​ភ្នំពេញៈ ស​ហព័ន្ធ​កីឡា​បាល់​​ទះ​​កម្ពុជា (VFC)​​ និង​ហព័​ន្ធ​​កីឡា​​បាល់​ទះបារាំង (FFVolley) បាន​ចុះ​អនុស្ស​រណៈយោគ​យល់គ្នា (MoU) ជាលើកដំបូង ហើយ​នៅ​ក្នុង​កិច្ច​សហប្រតិបត្តិ​ការ​​នេះ ភាគី​ទាំង​២ បាន​ព្រម​ព្រៀងក្នុង​គោល​បំណងសំខាន់ៗចំនួន​៩ដើម្បី​ជួយ​គ្នា​ក្នុងការអភិវឌ្ឍ​វិស័យ​​កីឡា​បាល់​ទះ​របស់​ប្រទេស​ទាំង​២ ជាពិសេស​បាល់​ទះ​នៅ​កម្ពុជា ឱ្យកាន់​តែ​មាន​ការ​រីក​ចម្រើន។

លោក​ឧបនាយ​ករដ្ឋ​មន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហា​ផ្ទៃស សុខា ​ជា​​ប្រធានសហព័ន្ធ​កីឡា​បាល់​ទះ​កម្ពុជា ដែល​បាន​ចូលរួមចុះ MoUដោយ​ផ្ទាល់ជា​មួយ​លោក Eric Tanguy ប្រធាន​សហ​ព័ន្ធ​កីឡា​បាល់ទះ​បារាំង នៅ​មជ្ឈម​ណ្ឌល​ជាតិ​ហ្វឹក​ហ្វឺនកីឡាកាលពី​ល្ងាច​ថ្ងៃទី​១៧ ខែម​ករា បានបង្ហាញ​ភាពរីក​រាយ និងអរគុណ​ដល់​​លោក Eric Tanguy ដែល​ជំរុញ​ឱ្យមាន​ការ​ចុះ​អនុស្ស​រណៈ​យោគ​យល់​គ្នា​ដ៏សំខាន់នេះ ដើម្បី​​ជួយ​ឱ្យ​វិស័យកីឡា​បាល់​ទះកម្ពុជា កាន់តែ​មាន​​ការ​រីកចម្រើន​​មួយ​​កម្រិត​ទៀត។

លោក ស សុខា ​បាន​ថ្លែង​ថា៖ «ការចុះ MoUរវាងសហព័ន្ធកីឡាបាល់ទះទាំង​២ នៅ​ថ្ងៃ​នេះគឺ​ដើម្បី​​ផ្លាស់ប្តូរ​សមត្ថ​ភាព ជំនាញ ទាំង​ធនធាន​មន្ដ្រី​ជំនាញ គ្រូ​បង្វឹក និង​កីឡាករ កីឡា​ការិនីតាម​​រយៈការ​ហ្វឹកហាត់​រួមគ្នាទាំង​នៅ​កម្ពុជា និង​នៅ​បារាំងទាំង​កីឡាបាល់​ទះ​ផ្នែក​បុរស និង​នារី។ អ៊ីចឹង​តាម​រយៈ​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នានេះខ្ញុំគិត​ថា​នឹងជួយ​​លើក​ស្ទួយ​វិស័យ​បាល់​ទះ​កម្ពុជា​១​កម្រិត​ទៀត»។


ទន្ទឹម​នឹង​នេះ លោក ស សុខា បាន​អះអាង​​ថា ​វិស័យ​បាល់​ទះកម្ពុជា កំពុង​មានរីក​ចម្រើន​ទីមុខបន្ទាប់ពី​ក្រុម​ជម្រើស​ជាតិ​​កម្ពុជា ដណ្តើម​​បាន​មេដាយសំរឹទ្ធ ក្នុងស៊ីហ្គេម ឆ្នាំ​២០២២ នៅ​​​​វៀតណាម និង​បន្ត​ឈ្នះ​មេដាយ​ប្រាក់ សម្រាប់ការ​ធ្វើ​ជាម្ចាស់​ផ្ទះស៊ីហ្គេម ឆ្នាំ​២០២៣ ខណៈ​​បច្ចុប្បន្ន សហព័ន្ធ​កីឡា​បាល់​ទះ​កម្ពុជា ក៏​អាច​រៀបចំ​ឱ្យ​មាន​ការ​ប្រកួត «តេជោ​លីគ» ឬ​ការ​ប្រកួត TECHO Volleyball CambodiaLeague ជា​លើក​ដំបូង ហើយ​លីគ​អាជីព​ដែល​កំពុង​ដំណើរ​​ការ​នៅ​វិមាន​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​នេះ ក៏​បើក​ឱ្យ​មាន​ការ​ចូលរួម​ពីកីឡាករ​បរទេស​ផង​ដែរ។

លោក​ឧបនាយក​រដ្ឋមន្រ្តី​បន្ថែម​ថា៖ «យើង​ឃើញ​​ថា ឥឡូវនេះ វិស័យ​បាល់ទះ​កម្ពុជា​កំពុង​មាន​ដំណើរ​ការ​ល្អគួរ​ឱ្យ​​កត់​​សម្គាល់ជាពិសេស​ក្នុង​ការ​ប្រកួត​​នៃ​លីគ​ក្នុង​ស្រុក គឺ​មាន​ការ​ចាប់​អារម្មណ៍​ច្រើនក្នុង​នោះ​ក៏​មាន​កីឡាករ​បរទេស​បាន​​ចូល​រួម​ប្រកួត​ប្រជែង​នៅកម្ពុជា​ដែរ​ហើយ​នេះ​​ជា​សមិទ្ធផល​ថ្មី​​មួយ​​ទៀត​​របស់​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា»។


ចំណែក​លោក Eric Tanguy ​បាន​ឱ្យ​ដឹង​ថា ​កម្ពុជា ​ជា​ប្រទេស​ទី​១ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​សហព័ន្ធ​កីឡា​បាល់​ទះ​បារាំងបាន​ចុះ​MoUនិង​ជា​ប្រទេសទី​២ ​នៅ​ទ្វីប​អាស៊ីបន្ទាប់​ពី​ប្រទេសជប៉ុន។ ជាមួយគ្នា​នេះ ក៏​បាន​ថ្លែង​អំណរ​គុណ​ថ្នាក់​ដឹក​នាំ​សហ​ព័ន្ធ​កីឡា​​បាល់​ទះកម្ពុជាដែលបាន​រៀបចំ​ការ​ប្រកួត​មិត្ត​ភាព​អន្ដរជាតិ​រវាង​ក្រុម​U19 ជម្រើស​​ជាតិ​បារាំង និង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា កាល​ពី​ខែ​កុម្ភៈ ឆ្នាំ២០២៣ ដែល​សម្រេច​បាន​​នូវ​​សមិទ្ធ​ផល​​ល្អ ព្រោះ​ក្រោយ​ការ​ប្រកួត​​នោះ ​ក្រុម​បាល់​ទះ​កម្ពុជា ​​​ដណ្ដើម​បាន​មេដាយ​ប្រាក់​ស៊ីហ្គេមឆ្នាំ២០២៣ ខណៈ​ក្រុម​U19​ បារាំង ក៏ឈ្នះ​ជើង​ឯកU19ពិភព​លោក​។

លោក Eric Tanguy ​បាន​​បញ្ជាក់​ថា៖«ទោះ​បីជា​យើង​លេង​បាល់ទះ​ដូច​គ្នា​មែន ប៉ុន្តែ​របៀប​របប និង​បច្ចេក​ទេស​លេង​រវាង​បាល់​ទះ​អឺរ៉ុបនិង​បាល់​ទះ​អាស៊ី មាន​ភាពខុសគ្នា ​ហេតុ​នេះ​​ខ្ញុំជឿថា ​តាម​រយៈ​កិច្ចសហការនេះ យើង​នឹង​អាច​រៀន​សូត្រនិង​ដក​ស្រង់​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​​ទៅ​​មក ហើយ​រីក​ចម្រើន​ទៅ​មុខ​ជាមួយគ្នាព្រោះ​បច្ចុប្បន្ន​​បាល់​ទះកម្ពុជា ក៏កំពុង​វិវឌ្ឍ​ខ្លួន​​ទៅ​មុខដែរអ៊ីចឹង​តាមរយៈការចុះMoU​របស់​ប្រទេស​ទាំង​២ នាពេល​នេះនឹង​ក្លាយ​ជា​កិច្ច​សហ​ប្រតិ​បត្តិការ​ដ៏ល្អ ដើម្បី​សាង​អនាគត​ល្អជា​មួយ​គ្នា»។

ចំពោះ​​ការ​ចុះ MoUរវាងសហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា និងសហព័ន្ធ​កីឡា​បាល់​ទះ​​បារាំង​នេះ មាន​រយៈ​ពេល​២ឆ្នាំដោយ​ចាប់​ផ្តើម​សុពល​ភាព នៅ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២៤ រហូតដល់​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២៦ ចំណែក​គោល​បំណង​សំខាន់ៗ​នៃ MoUនេះមាន​ចំនួន​៩៖ ទី​១ ការដោះ​ដូរចំណេះ​ធ្វើ សមត្ថ​ភាព និង​ជំនាញ រវាង​គ្រូ​បង្វឹក​ជាតិ​របស់​ក្រុម​ជម្រើស​ជាតិបុរសនិង/ឬនារី ឈុតធំ​​និង​​/​​ឬ​​ឈុត​​តូច នៅ​ក្នុង​ពេល​បណ្តុះ​បណ្តាល​​លើ​​ទឹក​​ដី​​របស់​ភាគី​នីមួយៗ។

ចំណុចទី​២ ការរៀបចំ​កម្ម​​សិក្សា​​/​​ការ​​បង្វឹក​​រួម​​គ្នា​​របស់​​ក្រុម​​ជម្រើស​ជាតិ​បុរស​និង​/​ឬ​នារី ឈុតធំ និង/​ឬ​ឈុតតូច របស់​ភាគី​នីមួយៗនៅ​លើ​ទឹកដី​របស់​ភាគីម្ខាង និង​ភាគីម្ខាង​ទៀត។ ទី​៣ ការ​​អនុវត្ត​គម្រោង​ទាក់​ទង​នឹង​ការអភិវឌ្ឍ​កីឡា​បាល់​ទះ និង​បាល់​ទះ​លើ​ឆ្នេរ​ខ្សាច់ ក្រោម​កិច្ច​សហ​ការ ជា​​ដៃ​គូ​ជាមួយ​តួ​អង្គ​រដ្ឋថ្នាក់​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក រដ្ឋ​អំណាច គណៈ​កម្មាធិការ​អន្តរ​ជាតិ​អូឡាំពិក និង​សហព័ន្ធ​កីឡាបាល់​ទះអឺរ៉ុប និង​អន្តរ​ជាតិ។

ចំណែក​ទី​៤ ការដោះដូរ​បទ​ពិសោធន៍ និង​ឧត្តមានុវត្តន៍​ទាក់​ទង​នឹង​ការ​បណ្តុះ​បណ្តាល​កីឡាករ គ្រូ​បង្វឹក អ្នក ដឹកនាំ អាជ្ញា​កណ្តាល តាម​រយៈ​ការ​ផ្តល់​ជូន​គ្នា​ទៅ​វិញ​ទៅ​មក​នូវ​មធ្យោបាយ សកម្មភាព​អប់រំ និង​ការ​ពិចារណា​លើ​សម​មូល​ភាព​នៃ​សញ្ញា​បត្រ​រវាង​គូភាគី។ ទី​៥ការ​​ដោះ​ដូ​របទពិសោធន៍ និងឧត្ត​មានុវត្តន៍​ទាក់ទង​នឹង​ការ​ស្រាវជ្រាវ និង​ការ​អភិវឌ្ឍ​បច្ចេក​វិទ្យា ជាអាទិ៍​នៅ​ក្នុងវិស័យស្ថិតិ និង​ការវិភាគ​វីដេអូ បរិក្ខារកីឡា និងការ​បង្កើត​ការ​លេង​ជាក់​លាក់ ហើយ​ទី​៦ ការ​ដោះ​ដូរ​ខេត្ត​មានុវត្តន៍សម្រាប់​​ការ​​ត្រៀម​​ខ្លួន​​របស់​​គូភាគី​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក។

ចំពោះ​ចំណុច​ទី​៧ កម្ពុជា​អាច​ធ្វើ​ការ​បញ្ជូន​គ្រូ​បង្វឹក អ្នក​គ្រប់​គ្រង និង​កីឡាករ ដើម្បី​ធ្វើ​​ការ​​បណ្តុះ​បណ្តាល​សមត្ថភាព​លើ​កាយ​សម្បទា តាក់​ទិក បច្ចេកទេស​និង​​យុទ្ធ​សាស្ត្រ នៅ​​ក្នុង​ប្រទេស​​បារាំង។ ទី៨ អាច​ធ្វើ​ការ​បញ្ជូន​គ្រូ​បង្វឹក​នៃ​ភាគីFF​VOLLEY ក្នុង​រយៈ​ពេល​ណា​មួយ ដើម្បី​​​​ធ្វើ​​ការ​​​បណ្តុះ​​បណ្តាល ដល់​គ្រូ​បច្ចេកទេស និង​កីឡាករ ដល់​ភាគីVFCហើយ​ទី៩ ភាគី​កម្ពុជា និងបារាំង នឹង​រៀបចំ​ការ​ប្រកួត​​មិត្ត​ភាព​អន្តរ​ជាតិ របស់​ក្រុម​ជម្រើស​ជាតិ​រវាង​គូភាគី​នៅ​លើ​ទឹក​ដី​នៃ​​ប្រទេស​​ណា​​មួយ៕