កីឡាករ​ជា​បងប្អូន​បង្កើត និង​ជា​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម ឃីម ឌី​ម៉ា និង ឃីម បូរ៉ា ត្រូវបាន​ប្រធាន​ផ្គូផ្គង​របស់​សង្វៀន​ប្រដាល់​ទ​ទក បាន​អះអាងថា ពួកគេ​អាច​នឹង​ត្រូវធ្វើ​ការងារ​ធ្ងន់ សម្រាប់​ការបង្ហាញ​ខ្លួន​រួមគ្នា ក្នុង​ព្រឹត្តិការណ៍ Krud Kun Khmer ដែល​ត្រូវធ្វើ​ឡើងជា​លើកដំបូង នៅលើ​ទឹកដី​ខេត្តក្រចេះ នា​ថ្ងៃទី​២០ និង​ទី​២១ ខែមករា​នេះ ចំណែក​កីឡាករ​វ័យក្មេង ឃីម ឌី​ម៉ី ក៏ត្រូវ​បង្ហាញ​វត្តមាន​រួមគ្នា​ជាមួយ​បងប្រុស​ទាំង​២​របស់ខ្លួន នៅក្នុង​កម្មវិធី​នេះដែរ​។​

សម្រាប់​ការបង្ហាញ​ខ្លួន​រួមគ្នា​របស់​បងប្អូន​ត្រកូល «​ឃីម​»​ទាំង​៣​នេះ ត្រូវបាន​លោក ម៉ុ​ល នី ប្រធាន​ផ្គូផ្គង​របស់​សង្វៀន​ប្រដាល់​ទ​ទក ចាត់ទុកថា ជា​ភាព​កម្រ ហើយក៏​ជា​រឿង​សំណាង​មួយ​ផងដែរ សម្រាប់​អ្នកទស្សនា​នៅ​ខេត្តក្រចេះ ដែល​បាន​មើល​ការប្រកួត​ដោយផ្ទាល់​របស់​បងប្អូន​ទាំង​៣​នាក់​នេះ​។​

លោក ម៉ុ​ល នី បាន​ប្រាប់​កាលពី​ថ្ងៃទី​១៨ ខែមករា​ថា​៖ «​នៅក្នុង​ឆាកជីវិត​របស់​បងប្អូន​ទាំង​៣​នាក់​នេះ មិនដែល​ធ្លាប់​ឡើង​ប្រកួត​រួមគ្នា ក្នុងពេល​តែមួយ​បែបនេះ​ទេ គឺ​យ៉ាងច្រើន​បំផុត​២​នាក់​ប៉ុណ្ណោះ អ៊ីចឹង​ខ្ញុំ​អាច​និយាយបានថា ខេត្តក្រចេះ ជា​ខេត្ត​សំណាង​មួយ ដែល​បានទទួល​បងប្អូន​អ្នក​ប្រដាល់​ទាំង​៣​នេះ ក្នុង​កម្មវិធី​តែមួយ​»​។​


សម្រាប់​ការប្រកួត Krud Kun Khmer ដែល​ត្រូវធ្វើ​នៅ​កីឡដ្ឋាន​ខេត្តក្រចេះ​នេះ ឃីម ឌី​ម៉ា ដែលជា​អ្នក​ដណ្តើមបាន​មេដាយមាស​ស៊ី​ហ្គេម ផ្នែក​គុន​ខ្មែរ​ឱ្យ​កម្ពុជា​ដំបូង​គេ ត្រូវ​ដាក់ឱ្យ​ប្រកួត​ជាមួយ​កីឡាករ​ថៃ Slatan Chibmerngnun ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម នៅ​ថ្ងៃទី​២០ ខែមករា ដោយ​ថៃ​ម្នាក់នេះ មាន​សមត្ថ​ភាពល្អ ហើយក៏​ទើបបាន​ប្រកួត​ស្មើ​ជាមួយ​អ្នកលេង​កាំភ្លើង​ភ្លោះ វ៉ាន់ វឿន ផងដែរ​។​

ចំណែក ឃីម បូរ៉ា និង​ប្អូនប្រុស​របស់គេ ឃីម ឌី​ម៉ី ត្រូវ​ប្រកួត​នៅ​ព្រលប់​ថ្ងៃទី​២១ ខែមករា ដោយ​ក្នុងនោះ ឌី​ម៉ី ត្រូវ​ប្រកួត​មិត្តភាព​ជាមួយ​មិត្ត​រួម​ជាតិ រិទ្ធី សុឃឿន ក្នុង​ទម្ងន់​៥១​គីឡូក្រាម ចំណែក បូរ៉ា ដែល​ដំបូង​ឡើង​ត្រូវ​ប៉ះ​ថៃ Sen Sakngern នោះ ត្រូវដាក់​ឱ្យ​ជួប​ជើង​ខ្លាំង​របស់​ថៃ Naki Nokhavliometsib.Ad វិញ ដោយសារ Sen Sakngern មាន​របួស​ក្នុងអំឡុងពេល​ហ្វឹកហាត់​។​


ចំពោះ​សមត្ថភាព​កីឡាករ​ថៃ​ទាំង​២​នាក់​នេះ លោក ម៉ុ​ល នី បាន​បញ្ជាក់ថា​៖ «​ដៃគូ​របស់ ឃីម ឌី​ម៉ា Slatan ជា​កីឡាករ​មាន​ភាព​រឹង តាន់ និង​មាន​ភាព​វៃឆ្លាត​ក្នុង​ការចូល​វ៉ៃ​បុក ចំណែក​កីឡាករ Naki ដែល​ត្រូវ​ដាក់ឱ្យ​ជួប ឃីម បូរ៉ា គឺជា​កីឡាករ​កម្រិត​ខ្ពស់​នៅ​ថៃ ដែលមាន​សមត្ថភាព​ខ្ពស់ជាង​កីឡាករ Sen Sakngern ហេតុនេះ​ទាំង ឌី​ម៉ា និង បូរ៉ា សុទ្ធតែ​ត្រូវធ្វើ​ការងារ​ធ្ងន់​ហើយ​»​។ 

ប្រធាន​ផ្គូផ្គង​របស់​សង្វៀន​ប្រដាល់​ទ​ទក បាន​បន្ថែមថា​៖ «​ការប្រកួត​ទាំង​២​គូ​នេះ អាចមាន​ភាព​តានតឹង​ខ្លាំង ហើយ​ឱកាស​ឈ្នះ​អាចមាន​៥០​ភាគរយ​ដូចគ្នា ព្រោះ​ការប្រកួត​មើលមិនឃើញ​ទេ​។ បើ​មាន​ករណី​ភ្លាត់ស្នៀត​កើតឡើង គឺ​លទ្ធផល​អាច​នឹង​មិនល្អ​ក៏​ថា​បាន ប៉ុន្តែ​យើង​នៅតែ​សង្ឃឹមថា ពួកគាត់​នឹងធ្វើ​បានល្អ​»​។​

​សម្រាប់​ការប្រកួត Krud Kun Khmer នៅលើ​ទឹកដី​ខេត្តក្រចេះ នា​ថ្ងៃទី​២០ និង​ទី​២១ ខែមករា​នេះ គឺមាន​ការប្រកួត​សរុប​ចំនួន​១៦​គូ ដែលមាន​ទាំង​ការប្រកួត​មិត្តភាព​ក្នុងស្រុក ការប្រកួត​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់ និង​ប្រកួត​មិត្តភាព​អន្តរជាតិ ហើយ​នៅក្នុង​ចំណោម​ការប្រកួត​នេះ ការ​វ៉ៃ​អំបោះឆៅ​រវាង ធន់ រិទ្ធី និង​អ្នក​ប្រដាល់​អ៊ីរ៉ង់ Choli Zadeh Abolfaz នៅ​យប់​ថ្ងៃទី​២១ ខែមករា មានការ​ចាប់អារម្មណ៍​ខ្លាំង​។​

​នៅក្នុង​ការប្រកួត​នេះ ធន់ រិទ្ធី បាន​តាំងចិត្ត​ប្រកួត​ខ្លាំង ក្នុងការ​យកឈ្នះ​កីឡាករ Choli Zadeh Abolfaz ដើម្បី​សងសឹក​ឱ្យ​មិត្ត​រួម​ជាតិ ឯម ឡេង​លី ដែល​ត្រូវបាន​កីឡាករ​អ៊ីរ៉ង់​ម្នាក់នេះ​វ៉ៃ​ឱ្យ​សន្លប់​។ យ៉ាងណាក៏ដោយ រិទ្ធី បាន​មើលឃើញថា ការប្រកួត​នេះ អាចមាន​ភាព​តានតឹង​ខ្លាំង ហើយ​ឱកាស​សន្លប់ គឺមាន​ដូចគ្នា បើ​ហ៊ាន​តែ​ប្រហែស​។​

កីឡាករ​មាន​រហស្សនាម «​អធិរាជ​លេង​អំបោះឆៅ​» ធន់ រិទ្ធី បាន​និយាយថា​៖«​លើក​នេះ​ខ្ញុំ​ត្រូវ​ចូលខ្លួន​មក​ប្រកួត​សងសឹក​ឱ្យ ឯម ឡេង​លី ហើយ​ខ្ញុំ​គិតថា ការ​វ៉ៃ​អំបោះឆៅ​មិនជា​បញ្ហា​នោះទេ ព្រោះ​ករណី​សន្លប់​អាច​កើតមាន​ដូចគ្នា​។ តែ​ទោះបី​ជា​​យ៉ាងណា លើក​នេះ ខ្ញុំ​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​១០០​ភាគរយ ហើយ​ខ្ញុំ​ក៏មាន​ស្នៀត​ថ្មីៗ ត្រូវ​បង្ហាញ សម្រាប់​ការប្រកួត នៅលើ​ទឹកដី​ខេត្តក្រចេះ លើក​នេះដែរ​»៕