ក្លិប​បាល់​ទាត់វិសាខា ​បានសម្រេចតែង​តាំង​អ្នក​ចាត់​ការ​ទូទៅ លោក មាស ចាន់ណា ឱ្យ​ធ្វើជា​គ្រូ​បង្គោល​វិញ បន្ទាប់ពី​ក្លិប​មាន​មូលដ្ឋាន​នៅកីឡដ្ឋាន​ព្រីនស៍​មួយ​នេះ បានសម្រេច​បញ្ចប់​កិច្ចសន្យា​ជាមួយ​គ្រូ​បង្គោល​ជនជាតិស្កុតឡេន លោក Simon Mcmenemy ដែល​បានចូល​ដឹកនាំ​ក្រុមនេះ កាលពីដើម​ខែ​មករា ឆ្នាំ​២០២៣។ 

ការ​បញ្ចប់​កិច្ចសន្យា​របស់​លោក Simon Mcmenemy ត្រូវបាន​ក្លិប​វិសាខា ប្រកាសជា​ផ្លូវការ កាលពី​ថ្ងៃទី​៥ ខែធ្នូ ដោយ​បានបញ្ជាក់​ថា៖ «​ក្លិបរបស់យើង មានកិត្តិយសសូមជម្រាបថា ពួកយើងបានសម្រេចបញ្ចប់កិច្ចសន្យាជាមួយលោក Simon Mcmenemy ជាផ្លូវការហើយ ក្រោយ​មានការព្រមព្រៀងគ្នារវាងភាគីទាំង​២»។ 

បើទោះបីជា វិសាខា មិនបានបញ្ជាក់ពីមូល​ហេតុនៃ​ការ​​បញ្ចប់​កិច្ចសន្យា​នេះ ប៉ុន្តែ​​បញ្ហា​នេះ ត្រូវបាន​គេ​ដឹង​ថា ដោយសារ​ វិសាខា មិនពេញ​ចិត្ត ​ចំពោះ​​សមិទ្ធផល​​ដឹកនាំ​របស់​លោក Simon Mcmenemy ដោយក្នុង​រយៈពេល​ចូល​​ ១២ ​ខែ​នេះ លោក​បានដឹកនាំ​ក្រុម​វិសាខា  ធ្លាក់ចេញពី​​ពាន Cambodian League Cup 2023 ត្រឹម​វគ្គ ១/២ ​ផ្តាច់​ព្រ័ត្រ និង​ទទួលបាន​ត្រឹមជើងឯក​រង ក្នុង​ការ​ប្រកួត​ពាន Cambodian Super Cup 2023។


ចំណែក​​ការ​ប្រកួតប្រជែង​រដូវ​កាល​ថ្មី នៃ​​លីកកំពូល​កម្ពុជា​វិញ ក្រុម​វិសាខា ​ក្រោមការ​ដឹកនាំ​របស់​លោក Simon Mcmenemy ​បាន​កំពុង​នឹង​ឈរ​នៅ​លេខ​រៀងទី​៣ ជាបណ្តោះ​អាសន្ន ដោយ​មានត្រឹម ​២៣ ​ពិន្ទុ ជាមួយ​ការ​ឈ្នះ ​៧ ស្មើ ​២ និងចាញ់​៣​ប្រកួត ខណៈ​ក្រុម​ឈរ​នៅ​កំពូល​តារាង ព្រះខ័នរាជស្វាយរៀង មាន ​៣១ ពិន្ទុ និងក្រុម​កំពុង​ឈរ​នៅលេខ​២ ភ្នំពេញ​ក្រោន មាន​​ ២៦ ពិន្ទុ។

ជាមួយគ្នា​នេះ ក្លិប​វិសាខា បាន​ប្រកាស​តែងតែង​លោក មាស ចាន់ណា ជា​គ្រូ​បង្គោល​នៅរសៀល​ថ្ងៃទី​៦​ ខែធ្នូ​នេះ ដោយសង្ឃឹម​ថា អតីត​គ្រូ​បង្គោល​រូបនេះ ​នឹង​ដឹកនាំ​ក្រុម​វិសាខា ឱ្យ​ទទួល​បាន​ជោគជ័យ និងសម្រេចបាននូវសមិទ្ធផលថ្មីៗ ជូនក្លិបបន្ថែមទៀត ខណៈ លោក មាស ចាន់ណា ធ្លាប់បានដឹកនាំ​ក្រុម​វិសាខា ឱ្យ​ឈ្នះពានរង្វាន់​​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កន្លងមក។


លោក មាស ចាន់ណា ត្រូវបានក្លិបវិសាខា តែងតាំងជាគ្រូបង្គោល នារសៀលថ្ងៃទី៦ ខែធ្នូ។ រូបថត វិសាខា

វិសាខា បាន​ប្រកាស​បែបនេះ​ថា៖ «ក្លិប​របស់​យើង មាន​កិត្តិយស​សូម​ប្រកាស​អំពីការ​តែង​តាំង​លោក មាស ចាន់ណា អ្នកចាត់ការទូទៅ​ក្លិប ជា​គ្រូបង្គោល ដើម្បី​ដឹក​នាំ​ក្លិប​របស់​យើង ចាប់​ពី​ពេល​នេះ​ត​ទៅ។ លោក មាស ចាន់ណា បានចូលរួមជាមួយពួកយើង តាំងពីចុងឆ្នាំ២០២១ ហើយ​​លោក​បានរួមចំណែក​ជួយ​ក្រុម​សម្រេចសមិទ្ធផលជាច្រើន ពិសេស​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន»៕