ភ្នំពេញៈ ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា បាន​ជំរុញ​កីឡាករ កីឡាការិនី ជាពិសេស​អ្នក​ទាំង​ទទួលបាន​ជយលាភី ពី​ការប្រកួត​កីឡា​កា​រ៉ា​តេ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០២៣ ដែល​ទើបបាន​បញ្ចប់កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២៤ ត្រូវ​ពង្រឹងសមត្ថភាព​ឱ្យបាន​ខ្លាំងថែមទៀត ដើម្បី​អាចមាន​លទ្ធភាព​ទៅ​ប្រជែង​ដណ្តើមបាន​មេដាយមាស ក្នុងការ​ប្រកួត​ស៊ី​ហ្គេម លើក​ទី​៣៣ ឆ្នាំ​២០២៥ នៅ​ប្រទេស​ថៃ​។​


នៅក្នុង​ពិធី​បិទ​ការប្រកួត​កីឡា​កា​រ៉ា​តេ​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០២៣ នៅ​សាល​ដំបូលទូក​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃអាទិត្យ លោក វ៉ា​ត់ ចំរើន ជា​អគ្គលេខាធិការ បាន​អះ អាងថា លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ជា​ប្រធាន​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា បាន​ផ្តាំផ្ញើ​ការ​នឹករឭក​ជាពិសេស​ដល់​ប្រតិភូ​កីឡា​ទាំងអស់ ដែល​បាន​ចូលរួម​ការប្រកួត​នេះ និង​បាន​ជំរុញ​ឱ្យ​ក្រុម​អត្ត​ព​លិ​ក ខិតខំ​ពង្រឹងសមត្ថភាព​បន្ថែមទៀត ដើម្បី​ឆ្ពោះទៅ​ទទួលបាន​ជោគជ័យ​ជា​បន្តទៀត ក្នុងការ​ប្រកួត​ស៊ី​ហ្គេម ឆ្នាំ​២០២៥​។​

លោក វ៉ា​ត់ ចំរើន ដែលជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​ផង​នោះ បាន​បន្ថែមថា ការខិតខំ​ប្រឹងប្រែងរ​បស់​ក្រុមគ្រួសារ​កា​រ៉ា​តេ​កម្ពុជា នឹង​អាចជួយ​ឱ្យ​ប្រភេទ​កីឡា​នេះ ដណ្តើមបាន​លទ្ធផល​ល្អប្រសើរ នៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៥ ដូច​ពេល​ពួកគេ​ដណ្តើមបាន​មេដាយមាស​១ ប្រាក់​៣ និង​សំរឹទ្ធ​៦ សម្រាប់​ការធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។  


​លោក វ៉ា​ត់ ចំរើន បាន​បញ្ជាក់ថា​៖ «​ឯកឧត្តម​ជា​ប្រធាន​សហព័ន្ធ បាន​ផ្តាំ​ផ្ញើឱ្យ​កីឡាករ កីឡាការិនី​របស់​យើង ខិតខំ​ហ្វឹកហាត់ នៅតាម​ក្លិប​-​សមាគម​ឱ្យបាន​ជាប់លាប់ ដោយ​បង្កើតឱ្យមាន​នូវ​ប្រសិទ្ធ​ភាព និង​សមត្ថភាព​ក្នុងការ​អភិវឌ្ឍ​បច្ចេកទេស​កីឡា​កា​រ៉ា​តេ ជាពិសេស​លោកគ្រូ អ្នកគ្រូ និង​ប្រធាន ​ក្លិប​ទាំងអស់ ត្រូវខិតខំ​ប្រឹងប្រែង​ដឹកនាំ គ្រប់គ្រង និង​ធ្វើការ​ហ្វឹកហាត់​ឱ្យបាន​ទៀងទាត់ ដោយ​ឯកឧត្តម​ប្រធាន​សង្ឃឹមថា ក្រុម​កា​រ៉ា​តេ​កម្ពុជា នឹង​ដណ្តើមបាន​លទ្ធផល​ល្អប្រសើរ សម្រាប់​ការប្រកួត​ស៊ី​ហ្គេម នៅ​ឆ្នាំ​២០២៥ ដូច​ពេល​កម្ពុជា ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែរ​»​។​


​ជាមួយគ្នានេះ លោក វ៉ា​ត់ ចំរើន បានធ្វើការ​វាយតម្លៃ​ខ្ពស់ ទៅលើ​មន្ត្រី​បច្ចេកទេស ជា​អាជ្ញាកណ្តាល ចៅក្រម ដែល​បំពេញការងារ​បាន​យ៉ាង​ល្អ សម្រាប់​ការប្រកួត​កីឡា​កា​រ៉ា​តេ​ជើងឯក​ថ្នាក់ជាតិ លើក​នេះ ដើម្បី​រក្សាបាន​នូវ​ការ​កាត់សេចក្តី​ដ៏​សុក្រឹត និង​យុត្តិធម៌ ធ្វើឱ្យ​ការប្រកួត ដំណើរការ​ដោយ​រលូន និង​បញ្ចប់​ដោយ​ជោគជ័យ​។​


អ្នកជំនាញ​កីឡា​រូបនេះ បាន​និយាយថា​៖ «​អ្វីដែល​យើង​ចាប់អារម្មណ៍​ខ្លាំង ក្នុង​ការប្រកួត​ថ្នាក់ជាតិ​លើក​នេះ គឺ​យើង​កាត់បន្ថយ​បញ្ហា​បាន​ច្រើន ហើយពី​១​ឆ្នាំទៅ​១​ឆ្នាំ ការយល់ដឹង​ពីបទ​បញ្ជា​នៃ​ការប្រកួត និង​ក្រមសីលធម៌​កីឡា កាន់តែ​រីកចម្រើន និង​ទទួលបាន​ការចូលរួមចំណែក​ពី​ក្រុមគ្រួសារ​កីឡា​កា​រ៉ា​តេ​របស់​យើង ដោយ​គោរព​បាន​នូវ​ការងារ​ជា​កីឡាករ និង​ជាម​ន្ត្រី​កីឡា ដែល​យើងទាំងអស់គ្នា​ត្រូវ​ដឹងថា ការធ្វើឱ្យមាន​ភាពថ្លៃថ្នូ​រ និង​ការគោរព​នូវ​ក្រមសីលធម៌​កីឡា គឺជា​គោលការណ៍​សំខាន់ ក្នុងការ​ដឹកនាំ និង​អភិវឌ្ឍ​វិស័យ​កីឡា នៅ​កម្ពុជា​»​។​

ទន្ទឹម​ជាមួយគ្នានេះ លោក វ៉ា​ត់ ចំរើន បានឱ្យដឹង​ទៀតថា ការប្រកួត​កីឡា​កា​រ៉ា​តេ​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០២៣​នេះ មាន​ប្រតិភូ​កីឡា​ចូលរួម​ច្រើនជាង​ឆ្នាំមុនៗ ហើយ​តាម​តួលេខ​ផ្លូវការ​របស់​គណៈកម្មកា​រ​រៀបចំ បាន​បញ្ជាក់ថា ការប្រកួត​នេះ​មាន​កីឡាករ ​១៣០​ នាក់ កីឡាការិនី​៩៣​នាក់ បាន​ចូលរួម ព្រមទាំង​ប្រតិភូ​កីឡា ជា​គ្រូបង្វឹក ថ្នាក់ដឹកនាំ និង​មន្ត្រី​បច្ចេកទេស​ប្រមាណ​៩៥​នាក់​ទៀត​។​

​ចំពោះ​ក្រុម​អត្ត​ព​លិ​ក​ទាំង ​២២៣ ​នាក់​នេះ បាន​ប្រកួត​គ្នា តំណាងឱ្យ​ក្លិប​-​សមាគម​ចំនួន​ ២៥ នៅលើ​វិញ្ញាសា​សម្តែង (Kata) និង​ប្រយុទ្ធ (Kumite) សរុប​ចំនួន ​៤៣​ វិញ្ញាសា ដោយមាន​បែងចែក​ទៅតាម​ប្រភេទ​អាយុ និង​ប្រភេទ​ទម្ងន់ ហើយ​ជា​លទ្ធផល​នៃ​ការប្រកួត​រយៈពេល ​៤​ ថ្ងៃ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ១១ ដល់ទី​ ១៤ ខែមករា​នោះ ក្រុម​កា​រ៉ា​តេ​ក្រសួងមហាផ្ទៃ ដណ្តើមបាន​មេដាយមាស​១១ ប្រាក់ ​១០ និង​សំរឹទ្ធ​ ៥ ដើម្បី​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១​។​

ចំណែក​ក្លិប​កា​រ៉ា​តេ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​២ ដោយ​ដណ្តើមបាន​មេដាយមាស​៧ ប្រាក់​៤ សំរឹទ្ធ​១០ ហើយ​តាម​ពីក្រោយ​ដោយ​សមាគម​ក្រសួងមហាផ្ទៃ ដែល​បាន​មេដាយមាស​៧ ប្រាក់​២ សំរឹទ្ធ​៤ និង​ក្លិប​កា​រ៉ា​តេ​-​ដូ​ហនុមាន ដែល​បាន​មាស​៤ ប្រាក់​៧ សំរឹទ្ធ​៩ ចំណែក​ក្លិប​-​សមាគម​ចំនួន​១៩​ទៀត ក៏​ដណ្តើមបាន​មេដាយ​វិលត្រឡប់​ទៅវិញ​ផងដែរ គឺ​មានតែ​ក្លិប​កា​រ៉ា​តេ​គោក​ឃ្នាង និង​ក្លិប​រិទ្ធី​សាល ខេត្តកណ្តាល​ទេ ដែល​ដណ្តើម​មិនបាន​មេដាយ​៕