កីឡាករជំនាញ​វ៉ៃអំបោះ​ឆៅ គឹម វាសនា បាន​បង្ហាញ​ការ​បារម្ភ​​ថា ប្រជាប្រិយភាព និង​ភាព​ល្បី​ល្បាញ ដែល​រូបគេ​បានខំប្រឹង​បង្កើតឱ្យ​មាន​ឡើង​​រយៈ​ពេល​ជិត ​២ ​ខែ​មក​នេះ ​​អាច​​នឹង​​ធ្លាក់ចុះ​​ទៅ​វិញ បន្ទាប់ពី​រូបគេ បានភ្លាត់​ស្នៀតចាញ់​​កីឡាករ​ថៃ Luktavan Vi.Orbun យ៉ាង​ផុយ​ស្រួយ​​​​​ត្រឹម​​ទឹក​ទី​១ សម្រាប់​​ការ​ប្រកួត​អន្តរជាតិ​ក្នុង​ព្រឹត្តិការណ៍ Krud Kun Khmer នៅ​សង្វៀន​ប្រដាល់​ទទក កាលពី​យប់​ថ្ងៃ​អាទិត្យ។


គឹម វាសនា ​បាន​បង្ហាញ​ការ​សោក​ស្តាយ​ខ្លាំង និង​បានចាត់​ទុកការចាញ់​យ៉ាងផុយ​ស្រួយ​នេះ ជា​លទ្ធផលដែលពិបាក​នឹង​ទទួល​យក ខណៈរូបគេ​នៅមាន​កម្លាំង​ពេញខ្លួន ប៉ុន្តែ​បែរជា​មក​ចាញ់ ដោយសារ​តែ​ការទាត់​​ត្រូវ​តែ​បន្តិច​របស់​ LuktavanVi.Orbun នោះ។

វាសនា បាន​និយាយ​​ថា៖​ «ខ្ញុំ​ពិត​ជា​មិន​អស់​​ចិត្ត ជាមួយ​ការចាញ់បែប​នេះសោះ ព្រោះវាលឿនពេក។ ​របួស​នេះ វាមិន​ជា​ធ្ងន់​អ្វី​ទេ ប៉ុន្តែ​វាប៉ះសរសៃ ធ្វើឱ្យ​ជាប់​គាំង មិនអាច​ក្រោក​ឡើង ដើម្បី​ប្រកួត​ទៀតបាន»។


តាម​រយៈការ​ប្រកួតវ៉ៃអំបោះឆៅ ទម្ងន់ ​៦៩​ គីឡូក្រាម កាលពី​យប់​​ថ្ងៃទី​ ១៤ ខែមករា កន្លង​មក​​នេះ គឹម វាសនា បានព្យាយាម​​វាយ​លុក​ទៅលើ​កីឡាករ LuktavanVi.Orbun ដោយ​មិន​ញញើត​​ឡើយ ហើយការ​​តាម​វាយ​ដោយកណ្តាប់​ដៃ បន្ថែម​ដោយការ​ទាត់ និង​វាយ​កែង​នេះ បាន​​ដាក់​សម្ពាធ​ខ្លាំង​ទៅលើ LuktavanVi.Orbun ដែល​បង្ខំ​ឱ្យ​រូបគេ ដក​ថយ​ច្រើន ដើម្បី​គេច​​ពី​ការតាម​វាយ​ប្រហារ​របស់ វាសនា។


ការ​តាម​វាយ​លុក​ដោយ​មិន​ញញើត​នេះ ដោយសារ គឹម វាសនា បានសិក្សា​ពី​សមត្ថ​ភាព​របស់​​កីឡាករ Luktavan Vi.Orbun រួច​ទៅ​ហើយ ឃើញថា ​ថៃ​ម្នាក់នេះ​ល្អ​ទាត់​ផ្នែក​ខាង​លើ ហេតុនេះ វាសនា មិនជាបារម្ភ​ក្នុងការ​វាយ​លុក​ប៉ុន្មាន​ទេ ព្រោះ​រូបគេ​មាន​ភាព​ធន់​ច្រើនលើ​ការ​​​បិទខាង​​​លើ។ តែទោះបីជា​យ៉ាងណា នៅពេល វាសនា កំពុង​ផ្តោត​លើ​ការ​តាមម៉ាត់​នោះ Luktavan បាន​ទាត់ស្តាំចំជង្គង់​ឆ្វេង​របស់ គឹម វាសនា ដែល​មើល​ទៅមិន​ខ្លាំង​ទេ ប៉ុន្តែ​​បែរជា​ធ្វើ​ឱ្យ វាសនា ដួលដេក​ទាំង​ឈឺចាប់ មិនអាច​ក្រោកឡើង​រួច។


ចំពោះ​ហេតុការណ៍​ដ៏អាក្រក់នេះ គឹម វាសនា បាន​បញ្ជាក់​ថា៖ «ខ្ញុំ​ធ្លាប់​មាន​បញ្ហា​បែប​នេះម្តង​ដែរ ពេល​ប្រកួត​នៅ​សង្វៀន​បាយ័ន ចំណែក​ការ​ប្រកួត​លើក​​នេះ ខ្ញុំ​ដឹង​ថា ដៃគូ​ប្រកួត​របស់​ខ្ញុំ គាត់​ល្អទាត់លើ រីឯ​​ការ​ទាត់​ក្រោម​របស់​គាត់ គ្រាន់តែជាការ​តេស្ត​ ដែល​មិន​មានទម្ងន់​អ្វី​ខ្លាំង​​ទេ ប៉ុន្តែ​ការ​ទាត់តេស្ត​នេះ វា​ចំ​សរសៃ​ជង្គង់​របស់​ខ្ញុំ ធ្វើ​ឱ្យ​ជាប់គាំងតែម្ដង»។

កីឡាករជំនាញ​វ៉ៃអំបោះ​ឆៅ គឹម វាសនា វាយលើកីឡាករ​ថៃ Luktavan Vi.Orbun ក្នុងការប្រកួតកាលពីម្សិលមិញ។ រូបថត TVK

ជាមួយការ​ចាញ់​​ត្រឹម​ទឹក​ទី​១ ​នេះ បាន​ធ្វើ​ឱ្យ គឹម វាសនា ​មានការ​បារម្ភ​ខ្លាចធ្លាក់​​ប្រជា​ប្រិយ ព្រោះ​ការ​មានឈ្មោះ​បោះសំឡេង​​នៅពេល​នេះ បាន​កើតមាន​ឡើង បន្ទាប់ពី​ គឹម វាសនា បាន​​ឈ្នះ​ជើង​ខ្លាំង​របស់​ថៃ PayakSamui ដោយ​បាន​វ៉ៃ​កែង​បណ្តាល​ឱ្យ​តារា Thai Fight​ ម្នាក់​នេះ​​បែក​ក្បាល​ធំ ហើយ​ត្រូវ​បាន​អាជ្ញាកណ្តាល​បញ្ឈប់ កាលពីការ​ជួបគ្នាក្នុង​ព្រឹត្តិការណ៍ Krud Kun Khmer នៅ​ទីតាំង​សួន​នាង​ប្រាជ្ញ​បារមី ជិត​សណ្ឋាគារ​សុខា នា​ពិធី​បុណ្យអុំទូក  កាល​ពី​ថ្ងៃ​ទី​ ២៦ ខែវិច្ឆិកា ឆ្នាំ​២០២៣​។

គឹម វាសនា បានបញ្ជាក់ថា៖ «ខ្ញុំ​មាន​ការបារម្ភថា ប្រជាប្រិយ​ភាព​របស់​ខ្ញុំ នឹង​អាច​មាន​ការ​ធ្លាក់​ចុះ ព្រោះ​​យើង​​ធ្វើ​បានល្អ​យូរដែរ​ហើយ ប៉ុន្តែ​លើក​នេះ យើងបែរ​ជា​ខូចជើង​នៅ​ក្នុងទឹក​ទី​១ ហើយ​ខូចជើងចំ​ប្រកួត​អំបោះឆៅ​​ទៀត។ ​ខ្ញុំ​សូមទោស​ដល់​បងប្អូន​អ្នកគាំ​ទ្រ ដែល​លើក​នេះ ខ្ញុំ​ធ្វើ​មិន​បានល្អ​ ព្រោះ​ជាប់សរសៃជង្គង់ក្រោក​ឡើង​អត់រួច ប៉ុន្តែ​​ខ្ញុំ​ចង់​សងសឹក​ជាមួយ​កីឡាករ LuktavanVi.Orbun ម្តង​ទៀត»។

ចំណែក​លោក ស្វាយ សុវណ្ណរិទ្ធ ជា​គ្រូ​ពេទ្យ​ប្រចាំ​សង្វៀន​ប្រដាល់ទទក បាន​ឱ្យ​ដឹង​ថា របួស​​របស់ គឹម វាសនា មិនជា​ធ្ងន់​​ទេ គឺ​វាគ្រាន់តែជាបញ្ហា​ជាប់​សរសៃ ដែល​អាច​នឹង​មាន​ភាព​​ប្រសើរឡើង​វិញ។ រីឯ​លោក ម៉ុល នី ប្រធាន​ផ្គូផ្គង​របស់​សង្វៀន​ប្រដាល់​ទ​ទក ​បាន​បង្កើប​ថា ជំនួប​សងសឹក​រវាង គឹម វាសនា និង​កីឡាករ LuktavanVi.Orbun អាច​នឹង​កើត​មានឡើង​ម្តងទៀត។

លោក ម៉ុល នី បានប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ​នា​ថ្ងៃទី​១៥ ខែមករា​នេះ​ថា៖​«​តាម​រយៈ​ការ​ប្រកួត គឹម វាសនា បានបង្ហាញការមានប្រៀប​ទៅហើយ ប៉ុន្តែ​វាអាច​ថា ជាការ​ចៃដន្យ ឬ​ភ្លាត់ស្នៀត ដែល​ត្រូវ​បាន​កីឡាករ​ថៃ ទាត់​ចំសរសៃ ហើយ​ការចាញ់បែបនេះ ខ្ញុំ​យល់​ថា វាមិនប៉ះពាល់​ដល់​ប្រជាប្រិយ​របស់​គាត់ប៉ុន្មាន​ទេ ព្រោះ​វាមិនមែនជា​ការ​ចាញ់​សន្លប់ ដោយចេញ​អស់ពី​សមត្ថភាព។

ចំណែក​ការ​លើក​ឡើង​របស់ គឹម វាសនា ដែល​ចង់​សងសឹក​ជាមួយ​កីឡាករ LuktavanVi.Orbun ម្តង​ទៀត​នោះ គឺ​វា​អាច​នឹង​កើត​មាន​ឡើង ​តែចាំមើល​គាត់​ជាពីរបួស និងមាន​ភាព​រឹងមាំ​ឡើង​វិញសិន»៕

កីឡាករ​ថៃ Luktavan Vi.Orbun សំពះកីឡាករ គឹម វាសនា ក្នុងការប្រកួតកាលពីម្សិលមិញ។ រូបថត TVK