​ការ​ស៊ុតបាល់​ពិន័យ ១១ ម៉ែត្រ​​​បានស​ម្រេច ​នៅនាទីចុងក្រោយ​របស់​ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា ​​បាន​ក្លាយជា​គ្រាប់បាល់​យ៉ាងមាន​ន័យបំផុត ដែល​បានជួយឱ្យ​​ក្រុម​បឹងកេត ទទួល​បាន ​១ ​ពិន្ទុ​​​បន្ថែម ប៉ុន្តែ​​ការ​ស្មើ​គ្នា ៣-៣ ​នេះ បាន​​និង​​កំពុង​ធ្វើ​ឱ្យ​ដំណើរ​ឆ្ពោះ​​​ទៅរក​ការ​ឈ្នះ​ពាន​លីគកំពូល​កម្ពុជា​​របស់​​ក្រុម​ព្រះខ័ន​រាជ​ស្វាយ​រៀង វិល​​​​ទៅ​​​រក​​ភាព​​មិន​ច្បាស់​លាស់​វិញ។

តាម​រយៈការ​ប្រកួតប្រចាំសប្តាហ៍​ទី ​១៨ នៅកីឡដ្ឋានខេត្តស្វាយរៀង កាលពី​យប់​ ថ្ងៃទី ​២០ ​ខែ មករា កន្លង​មក​នេះ ខ្សែ​ប្រយុទ្ធ ម៉ាត់ នូរុណ បានស៊ុត​បំប៉ោងសំណាញ់​ក្រុម​ម្ចាស់​ផ្ទះ​ព្រះខ័នរាជស្វាយរៀង បាន​មុន ដើម្បី​​ជួយ​ឱ្យក្រុមបឹងកេត នាំមុខ ១-០ នៅនាទីទី​ ២២។

ប៉ុន្តែ​ការ​បង្ក​កំហុស​របស់​ខ្សែ​ការពារ ស្លេះ សេន ដែល​បានជ្រុល​រុញ​​ខ្សែ​ប្រយុទ្ធ Marcus Haber ឱ្យ​ដួល​សម្រាប់ការ​ប្រជែងគ្នា​​តែតបាល់ នៅក្នុងតំបន់​គ្រោះ​ថ្នាក់នោះ នាំ​ឱ្យ​អាជ្ញា​កណ្តាល​​ផ្តល់​​បាល់​​ពិន័យ​ទៅ​ឱ្យ​ក្រុមស្វាយរៀង ហើយ​​កីឡាករ​កាណាដា Marcus Haber ជា​អ្នកស៊ុត​ដោយខ្លួន​ឯង​បានសម្រេច នៅនាទី​ទី​៤៥+២។


បន្ថែម​លើ​គ្រាប់​បាល់​តាម​ស្មើនេះ ខ្សែ​ប្រយុទ្ធ ថេឡរ ឌឿននីកូឡាស រក​បាន ​១ ​គ្រាប់​ទៀត​ឱ្យ​ក្រុម​​ម្ចាស់​ផ្ទះ តាមរយៈការ​ស៊ុត​បញ្ចូល​ទី​យ៉ាងស្អាត​របស់​គេ នៅនាទីទី ​៤៧ ប៉ុន្តែ​ ម៉ាត់ នូរុណ បាន​ស៊ុត​​តាម​ស្មើ​​ឱ្យ​ក្រុមបឹងកេត វិញ នៅនាទីទី ៥៦។ តែទោះបីជា​យ៉ាង​ណា ការ​ស៊ុត​បញ្ចូល​ទី ​១ ​​​គ្រាប់​​ទៀត​របស់ ប្រាក់ មុនីឧត្តម បានជួយ​ឱ្យ ស្វាយរៀង នាំមុខ​ក្រុម​បឹងកេត ៣-២ ម្តងទៀត នៅនាទី​ទី​៨៩។


ជាមួយការ​នាំមុខ​នៅចុង​ម៉ោង​នេះ បាន​ធ្វើ​ឱ្យការ​ប្រកួត​រវាងក្រុម​ទាំង​ ២ កាន់តែ​ឡើង​កម្តៅ ហើយគ្រូ​បង្គោល​ក្រុម​ស្វាយរៀង លោក Pep Munoz ក៏​ត្រូវបានអាជ្ញាកណ្តាល​ពិន័យ​កាត​​លឿង ចំពោះការ​តវ៉ា​ក្នុងអំឡុង​ពេល​នោះ​ដែរ។ តែទោះបីជា​យ៉ាង​ណា ការស៊ុតបាល់​សំដៅ​ទី​​របស់​កីឡាករ​វ័យ​ក្មេង ណុត ដេវីត បានទៅប៉ះ​ដៃ​ប្រធានក្រុម សឿយ វិសាល ហើយ​ភ្លាមៗ​នោះ ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា ជាអ្នក​ស្រែក និង​បង្ហាញ​កាយ​វិការ​ទៅ​លោក​អាជ្ញា​កណ្តាល​ថា បាល់​នេះ​ប៉ះ​ដៃ។

ក្រោយការ​ពិនិត្យ និងសួរ​នាំ​លម្អិត​ពី​អាជ្ញាកណ្តាល​​ស្លាប លោកអាជ្ញាកណ្តាល ជី សាមឌី បាន​ផ្តល់​បាល់​ពិន័យ​ ១១ម៉ែត្រ​ទៅឱ្យ​ក្រុម​បឹងកេត ហើយ ចាន់ វឌ្ឍនា ដែល​ដាក់​ឱ្យ​ចូល​លេង នៅនាទីទី ​៨៥ ជាអ្នក​ស៊ុត​បាន​សម្រេច នៅនាទីទី ៩០+៥ ដែល​ធ្វើ​ឱ្យក្រុមទាំង​២​នេះ បាន​បញ្ចប់ការ​ប្រកួត ដោយ​លទ្ធផល​ស្មើ​គ្នា ៣-៣។

ការ​ប្រកួត​រវាងក្រុម​ភ្នំពេញ​ក្រោន (ក្រហម) និងក្រុម​គិរីវង់សុខសែនជ័យ កាលពី​យប់​ថ្ងៃសៅរ៍ នៅកីឡដ្ឋាន Smart RSN។ រូប​ថត ភ្នំពេញ​ក្រោន

ជាមួយការ​ចែក​គ្នា​ម្នាក់១ពិន្ទុ ដែល​កើត​ឡើង​ដោយគ្រាប់បាល់​ចុងក្រោយ​របស់​ ចាន់ វឌ្ឍនាកា នេះ បាន​ក្លាយជា​រឿង​ដ៏​ល្អមួយ ចំពោះក្រុម​បឹងកេត ដែល​ធ្វើ​ឱ្យ​ពួកគេមាន​ ២៥ពិន្ទុ ប៉ុន្តែ​​គ្រាប់បាល់​នេះបាន​ធ្វើ​ឱ្យក្រុមស្វាយរៀង មាន​ការ​ខក​ចិត្តខ្លាំង ព្រោះ​ការ​ទទួលបាន​ត្រឹម​១ ពិន្ទុ​នេះ បាន​ធ្វើ​ឱ្យ​​ដំណើរ​ការ​គ្រប់​គ្រង​ទីតាំង​លេខ​១ ដើម្បី​ឈាន​ទៅរក​ការ​ឈ្នះ​ពាន​របស់​ពួកគេស្ថិត​ក្នុង​ភាព​រង្គោះរង្គើ​វិញ។

ភាព​លែងច្បាស់លាស់ ក្នុងការ​ឈាន​ទៅ​ឈ្នះ​ពាន​របស់​ក្រុមស្វាយរៀង ក៏​ព្រោះ​តែ​ដៃគូ​ប្រជែង​​​យក​​​ពានដ៏​ស្វិត​ស្វាញ​របស់ពួកគេ គឺ​ក្រុម​ភ្នំពេញ​ក្រោន បាន​យក​ឈ្នះ​ក្រុម ​គិរីវង់​សុខ​សែន​ជ័យ ៤-១ ដើម្បី​ទទួលបាន​៣ពិន្ទុ​ពេញ ដែល​ធ្វើ​ឱ្យ​ភ្នំពេញ​ក្រោន ពេលនេះ មាន ៤២ពិន្ទុ គឺ​តិច​ជាង​​ក្រុមស្វាយរៀង ត្រឹម​២ពិន្ទុ​ទេ អ៊ីចឹង​មាន​ន័យ​ថា ភ្នំពេញ​ក្រោន ​មាន​ភាគ​រយ​គ្រប់​គ្រាន់វិញ​ហើយ ក្នុងការ​ប្រជែង​យក​លេខ​១​ពី​ក្រុមស្វាយរៀង សម្រាប់ការ​ប្រកួតជាបន្ត​បន្ទាប់​ទៀត។

ជាមួយគ្នា​នេះ លោក Oleg Starynskyi​ គ្រូ​បង្គោល​ក្រុម​ភ្នំពេញ​ក្រោន បាន​និយាយ​ក្រោយ​ការ​ប្រកួត​ថា៖​«នេះ​ជា​ ៣ពិន្ទុ​ដ៏​សំខាន់សម្រាប់​យើង​ក្នុង​ការ​ប្រកួត​ប្រជែង​ពាន​រង្វាន់។ គីរីវង់ គឺ​ជា​ក្រុម​ដែល​ល្អ​ក្នុង​ការ​ការពារ ជាមួយ​នឹង​ការ​វាយ​បក​របស់​ពួកគេ។ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​​ដែល​យើង​អាច​រក​គ្រាប់​បាល់​បាន​ច្រើនជាង​ ១​គ្រាប់ ហើយនេះ​ជាការប្រកួតដ៏​​ទាក់​ទាញ ដែល​​ពួកគេ​ស្ទើរ​តែ​អាច​តាម​ស្មើ​យើង​ទៅ​ហើយ»៕