​ភ្នំពេញៈ ក្នុង​សាល​ប្រក់​ស័ង្កសី ដែល​ហ៊ុម​ព័ន្ធ​ដោយ​សំណាញ់​ពណ៌​ខៀវ ស្ថិតនៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ក្រុម​កីឡាករ កីឡាការិនី​ហាប់​គី​ដូ​ជាង​ ៧០​ នាក់ បាន​ប្រឹងប្រែង​ប្រកួតប្រជែង​គ្នា​យ៉ាង​អំណត់​ទៅតាម​ជំនាញ និង​កម្រិត​ខ្សែក្រវាត់​របស់​ពួកគេ ដើម្បី​ដណ្តើម​គ្នា​យក​មេដាយ​ជូន​ក្លិប​រៀងៗ​ខ្លួន នៅក្នុង​ការប្រកួត​កីឡា​ហាប់​គី​ដូ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​ ២០២៣​។​


​ចំពោះ​សកម្មភាព​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​នេះ វា​បាន​ក្លាយជា​រឿង​ធម្មតា​ទៅហើយ សម្រាប់​សហព័ន្ធ​កីឡា​ជាតិ​ជាង​ ៤០​ ទៀត ព្រោះ​ពួកគេ តែងតែបាន​រៀបចំ​ការ​ប្រកួត​បែបនេះ​ជា​រៀងរាល់ឆ្នាំ ហើយ​សហព័ន្ធ​ភាគច្រើន​ក៏មាន​លទ្ធភាព​បានរៀបចំ​ការប្រកួត​អន្តរជាតិ​ផងដែរ​។ ប៉ុន្តែ​ចំពោះ​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ ទើប​ទទួលបាន​ឱកាស​រៀបចំ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​នេះ ជា​ប្រវត្តិសាស្ត្រ​លើកដំបូង​បើទោះបីជា​ប្រភេទ​កីឡា​នេះ មាន​វត្ត​មាននៅ​លើទឹក​ដី​កម្ពុជា​តាំងពី​ឆ្នាំ ​១៩៦៩​ យ៉ាងណាក្តី​។  

​ជា​មនុស្ស​តែ​ម្នាក់​គត់ ដែល​បាន​ព្យាយាម​អភិវឌ្ឍ​កីឡា​ហាប់​គី​ដូ​នៅ​ប្រទេស​កម្ពុជា ដោយ​មិន​បោះបង់ លោក គង់ ចាន់​ធី​ណា បានឱ្យដឹងថា  ​កីឡា​ហាប់​គី​ដូ ត្រូវបាន​នាំចូល​មក​ប្រទេស​កម្ពុជា ដោយ​គ្រូបង្វឹក​ជនជាតិ​កូរ៉េខាងត្បូង​ម្នាក់ នៅពេល​គាត់​បានមក​បំពេញការងា​រ​ជា​គ្រូបង្វឹក​ដល់​ក្រុម​កងកម្លាំង​រាជ​អាវុធហត្ថ​ខ្មែរ នៅ​អំឡុង​ឆ្នាំ​ ១៩៦៩​ ហើយ​រហូតដល់​ឆ្នាំ​ ១៩៧២ ទើប​ប្រភេទ​កីឡា​នេះ ត្រូវបាន​ដាក់ឱ្យ​បង្ហាត់​ជា​សាធារណៈ​។​


​យ៉ាងណា​ក៏​​ដោយ​លោក គង់ ចាន់​ធី​ណា​ បាន​ទម្លាយ​ថា អ្នក​ចង់​ហាត់​កីឡា​ហាប់​គី​ដូ កាលនោះ ត្រូវ​បង់ថ្លៃ​ការហ្វឹកហាត់​រយៈពេល​ ៣ ​ខែ​មុន ដោយ​ក្នុង ​១ ​ខែ​ត្រូវ​បង់ ​៣ ​ពាន់​រៀល នា​សម័យ​នោះ គឺ​ស្មើ​មាស​ ១ ​តម្លឹង ហើយ​ដោយសារ​ការបង់​ថ្លៃ​ការហ្វឹកហាត់​ថ្លៃ​ពេក ធ្វើឱ្យ​ចំនួន​អ្នក​បាន​ហាត់​លើ​ប្រភេទ​កីឡា​នេះ មាន​ចំនួន​តិច គឺ​ពី​ឆ្នាំ​ ១៩៧២ ដល់​ឆ្នាំ​ ១៩៧៥ មាន​អ្នក​ហាត់ ទទួលបាន​ខ្សែក្រវាត់​ខ្មៅ ប្រមាណ​ ១០​ នាក់​ទេ​។​

​ជាមួយគ្នា​នោះ ធនធាន​អ្នក​ហាត់គុន​ទាំងអស់នោះ​គឺ​មួយចំនួន ត្រូវបាន​សម្លាប់​ក្នុង​របប​ខ្មែរក្រហម ហើយ​អ្នក​ខ្លះទៀត​បាន​និរទេស​ខ្លួន​ទៅ​រស់នៅ​ក្រៅប្រទេស គឺ​នៅសល់តែ​លោកគ្រូ​តា​ក្រមា​មាស សាន គឹមស៊ាន ព្រឹទ្ធាចារ្យ ហុក ឈាង​គីម លោកគ្រូ អ៊ឹង សំរេច និង​លោកគ្រូ តាំង សិលា ចំណែក​លោក សេង ប៊ុន​សុង ទើបតែ​បាន​ចូល​ហាត់​កីឡា​ហាប់​គី​ដូ នៅក្រោយ​ថ្ងៃ​រំដោះ ៧​ មករា ឆ្នាំ​​ ១៩៧៩ មុនពេល​លោក​ផ្លាស់​ទៅ​រស់នៅ​សហរដ្ឋអាមេរិក និង​ធ្វើជា​គ្រូបង្វឹក​នៅ​ទីនោះ​។​


​នៅក្រោយ​ថ្ងៃ​រំដោះ​ ៧ ​មករា លោកគ្រូ សាន គឹមស៊ាន លោកគ្រូ ហុក ឈាង​គីម លោកគ្រូ អ៊ឹង សំរេច និង​អ្នក​ហាត់គុន​មួយចំនួន បាន​ផ្តើម​ឱ្យមាន​ការ​ហ្វឹកហាត់​កីឡា​ហាប់​គី​ដូ និង​ប្រភេទ​កីឡា​មួយចំនួនទៀត​ឡើងវិញ នៅតាម​ផ្ទះ​និង​ទីតាំង​មួយចំនួនទៀត​ជា​លក្ខណៈ​បិទបាំង គឺ​រហូតដល់​ក្រោយ​ថ្ងៃ​បោះឆ្នោតជាតិ ឆ្នាំ​ ១៩៩៣​ ទើប​ហាប់​គី​ដូ ត្រូវបាន​ដាក់ឱ្យ​ហាត់​ដោយ​ចំហ នៅតាម​សា​លា​រៀន និង​ទីធ្លា​សាធារណៈ​។​

​រំឭក​ទៅដល់​ការហ្វឹកហាត់​កីឡា​នៅពេលនោះ លោក គង់ ចាន់​ធី​ណា ដែល​បាន​ចូល​ហាត់​កីឡា​ហាប់​គី​ដូ​ជាមួយ​លោកគ្រូ អ៊ឹង សំរេច នៅ​ក្លិប​ឥន្ទ្រី​យ៍ នៅ​ឆ្នាំ​ ១៩៨៨ បាន​និយាយថា​៖ «​ក្មេងៗ​នៅ​ជំនាន់​ឆ្នាំ ​៩០ មានការ​ស្រឡាញ់ និង​ចូលចិត្ត​ហាត់​កីឡា​ណាស់​។ ទោះបីជា​ពេលនោះ​មិនទាន់មាន​ការប្រកួត​អ្វី​ក៏​ដោយ​តែ​ម្នាក់ៗ​បាន​តស៊ូ​ហ្វឹកហាត់​ខ្លាំង ព្រោះ​សុទ្ធតែជា​អ្នក​ចង់​ចេះ​ក្បាច់គុន​។ ចំពោះ​កីឡា​ហាប់​គី​ដូ​វិញ មាន​ជាង​ ១០​ ក្លិប ដែលមាន​អ្នក​ហាត់​ចូល​ ៣០០ ​នាក់ និង​សុទ្ធ​តែមាន​សមត្ថភាព និង​កាយ​សម្បទា​ល្អៗ​»​។​

​ជាមួយ​សកម្មភាព​ហ្វឹកហាត់​កីឡា​ដ៏​ផុសផុល​នា​សម័យ​នោះ​ក្រុមកីឡា​ហាប់​គី​ដូ ក៏ត្រូវ​បានដាក់​ឱ្យ​សម្តែង នៅ​ថ្ងៃ​ខួប​កំណើត​កងរាជអាវុធហត្ថ នៅ​ពហុ​កី​ឡ​ដ្ឋា​ន​ជាតិ​អូឡាំពិក​នា​ថ្ងៃទី ១៤ ​ខែកក្កដា ឆ្នាំ​ ១៩៩៣​។ តែ​ទោះបីជា​យ៉ាងណា​អ្នក​ហាត់​ហាប់​គី​ដូ​ជំនាន់​នោះ​ហាក់​មិន​ចាប់​អារម្មណ៍​ក្នុងការ​បង្កើតឱ្យមាន​ស​ហ​ព័ន្ធ​នោះទេ គឺ​រហូតដល់​ឆ្នាំ ​២០០១ ទើប​មានការ​ស្នើសុំ​គោលការណ៍​ពី​គណៈ​​ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា ​(NOCC) និង​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​បង្កើត​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ ដោយមាន​លោកគ្រូ​តា សាន គឹមស៊ាន ជា​ប្រធាន​។​

​ក្រោម​ការដឹកនាំ​របស់​លោកគ្រូ សាន គឹមស៊ាន​ បានធ្វើឱ្យ​កីឡា​ហាប់​គី​ដូ មានការ​ផុសផុល​ខ្លាំង រហូតដល់​ឆ្នាំ​ ២០០៣ ប៉ុន្តែ​ក្រោយមក ដោយសារ​លោក គឹមស៊ាន​បាន​ចំណាយពេល​ច្រើន​ទៅលើ​ការស្រាវជ្រាវ ដើម្បី​បង្កើតឱ្យមាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​នោះ បានធ្វើឱ្យ​ការអភិវឌ្ឍ​កីឡា​ហាប់​គី​ដូ​នៅ​កម្ពុជា មានការ​ធ្លាក់ចុះ​វិញ ស្របពេល​ក្លិប​មួយចំនួន ក៏បាន​ផ្អាក​ដំណើរការ​ផងដែរ​។ ជាមួយ​ការដកខ្លួន ទៅ​បង្កើត​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​នេះ លោក​គ្រូ សាន គឹមស៊ាន បានប្រគល់​ការងារ​ទាំងស្រុង​របស់​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​​គី​ដូ មកឱ្យ​លោក គង់ ចាន់​ធី​ណា ជា​អ្នកមើលការខុសត្រូវ ហើយ​នៅ​ឆ្នាំ​ ២០០៧ លោក​ចាន់​ធី​ណា បានស្នើ​សុំឱ្យ​លោក សេង ប៊ុន​សុង ដែលជា​គ្រូ​ហាប់​គី​ដូ នៅ​អាមេរិក ឱ្យធ្វើជា​ប្រធាន​ជំនួស​រហូតដល់​ឆ្នាំ​ ២០១៦​។​


​បន្ទាប់ពី​ព្រឹទ្ធាចារ្យ​ សេង ប៊ុន​សុង បាន​លាឈប់ នៅ​ឆ្នាំ​ ២០១៦ លោក គង់​ ចាន់​ធី​ណា ដែលជា​អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ​បាន​អញ្ជើញលោក ម៉ក់ សំអុល មក​ធ្វើជា​ប្រធាន​សហព័ន្ធ រហូតដល់​ឆ្នាំ​ ២០២២​។ ប៉ុន្តែ​ដោយសារ​លោក ម៉ក់ សំអុល បាន​សុំ​លាឈប់​ទៀត គឺ​អង្គ​មហាសន្និបាទ​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ​បាន​បោះ​ឆ្នោត​ឱ្យ​លោក សៅ សេង​ហាក់ ដែលជា​អនុប្រធាន ឡើង​ធ្វើជា​ប្រធាន​រហូតមកដល់​បច្ចុប្បន្ន​។​

​នៅក្នុង​ដំណើរការ​ផ្លាស់ប្តូរ ដើម្បី​បន្ត​ការអភិវឌ្ឍ​កីឡា​ហាប់​គី​ដូ​ដ៏​វែងឆ្ងាយ​នេះ លោក​គង់ ចាន់​ធី​ណា ដែល​បន្តវេន​កីឡា​ហាប់​គី​ដូ​ពី​លោកគ្រូ អ៊ឹង សំរេច និង​បាន​ក្លាយជា​គ្រូបង្ហាត់​នៅ​ឆ្នាំ​​ ២០០០ ​នោះ បាន​រៀប​រាប់​ថា​៖ «​ការប្រឹងប្រែង​របស់ខ្ញុំ អស់​​រយៈពេល​ជាង​ ៣៥ ​ឆ្នាំនេះ គឺមាន​ការ​ពិបាក​ច្រើនណាស់ ជាពិសេស​ចាប់តាំងពី​ឆ្នាំ ​២០០៣ ​មក ដោយ​ខ្ញុំ​បាន​ទ្រទ្រង់​ហាប់​គី​ដូ សឹងតែ​ម្នាក់ឯង​រហូត​មក​»​។​

​លោក​បាន​បន្ថែមថា​៖ «​ពេលខ្លះ ខ្ញុំ​ចង់​បាក់​ទឹកចិត្ត​ម្តងៗ ព្រោះ​សហព័ន្ធ​មួយ​យើង​ត្រូវមាន​គ្នាច្រើន​សម្រាប់​ជួយ​ធ្វើ​គ្នា  ​គឺ​វា​ដូចជា​រទេះ​មួយ ដែលមាន​គ្នា​ ១០​ នាក់ សម្រាប់​ជួយ​ទាញ និង​រុញ​គ្នា ប៉ុន្តែ​នៅពេល​ព្រឹទ្ធាចារ្យ​កីឡា​របស់​យើង បាន​លាឈប់​អស់​ម្នាក់​ម្តងៗ​ គឺ​នៅសល់​ខ្ញុំ​តែម្នាក់ឯង ហេតុនេះ​តើ​ខ្ញុំ​អាច​អូស​រទេះ​នេះ​យ៉ាងម៉េច​បាន​លឿន​? តែ​ទោះបីជា​យ៉ាងណា ខ្ញុំ​មិន​បោះបង់​រទេះ​មួយ​នេះ​ចោល​ទេ គឺ​ខ្ញុំ​ហត់​ត្រឹមណា ឈប់សម្រាក​ត្រឹមហ្នឹង រួច​ទើប​ខ្ញុំ​ខំប្រឹង​អូស​ទៅមុខទៀត​»​។​

​តែ​ទោះបីជា​យ៉ាងណា ជាមួយ​ការ​​រៀបចំ​រចនាសម្ព័ន្ធ​ថ្មី ក្រោម​ដឹកនាំ​របស់លោក សៅ សេង​ហាក់ បានធ្វើឱ្យ​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ ចាប់ផ្តើម​មាន​ពន្លឺ​នៃ​ការអភិវឌ្ឍ​ដ៏​ពិតប្រាកដ​មួយ បន្ទាប់ពី​សហព័ន្ធ​នេះ ត្រូវបាន NOCC និង​ក្រសួង​អប់រំ អនុញ្ញាតឱ្យ​រៀបចំ​ការ​ប្រកួត​ជើងឯក​ថ្នាក់ជាតិ ជា​លើកដំបូង កាលពី​ថ្ងៃទី​២៣-២៤ ខែធ្នូ ឆ្នាំ​ ២០២៣ ដោយមាន​អត្ត​ព​លិ​ក​សរុប​ ៧២ ​នាក់ ប្រកួត​តំណាង​ក្លិប​ចំនួន​ ៥ លើ​វិញ្ញាសា​ចំនួន​ ៥ គឺ​លោត​កម្ពស់ លោត​ចម្ងាយ ស្នៀត​ការពារ​ខ្លួន ​(​កាច់​បុរស​-​នារី​) ប្រយុទ្ធ និង​ប្រកួត​ដាល់​,​ទាត់ (​ល្បឿន​)​ កុមារា​-​កុមារី​។​

​បើទោះបីជា ការប្រកួត​ថ្នាក់ជាតិ​នេះ បានកើត​ឡើង ដោយ​លំបាក​ក្រោម​ការ​រៃអង្គាស​ថវិកា​គ្នា​របស់​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ ប៉ុន្តែ​ការប្រកួត​នេះ​បាន​ក្លាយជា​ព្រឹត្តិការ​ណ៍​ជា​ប្រវត្តិសាស្ត្រ ដែល​ក្រុមគ្រួសារ​ហាប់​គី​ដូ​កម្ពុជា បាន​ទន្ទឹងរង់ចាំ​អស់​រយៈពេល​ជាង​ ៥០ ​ឆ្នាំ​ហើយ ហើយ​ការ​​ប្រកួត​នេះ បាន​បង្កើតឱ្យមាន​ក្តីសង្ឃឹម​ថ្មី សម្រាប់​សហព័ន្ធ​ដ៏​កម្សត់​នេះ ក្នុងការ​ពង្រឹង និង​ពង្រីក​សម្ទុះ​នៃ​ការអភិវឌ្ឍ​របស់ខ្លួន​ដើម្បី​អាចមាន​លទ្ធភាព​ឈាន​ជើង​ទៅ​ប្រកួត នៅលើ​ឆាក​អន្តរជាតិ​។​

​លោក​ គង់ ចាន់​ធី​ណា បាន​បញ្ជាក់ថា​៖ «​ក្រោម​ការដឹកនាំ​របស់​លោក​ឧកញ៉ា​ប្រធាន និង​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​ទាំងអស់ យើង​បាន​មូលមតិ និង​ឯកភាពគ្នា រៀបចំ​ឱ្យមាន​ការប្រកួត​កីឡា​ហាប់​គី​ដូ​ជើងឯក​ថ្នាក់ជាតិ ជា​ប្រវត្តិសាស្ត្រ​លើកដំបូង នៅ​កម្ពុជា​បន្ទាប់ពី​យើង​បាន​ទន្ទឹងរង់ចាំ​យ៉ាងយូរ​។ នេះ​ជា​ទិសដៅ​មួយ​របស់​សហព័ន្ធ ដើម្បី​ត្រៀម​ការប្រកួត​ក្នុង​កម្មវិធី​ផ្សេងៗ ហើយ​បើ​មានលទ្ធភាព យើង​អាច​ឈានទៅ​ប្រកួត​លក្ខណៈ​អន្តរជាតិ​ទៀត​»​។​

​លោក​បាន​បន្ថែមថា​៖ «​ក្រុម​អត្ត​ព​លិ​ក គ្រូបង្វឹក មន្ត្រី​បច្ចេកទេស និង​តំណាង​ក្លិប​ទាំង ​៥ ដែល​បាន​ចូលរួម​ការប្រកួត​នេះ គឺ​ពួកគាត់​មានការ​សប្បាយ​ចិត្តខ្លាំង ព្រោះនេះ​អាច​ចាត់ទុកថា ជា​សម័យកាល ដែល​គាត់​ទទួលបាន​លទ្ធផល​ល្អ​ដែរ មិន​ដូច​អ្នក​ជំនាន់​មុនៗ ដែល​ខំ​ហាត់​ចូល​ ១០ ​ទៅ​ ៣០ ឆ្នាំ តែ​មិន​ដែលមាន​មេដាយ​ពាក់​នឹង​គេ​ទេ ប៉ុន្តែ​តាមរយៈ​ការ​​ប្រកួត​នេះ ក្មេងៗ​របស់​យើង​មួយចំនួន មាន​វាសនា​បាន​ពាក់​មេដាយ​អ៊ីចឹង​យើង​ជា​អ្នក​ជំនាន់​មុន ត្រូវ​ប្រឹងប្រែង​ធ្វើ​ផ្លូវ ឱ្យ​ក្មេងៗ​ជំនាន់​ក្រោយ​ដើរ គឺ​ខិតខំ​រក​វិធីសាស្ត្រ​ជំរុញ​ពួកគាត់​ឱ្យ​ឈានទៅដល់​គោលដៅ​មួយ ដែល​យើង​ទទួលបាន​លទ្ធផល​ល្អ​»​។​

​ចំណែក​លោក ​គួច ហុក​ជៀក អនុ​​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ​បាន​ថ្លែងថា​៖«​ទោះបីជា​យើង​មិនមាន​បទ​​ពិសោធន៍​ក្នុង​ការរៀបចំ​ការប្រកួត និង​មានការ​ខ្វះខាត​ច្រើន ប៉ុន្តែ​ការ​ខ្នះខ្នែង​របស់​ថ្នាក់ដឹកនាំ​ទាំងអស់ ជាពិសេស​យើង​មាន​អគ្គលេខាធិការ​ដ៏​ឈ្លាសវៃ គឺ​យើង​បាន​ប្រឹងប្រែង​តស៊ូ​បង្កើតឱ្យមាន​ការប្រកួត​ថ្នាក់ជាតិ ជា​លើកដំបូង​នេះ​ឡើង​។ ការប្រកួត​នេះ ខ្ញុំ​មានការ​ភ័យ​​ព្រួយ​រហូត ព្រោះ​ខ្លាច​ក្មេងៗ​របស់​យើង មាន​គ្រោះថ្នាក់ សម្រាប់​ការបង្ហាញ​សមត្ថភាព​ប្រកួត​លើកដំបូង​របស់​ពួកគេ តែ​ចុងបញ្ចប់ យើង​ពិតជា​ទទួលបាន​ជោគជ័យ​មែនទែន​»​។​

​លោក​បាន​បន្ថែមថា​៖ «​តាមរយៈ​ការ​ប្រកួត​លើក​ទី​១​ នេះ ខ្ញុំ​ជឿថា កីឡាករ កីឡាការិនី​របស់​យើង​ទាំង​តូច និង​ធំៗ សុទ្ធតែ​ទទួលបាន​បទពិសោធន៍​ថ្មី អ៊ីចឹង​ពួកគាត់​នឹង​ធ្វើបាន​កាន់តែ​ល្អ​ថែមទៀត សម្រាប់​ការប្រកួត​ក្រោយៗ​ទៀត ព្រោះ​យើង​នឹង​គិតគូរ​ឡើងវិញ ក្នុងការ​បង្កើតឱ្យមាន​ព្រឹត្តិការណ៍​ផ្សេងៗ​ទៀត ហើយ​យើង​ក៏មាន​ទស្សនវិស័យ គិត​ទៅដល់​ការរៀបចំ​ឱ្យមាន​ការប្រកួត​អន្តរជាតិ​ផងដែរ គ្រាន់តែ​ពេលនេះ យើង​នៅ​ក្មេងខ្ចី​ពេក​ដែល​ត្រូវការ​ពេលវេលា​បន្ថែមទៀត ដើម្បី​ឈានទៅដល់​គោលដៅ​នោះ​»​។​

​សម្រាប់​ទិសដៅ​សំខាន់​របស់​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ គឺ​ត្រូវ​បណ្តុះ​ធនធាន​កីឡាករ កីឡាការិនី ដែលមាន​កម្រិត​បច្ចេក​ទេស​ខ្ពស់​ឱ្យបាន​ច្រើន​ដើម្បី​អាច​ចូលរួម​ការប្រកួត​កីឡា​ហាប់​គី​ដូ​អន្តរជាតិ ដោយ​គេ​កំណត់ឱ្យ​ប្រទេស​នីមួយៗ ត្រូវមាន​អត្ត​ព​លិ​កមាន​សមត្ថភាព​ខ្ពស់​យ៉ាងតិច​១០​នាក់ ទើប​អាច​ចូលរួម​ប្រកួត​បាន ខណៈពេល​នេះ លោក​គង់ ចាន់​ធី​ណា​បាន​បង្ហើប​ថា កម្ពុជា មាន​ប្រមាណ​ ៧ ​ទៅ ​៨ ​នាក់​ហើយ គឺ​ទាមទារ​ឱ្យមាន​ការប្រឹងប្រែង​រួមគ្នា​បន្ថែមទៀត ដើម្បីឱ្យ​ហាប់​គី​ដូ​កម្ពុជា អាចមាន​លទ្ធភាព​បង្ហាញ​វត្តមាន នៅលើ​ឆាក​អន្តរជាតិ​។​

​គ្រូបង្វឹក​វ័យ ​៥៦​ ឆ្នាំ មាន​កម្រិត​ខ្សែ​ក្រវាត់​ខ្មៅ​ ៦​ ដាន់ លោក ចាន់​ធី​ណា បាន​សង្កត់ធ្ងន់ថា​៖ «​ខ្ញុំ​បាន​តស៊ូ​ជាមួយ​កីឡា​នេះ​យូរ​ឆ្នាំ​ហើយ ហើយ​កូនៗ​របស់ខ្ញុំ​ទាំង​ ៣​ នាក់ ក៏​នៅក្នុង​នេះដែរ អ៊ីចឹង​ជា​គោលដៅ ខ្ញុំ​នឹង​ប្រឹងប្រែង​អភិវឌ្ឍ​កីឡា​នេះ​រហូត​ខ្ញុំ​ទៅមុខ​លែងរួច​។ ខ្ញុំ​បាន​ប្រឹងប្រែង​ពន្យល់​ដល់​ក្មេងៗ​ជំនាន់​ក្រោយ ឱ្យ​ខំប្រឹង​អភិវឌ្ឍ​កីឡា​ហាប់​គី​ដូ ឱ្យមាន​ភាព​រីកចម្រើន​ទៅមុខ ព្រោះនេះ​ជា​កេរ្តិ៍ដំណែល​មួយ​សម្រាប់​អ្នក​ជំនាន់​ក្រោយ ហើយ​បើ​មានការ​ខំប្រឹង​បន្ថែមទៀត​គឺ ​២ ​ឆ្នាំ​អី​ទៀត យើង​នឹងមាន​អត្ត​ព​លិ​កមាន​បច្ចេកទេស​កម្រិត​ខ្ពស់​គ្រប់​ ១០ ​នាក់ ដើម្បី​ទៅ​ចូលរួម​ការប្រកួត​អន្តរជាតិ​បាន​ហើយ​»៕