ភ្នំពេញ៖ ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា លោក សុខ ពុទ្ធិវុធ បាន​លើក​ទឹក​ចិត្ត និងជំរុញ​ឱ្យ​កីឡាករ​ និង​គ្រូ​បង្វឹក​ផ្នែកកីឡា​​បាញ់កាំភ្លើង​របស់​កម្ពុជា ត្រូវ​បង្កើន​ការ​ហ្វឹកហាត់​ពង្រឹងសមត្ថ​ភាព​ឱ្យ​បាន​ល្អ​ថែម​ទៀត ដើម្បី​ត្រៀមខ្លួន​ចូលរួមការ​ប្រកួតអន្តរជាតិ ទាំង​នៅ​ក្នុងតំបន់​អាស៊ាន អាស៊ី និង​ពិភពលោក។

ការ​លើក​ឡើង​បែបនេះ​របស់​លោក  សុខ ពុទ្ធិវុធ ត្រូវ​បាន​ធ្វើ​ឡើង ​ពេល​លោក​​ចូល​រួមក្នុង​ការ​ប្រកួត​កីឡា​បាញ់​កាំភ្លើង​ពានរង្វាន់ CSF IPSC Challenge Series ឆ្នាំ២០២៤ នៅ​ខេត្ត​មណ្ឌល​គិរី កាលពី​ថ្ងៃទី​១៤ ខែមករា ហើយ​តាម​រយៈការប្រកួតពេញ​ ១ ថ្ងៃ​នោះ លោក ពុទ្ធិវុធ បាន​វាយ​​តម្លៃខ្ពស់ ទៅលើ​ការ​ខិតខំប្រឹង​ប្រែងប្រកួតយ៉ាង​ចិត្តទុកដាក់​របស់​កីឡាករ​ទាំង​អស់​។ តែទោះ​បីជា​យ៉ាងណា លោក​​បាន​ជំរុញ​ឱ្យ​ក្រុមបាញ់​កាំភ្លើង​ ខំប្រឹងពង្រឹងសមត្ថភាព​បន្ថែម​ទៀត ដើម្បី​​ត្រៀម​ការ​ប្រកួត​អន្តរជាតិ។

លោក​បាន​ថ្លែង​ថា៖ «គោលបំណងសំខាន់នៃការរៀបចំការប្រកួតពាន​រង្វាន់​នេះ គឺ​​ដើម្បី​​ពង្រឹង​​សមត្ថភាព​កីឡាករ សម្រាប់ត្រៀម​​ចូល​រួម​ការ​ប្រកួត​ជា​​​អន្តរ​ជាតិធំ​ៗ ដូចជា​ការ​ប្រកួត​អន្តរ​ជាតិ​នៅ​តំបន់​អាស៊ាន និង​អាស៊ី ហើយ​ក្នុង​នោះ ​សហព័ន្ធ ​ក៏​កំពុង​ពង្រឹង​វិញ្ញាសា​កីឡា​អូឡាំពិក គឺ​វិញ្ញាសា​​បាញ់​កាំភ្លើង ISSF ផងដែរ»។


ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា លោក សុខ ពុទ្ធិវុធ ពេល​ថ្លែង នៅក្នុង​ពិធី​​ការ​ប្រកួតពាន CSF IPSC Challenge Series ឆ្នាំ​២០២៤។រូប សហការី

យ៉ាង​ណាក៏​ដោយ លោក ពុទ្ធិវុធ បានបន្ថែម​ថា៖ «ដើម្បី​ឱ្យក្រុមបាញ់កាំភ្លើង​របស់​យើង ទទួល​​បាន​ជោគជ័យ ក្នុង​ការប្រកួតធំៗទាំង​នេះ​បាន ​ខ្ញុំសូម​​ស្នើឱ្យ​កីឡាករ និង​គ្រូ​បង្វឹក ត្រូវ​បង្កើន​​ការ​​យកចិត្តទុកដាក់លើការបណ្តុះបណ្តាល ​នៅ​លើ​ទីលាន​ប្រកួត​ជាក់ស្តែង ទាំង​ទ្រឹស្តី បច្ចេក​ទេស និងបទពិសោធន៍ប្រកួត ដល់កីឡាករថ្មីៗ​របស់​យើង ដែល​ទើប​ប្រកួតរួច ដើម្បី​ឱ្យ​​ពួក​គេ​​​មាន​សមត្ថ​ភាព​កាន់តែល្អ​​ប្រសើរ»។


ជាមួយ​គ្នា​នោះ លោក សុខ ពុទ្ធិវុធ បាន​​ឱ្យ​ដឹង​ទៀត​ថា ក្រៅពីផ្តោតលើ​សិទ្ធផល​ការ​ហ្វឹក​ហាត់ និង​ការ​បណ្តុះ​បណ្តាល គឺ​ការ​ប្រកួត​​ពាន CSF IPSC Challenge Series នេះ ក៏​បាន​រួម​ចំណែក​​បំផុស ផ្សព្វ​ផ្សាយ​កីឡា​បាញ់​កាំភ្លើង​ឱ្យ​កាន់​តែ​ទូលំ​ទូលាយ និង​រីកចម្រើន ​ព្រម​ទាំង​​អាច​រឹតចំណង​សាមគ្គីភាព មិត្តភាព និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​គ្នា​ឱ្យ​កាន់​តែស្អិត​ល្មួត​​ថែម​ទៀត ខណៈ​កីឡា​ទំនើប​មួយនេះ ក៏​ជា​ចលករ​អាច​ស្រូប​ទាញ​កីឡាករ​បរទេស និង​ភ្ញៀវ​ទេសចរណ៍​​អន្តរ​ជាតិ​មកលេង​នៅ​កម្ពុជាផងដែរ។

បើតាម​លោក ស៊ិន សូផានណាក់ អគ្គលេខាធិការសហព័ន្ធកីឡាបាញ់កាំភ្លើង បានឱ្យ​ដឹងថា ការ​ប្រកួត​កីឡាបាញ់កាំភ្លើងពានរង្វាន់ CSF IPSC Challenge Series ឆ្នាំ២០២៤ នេះ មាន​កីឡាករ​ចូលរួមសរុប ​២៧ នាក់ ដោយ​បាន​​បែង​ចែក​ការ​ប្រកួត​ជា ​៤​ វិញ្ញាសា ហើយ​លទ្ធផល​ដែល​​ទទួល​​បាន គឺ​មាន​ភាព​ល្អ​ប្រសើរ ចំណែក​ការ​ប្រកួត​ប្រជែង ក៏បានដំណើរ​ទៅ​យ៉ាង​រលូន​ផងដែរ។

អគ្គលេខាធិការរូប​នេះ បាន​បន្ថែម​ថា បន្ទាប់ពីការប្រកួតពាន​រង្វាន់ CSF IPSC Challenge Series នេះ សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា គ្រោងនឹងរៀបចំការប្រកួតជើងឯក​ថ្នាក់​ជាតិជា​បន្ត​ទៀត ដើម្បី​​ស្វែង​រក​​កីឡាករ​​ឆ្នើម​​ចូល​​ក្រុម​ជម្រើស​ជាតិ ​សម្រាប់​ហ្វឹក​ហាត់​បង្កើន​សមត្ថភាព និង​បច្ចេកទេស​ឱ្យ​កាន់តែល្អ​ប្រសើរ ជាពិសេសសហព័ន្ធ មាន​ផែន​ការ​បញ្ជូន​កីឡាករ​ទៅ​ហ្វឹក​ហាត់​ក្រៅប្រទេស និង​ចូល​រួម​ការ​ប្រកួត​ជា​​លក្ខណៈ​អន្តរជាតិ ដូចជា​ក្នុងតំបន់អាស៊ាន អាស៊ី និងលើវិញ្ញាសាកីឡាអូឡាំពិកជាដើម៕