ភ្នំពេញ៖ កីឡាករ ចាន់ សំអាត បានក្លាយជាបេក្ខភាពតំណាងឱ្យកម្ពុជាតែម្នាក់គត់ ដែលអាចដណ្តើមបានជ័យជម្នះ សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ នៅលើសង្វៀនប៉ុស្តិ៍លេខ៥ ចំណែកខ្លាចាស់ ម៉ន សាម៉េត បានត្រឹមស្មើពិន្ទុ ប៉ុន្តែ សោម វិឆ័យ បានចាញ់អ្នកប្រដាល់ថៃ សម្រាប់ការបង្ហាញវត្តមានរួមគ្នា កាលពីព្រលប់ថ្ងៃសៅរ៍។
សម្រាប់ការប្រកួត ក្នុងប្រភេទទម្ងន់៦០គីឡូក្រាមនេះ ចាន់ សំអាត បានព្យាយាមទាត់សន្ធាប់ខ្លាំងៗទៅលើជើងក្រោមរបស់កីឡាករថៃ Bang Thay ហើយការថែមដោយកណ្តាប់ដៃផ្តួនៗរបស់គេ បានធ្វើឱ្យដៃគូម្នាក់នេះ ចង់គាំងម្តងៗ តាំងពីទឹកទី១។
ជាមួយគ្នានេះ ការវាយកែងស្តាំចូលពេញរបស់ ចាន់ សំអាត បានធ្វើឱ្យ Bang Thay ដួលទាំងជំហរ និងត្រូវបានអាជ្ញាកណ្តាលរាប់ នៅទឹកទី២។
ក្រោយការរាប់ពីលោកអាជ្ញាកណ្តាលនោះ ចាន់ សំអាត បានស្ទុះចូលម៉ាត់ និងបុកកែងចូលផ្ទៃមុខ Bang Thay ពេញទំហឹង បណ្តាលឱ្យកីឡាករថៃម្នាក់នេះ ដួលដេក ហើយត្រូវបានអាជ្ញាកណ្តាលរាប់ជាលើកទី២ ប៉ុន្តែ សំអាត មិនអាចប្រើរយៈពេលសេសសល់ត្រឹម២០វិនាទី ដើម្បីផ្តួលឱ្យ Bang Thay សន្លប់ត្រឹមទឹកទី២នោះទេ។
តែទោះបីជាយ៉ាងណា ឈានចូលទឹកទី៣ ចាន់ សំអាត បានបង្កើនការវាយសម្រុកទៅលើ Bang Thay កាន់តែខ្លាំង។
បើទោះបីជាកីឡាករថៃម្នាក់នេះ បានព្យាយាមទាត់ ដើម្បីទប់ការចូលវាយកណ្តាប់ដៃរបស់ សំអាត ប៉ុន្តែនៅពេល Bang Thay ស្ទុះចូលបម្រុងម៉ាត់នោះ សំអាត បានប្រើកណ្តាប់ដៃស្តាំរបស់គេ ម៉ាត់ចូលផ្ទៃមុខបានមុន បណ្តាលឱ្យ Bang Thay ដួលដេកសន្លប់ក្នុងពាក់កណ្តាលទឹកទី៣នេះតែម្តង។
យ៉ាងណាមិញ សម្រាប់ការប្រកួត ក្នុងទម្ងន់ ៦៣,៥ គីឡូក្រាមរវាង ឆោម វិឆ័យ និងអ្នកប្រយុទ្ធរបស់ថៃ Den Naphao ពិតជាទទួលបានការគាំទ្រខ្លាំង ជាមួយការប្រកួតយ៉ាងស្វិតស្វាញរបស់ពួកគេ។ នៅក្នុងជំនួបនេះ សោម វិឆ័យ បានប្រឹងប្រែងខ្លាំង ក្នុងការបញ្ចេញអាវុធទៅលើ Den Naphao តាមរយៈការទាត់ ម៉ាត់ និងការបុកជង្គង់របស់គេ ហើយស្នៀតទាំងអស់នេះ ឃើញថា អាចទទួលបានលទ្ធផលគួរសម សម្រាប់ការប្រកួត២ទឹកដំបូង។
តែទោះបីជាយ៉ាងណា Den Naphao ពិតជាមានភាពរឹងមាំ និងមានស្នៀតវាយសងទៅលើ ឆោម វិឆ័យ យ៉ាងសស្រាកសស្រាំ ហើយចាប់ពីទឹកទី៣ទៅ កីឡាករថៃម្នាក់នេះ អាចគ្រប់គ្រងស្ថានភាពការប្រកួតកាន់តែល្អ ក្នុងការវាយលុកទៅលើ វិឆ័យ វិញ។ បើទោះបីជា វិឆ័យ បានប្រឹងប្រែងវាយបកខ្លាំង ប៉ុន្តែជំហរដ៏រឹងមាំ និងការតាមវាយសម្រុករបស់ Den Naphao បានធ្វើឱ្យ វិឆ័យ ចាប់ផ្តើមថមថយកម្លាំងគួរឱ្យកត់សម្គាល់ សម្រាប់ការប្រកួត២ទឹកចុងក្រោយ។
ជាមួយស្ថានភាពបែបនេះ បានផ្តល់ភាពអំណោយផលមួយកម្រិតទៀតសម្រាប់ Den Naphao ក្នុងការតាមចាប់បុកជង្គង់ទៅលើ សោម វិឆ័យ ហើយការបុកជង្គង់ចូលធ្ងន់ៗរបស់គេ បានធ្វើឱ្យ វិឆ័យ កាន់តែមានការធ្លាក់កម្លាំង និងបានចាញ់កីឡាករថៃជំនាញវាយក្បាច់ម្នាក់នេះ ដោយអស់ចិត្ត។
ចំណែកកីឡាករចាស់វស្សា ម៉ន សាម៉េត ដែលទើបប្តូរទ្រនំទៅហ្វឹកហាត់ក្នុងក្លិបប៉ែនកាក់គុនខ្មែរនោះ បានប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការប្រកួតជាមួយកីឡាករថៃ Pan Phat។ អ្នកទាំង២នេះ បានចំណាយពេលច្រើន ក្នុងការចូលចាប់ប្តូរជង្គង់គ្នា និងបានដួលទាំង២នាក់ ជាញឹកញាប់ផងដែរ។
ចំណែកកណ្តាប់ដៃ ការទាត់ និងការវាយកែង ពួកគេ បានប្រើក្នុងកម្រិតតិចតួចដែរទេ ហើយក្រោយការប្រកួត៥ទឹកពេញយ៉ាងស្វិតស្វាញ ម៉ន សាម៉េត និង Pan Phat ត្រូវបានប្រកាសឱ្យត្រឹមស្មើពិន្ទុគ្នាទាំងអស់ថាមពលរៀងៗខ្លួន សម្រាប់ការជួបគ្នា ជាលើកដំបូង នៅលើសង្វៀនប៉ុស្តិ៍លេខ៥នេះ។
ជាមួយលទ្ធផលនៃការប្រកួតមិត្តភាពអន្តរជាតិនេះ លោក សេង កដិកា អ្នកគ្រប់គ្រងកម្មវិធីប្រដាល់ប្រចាំនៅសង្វៀនប៉ុស្តិ៍លេខ៥ បាននិយាយថា៖ «យើងតែងមានការថ្លឹងថ្លែងពីសមត្ថភាពរបស់កីឡាករថៃ និងកីឡាករកម្ពុជា គឺធ្វើម៉េចឱ្យមានភាពប្រហាក់ប្រហែលគ្នា។ បើយើងយកតែអ្នកមានសមត្ថភាពស្ទើរៗ មកដើម្បីតែចាញ់កីឡាករយើង ក៏មិនល្អនោះដែរ ហើយខាងគេក៏មិនសូវសប្បាយចិត្តដូចគ្នា អ៊ីចឹងយើងត្រូវធ្វើឱ្យមានភាពយុត្តិធម៌ ទៅលើការផ្គូផ្គង ដើម្បីធ្វើឱ្យការប្រកួតមានភាពទាក់ទាញ និងមានឈ្នះ មានចាញ់ និងមានស្មើគ្នាបែបនេះ ទើបល្អ»៕