត សំរ៉ាច់ ឱ្យ​សន្លប់​ក្នុងទឹកទី​១ ដើម្បី​ឈ្នះមេដាយមាស​ទម្ងន់​៦៧​គីឡូក្រាម ចំណែក ពេញ វណ្ណថង ដណ្តើម​បាន​មេដាយ​មាស ក្នុង​ទម្ងន់៧១​គីឡូក្រាម ក្រោយ​ឈ្នះ កែវ សំរិទ្ធ ដោយ​ពិន្ទុ ប៉ុន្តែ​កីឡាការិ​នី ងិន ស្រីលក្ខ បាន​ចាញ់ពិន្ទុ ចាន់ វិច្ឆិកា ក្នុងការ​ប្រកួត​ផ្តាច់​​ព្រ័ត្រ​ទម្ងន់​៥២​គីឡូក្រាម។

សម្រាប់​លទ្ធផលជា​រួម​វិញ គឺ​ក្លិបក្រសួង​ការពារ​ជាតិ ដែល​បាន​ឈរ​លេខ៦ កាល​ពី​ឆ្នាំមុន បានឡើង​មក​ឈរ​លេខ​១ ដោយ​ដណ្ដើម​បាន​មេដាយ​មាស ៣ ប្រាក់ ១ សំរឹទ្ធ ១តាម​ពី​ក្រោយ​​ដោយ​ក្លិប​បញ្ជាការ​ដ្ឋាន​កាំភ្លើងធំ​ឈ្នះមេ​ដាយមាស ២ ប្រាក់ ២ សំរឹទ្ធ ១និង​ក្លិប​វិបុល​ដារិទ្ធ​​ខណ្ឌពោធិ៍សែន​ជ័យឈ្នះបាន​មេដាយ​មាស ១ ប្រាក់​១។ រីឯ​​ក្រសួង​​មហា​​ផ្ទៃ ដែល​ធ្លាប់ឈ្នះ​មេដាយ​ច្រើន​ជាងគេ កាល​ពីឆ្នាំមុន បានធ្លាក់មកឈរលេខ៤ ដោយ​ឈ្នះ​មេដាយ​​​មាស ១ សំរឹទ្ធ​២និងក្លិប​សរ​សីកីឡា ឈរ​លេខ៥ ឈ្នះមេដាយមាស១ ចំណែក​ក្រុម​អត្តពលិក​របស់​ក្លិប​ចំនួន​៩​ទៀត ក៏​ដណ្តើម​បាន​មេដាយ​ប្រាក់ និង​សំរឹទ្ធ ពីការ​ប្រកួត​នេះ​ផងដែរ។


ជាមួយ​លទ្ធផ​លនេះ លោក ប៊ុយ សុភ័ណ្ឌ អគ្គលេ​ខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា បាន​ប្រាប់​ កាលពី​ថ្ងៃទី​៣១ ធ្នូ ថា៖​«​តាមការ​វាយ​តម្លៃជា​រួម គឺ​ការ​ប្រកួត​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០២៣​នេះ យើង​ទទួល​បានជោគ​ជ័យ​​​ ព្រោះ​បរិមាណអត្តពលិក​ចូល​រួម មានការ​កើន​ឡើង​ជាង​ឆ្នាំមុនៗ ចំណែកគុណ​ភាព​វិញ គឺ​មាន​​ភាព​ល្អប្លែក ដោយ​សិទ្ធផល​របស់​កីឡាករ​នៅតាម​ក្លិប និង​កីឡាករក្នុង​​ក្រុមជម្រើសជាតិ មាន​​បច្ចេក​ទេស​ប្រកួតប្រជែង មិន​មាន​គម្លាត​គ្នា​ខ្លាំង អ៊ីចឹងនេះ​ជា​ភាព​ជោគ​ជ័យ ដែល​កើត​ចេញពី​ការ​ខិតខំ​ហ្វឹក​ហាត់ និង​ការ​បង្វឹក នៅតា​ម​ក្លិបនី​មួយៗ»។

យ៉ាង​ណា​ក៏​ដោយ ចំពោះ​កីឡករ កីឡាការិនី​ទាំង​៨នាក់ ដែល​ដណ្តើម​បានមេដាយ​មាស នៅ​ក្នុងការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ ឆ្នាំ​២០២៣​នេះ លោក ប៊ុយ សុភ័ណ្ឌ បាន​ឱ្យ​ដឹង​ថា នៅ​មិន​ទាន់​ប្រាកដ​ថា នឹង​ត្រូវបាន​ជ្រើសរើស ឬជាប់​ជា​កីឡាករជម្រើសជាតិ សម្រាប់​ឆ្នាំ​២០២៤​នៅ​ឡើយ​​ទេ ដែល​ត្រូវ​ឆ្លង​កាត់​ការ​ត្រួតពិ​និត្យ និង​វាយ​តម្លៃ​ ទៅលើ​គុណ​ផល និង​បច្ចេក​ទេស​ពី​​ក្រុម​គណៈ​កម្មការ​ជំនាញ​របស់​សហព័ន្ធ​បន្ថែម​ទៀត។

លោក​បាន​បញ្ជាក់​ថា៖ «សម្រាប់​បេក្ខភាព​សម្រាប់​ក្រុមជម្រើសជាតិ សហព័ន្ធ នឹងមាន​ការ​ប្រជុំ​ និង​វាយ​តម្លៃ​ទៅលើ​កីឡាករ ព្រោះ​មិន​ប្រាកដ​ថា កីឡាករ ដែល​ដណ្តើម​បាន​មេដាយមាស ត្រូវតែ​ជាប់​ជម្រើស​ជាតិ​​ទាំង​អស់​​នោះទេ ព្រោះ​ការ​ប្រកួត​ខ្លះ គឺ​កីឡាករ​មាន​បច្ចេក​ទេស​ល្អៗមួយចំនួន បាន​ប៉ះ​គ្នា​នៅ​ជុំ​ទី​១ ឬ​វគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង​បាន​ធ្លាក់ អ៊ីចឹង​ហើយ​ម្ចាស់មេ​ដាយ​មាស​ខ្លះ យើង​មិន​ទាន់ប្រាកដ​ថា នឹង​ទទួល​យកឬ​អត់?»។

អគ្គលេខា​ធិការ លោក ប៊ុយ សុភ័ណ្ឌ បាន​បន្ថែម​ថា៖ «កីឡាករ​ឈ្នះ​មេដា​យមាស​ខ្លះ ជា​កីឡាករ​​គុនខ្មែរ​ដែរទេ ដូច្នេះ​​យើងនឹង​មានការប្រជុំ និង​វាយ​តម្លៃ​ទៅលើ​បច្ចេកទេស ទាំង​ទៅលើអ្នក​បានមេដាយ និង​អ្នក​​មិន​​បាន​មេដាយ​មួយចំនួន ដើម្បី​ធ្វើ​ឱ្យ​​មាន​ភាព​ប្រាកដ​ប្រជាថា យើង​នឹង​ជ្រើស​រើស​បាន​កីឡាករ​មាន​គុណ​ភាព និងបច្ចេក​ទេស​ល្អ ដើម្បី​​ចូល​ហ្វឹក​ហាត់​ក្នុង​ក្រុមជម្រើសជាតិ​ប្រដាល់​សកល​របស់​យើង នៅ​ឆ្នាំ​២០២៤ សម្រាប់ត្រៀម​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៥ នៅ​ប្រទេស​ថៃ»៕