ភ្នំពេញ៖ កីឡាករ​ជើងខ្លាំង​ជំនាន់​ក្រោយ រិន ដេវីត និង ធន់ អៀងឡៃ នឹង​ត្រូវ​ជួបគ្នាជា​ថ្មី​ម្តង​ទៀត ក្នុង​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ ដណ្តើម​ពាន​រង្វាន់ GANZBERG រាជសីហ៍ Kun Khmer នៅ​លើ​សង្វៀន​​ថោន នា​យប់​ម៉ោង​៨ ថ្ងៃព្រហស្បតិ៍នេះ ហើយកីឡាករ​លំដាប់​ខ្លាំងៗ​របស់​កម្ពុជា​​មួយ​ចំនួន​​ទៀត ក៏​ត្រូវ​បាន​ដាក់​ឱ្យ​ប្រកួត​អន្តរជាតិ ជាមួយ​អ្នក​​ប្រដាល់​បរទេស ក្នុង​ពេលជាមួយគ្នា​នេះ​ដូចគ្នា។

នៅមុន​ឡើង​មកជួប​គ្នា នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ រិន ដេវីត និង ធន់ អៀងឡៃ ធ្លាប់បានជួបគ្នា នៅ​ក្នុង​វគ្គជម្រុះតាមពូល​ម្តង​ហើយ ហើយក្នុង​ជំនួប​សន្សំពិន្ទុ​នោះ ដេវីត បាន​ឈ្នះ អៀងឡៃ ហើយ​រូបគេ ក៏បាន​យកឈ្នះ ឡុង ជិន និង ស៊ន រ៉ាគីម ផងដែរ ដើម្បី​ទទួលបាន​លេខ​១​ប្រចាំពូល។ 

ចំណែក ធន់ អៀងឡៃ ដែល​បានចាញ់ពិន្ទុ ឡុង ជិន ដែរ​នោះ បែរជា​អាច​ផ្តួល ស៊ន រ៉ាគីម ឱ្យ​សន្លប់ នៅក្នុងការ​ប្រកួតជម្រុះ​ចុង​ក្រោយ ដើម្បី​​មាន​ប្រៀប​លើ ឡុង ជិន វិញ ដើម្បី​បាន​ឡើង ទៅ​កាន់​វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រជាមួយ រិន ដេវីត ​ដែរ ហើយ​តាម​រយៈការ​ប្រកួត​វគ្គ១/២​ផ្តាច់​ព្រ័ត្រ កាលពី​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២៣នោះ អៀងឡៃ បាន​​ឈ្នះពិន្ទុ ទូច ដេវីត ចំណែក រិន ដេវីត បាន​ឈ្នះពិន្ទុ ចាន់ សំអាត។


យ៉ាង​ណា​មិញ សម្រាប់ការ​ឡើង​មកជួបគ្នាជាថ្មី នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ដើម្បីដណ្តើម​យក​ពាន អម​ជាមួយ​ប្រាក់​រង្វាន់​ចំនួន​២០​លាន​រៀល សម្រាប់​អ្នកបានលេខ ​១ និង ​១២ ​លាន​រៀល សម្រាប់​​អ្នក​ចាញ់បាន​លេខ​២​នេះ រិន ដេវីត និង​ ធន់ អៀងឡៃ បានបោះ​ពាក្យសម្តី​​ឌឺដង​គ្នា​ខ្លាំង ដោយ​ក្នុង​នោះ ដេវីត បានផ្តាំ​ទៅរៀមច្បង អៀងឡៃ ឱ្យ​បញ្ចេញ​ឱ្យ​អស់ក្បាច់មក ចំណែក អៀងឡៃ បាន​ឆ្លើយ​តប​ទៅ​វិញ​ថា រូបគេ នឹងមិនលាក់ទុក​អ្វី​ទាំង​អស់។

ជាមួយការ​ឌឺដងគ្នា​ដោយពាក្យសម្តី​​របស់​ រិន ដេវីត និង ធន់ អៀងឡៃ បាន​ធ្វើ​ឱ្យ​ជំនួប​ផ្តាច់​ព្រ័ត្រ​របស់​ពួក​គេ កាន់តែមានការចាប់​អារម្មណ៍​ខ្លាំង ខណៈមតិ​ភាគ​ច្រើន បាន​​ផ្តល់​ទំនុក​ចិត្ត​​លើ រិន ដេវីត ច្រើនជាង​ ដោយសាររូប​គេ​ទើប​តែ​បាន​​ឈ្នះ ធន់ អៀងឡៃ នៅវគ្គជម្រុះ កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២៣ ប៉ុន្តែ​នៅមុនការ​ជួបគ្នា ក្នុងការ​ប្រកួត​ដណ្តើម​ពាន​នេះ ដេវីត ក៏​ធ្លាប់បានចាញ់ អៀងឡៃ នៅ​សង្វៀន​បាយ័ន កាលពី​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២៣​ផងដែរ។​


ទន្ទឹ​ម​ជាមួយគ្នា​នេះ​ដែរ រិន ដេវីត ខ្លួនឯង​ផ្ទាល់ ក៏​នៅ​តែចាត់​ទុក ធន់ អៀងឡៃ ជា​កីឡាករពិបាក​ក្នុងការ​យក​ឈ្នះ​ផងដែរ។ រិន ដេវីត បាន​និយាយ​ថា៖​ «​ការ​ប្រកួត​ជម្រុះដណ្តើម​ពាន​នេះ ខ្ញុំបានឈ្នះ​ទាំង​៤​ប្រកួត ហើយ​​ក្នុង​នោះការ​យក​ឈ្នះបង អៀងឡៃ តឹងជាង​គេ ព្រោះគាត់ជា​​កីឡាករដើរបុក​វ៉ៃ មានស៊ុហ្វល្អ ហើយ​អាវុធ​របស់​គាត់ចេញ​បានរហូត»។

តែទោះបីជា​យ៉ាង​ណា រិន ដេវីត បាន​អះអាង​ថា រូបគេបាន​ហ្វឹក​ហាត់​ពង្រឹង​បន្ថែម​ទៅលើការ​ចូលចាប់ និងកម្លាំង​ស៊ុហ្វ​បាន​ល្អ​​១០០​ភាគ​រយ​ហើយ ហើយ​រូបគេ​បានបញ្ឆេះ​ពាក្យ​ឌឺដង​ដាក់ ធន់ អៀងឡៃ បែបនេះ​ថា៖ «ខ្ញុំសូម​​ផ្តាំ​ទៅ​បង ធន់ អៀងឡៃ ថា បើ​មានក្បាច់​អ្វី​ ​ចេញ​ឱ្យ​អស់មក​បង ព្រោះ​យើងត្រៀម​ខ្លួន​បានល្អ​ដូចគ្នា​ ហើយនេះជា​កម្មវិធី​ធំ​ទៀត អ៊ីចឹង​យើង​ត្រូវ​ប្រកួត​គ្នា​ឱ្យ​ដាច់​ស្រឡះ​លើក​នេះតែម្តង»។

ជាមួយពាក្យ​ផ្តាំផ្ញើបែបផ្លែផ្កា​នេះ ធន់ អៀងឡៃ បាន​ឆ្លើយតបទៅ​វិញ ដោយ​ភាព​ប្រាកដ​ប្រជា​​​ថា៖ ​«ខ្ញុំ​បានហ្វឹកហាត់​ខ្លាំង​ណាស់ ដោយមិនបានគិត​ពី​ថ្ងៃ​សៅរ៍ និងថ្ងៃអាទិត្យ​នោះ​ទេ ហើយ​ឈាន​ដល់​វគ្គនេះ​ទៅ​ហើយ មិនចាំបាច់ផ្តាំ​អ្វី​ច្រើន​ឡើយ គឺ​​​អ្វីដែល​ខ្ញុំ​មាន ខ្ញុំនឹងបញ្ចេញ​ឱ្យ​អស់ ព្រោះ​នេះជា​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ ដែល​ខ្ញុំ​ត្រូវតែ​ខំប្រឹង​ឱ្យអស់​ពី​សមត្ថភាព ដើម្បីដណ្តើម​យក​ពាន»៕