ប្រតិភូកីឡាចំបាប់​ចំនួន ​២៧៥​ នាក់ តំណាងឱ្យ​​ប្រទេស​ចំនួន ​៧ ​រួម​មាន​ថៃ វៀតណាម ឡាវ សិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី និង​ម្ចាស់​ផ្ទះ​កម្ពុជា បាន​​យក​សាលដំបូល​ទូក​នៃ​ពហុកីឡដ្ឋានជាតិ​អូឡាំពិក ជា​កន្លែង​​ដែល​ត្រូវ​ធ្វើ​ការ​ប្រកួត​ប្រជែង​គ្នា ដណ្តើម​​យក​មេដាយ ពី​ការ​ប្រកួត​កីឡា​ចំបាប់​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ដោយ​ព្រឹត្តិការណ៍ Southeast Asia Wrestling Championship 2023 នេះ បានចាប់​ផ្តើម​ប្រកួត​ពី​​ថ្ងៃទី​៦ នេះ និងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​​៩ ខែធ្នូ។

នៅ​ក្នុងកិច្ចប្រជុំបច្ចេកទេស កាលពី​ល្ងាច​ថ្ងៃទី​៥ ខែធ្នូ លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​អាស៊ីអាគ្នេយ៍ បាន​ឱ្យ​ដឹង​ថា នេះ​ជា​ឆ្នាំទី២​​ ហើយ ដែល​កម្ពុជា​បាន​ទទួល​​ការគាំ​ទ្រ ឱ្យ​​រៀបចំ​ការ​កីឡា​ចំបាប់​ជើង​ឯក​​អាស៊ី​អាគ្នេយ៍ បន្ទាប់កម្ពុជា រៀបចំ​បាន​ល្អ សម្រាប់​ការ​ប្រកួត កាល​ពី​ឆ្នាំ២០២២ គឺ​មុនពេល​ឈានទៅ​​ដល់​ព្រឹត្តិការណ៍​ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ប្រកបដោយភាពជោគជ័យ ​កាលពី​ខែឧសភា កន្លង​មក​នេះ។

លោកបាន​បន្ថែមថា៖ «បណ្ដាប្រទេសនៅ​អាស៊ីអាគ្នេយ៍ បាន​ស្នើ​សុំ​កម្ពុជាឱ្យ​​ធ្វើ​ម្ចាស់​ផ្ទះ​ការ​ប្រកួត​កីឡា​ចំបាប់​ជើងឯកអាស៊ីអាគ្នេយ៍នេះ ​បន្ទាប់ពី​គេ​មើល​ឃើញ​​ថា កម្ពុជា​​ធ្វើ​បាន​​ល្អ ទាំង​ទៅ​លើ​ការរៀបចំ ការ​កាត់សេចក្តី ​និងការ​ទទួលបដិសណ្ឋារកិច្ច នា​ពេល​កន្លង​មក អ៊ីចឹង​ទើប​បណ្ដា​ប្រទេស​ក្នុង​តំបន់ បានស្នើសុំរៀបចំជើងឯក​នៅ​កម្ពុជាម្តង​ទៀត និង​បាន​បោះ​ឆ្នោត​គាំទ្រ​ខ្ញុំ ធ្វើ​ជា​ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់អាស៊ីអាគ្នេយ៍​ ដូច្នេះ​ក្នុង​នាម​ប្រធាន ខ្ញុំ​ទទួល​ខុស​ត្រូវ​ចូលរួម និង​គាំទ្រ​​ការ​រៀបចំ​ការ​ប្រកួតនេះ»។


ជាមួយគ្នានេះ លោក ខេស៊ី បាណេត បានអះអាង​ថា នៅពេល​បច្ចុប្បុន្ន​នេះ សហព័ន្ធ​កីឡាចំបាប់​កម្ពុជា មានអាជ្ញាកណ្តាល​​អន្តរជាតិ​ចំនួន​៦នាក់ និង​​មន្រ្តី​បច្ចេក​ទេស ដែលមាន​សមត្ថ​ភាព​ជា​ច្រើន​នាក់ទៀត ដែល​ធ្វើ​ឱ្យ​សហព័ន្ធ​កីឡាចំបាប់​អន្តរជាតិ បាន​ផ្តល់​ទំនុក​ចិត្ត​ដល់​កម្ពុជា ជាអ្នក​អនុវត្ត​ដោយ​ផ្ទាល់លើការងារ​បច្ចេក​ទេស ក្នុងការ​​រៀបចំការ​ប្រកួតជើងឯក​អាស៊ាន​​ ឆ្នាំ​២០២៣​នេះ។

លោក​បានបញ្ជាក់​ថា៖ «សម្រាប់ការ​ប្រកួត​លើក​នេះ យើងមាន​តំណាង​មកពី​សហព័ន្ធ​កីឡាចំបាប់​អន្តរជាតិ និង​មាន​អាជ្ញាកណ្តាលអូឡាំពិក​អន្តរជាតិ​ ជាអ្នក​គ្រប់​គ្រង​ពីលើ​ការ​ប្រកួត ប៉ុន្តែ​ការងារ​ក្រៅពី​នោះដូចជា​ការ​រៀបចំ​ប្រព័ន្ធ​បច្ចេក​ទេស និង​ការ​រៀបចំប្រព័ន្ធ​ដាក់ពិន្ទុជា​ដើម គេ​ទុក​ចិត្ត​លើ​កម្ពុជាយើង ដោយសារ​យើង​មាន​​អ្នក​​ជំនាញបច្ចេក​ទេស​​គ្រប់​គ្រាន់ ហើយ​យើងនឹង​រក្សា​ឱ្យ​បាន​នូវ​​គុណភាពនៃ​ការ​​​រៀបចំដ៏ល្អ ប្រកប​ដោយ​យុត្តិភាព និង​តម្លាភាពទៅ​ដល់​គ្រប់​ប្រតិភូ​កីឡា ដែលបានចូលរួម​ប្រកួត​លើក​នេះ»។


គួរ​រំឭកថា សម្រាប់​ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ កាលពីខែធ្នូ ​ឆ្នាំ​២០២២ ម្ចាស់​ផ្ទះ​​កម្ពុជា ដណ្ដើមបានមេដាយ​មាស ៣ ប្រាក់ ៣ និងសំរឹទ្ធ ១៣ មុនពេល​ក្រុម​ជម្រើសជាតិ​កីឡា​ចំបាប់​កម្ពុជា បានបង្កើតកំណត់ត្រាថ្មីជា​ប្រវត្តិសាស្រ្ត ចំពោះ​ការ​ដណ្តើម​បាន​មេដាយ​មាស៥ ប្រាក់​៤ និងសំរឹទ្ធ​១១ ក្នុង​ការ​ប្រកួតស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ក្នុង​នាម​ជា​​ម្ចាស់​​ផ្ទះ។

យ៉ាង​ណា​មិញ សម្រាប់​ការ​ប្រកួត​ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ​២០២៣នេះ លោក ខេស៊ី ​បានដាក់​ក្តី​សង្ឃឹម​ថា ក្រុមចំបាប់​កម្ពុជា នឹង​ដណ្តើម​បានមេដាយ​កាន់តែ​ច្រើន ព្រោះ​ក្រុម​អត្តពលិកចំបាប់​កម្ពុជា ដែល​បានចេញ​ទៅហ្វឹកហាត់នៅប្រទេស​ចិន​នោះ ក៏​​បាន​វិលត្រឡប់មក​វិញ ដើម្បី​ចូលរួម​ការ​ប្រកួត​នេះដែរ។

បន្ថែម​លើ​នេះ ក្រៅ​ពីការ​ប្រកួតចំបាប់ សម្រាប់​ក្រុម​ជំនាញ គឺ​​ការ​ប្រកួតកីឡា​ចំបាប់​ជ្រើស​រើសជើង​ឯក​អាស៊ីអាគ្នេយ៍ លើក​នេះ បាន​បន្ថែមវិញ្ញាសាប្រកួតយុវជនអាយុក្រោម​១៧ឆ្នាំ និង​អាយុ​ក្រោម​​២០ឆ្នាំ ដែលជាឱកាសដ៏ល្អ សម្រាប់សហព័ន្ធកីឡាចំបាប់កម្ពុជា ​ជំរុញ​ការ​អភិវឌ្ឍ​គុណ​ផលកីឡាករកីឡាការិនីវ័យក្មេងរបស់ខ្លួន ឆ្ពោះទៅកាន់​ការប្រកួតអន្ដរជាតិនានា ជាពិសេស​ការ​ប្រកួត​កីឡាយុវជនអាស៊ី លើក​ទី​៥ ឆ្នាំ​២០២៩ ដែល​កម្ពុជា ត្រូវ​ធ្វើម្ចាស់​ផ្ទះ ជា​លើកដំបូង។

លោក ខេស៊ី បាណេត បាន​បញ្ជាក់ថា៖ «បន្ទាប់ពីការខំប្រឹងហ្វឹកហាត់ច្រើនឆ្នាំ សម្រាប់​ប្រកួត​​ប្រជែង​​ក្នុង​​ស៊ីហ្គេម យើង​​ចង់បន្ដអភិវឌ្ឍន៍ជំនាញ និង​រក្សានូវ​គុណភាព​កីឡាករ​កីឡាការិនី​កម្ពុជា​​យើង ​ឱ្យ​មានការ​កើន​ឡើង​​រៀង​រាល់​​ឆ្នាំ​ ហើយតាម​​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល និង​​ក្រសួងអប់រំ យុវជន និង​កីឡា ក៏​ផ្តោត​ទៅលើ​ការបណ្តុះធនធាន​យុវជន​ផងដែរ អ៊ីចឹង​ការប្រកួតនេះ យើង​​​មាន​គោលដៅសំខាន់​​២ គឺ​ទី១ ត្រៀម​ការ​ប្រកួត​កីឡា​ស៊ីហ្គេម ឆ្នាំ​២០២៥ នៅ​ថៃ ដោយ​យើងចង់ឈ្នះមេដាយកាន់តែច្រើន និងទី២ ត្រៀម​ឆ្ពោះ​ទៅ​រក​ការ​ប្រកួត​​កីឡា​​យុវជន​អាស៊ី ឆ្នាំ២០២៩»៕

ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍លើប្រភេទក្រុមអាយុក្រោម ១៧ ឆ្នាំ នាព្រឹកថ្ងៃទី៦ ខែធ្នូ។ហុង មិនា

ហុង មិនា

ហុង មិនា