កីឡាករ​​​ប្រេស៊ីល Alexsandro ដែល​អ្នក​គាំទ្រ​ប្រដាល់​ហៅកាត់ថា អេឡិច ​បាន​ទទួល​សិទ្ធិ​​ពេញ​លេញ ដើម្បី​រស់​នៅ​ និង​ប្រកប​អាជីព​​ប្រដាល់ នៅ​ក្នុងប្រទេស​កម្ពុជា​ ដោយស្របច្បាប់​ហើយ បន្ទាប់​​ពី​រូបគេបាន​ទទួល​សញ្ជាតិ​ខ្មែរ​ជា​ផ្លូវ​ការ តាម​ការ​ត្រាស់បង្គាប់​របស់​​​ព្រះករុណា​​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី។

តាមព្រះរាជក្រឹត្យ​ ធ្វើ​នៅ​ព្រះបរមរាជវាំង ថ្ងៃទី​ ១៣ ខែមករា ឆ្នាំ​ ២០២៤ ​​ដែល​មាន​ឡាយ​ព្រះហស្ត​លេខា​របស់​ព្រះករុណា​​ព្រះបាទ​​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី នោះ បាន​ត្រាស់បង្គាប់ «ផ្តល់​សញ្ជាតិ​ខ្មែរ​ ដោយ​​សញ្ជាតូបនីយកម្ម​ដល់​លោក អេឡិចសាន់ត្រូ បាទី ស្តាឌឺមែន​ដុនកា (Alexsandro Batista De Mendonca) ជនជាតិ​ប្រេស៊ីល សញ្ជាតិ​ប្រេស៊ីល កើត​ថ្ងៃទី ​​២៨ ខែតុលា ឆ្នាំ​ ១៩៩៥ នៅ​ទីក្រុង Quebrangulo  សាធារណ​រដ្ឋសហព័ន្ធ​ប្រេស៊ីល ដោយ​ប្តូរ​ឈ្មោះ​ជា សែន ច័ន្ទរិទ្ធីស័ក្ត (Sen Chanrithysak)»។

ជាមួយការ​ត្រាស់បង្គាប់នេះ ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ត្រូវ​ទទួល​បន្ទុក​អនុវត្ត​ព្រះរាជក្រឹត្យ​នេះ ​ដោយ​ផ្តល់សញ្ជាតិ​ខ្មែរ​​ទៅ​ឱ្យ​កីឡាករ Alexsandro ចាប់​ពី​ថ្ងៃឡាយ​ព្រះហស្ត​លេខាតទៅ​។


ចំពោះការ​ទទួលបានសញ្ជាតិ​ខ្មែរ​របស់​ Alexsandro នេះ លោក ស៊ុន រីគី ដែលជា​គ្រូ​បង្វឹក​របស់កីឡាករ​ប្រេស៊ីល​រូប​នេះ បានបង្ហាញ​ក្តីរំភើប​ឡើង​ស្រក់​ទឹក​ភ្នែក ហើយបានចាត់​ទុក​ការ​ផ្តល់​សញ្ជាតិ​នេះ​ថា ជារឿងដ៏មាន​តម្លៃ​លើសពី​ជីវិត​លោក​ទៅ​ទៀត។


លោក រីគី បាន​និយាយ​ថា៖ ​«នៅពេល​ដែលបានឃើញ​ព្រះ​រាជក្រឹត្យ​ភ្លាម ខ្ញុំ​មាន​អារម្មណ៍​កក់ក្តៅ​ខ្លាំង​បំផុត ដែល​ខ្ញុំពិបាក​នឹង​និយាយ​ឱ្យ​ត្រូវ​ជាមួយ​តម្លៃ​នៃ​រឿងមួយ​នេះ។ ខ្ញុំមិន​ដឹង​ថា ជីវិត​​របស់​ខ្ញុំ ស្មើ​នឹង​រឿងមួយ​នេះដែរអត់? ព្រោះ​នេះជា​រឿង​ ដែល​ខ្ញុំ​សប្បាយ​ចិត្តបំផុត នៅ​ក្នុង​ឆាក​ជីវិត​ ហើយ​វា​មាន​តម្លៃហួសពីការ​គិត​របស់​ខ្ញុំ។ តាំង​តែពីកើត​មក ខ្ញុំ​មិន​ធ្លាប់​គិត​ថា ខ្ញុំ​មាន​លទ្ធភាព ធ្វើ​ដល់រឿង​បែប​នេះ​ទេ»។

គ្រូ​បង្វឹក​ដដែលនេះ បានបន្ថែម​ទាំង​ទឹក​ភ្នែក​ថា៖ «ការ​ទទួល​បានសញ្ជាតិ​នេះ មិន​​ប្រាកដ​ថា មានលុយ​អាច​ទិញ​បាន​នោះ​ទេ ប៉ុន្តែ​ អេឡិច ពិតជា​មាន​ភ័ព្វសំណាង​​ណាស់ ដែល​ថ្នាក់​ដឹកនាំ​កំពូល​របស់​​​យើង ​ផ្តល់សញ្ជាតិ​ជូន​គាត់​ឱ្យ​បាន​រស់​នៅ​ក្នុងប្រទេស​កម្ពុជា។ ខ្ញុំ​មាន​តែ​លើក​ម្រាម​​ដៃ ១០ ​សំពះ​អរគុណ​ដល់​សម្តេច​ពុក និងសម្តេចមហា​បវរធិប​តី​ ជា​នាយក​រដ្ឋមន្រ្តី ដែល​លោក​បាន​​យក​​ចិត្ត​ទុក​ដាក់លើរឿងនេះ ហើយ​ខ្ញុំក៏អរគុណ​ដល់​លោកឧកញ៉ា ស្រី ចាន់ថន ដែល​បាន​ជួយខ្នះខ្នែងលើ​ការងារ​នេះ​ផងដែរ»៕

កីឡាករ​​​ប្រេស៊ីល Alexsandro អំឡុងពេលប្រកួតជាមួយកីឡាករ ពេជ្រ សម្បត្តិ នាពេលកន្លងទៅ។ រូបថត Town Sports