ម្ចាស់​មេដាយមាសស៊ីហ្គេម​មានរហស្សនាម «នាគខ្មៅ» ឃីម ឌីម៉ា និងនាគរាជ​ខ្មៅ ឈឿង ល្វៃ សុទ្ធតែ​បាន​ប្រើ​ពេល​ខ្លី ក្នុងការ​ផ្តួល​កីឡាករ​បរទេស​ឱ្យ​សន្លប់ប៉ុន្តែជើង​ខ្លាំង​មកពី​ជាយ​​ដែន សុខ ធី ប៊ិះ​តែ​នឹង​ចាញ់​ដោយ​សន្លប់ ក្រោមទម្ងន់​ជើង​របស់​អ្នក​ប្រដាល់​ថៃ Kittidet Khamchumphon ទៅ​ហើយ ចំណែក គង់ សំបូរ ហាក់នៅតែ​មិនទាន់អស់​ចិត្ត ចំពោះ​ការ​ចាញ់​​​អ្នក​​​ប្រយុទ្ធ​អ៊ីរ៉ង់។

សម្រាប់​ការ​ប្រកួត នៅលើ​សង្វៀន និង​ព្រឹត្តិការណ៍​ផ្សេង​គ្នា កាលពី​យប់​ថ្ងៃសៅរ៍ កន្លង​មក​នេះ ម្ចាស់​មេដាយមាស​ស៊ីហ្គេម​ផ្នែក​​ប្រដាល់​គុនខ្មែរ​ដំបូង​គេ ឃីម ឌីម៉ា ត្រូវបានគេ​គិត​ថា នឹង​អាច​​​ប្រឈម​​​ការ​​​លំបាកច្រើន​ ខណៈ​រូបគេ​ត្រូវបាន​ដាក់​ឱ្យ​ប្រកួតជាមួយ​ជើងខ្លាំង​មកពី​ប្រទេស​ថៃ Slatan Chibmerngnun ក្នុង​ប្រភេទ​ទម្ងន់ ​៦០ ​គីឡូ​ក្រាម ព្រោះ​ថៃ​ម្នាក់​នេះមាន​សមត្ថ​ភាព​ខ្លាំង ដែល​ទើប​បាន​ស្មើពិន្ទុ​​ជាមួយអ្នក​លេង​កាំភ្លើងភ្លោះ វ៉ាន់ វឿន។

ជាមួយគ្នា​នេះ ឃីម ឌីម៉ា ក៏​នៅមិនទាន់​មានភាពរឹងមាំ​ពេញ​លេញ សម្រាប់​ការ​វិល​មក​កាន់​សង្វៀន​ប្រដាល់ជាថ្មី​នេះ​ផងដែរ។ តែទោះបីជា​យ៉ាង​ណា ​តាម​រយៈការ​ប្រកួតជាក់​ស្តែង ក្នុង​ព្រឹត្តិការណ៍ Krud Kun Khmer ដែល​ត្រូវ​ធ្វើ​ឡើង​ជា​លើក​ដំបូង នៅ​លើ​ទឹក​ដី​ខេត្ត​ក្រចេះ ​កាល​ពី​​ថ្ងៃទី​ ២០ ខែមករា​នេះ ឃីម ឌីម៉ា បាន​វាយ​កែងស្តាំ​ចូលសៀត​ផ្កាឆ្វេងពេញទំហឹង បណ្តាលឱ្យ​​Slatan ដួល​សន្លប់​ត្រឹម​រយៈពេល​ជាង​២នាទី​ប៉ុណ្ណោះ។


កីឡាករ គង់ សំបូរ បាន​ទទួល​រងការ​ម៉ាត់ពី​ប្រដាល់អ៊ីរ៉ង់ Mohammad ក្នុងការ​ប្រកួតអំបោះ​ឆៅ។ រូប​ថត Krud

ឃីម ឌីម៉ា បាន​បង្ហាញ​ភាព​រីក​រាយ​ខ្លាំង ចំពោះ​ការ​វាយ​កែង​ផ្តួល​កីឡាករថៃ Slatan ឱ្យ​សន្លប់​​​​បាន​លឿន​បែបនេះ ខណៈ​ការ​វាយ​​​កែង​​នេះ វាជា​ក្បាច់​សម្លាប់​ដ៏​គ្រោះ​ថ្នាក់​របស់ ឌីម៉ា ដែល​រូប​គេ​​តែងតែ​ប្រើ និង​ទទួល​បាន​ផល​ល្អ តែ​លើក​នេះ ពិតជា​លឿនពេក​ហើយ។ ជាមួយ​ជ័យ​ជម្នះ​នេះ ឃីម ឌីម៉ា បានបង្ហោះសារ​បែបនេះថា៖ «ឈ្នះ​ហើយបាទសូម​អរ​គុណ​ពុក​ម៉ែ​បង​ប្អូន​​អ្នក​ខេត្ត​ក្រចេះ​យប់​មិញ ហើយ​ក៏​អរគុណ​ដល់​អ្នក​គាំទ្រ​ទាំង​អស់គ្នា»។


ផ្ទុយ​ទៅវិញ​កីឡាករ​ គង់ សំបូរ ហាក់មិនទាន់​អស់​ចិត្ត​នោះ​ទេ ចំពោះ​ការចាញ់ពិន្ទុ​អ្នក​ប្រដាល់អ៊ីរ៉ង់ Mohammad សម្រាប់ការ​ប្រកួត​អំបោះឆៅជា​លើកដំបូង ក្នុង​​ព្រឹត្តិការណ៍ Krud Kun Khmer នេះដែរ ចំណែក​អ្នក​លេង​ស្នៀតជើង មឿន សុខហ៊ុច ក៏​បានចាញ់​ពិន្ទុ​ជើងខ្លាំង ជា​ម្ចាស់​ខ្សែ​ក្រវាត់​មកពី​ប្រទេស​ថៃ Jaruadsuk កាលពី​យប់​ថ្ងៃសៅរ៍​នោះ​ដូច​គ្នា។

គង់ សំបូរ បាន​និយាយក្រោយ​ការ​ប្រកួត​ថា៖ «កីឡាករ​អ៊ីរ៉ង់​ម្នាក់នេះ ធំជាង​ខ្ញុំ តែ​ស្នៀត​ប្រកួត​របស់​គាត់​មិនជាអ្វី​នោះ​ទេ គ្រាន់តែ​ខ្ញុំ​អស់​ជើង​ខ្លួន​​ឯង​តាំងពី​ទឹក​ទី​១។ បើសិនជា​ខ្ញុំមិនអស់​ជើង ខ្ញុំ​ធានា​ថា គាត់នឹង​សន្លប់​ហើយ មិនដល់​ទឹក​ទី​៣​ទេ។ខ្ញុំ​ទាន់​អស់ចិត្តចំពោះការ​ចាញ់​នេះ​ទេ​ហេតុ​នេះ​ខ្ញុំ​ចង់​ប្រកួត​សងសឹក​ជាមួយ​គាត់​​ម្តង​ទៀត»។

ដោយឡែក សម្រាប់ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Cambodia Kun Khmer KKIFដែល​​បាន​ធ្វើ​នៅ​លើ​ទឹក​ដី​ខេត្ត​សៀម​រាប កាលពី​យប់​ថ្ងៃទី​​២០ ខែមករា​នោះ​ដែរ ម្ចាស់មេដាយមាស ស៊ីហ្គេម ឈឿង ល្វៃ បាន​ប្រើ​កណ្តាប់ដៃឆ្វេង​ម៉ាត់​ចូលពោះពេញ​ទំហឹង បណ្តាល​ឱ្យ​អ្នក​ប្រដាល់អ៊ីរ៉ង់ Hamidreza Mehrabloo សន្លប់​ធំ មិនដល់​​១នាទី​ផង នៅ​ក្នុង​ទឹក​ទី​១។

ផ្ទុយពីនេះ​ជើង​ខ្លាំងជា​ឈ្នះខ្សែ​ក្រវាត់​ពិភពលោក​របស់ KKIF ថ្មី​ថ្មោង សុខ ធី ដែល​​បាន​បង្ហាញ​​​​ការ​ប្រកួត​យ៉ាង​ល្អ​ នៅ​ក្នុង​ទឹក ​១​នោះ ត្រូវបាន​អ្នក​ប្រដាល់​របស់ថៃ ​Kittidet Khamchumphon ទាត់ឆ្វេង​ចូល​កញ្ចឹងក បណ្តាល​ឱ្យ​ដួលទាំង​វង្វេង នាំ​ឱ្យ​លោក​អាជ្ញា​កណ្តាល​​​​រាប់​ភ្លាមៗ ប៉ុន្តែ​សំឡេង​ស្នូរជួង​បញ្ចប់ការ​ប្រកួត​ទឹក​ទី ​២ បាន​ជួយ​សង្រ្គោះ​ឱ្យ សុខ ធី អាច​​មាន​​ភាព​​​រឹង​មាំ​​​ទាន់ពេល​វិញ ដើម្បី​ប្រកួត​ទឹក​ទី​៣​ចុង​ក្រោយ។

តែទោះបីជា​​យ៉ាង​ណា ​សុខ ធី នៅ​តែគេច​មិន​ផុតពីការ​ចាញ់​កីឡាករ Kittidet Khamchumphon ដោយពិន្ទុ ព្រោះ​រូបគេមិនអាច​ប្រើ​ពេល​៣នាទី​ចុង​ក្រោយ ដើម្បី​វ៉ៃ​​កីឡាករ​​ថៃ​​ម្នាក់​នេះ ឱ្យ​​អាជ្ញាកណ្តាលរាប់វិញ​នោះ​ទេ ព្រោះ Kittidet ពិតជា​មាន​ភាព​រឹងមាំ​ខ្លាំង ហើយ​មាន​អាវុធ​វាយសង​យ៉ាងមានប្រសិទ្ធភាព៕