ភ្នំពេញ៖ កីឡាករលំដាប់​ជើង​ខ្លាំង​របស់​កម្ពុជា យ៉េន ឌីណា មិនអាចស្វែង​រក​បានជ័យជម្នះ សម្រាប់​ការ​បង្ហាញ​ខ្លួន ជា​លើកដំបូង នៅលើ​សង្វៀន​ប៉ុស្តិ៍​លេខ​៥នោះ​ទេ ដោយ​រូបគេ​បានចាញ់អ្នក​ប្រដាល់​ថៃ Extra គឺ​ផ្ទុយ​ពី សូត្រ វាសនា និង ហ៊ុន ឈុនហេង ដែល​សុទ្ធ​តែ​ដណ្តើម​បានជ័យជម្នះ​ទាំង​លំបាកលើ​កីឡាករ​របស់​ថៃ ចំណែក រឿម វណ្ណៈ ​បានបន្ត​ជួប​ភាព​ច្រំដែល គឺ​​ចាញ់​ដោយ​សន្លប់។

សម្រាប់ការ​ប្រកួត ដែល​ត្រូវ​បាន​ធ្វើ​ឡើង កាលពី​យប់​ថ្ងៃសៅរ៍ កន្លងមក​នេះ ហ៊ុន ឈុនហេង ដែល​ប្រកួត​គូ​អន្តរជាតិ​ទី​១ ក្នុ​ង​ទម្ងន់​៥៤​គីឡូក្រាម បាន​បង្ហាញសមត្ថ​ភាព​ប្រកួត​យ៉ាង​ល្អ ដើម្បី​វាយប្តូរជាមួយកីឡាករ​​ថៃ PhatYouphin ដោយ​អ្នកទាំង​២​នេះ បាន​ប្រើជង្គង់​ភាគ​ច្រើន ក្នុង​ការវាយសង​គ្នា។

យ៉ាង​ណាក៏​ដោយ ប្លង់វាយចេញ​របស់ ហ៊ុន ឈុនហេង ល្អ​ជាង ជាពិសេស​ការ​ថយ​ទាត់ និង​ម៉ាត់​​របស់​គេ ដែល​ធ្វើ​ឱ្យ​ការ​ព្យាយាម​ចូល​ចាប់បុកជង្គង់​របស់ PhatYouphin ជួបការ​លំបាក​ច្រើន ខណៈ​ឱកាស​ប្តូរជង្គង់​ទៅវិញ​ទៅមក​របស់​អ្នក​ទាំង​២​នេះ ពិតជា​មាន​ភាព​ស្វិត​ស្វាញ​ខ្លាំង ហើយក្រោយ​ការ​ប្រកួត​យ៉ាងស្វិតស្វាញ​៥​ទឹក​ពេញ ឈុនហេង ត្រូវ​បាន​ប្រកាស​ឱ្យ​ឈ្នះ​ពិន្ទុ ទាំង​លំបាក។


ការ​ប្តូរ​កែង​គ្នា​រវាង​កីឡាករ នួន រ៉ាថេន (ក្រហម) និង រឿម វណ្ណៈ ដោយ​កែង​ឆ្វេង​របស់ រ៉ាថេន ចំគោលដៅ​ពេញ បណ្តាល​ឱ្យ វណ្ណៈ សន្លប់​ធំ នៅដើម​ទឹក​ទី​៣។រូប សហការី

ចំណែក សូត្រ វាសនា ក៏មិន​បាន​ធ្វើ​ឱ្យ​ការ​បង្ហាញ​ខ្លួន​ជា​ថ្មី នៅលើ​សង្វៀន​ប៉ុស្តិ៍​លេខ​៥​របស់​គេ ជួបការ​ខក​ចិត្ត​​ដែរ ដោយ​រូបគេ បាន​ប្រឹង​ប្រែង​អស់ពីលទ្ធភាព ដើម្បី​វ៉ៃ​ប្តូរ​ជាមួយ​អ្នក​ប្រដាល់​ថៃ Sing Thangដោយ​កីឡាករ​មាន​​ទម្ងន់​៦៣,៥​គីឡូក្រាមម្នាក់នេះ ពិតជា​មាន​ភាពស៊ូ​ខ្លាំង និង​មាន​បច្ចេក​ទេស​វាយ​ចេញ​ល្អ។


នៅ​ក្នុង​ការ​ប្រកួត​នេះ សូត្រ វាសនា និង Sing Thang បាន​ឈរ​វាយ​សង​គ្នា​៥​ទឹក​ពេញ ហើយស្នៀត​ដែល​ពួកគេ​ប្រើ​ច្រើនបំផុត គឺការ​ចូល​ចាប់បុកជង្គង់ និង​វាយ​កែង។ តែទោះបីជា​យ៉ាង ​ការ​វាយចូលគោលដៅរបស់ សូត្រ វាសនា​ មាន​ទម្ងន់​ធ្ងន់ជាង ហើយ​​ការ​ប្រើ​កណ្តាប់​ដៃ និង​ទាត់​របស់ វាសនា ក៏ចេញ​បានច្រើនជាង​ដែរ។

យ៉ាង​ណា​ក៏​ដោយ នៅពេល​ពិធីករ​បានប្រកាស​ពីការ​ដាក់ពិន្ទុ​របស់​ចៅក្រម​ទាំង​៥​នាក់ ដែល​សម្រេច​ឱ្យ សូត្រ វាសនា ជា​អ្នក​ឈ្នះ​នោះ កីឡាករ​ថៃ Sing Thang បាន​លត់ជង្គង់ រួចផ្តួល​ខ្លួន ​ដេក​នៅលើ​សង្វៀនតែម្តង ព្រោះលទ្ធផល​នេះ វាផ្ទុយ​ស្រឡះ​នឹងភាពជឿជាក់​របស់​គេ ប៉ុន្តែ​ក្រោយ​មក Sing Thang បានងើបឡើង​វិញ និងបានសំពះ​សុំ​ទោស​លោកអាជ្ញាកណ្តាល ចំពោះ​កាយ​វិការមិនសមរម្យ​របស់​គេ។

រូប សហការី

ជាមួយការ​ចាញ់របស់ជនរួមជាតិ PhatYouphin និងSing Thang នេះ បាន​ដាក់សម្ពាធ​ខ្លាំង​ដល់​កីឡាករ​ថៃ Extra ដែល​ត្រូវ​ប្រកួតជា​គូឯកជាមួយ យ៉េន ឌីណា ដែល​ត្រូវបាន​គេគិត​ថា មាន​ភាគ​រយ​មិនច្រើន​ទេ ក្នុងការ​ស្វែង​រក​ជ័យជម្នះ។ ប៉ុន្តែ​តាម​រយៈការ​ប្រកួតនេះ Xetraពិតជា​​ធ្វើ​បាន​យ៉ាង​ល្អ ដោយ​រូប​គេ បាន​តាមចូលចាប់បុកជង្គង់​ទៅលើ យ៉េន ឌីណា ជាបន្ត​បន្ទាប់ ប្រកប​ដោយភាព​អំណត់បំផុត។

បើទោះបីជា យ៉េន ឌីណា បាន​ព្យាយាម​ខ្លាំង ក្នុង​ការ​ប្តូរ​ជង្គង់ជាមួយ Xetra ប៉ុន្តែកម្លាំង​របស់​គេចាប់​ផ្តើម​ធ្លាក់​ចុះ នៅ​ក្នុង​ទឹក​ទី​៣ ដែល​បង្ខំ​ឱ្យ​រូប​គេ​ព្យាយាម​ដក​ថយ ដើម្បី​វាយ​ជា​ប្រយោល​វិញ នៅ​ទឹក​ទី​៤ និងទឹក​ទី​៥ ប៉ុន្តែ Xetra បាន​តាមចាប់​បុកជង្គង់ ដើម្បី​រក្សា​ការ​មាន​ប្រៀប និង​ទទួល​បានជ័យជម្នះ​ដោយពិន្ទុលើ​ម្ចាស់​មេដាយមាសស៊ីហ្គេម ឆ្នាំ​២០២២ យ៉េន ឌីណា យ៉ាង​រំភើប​បំផុត។

ដោយ​ឡែក​កីឡាករធ្លាប់​មានឈ្មោះ​ល្បី រឿម វណ្ណៈ ​បានបង្ហាញការ​ប្រកួតស្វិតស្វាញជាមួយអ្នក​ប្រដាល់ នួន រ៉ាថេន ​បាន​ត្រឹម​២ទឹក​ប៉ុណ្ណោះ ព្រោះ​រូបគេបានដួល​សន្លប់ដោយមាន​ឈាមស្រោចពេញមុខ បន្ទាប់​ពី រ៉ាថេន បានបុក​កែង​ឆ្វេង​ចូលផ្ទៃមុខ​ពេញ​​ទំហឹង ក្នុងអំឡុងការ​ប្តូរ​កែង​គ្នា នៅ​ដើម​ទឹក​ទី​៣​ ហើយ​មុខ​របួស​បែក​យ៉ាង​ធំ​នេះ អាច​នឹង​ធ្វើ​ឱ្យ រឿម វណ្ណៈ បាត់មុខពី​សង្វៀន​ប្រដាល់​មួយ​រយៈ​ពេលដែរ៕