ភ្នំពេញ៖ កីឡាការិនី​ជាត្រកូលអ្នក​ប្រយុទ្ធ អេ យ៉ានុត ​បាន​រក​ឃើញ​ជ័យជម្នះ​ដ៏​មាន​ន័យ នៅក្នុងអាជីព​របស់​ខ្លួន​ហើយ បន្ទាប់ពី​​កូនស្រី​របស់​លោក​គ្រូ អេ ភូថង រូប​នេះ ​បានឈ្នះ​​ខ្សែ​ក្រវាត់​​ពិភព​លោក (KKIF Kun Khmer World Champion) នៅ​លើ​សង្វៀន Cambodia Kun Khmer KKIF កាលពី​យប់​ថ្ងៃសៅរ៍ ប៉ុន្តែពូ​របស់នាង អូត ភូថង បាន​​ចាញ់​​ដោយ​សន្លប់ និង​បានសន្សល់​ការសង្វេគ​ខ្លាំង​ដល់​អ្នកគាំ​ទ្រ ដោយពួកគេ​បានសុំ​ចិត្ត​ឱ្យ​កីឡាករ​ចាស់ៗ គួរ​ឈប់​​ឡើង​​ប្រកួតទៀត​ទៅ។


សម្រាប់​ការ​​ប្រកួតដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក ក្នុង​ប្រភេទ​ទម្ងន់​ ៥៤ ​គីឡូក្រាម​ផ្នែក​ស្រ្តី​ជា​លើក​​ដំបូង ​​​ដែល​ត្រូវ​បាន​ធ្វើ​ឡើង ​​​នៅភូមិស្ពានក្រឡ ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ កាលពី​យប់​ថ្ងៃសៅរ៍ កន្លង​មក​​នេះ អេ យ៉ានុត ​បាន​ប្រកួត​យ៉ាង​ស្វិត​ស្វាញ​បំផុត ជាមួយ​ជើង​​ខ្លាំងជា​ម្ចាស់​ខ្សែ​ក្រវាត់​​​មក​ពីប្រទេស​ថៃ Akkarannee Kadsin។

អេ យ៉ានុត បាន​ផ្តោត​ខ្លាំង​ទៅលើ​ការ​ប្រើ​ស្នៀត​ទាត់ ម៉ាត់ និងការ​ចូល​ចាប់បុកជង្គង់ តែ​ក្បាច់​​​ទាំង​​អស់​នេះ បាន​ទទួល​រង​ការ​វាយ​សង​មក​វិញ​ភ្លាមៗ​ពី​សំណាក់​ Akkarannee Kadsin ព្រោះ​កីឡាការិនីថៃ​ម្នាក់​នេះ មិនត្រឹមតែ​មាន​សមត្ថ​ភាព​ល្អប៉ុណ្ណោះ​ទេ ប៉ុន្តែ​នាង​ពិត​ជា​មាន​ភាព​រឹងមាំ។


កីឡាការិនី​ថៃ Akkarannee Kadsin បាន​ធាក់​ទៅលើ អេ យ៉ានុត ក្នុងការ​ប្រកួត កាលពី​យប់​ថ្ងៃសៅរ៍ នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ។រូប សហការី


ជាមួយ​គ្នា​នេះ ការ​ធាក់​ចូល​ពោះ​ពេញៗ​ម្តង​ហើយ​ម្តង​ទៀត​របស់ Akkarannee បាន​ក្លាយជា​ក្បាច់ ដែល​ធ្វើ​ឱ្យ អេ យ៉ានុត មាន​ការពិបាក​ខ្លាំង ក្នុងការ​ចូលចាប់បុកជង្គង់ ហើយ​ក្បាច់​នេះ​ក៏​បាន​ធ្វើ​ឱ្យ យ៉ានុត ​ធ្លាក់​កម្លាំង​ផងដែរ ជាពិសេស​នៅ​ក្នុង​ទឹក​ទី​៣​ចុង​ក្រោយ​ ដោយ Akkarannee បាន​ធាក់​​ឱ្យ យ៉ានុត ខ្ទាតជារឿយៗ និងបាន​ដួល​២ទៅ​៣​ដង​ផងដែរ។


តាម​រយៈការ​ប្រកួត​៣​ទឹក​យ៉ាង​ស្វិត​ស្វាញ​នេះ អ្នក​គាំទ្រ​បាន​មើល​ឃើញ​ថា កីឡាការិនី​ថៃ Akkarannee មាន​ប្រៀប​ជាង អេ យ៉ានុត ហើយ​ម្ចាស់​ខ្សែ​ក្រវាត់​២ស្ថាប័ន​របស់​ថៃ​រូប​នេះ ក៏​បានបង្ហាញ​ភាពជឿជាក់​ខ្លាំង ក្នុងការ​ទទួល​បានជ័យជម្នះ​ផងដែរ ប៉ុន្តែ​តាម​រយៈ​ការ​ប្រកាស​​លទ្ធផល​របស់ពិធីករ​ នារាត្រី​ថ្ងៃសៅរ៍​នោះ គឺ​ចៅ​ក្រម​៣​នាក់ ក្នុងចំណោម​៥នាក់ បាន​ផ្តល់ពិន្ទុ​ឱ្យ អេ យ៉ានុត ​ឈ្នះ ៣-២ ដើម្បី​ក្លាយជា​ម្ចាស់​ខ្សែ​ក្រវាត់ ជា​លើកដំបូង។

បើទោះបីជា​អ្នកគាំ​ទ្រ​មួយចំនួន​ធំ បានសម្តែងការមិនសូវពេញ​ចិត្ត​ជាមួយ​លទ្ធផល​នេះ ប៉ុន្តែ​ចំពោះ អេ យ៉ានុត ពិតជា​មាន​ការ​រំភើប​ខ្លាំង ដោយ​នាង​បាន​ស្រែក​យំ​តាំងពី​មុន​ការ​ប្រកាស​លទ្ធផល ព្រោះ​ការ​ឈ្នះ​បាន​ខ្សែ​ក្រវាត់​ពិភពលោក ជា​លើកដំបូងនេះ ពិតជាសំខាន់​ខ្លាំង​ណាស់ ដោយ​កីឡាការិនី​កូន​១​ម្នាក់នេះ បាន​ទន្ទឹង​រង់ចាំ​អស់​ពេល​​១៣​ឆ្នាំ​មក​ហើយ ចំណែក​ស្វាមី​របស់​នាង ព្រម​ទាំង​ប្តីប្រពន្ធ អេ ភូថង ដែលជាឪពុក​ម្តាយ សុទ្ធតែ​បាន​បង្ហាញ​ក្តីរំភើប​ឡើង​​ស្រក់ទឹក​ភ្នែកដូចគ្នា។

កីឡាករ Henry Johnson បាន​ម៉ាត់​ទៅលើ អូត ភូថង មុនពេល​ប្រើ​ស្នៀត​ធាក់​ត្រឡប់​ក្រោយ បណ្តាល​ឱ្យ​ខ្លាចាស់​ម្នាក់នេះ ចុះចាញ់ នៅដើមទឹក​ទី​៣។រូប សហការី

ផ្ទុយពី​នេះ​ពូ​បង្កើត​របស់ អេ យ៉ានុត គឺ អូត ភូថង ដែល​បានវិវឌ្ឍ​ខ្លួន​ទៅជា​គ្រូ​បង្វឹក និងអាជ្ញាកណ្តាល ចៅ​ក្រម​ទៅ​ហើយ​នោះ ក៏​បាន​ឡើង​ប្រកួត​មិត្ត​ភាព​អន្តរជាតិ នៅ​យប់​ថ្ងៃសៅរ៍​នោះ​ដែរ ដោយ​​ប្រកួត​ជាមួយ​កីឡាករ Henry Johnson ក្នុង​ទម្ងន់ ​៦៨​ គីឡូក្រាម ប៉ុន្ត អូត ភូថង បានចាញ់​ដោយ​សន្លប់។

នៅ​ចុង​ទឹក​ទី​២ អូត ភូថង ត្រូវបានអាជ្ញាកណ្តាល​រាប់ ជា​លើកទី​​១ បន្ទាប់ពី​ ​ Henry Johnson បាន​ប្រើ​ក្បាច់​​ធាក់ត្រឡប់​ក្រោយ ចំកណ្តៀតក្អម​ពេញ​ទំហឹង បណ្តាល​ឱ្យ អូត ភូថង ដួល​ចុក​រមួល​យ៉ាង​ខ្លាំងនោះ ហើយ​នៅ​ដើម​ទឹក​ទី​៣ Henry Johnson បាន​ប្រើ​ក្បាច់ដដែល​នេះ ធាក់​​ត្រូវ​កន្លែងចាស់​របស់ អូត ភូថង ជាថ្មី បណ្តាល​ឱ្យ​ខ្លាចាស់​​ខ្សោយកម្លាំង​រូប​នេះ ដួល​ដេក​ម្តង​ទៀត។

បើទោះបីជា​ អូត ភូថង បាន​ព្យាយាម​ប្រាប់​ទៅ​លោក​អាជ្ញាកណ្តាល​ថា កន្លែង​ដែល Henry Johnson ធាក់​ត្រូវ​នេះ គឺ​ចំប្រដាប់ការពារ (ពងស្វាស) ប៉ុន្តែ​តាម​រយៈ​ការ​មើល​វីដេអូ​សាឡើង​វិញ ម្តង​ហើយម្តង​ទៀត​នោះ បានបញ្ជាក់​ថា ការ​ធាក់​របស់ Henry Johnson គឺ​ចំ​កណ្តៀត​​ក្អម​ខាង​ស្តាំ មិន​មែនចំប្រដាប់ការពារ​ឡើយ ហេតុ​នេះ​គណៈកម្មការ​បាន​សម្រេច​ប្រកាស​ឱ្យ​ Henry Johnson ជាអ្នក​ទទួលបាន​ជ័យជម្នះ បន្ទាប់ពី អូត ភូថង មិន​ព្រម​ប្រកួត​បន្ត​។

ជាមួយ​គ្នា​នេះ អ្នកគាំ​ទ្រ​ភាគ​​ច្រើន បាន​បង្ហាញការអាណិត​អាសូរ​ដល់ អូត ភូថង ហើយ​ក៏បាន​សុំ​ចិត្ត​ឱ្យ​អ្នក​ប្រដាល់​ធ្លាប់​សាងបាន​ភាពល្បី​​រូប​នេះ និង​កីឡាករ​ចាស់ៗ​មួយ​ចំនួន​ទៀត ឈប់​​ឡើង​ប្រកួត​ទៀត​ទៅ ចៀសវាងមាន​របួស​ធ្ងន់ ដោយ​ពួកគេ បាន​បញ្ចេញមតិ​បែបនេះ​ថា៖ «ឃើញ​កីឡាករចាស់ៗឡើង​វ៉ៃ​ អាណិតជួស ​ព្រោះ​បើ​គេវ៉ៃ​ត្រូវធ្ងន់ៗ​បណ្តាល​ឱ្យ​បាក់ដៃបាក់ជើង​ តើ​លុយ​ប្រកួត​​ហ្នឹង​ ព្យា​បាលគ្រប់ទេ​? សម្រាកទៅ​ ទុក​ឱ្យ​កីឡាករ​ក្មេងៗជំនាន់ក្រោយវ៉ៃ​ម្ដងទៅ​ គេ​វាយ​ខ្លាំង​ជាង និង​​មាំជាង​!»៕

 

រូប សហការី