ភ្នំពេញៈ សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា ទើបតែ​បានរៀបចំ​ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២៣ នៅក្នុង​សាល​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២ ខែមករា និង​គ្រោង​បញ្ចប់​នៅ​ល្ងាច​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២៤ ដោយ​ការប្រកួត​នេះ មាន​ប្រតិភូ​កីឡា​ចំនួន​ ១២៩ ​នាក់ បាន​ចូលរួម​។​

នៅក្នុង​ចំណោម​ប្រតិភូ​កីឡា​ទាំង​ ១២៩​ នាក់​នេះ គឺមាន​ប្រតិភូ​២៩​នាក់ កីឡាករ ​៦៥ ​នាក់ និង​កីឡាការិនី​ចំនួន​ ៣៥​ នាក់ ហើយ​អ្នក​ទាំងនេះ ​ត្រូវ​ប្រកួតប្រជែង​គ្នា​តំណាងឱ្យ​សមាគម​-​ក្លិប​ចំនួន ​១៧  នៅលើ​វិញ្ញាសា​សរុប​ចំនួន​ ២២ គឺ​វិញ្ញាសា​សម្តែង​មេគុន​ចំនួន ​១៣ និង​ប្រយុទ្ធ​ចំនួន ​៩​ ប្រភេទ​ទម្ងន់​។​

យ៉ាងណាក៏ដោយ នៅក្នុង​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ លើក​នេះ គ្មាន​វត្តមាន​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម​២​សម័យកាល អេ វិ​រៈ​ខាំ​ឈិ​ត​ភូ​ថង ដែល​គេ​ស្គាល់​ថា កីឡាករ​ប្រដាល់ ម៉ឺន មេ​ឃា នោះទេ ចំណែក​ប្អូន​របស់គេ អេ អាំ​ម៉ា​រិ​ន​ភូ​ថង ដែលជា​ម្ចាស់​មេដាយមាស​ជើងឯក​ថ្នាក់ជាតិ កាលពី​ឆ្នាំ​២០២២ ក៏​មិនបាន​ចូលរួម នៅក្នុង​ការប្រកួត​នេះ​ដូចគ្នា​។ 


មន្ត្រី​ប​ច្ចក​ទេស​របស់​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ក្នុងអំឡុង​ការប្រកួត​បើកឆាក​កាលពី​ព្រឹក​ថ្ងៃ​អង្គា​រថា នៅក្នុង​បញ្ជីរាយនាម​របស់​កីឡាករ កីឡាការិនី និង​ប្រតិភូ​កីឡា​តំណាងឱ្យ​សមាគម​-​ក្លិប ដែល​បាន​ចុះឈ្មោះ​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០២៣​នេះ គឺមាន​ឈ្មោះ ម៉ឺន មេ​ឃា ដែរ ប៉ុន្តែ​រូបគេ មិនបាន​បង្ហាញ​វត្តមាន ក្នុងពេល​ថ្លឹង​ទម្ងន់​នោះទេ ហេតុនេះ​តាមច្បាប់ និង​បទបញ្ជា​នៃ​ការប្រកួត គឺ​អ្នក​មិន​មក​ថ្លឹង​ទម្ងន់ ត្រូវ​សម្រេច​ឱ្យ​ចាញ់ ដោយ​ស្វ័យប្រវត្តិ​។​

 ជុំវិញ​ការ​អវត្តមាន​របស់ អេ វិ​រៈ​ខាំ​ឈិ​ត​ភូ​ថង និង អេ អាំ​ម៉ា​រិ​ន​ភូ​ថង របស់​សមាគម​កងយោធពល​ខេមរភូមិន្ទ នៅក្នុង​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជើងឯក​ថ្នាក់ជាតិ​នេះ ម្ចាស់​មេដាយមាស ពៅ សុខា ដែលជា​គ្រូបង្វឹក បាន​ប្រាប់ថា​៖ «​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​លើក​នេះ អេ អាំ​ម៉ា​រី​ន​ភូ​ថង មិនបាន​ចុះឈ្មោះ​ចូលរួម​ទេ ចំណែក អេ វិ​រៈ​ខាំ​ឈិ​ត​ភូ​ថង បាន​ចុះឈ្មោះ​មែន ប៉ុន្តែ​ដោយសារ​គាត់​មាន​របួស ក្នុងពេល​ប្រកួត​គុន​ខ្មែរ កាល​ថ្ងៃ​ឆ្លង​ឆ្នាំ ទើប​គាត់​មិន​អាចមក​ប្រកួត​នេះ​បាន​»​។  


 គួររំឭកថា ម៉ឺន មេ​ឃា ត្រូវបាន​ដាក់ឱ្យ​ប្រកួត​ជាមួយ​កីឡាករ​ថៃ Extra Phetchamphu​នៅលើ​សង្វៀន​ថោ​ន កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២៣ ដោយ​រូបគេ បានឈ្នះ​ដោយ​ពិន្ទុ ចំណែក អេ អាំ​ម៉ា​រី​ន​ភូ​ថង ក៏ត្រូវ​បានដាក់​ឱ្យ​ប្រកួត នៅ​ខេត្តស្វាយរៀង កាលពី​យប់​ថ្ងៃទី​៣១ ខែធ្នូ នោះដែរ ហើយ​រូបគេ​បាន​យកឈ្នះ​កីឡាករ​អាមេរិក Christian Rage ដោយ​ពិន្ទុ​ដូចគ្នា​។​

ជាមួយគ្នានេះ ម៉ឺន មេ​ឃា និង អេ អាំ​ម៉ា​រី​ន​ភូ​ថង ក៏​ទើបតែ​បាន​ចូលរួម​ការប្រកួត​កីឡា​ប្រដាល់សកល​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០២៣ កាលពី​ថ្ងៃទី​២៦ ដល់ទី​២៩ ខែធ្នូ​ផងដែរ ដោយ​ក្នុងនោះ ម៉ឺន មេ​ឃា បានឈ្នះ​មេដាយមាស ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម តែ អេ អាំ​ម៉ា​រី​ន បាន​ចាញ់​ម្ចាស់​មេដាយមាស ពេញ វណ្ណ​ថង ក្នុងការ​ប្រកួត​ទម្ងន់​៧១​គីឡូក្រាម​។​

យ៉ាងណាក៏ដោយ​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម និង​ជើងឯក​ពិភពលោក ពៅ សុខា បាន​អះអាងថា ការ​អវត្តមាន​របស់ ម៉ឺន មេ​ឃា និង អេ អាំ​ម៉ា​រី​ន​ភូ​ថង មិន​ធ្វើឱ្យប៉ះពាល់​ដល់​ការដណ្តើមយក​មេដាយ​ពី​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០២៣​នេះ​ទេ ផ្ទុយទៅវិញ វា​ជាការ​ផ្តល់ឱកាស​ដល់​ក្មេងៗ​ជំនាន់​ក្រោយ បាន​បញ្ចេញ​សមត្ថភាព​ពិត​របស់ខ្លួន ដោយ​មិនមាន​ការភ័យខ្លាច​។​

ពៅ សុខា បាន​បញ្ជាក់ថា​៖ «​ការ​អវត្តមាន​របស់​ពួកគាត់ វា​មិនជា​បញ្ហា​ទេ ដោយសារ​ការប្រកួត​ថ្នាក់ជាតិ​នេះ យើង​ផ្តោតទៅលើ​ថ្នាល ដោយ​ចង់ឱ្យ​ក្មេងៗ​ឡើងមក​ច្រើន ព្រោះ​សមត្ថភាព​របស់ ម៉ឺន មេ​ឃា ក៏ដូចជា អេ អាំ​ម៉ា​រី​ន បាន​ឈានដល់​ការប្រកួត​អន្តរជាតិ​ទៅហើយ អ៊ីចឹង​ពេល​ពួកគាត់​ចូលរួម​ប្រកួត គឺ​ក្មេងៗ​របស់​យើង​គ្រាន់តែ​ឃើញ គ្នា​ខ្លាច និង​ភ័យ​បាត់ទៅហើយ ប៉ុន្តែ​ពេល មេ​ឃា និង ម៉ា​រី​ន មិនបាន​ចូលរួម​បែបនេះ ធ្វើឱ្យ​ក្មេងៗ​របស់​យើង ហ៊ាន​ប្រកួត​គ្នា ដោយបាន​បញ្ចេញ​អស់ពី​សមត្ថភាព​»​។​

ជាមួយគ្នានេះ ពៅ សុខា បានឱ្យដឹង​ទៀតថា ការ​អវត្តមាន ក្នុងការ​ប្រកួត​ថ្នាក់ជាតិ​របស់ ម៉ឺន មេ​ឃា និង អេ អាំ​ម៉ា​រី​ន​ភូ​ថង មិនបាន​ប៉ះពាល់​ដល់​កៅអី​ជម្រើសជាតិ​របស់​ពួកគេ​នោះទេ​។ សុខា បញ្ជាក់ថា​៖ «​មិនមែន​មានតែ​ពួកគាត់​នោះទេ ដែល​មិនបាន​ចូលរួម ប៉ុន្តែ​កីឡាករ កីឡាការិនី​ក្រុម​ធំ​ជម្រើសជាតិ​ជាច្រើន​នាក់​ទៀត រួមទាំង​ខ្ញុំ​ដែរ ក៏​មិនបាន​ចូលរួម​ប្រកួត​ដូចគ្នា ដោយ​អ្នកខ្លះ បានមក​ជួយ​ធ្វើជា​គណៈកម្មការ អាជ្ញាកណ្តាល ចៅក្រម ហើយ​អ្នក​ខ្លះទៀត បាន​ទៅ​ដឹកនាំ​ក្រុម​កីឡាករ តែ​ការ​មិនបាន​ចូលរួម​នេះ គឺ​មិន​ប៉ះពាល់​ដល់​កៅអី​ជម្រើសជាតិ​ឡើយ​»​។​

កីឡាការិនី​ជម្រើសជាតិ ពៅ សុខា បាន​បន្ថែមថា​៖ «​សហព័ន្ធ បានដឹង​ពី​សមត្ថភាព​របស់​ពួកយើង​រួចហើយ ហើយ​ការមិន​ចូលរួម​របស់​ពួកយើង គឺ​ដើម្បី​ផ្តល់ឱកាស​ឱ្យ​ក្មេងៗ​ជំនាន់​ក្រោយ បាន​ប្រកួតប្រជែង​គ្នា​អស់ពី​សមត្ថភាព ចំណែក​ការជ្រើសរើស​កីឡាករ កីឡាការិនី​ចូល​ជម្រើសជាតិ គឺ​សហព័ន្ធ នឹងមាន​ការប្រកួត​ធ្វើតេស្ត​ផ្សេងទៀត ដោយមាន​គ្រូ​បរទេស ជា​អ្នកត្រួតពិនិត្យ និង​ធ្វើការ​សម្រេច រក​បេក្ខភាពដែល​ត្រូវ​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិនៅ​ឆ្នាំ​២០២៤​នេះ​»៕