ភ្នំពេញ៖ កីឡាករ​មានរហស្សនាម «អធិរាជលេងអំបោះឆៅ» ធន់ រិទ្ធី ​បានប្រើ​ត្រឹម​ភ្នែក​ម្ខាង ដើម្បី​តាម​​ម៉ាត់​កីឡាករ​អ៊ីរ៉ង់ Choli Zadeh Abolfaz រហូតដល់​សន្លប់​ សម្រាប់​ការ​ជួបគ្នា ក្នុង​ព្រឹត្តិការណ៍ Krud Kun Khmer ដែល​​ធ្វើ​នៅកីឡដ្ឋានខេត្តក្រចេះ ក្នុងខេត្តក្រចេះ កាលពី​យប់​ថ្ងៃទី ២១ ខែមករា​។

ការ​តាម​ម៉ាត់ឱ្យ​កីឡាករអ៊ីរ៉ង់ Choli Zadeh Abolfaz សន្លប់​នៅ​​ចុង​ទឹក​ទី​២​ នេះ បាន​ក្លាយ​ជា​លទ្ធផល​​ដ៏​ល្អ ដែល​បានជួយ​ឱ្យ ធន់ រិទ្ធី អាច​សម្រេច​បានជោគ​ជ័យ តាម​អ្វី​ដែល​រូបគេ​បាន​​អះអាង​​មុនការ​ប្រកួត ​គឺ​ការ​យក​ឈ្នះ​ដៃគូ​ម្នាក់នេះ ដើម្បី​សងសឹក​ឱ្យ​មិត្តរួមជាតិ ឯម ឡេងលី ​ដែល​ត្រូវបាន​អ្នក​ប្រដាល់​អ៊ីរ៉ង់​រូប​នេះ វ៉ៃឱ្យ​សន្លប់ធំ ត្រឹមទឹក​ទី​១ សម្រាប់ការជួបគ្នា កន្លងមក​។

យ៉ាងណា​ក៏​ដោយ នៅមុនការ​ផ្តួល​កីឡាករ Choli Zadeh Abolfaz ឱ្យ​សន្លប់​នេះ ធន់ រិទ្ធី បាន​ទទួល​រង​ការ​ម៉ាត់​ចូល​ពេញៗ​ពី​ដៃគូ​ម្នាក់នេះ ដែល​ធ្វើ​ឱ្យ​ភ្នែក​ខាង​ឆ្វេង​​របស់​​គេ​ហើមលឹប មើល​មិនច្បាស់ទេដោយ រិទ្ធី ​បាន​ប្រើ​ត្រឹមភ្នែក​​ខាង​ស្តាំ និងមើល​មិនសូវទាំង​ច្បាស់ផងនោះ ដើម្បី​តាម​វ៉ៃ​កីឡាករ Choli Zadeh Abolfaz ឱ្យ​សន្លប់ នៅ​ចុងទឹក​ទី​២។


ដោយមាន​ស្នាមពក នៅលើ​ក្តោង​ច្រមុះ និង​បែក​នៅលើ​បបូរមាត់ ហើយ​ភ្នែក​ខាង​ឆ្វេង​​ហើម​មើល​​លែង​យល់​នោះ ធន់ រិទ្ធី បាន​និយាយ​ក្រោយការ​ប្រកួត​ថា៖ ​«ជាធម្ម​តា ភ្នែក​ឆ្វេង​របស់​ខ្ញុំ មើល​ឃើញ​ច្បាស់ជាង​ភ្នែក​ខាងស្តាំ ប៉ុន្តែ​កណ្តាប់ដៃ​របស់​គាត់បាន​វាយ​​ចូល​ពេញៗពេក ធ្វើ​ឱ្យ​​​ភ្នែក​​ឆ្វេង​របស់​ខ្ញុំ​​ហើម​លឹប មើល​លែង​ឃើញ ដល់​អ៊ីចឹង​ខ្ញុំបានប្រើ​​ភ្នែក​ស្តាំ​មើល​ឃើញ​ស្រវាំងៗ និង​ព្រាលៗ ដើម្បី​ចូល​វ៉ៃ​ប្តូរជាមួយ​គាត់»។


ជាមួយការ​ខំប្រឹង​ចូលវាយ​ប្តូរ​ទាំង​ភ្នែក​មើល​ឃើញ​មិនច្បាស់នេះ ដោយសារ ធន់ រិទ្ធី មាន​មហិច្ឆតា​ចង់ដណ្តើម​យក​ជ័យជម្នះ​លើ​កីឡាករ​ Choli Zadeh Abolfaz ដើម្បី​មាន​ឱកាស​​បាន​​ប្រកួត​សងសឹក​ជាមួយ​ជើង​ខ្លាំង​របស់​ថៃ សៃយុគ ឬ Saiyok Pumpanmuang ដែល​រូបគេ​​ធ្លាប់បានចាញ់​ដោយ​សន្លប់ ក្នុង​ទឹក​ទី២ សម្រាប់​ការ​ប្រកួតនៅ Thai Fight កាល​ពី​ខែ​តុលា ​ឆ្នាំ​ ២០២២​ ព្រោះ​ពិធីករ​បានប្រកាស​ថា បើសិនជា​ ធន់ រិទ្ធី ធ្វើ​បាន​ល្អ​ក្នុងការ​ប្រកួត​នេះ លោក សំអាង វឌ្ឍនៈអគ្គនាយកក្រុមហ៊ុនវឌ្ឍនៈប្រ៊ូវើរី  ដែលជាម្ចាស់ឧបត្ថម្ភ​ធំ នឹងរៀបចំ​ឱ្យ​មានជំនួប​​រវាង រិទ្ធី និង សៃយុគ នាពេល​ខាង​មុខនេះ។

ចំពោះ​រឿងនេះ ធន់ រិទ្ធី បានបញ្ជាក់ថា៖ «សម្រាប់​ការ​ដាក់​ឱ្យ​​​ប្រកួត​ជាមួយ​ សៃយុគនេះ ខាង​អ្នក​ផ្គូផ្គង ធ្លាប់បាន​ប្រាប់​ខ្ញុំ​ម្តង​ហើយ តែ​ខ្ញុំ​​ស្មាន​​ថាគាត់​និយាយ​លេង ប៉ុន្តែ​ដល់ពេលពិធីករ​​ប្រកាស​នៅលើ​សង្វៀន​បែប​នេះ ខ្ញុំ​មាន​អារម្មណ៍​​រំភើប និង​​មានកូនចិត្ត​មួយ​ថា កីឡាករ​អ៊ីរ៉ង់​ម្នាក់​នេះ វ៉ៃខ្ញុំមិនសន្លប់​ទេ»។

«ខ្ញុំ​បានគិត​បែប​នេះ គឺ​ខ្លាំងបំផុត ចាញ់​-ឈ្នះ​ដោយពិន្ទុ មិនអាចចាញ់​ដោយ​សន្លប់​បាន​ឡើយ លុះ​ត្រា​តែ​ខ្ញុំមើល​លែង​ឃើញ​តែម្តង ព្រោះ​ខ្ញុំ​ត្រូវហាត់ត្រៀម​វ៉ៃ​ការ​ពារ​​ខ្សែ​ក្រវាត់»​។ ធន់ រិទ្ធី បានបញ្ជាក់​បន្ថែម ខណៈគម្រោង​ជួប​ជើង​ខ្លាំង សៃយុគ ក្នុង​ព្រឹត្តិការណ៍ Krud Kun Khmer នៅ​លើ​ទឹក​ដីប្រទេស​កម្ពុជា​នោះ ខាង​អ្នក​រៀបចំ នៅមិនទាន់​បាន​កំណត់ពេលវេលាជាក់លាក់​នៅឡើយ​ទេ៕