ភ្នំពេញ៖ កីឡាករជើង​ខ្លាំងជាម្ចាស់​មេដាយមាសស៊ីហ្គេម ឆ្នាំ​ ២០២៣ បឺត សង្ឃឹម និង ឃីម បូរ៉ា បាន​​​​​ប្រើ​​បច្ចេក​ទេស​ផ្តួល​កីឡាករ​បរទេស​ឱ្យ​សន្លប់​ដោយ​ងាយៗ សម្រាប់​ការ​បង្ហាញ​ខ្លួន​រួមគ្នា ក្នុង​​​​​​ព្រឹត្តិការណ៍ Kun Khmer Warriors របស់​សង្វៀន​ថោន ដែល​ធ្វើ​នៅលើទឹក​ដី​ខេត្ត​កំពង់ចាម កាលពី​យប់​ថ្ងៃទី​ ១៤ ខែមករា ចំណែក​អ្នក​លេង​រន្ទះ​ជើង មឿន សុខហ៊ុច ក៏​ទទួល​បាន​​ជ័យជម្នះ ក្នុងរាត្រី​នោះ​ផងដែរ ប៉ុន្តែ​សមាសភាព​កីឡាករ​បរទេស​ ដែលពួកគេបានជួប​ហាក់​​គ្មាន​ឆន្ទៈ​ពិត​ប្រាកដ ក្នុងការ​ប្រកួត​នោះ​ឡើយ។


សម្រាប់ការ​បង្ហាញ​វត្ត​មាន នៅលើ​ទឹក​ដី​ខេត្ត​កំពង់​ចាម​​​នេះ បឺត សង្ឃឹម បាន​និយាយ​មុន​ការ​​ប្រកួត​​នេះ រូបគេ​នឹង​ប្រឈម​ការ​ប្រកួត​ដ៏​លំបាក​មួយ នៅពេល​ដឹង​ថា ដៃគូ​របស់​គេ EmirhanAtes ​ជាកីឡាករ​ជម្រើសជាតិ​របស់តួកគី ដែល​ធ្លាប់​ឈ្នះ​បានមេដាយ​មាស​ចំនួន​៤សម័យ​កាល ហើយ បឺត សង្ឃឹមក៏បាន​មើល​ពី​ការ​ប្រកួត​របស់​គេ​ម្នាក់​នេះ តាម​វីដេអូ​ផងដែរគឺ​ EmirhanAtesមានសមត្ថភាព​ល្អ​ទាំង​ការ​ទាត់ ម៉ាត់ វាយ​កែង និង​បុកជង្គង់។

តែទោះបីជា​យ៉ាង​ណា តាម​​ការ​ប្រកួតជាក់​ស្តែង កាលពី​យប់​ថ្ងៃអាទិត្យ កន្លងមក​នេះ កីឡាករ Emirhan Ates មាន​ពេល​បង្ហាញសមត្ថ​ភាពបាន​​ត្រឹម ​​១នាទី​ ដោយ​រូបគេ​បាន​​តាម​​ម៉ាត់ និង​រុញ​ឱ្យ បឺត សង្ឃឹម ដួល​ ១លើក​ផងដែរ ប៉ុន្តែ​ចូល​ដល់នាទីទី​២ ក្នុងទឹក​ទី​១ ​ដដែល​នេះ បឺត សង្ឃឹម បានទាត់​ត្រឹម​១ជើង ចំ​ភ្លៅ​ខាង​ឆ្វេងបណ្តាល​ឱ្យ Emirhan Ates ដួល​ដេក​ចុក​រមួល មិនអាចក្រោកឈរ បន្ត​ការ​ប្រកួត​បានទៀត​នោះ​ទេ។


កីឡាករ មឿន សុខហ៊ុច ​បាន​ទាត់​ទៅលើ​កីឡាករថៃ Por Ulthai Aor Arkom ក្នុងជំនួប ខាង​ពី​ថ្ងៃអាទិត្យ។ រូប​ថត Wurkz


ការ​ចាញ់​យ៉ាង​ផុយស្រួយ​របស់​កីឡាករ Emirhan Ates ​បាន​ធ្វើ​ឱ្យ​អ្នកទស្សនា​មិនអស់​ចិត្ត​ឡើយព្រោះពួកគេ​ចង់​ឃើញ​ បឺត សង្ឃឹម បញ្ចេញ​សមត្ថ​ភាពឱ្យ​អស់​លទ្ធភាព សម្រាប់ការ​ប្រកួត​ទម្ងន់​ ៦០ ​គីឡូក្រាម​ជា​លើកចុង​ក្រោយ មុនពេល​ម្ចាស់មេដាយមាសស៊ីហ្គេម​រូប​នេះ ត្រូវ​ហ្វឹក​ហាត់​សម្រក​ទម្ងន់​ទៅ​ ៥៧ ​គីឡូក្រាម​វិញ ដើម្បី​ត្រៀម​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ពិភព​លោក WBC នៅប្រទេសអូស្រ្តាលី ខាង​មុខ​នេះ។


ជាមួយគ្នា​នេះ កីឡាករល្អគ្រប់​ក្បាច់​ បឺត​ សង្ឃឹម​ ក៏​បានអះអាងដែរ​ថា រូបគេឈប់​ទទួល​ការ​ប្រកួត​អ្វី​ទៀត​ហើយ គឺ​បន្ទាប់ពី​ការ​ប្រកួតជាមួយ​កីឡាករ Emirhan Ates នេះ រូបគេ​នឹង​សំងំ​ហ្វឹក​ហាត់​ពង្រឹង​សមត្ថ​ភាព​ខ្លួនឯង​ឱ្យ​បានកាន់តែ​ខ្លាំង ព្រោះ​ការ​ប្រកួតដណ្តើម​ខ្សែ​ក្រវាត់ WBC នៅលើ​ទឹក​ដី​ប្រទេស​អូស្រ្តាលី ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី ​១៧ ខែកុម្ភៈ ឆ្នាំ ​២០២៤​នេះ រូបគេ​ត្រូវ​ប៉ះ​ជើង​ខ្លាំង​របស់​ថៃ។

ចំណែក​ការជួបគ្នា​រវាងម្ចាស់មេដាយមាសស៊ីហ្គេម ឃីម បូរ៉ា និង​​​កីឡាករវ័យ​​ ២២ ឆ្នាំ​របស់​​ថៃ Phayom Khampee ក៏​បានបញ្ចប់​ដោយ​ភាព​ផុយស្រួយ​ផងដែរ ដោយ បូរ៉ា ​បាន​ប្រើ​ពេល​ជាង​៣ នាទី ដើម្បី​ផ្តួល​​កីឡាករ​ទើប​ធ្លាប់​ប្រកួត​បាន ​២១ ​ដង ឈ្នះ ​១៧ ស្មើ​ ១ និងចាញ់​ ៣​ ប្រកួត​នេះឱ្យ​សន្លប់។

លោកអាជ្ញាកណ្តាល​បានលើក​ដៃឱ្យ បឺត សង្ឃឹម ឈ្នះ បន្ទាប់ពី​រូបគេ បាន​ទាត់​ឱ្យ​កីឡាករ​តួកគី ខូចជើង នៅត្រឹម​ទឹក​ទី​១។ រូប​ថត Wurkz

សម្រាប់ការ​ប្រកួត ក្នុង​ទម្ងន់​៦០​គីឡូក្រាម​នេះ កីឡាករ Phayom Khampee នៅ​បានព្យាយាម​វាយ​ប្តូរ​ជាមួយ បូរ៉ា បាន​ល្អ នៅ​ក្នុងទឹក​ទី​ ១ បើទោះបីជា​រូបគេបាន​ទទួល​រង​ការ​តាម​ម៉ាត់ ទាត់ និង​បុកជង្គង់​ពី បូរ៉ា ជា​បន្ត​បន្ទាប់​ក៏​ដោយ ហើយ​នៅចុង​ទឹក​ទី​​នេះ ការ​​តាម​វាយ​​កែង​ និង​ចូល​ចាប់​ទាត់​ក្រោម​ឱ្យ​ដួល​ចំនួន២​លើក​របស់ បូរ៉ា បាន​ធ្វើ​ឱ្យ​ថៃ​ម្នាក់នេះ មាន​ការ​ធ្លាក់​កម្លាំង​ច្រើន។

នៅ​ដើម​ទឹក​ទី​ ២ ឃីម បូរ៉ា បានស្ទុះ​ចូលម៉ាត់​ឆ្វេង​​ត្រឹម ​១ ​ដៃ ​ចូល​ចំហៀង​ពោះ​ខាង​ស្តាំ បណ្តាល​ឱ្យ Phayom ដួល​ទៅលើ​សង្វៀន នាំ​ឱ្យ​អាជ្ញា​កណ្តាល​​​ធ្វើការ​រាប់ជា​លើក​ទី​១ ហើយ​ក្នុង​​ពេល​​រាប់នោះ គេ​មើលឃើញ​ថា Phayom នៅ​មាន​លទ្ធភាព​អាច​បន្ត​ការ​ប្រកួត​ទៀត​បាន ប៉ុន្តែ​​កីឡាករ​ថៃម្នាក់នេះបានស​ម្រេចចុះ​ចាញ់​តែម្តង ព្រោះ​​រូបគេ​​ដឹង​ថា សមត្ថ​ភាព​របស់​ខ្លួន នៅ​មិន​ទាន់​​អាច​ទប់​ជាមួយ ឃីម បូរ៉ា បាន ហេតុនេះ​បើបន្ត​ប្រកួត​ទៀត មានតែ​ត្រូវ​ធ្ងន់ធ្ងរជាងនេះ។

ជាមួយគ្នា​នេះ​អ្នក​លេងរន្ទះជើង មឿន សុខហ៊ុច ​បាន​ប្រកួត​​ចំនួន ​៣ ​ទឹក​ពេញ​ជាមួយ​កីឡាករ​​ថៃ Por Ulthai Aor Arkomក្នុងទម្ងន់​៦៥​គីឡូក្រាម។ ដៃគូ​របស់ សុខហ៊ុច ម្នាក់​នេះ មាន​សមត្ថ​ភាព​ល្អ ​ទាំង​ការ​រំដោះ​ខ្លួន និង​វាយ​បក​សង ប៉ុន្តែPor Ulthai Aor Arkom មិន​បាន​បង្ហាញ​ឆន្ទៈ​ជា​កីឡាករ ដើម្បី​វ៉ៃ​ប្តូរជាមួយ មឿន សុខហ៊ុច នោះ​ទេ គឺ សុខហ៊ុច បាន​ដេញ​វ៉ៃ​៣ទឹក​ពេញ ហើយ​ទទួល​បានជ័យជម្នះ​ដោយពិន្ទុ ទាំង​សោះអង្គើយ។ រីឯ​កីឡាករ ម៉ានូ សិល្បៈ បានស្មើ​ពិន្ទុ​ជាមួយ​កីឡាករ Khamidov Mamur.Jon៕