ភ្នំពេញៈ​ក្រុម​កីឡាក​រ-កី​ឡាការិនី​របស់​ក្រសួង​មហាផ្ទៃ បានក្រសោប​យក​មេដាយ​មាស​ស្ទើរ​តែ​ទាំង​អស់​ពី​ការ​ប្រកួត​កីឡា​ចំបាប់​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៣ ដែល​ទើប​បាន​រៀបចំ​កាល​ពី​ថ្ងៃទី​១៨ ​ដល់ទី​២១ ​ខែមករា ឆ្នាំ​២០២៤ ​ជាអ្វីដែលថ្នាក់ដឹក​នាំ​សហ​ព័ន្ធ​កីឡា​ចំបាប់​កម្ពុជាបាន​វាយ​តម្លៃ​ជារួម​ថា​គុណ​ភាព​ប្រកួត​ប្រជែ​ង​ចំបាប់ពេល​នេះមាន​ការ​កើន​ឡើង​គួរ​ឱ្យកត់​សម្គាល់ ​ជាពិសេស​ក្រុម​យុវជន​ដែល​ជា​ថ្នាក់​ថ្នាល​យ៉ាង​សំខាន់ ​សម្រាប់​​ឆ្ពោះទៅ​កាន់​កា​រប្រកួត​កីឡា​យុវ​ជន​អាស៊ី ​ឆ្នាំ​២០២៩​។​

​តាម​រយៈ​ការ​ប្រកួត​ប្រជែង​ចំនួន​៤​ថ្ងៃនៅ​សាល​ដំបូល​ទូក​នៃ​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំ​ពិក​ គឺ​ក្រុម​អត្ត​ព​លិ​ក​ចំបាប់​របស់​ក្រសួង​មហា​ផ្ទៃបាន​ឈ្នះ​មេដាយ​មាស​ចំនួន​៨ ក្នុង​ចំណោម​មេដាយ​មាស​សរុប​១២​វិញ្ញា​សា​ទាំង​ការ​ប្រកួត​ចំបាប់​បុរាណ ​និង​ចំបាប់​សម័យ​ ដែល​ត្រូវបា​ន​ដាក់​ឱ្យ​ប្រកួត​ថ្នាក់​ជាតិ​លើក​នេះ ​ហើយ​ពួក​គេក៏​ដណ្តើម​បាន​មេ​ដាយ​ប្រាក់​ចំនួន​៩ ​និង​សំរឹទ្ធ​១៣​ផង​ដែរ ​ដើម្បី​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១​។​

​ចំណែក​ក្រុម​អត្ត​ព​លិ​ករ​បស់​ក្លិប​គិរី​បារមី​ដំរី​មាន​រិ​ទ្ធ(​ខេត្ត​កំពង់​ឆ្នាំង​)បាន​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២​ដោយ​ដណ្តើម​បាន​មេដាយ​មាស​១ ប្រាក់​១ និង​សំរឹទ្ធ​១ តាម​ពី​ក្រោយ​ដោយ​ក្លិប​យាយ​ព្រីង​មាន​រិទ្ធ(​ខេត្ត​កំព​ង់ឆ្នាំង​)ដែល​ឈ្នះ​បាន​មេដាយ​មាស​១​និង​ប្រាក់​១ រីឯ​ក្លិប​ឫទ្ធិ​សែន(​ខេត្ត​កំពង់​ឆ្នាំង​)និង​ក្លិប​ចំ​បាប់​បារមី​មេទ័​ព​ម៉ឺន​ឯក(​ខេត្ត​កណ្តាល​)បាន​ឈ្នះ​មេដាយ​មាស​១ និង​សំរឹទ្ធ​១​ដូច​គ្នា​។​


​​ចំពោះ​ក្លិប​ប្រ​យាប​មាន​រិ​ទ្ធ(​ខេត្ត​កំពង់​ឆ្នាំង​)វិញ ​ឈរ​នៅ​លេខ​៦ ដោយ​ឈ្នះ​បាន​មេដាយ​ប្រាក់​១ និង​សំរឹទ្ធ​១ រីឯ​ក្លិប​ឃ្លាំង​មឿង(​ពោធិ៍​សាត់​)ដណ្តើម​បាន​មេ​ដាយ​សំរឹទ្ធ​២ ​ខណៈ​ក្លិប​សមា​គម​ខេត្ត​កណ្តាល ដណ្តើម​បាន​មេដាយ​សំរឹទ្ធ​១ ប៉ុន្តែ​ក្លិប​ព្រះ​ធាតុ (​ពោធិ៍សា​ត់​)និង​ក្លិប​បក្សី​ចាំ​ក្រុង មិន​ដណ្តើម​បាន​មេដា​យ​ទេ​។​

​តាម​រយៈ​លទ្ធផ​ល​រួម​នៃ​ការ​ប្រកួត​កីឡា​ចំបាប់​ជើង​ឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៣​នេះ ​បាន​បង្ហាញ​ឱ្យ​ឃើញថា ​គម្លាត​នៃ​ការ​ដណ្តើម​បាន​មេដាយ​មាស ​ប្រាក់ និង​មេដាយ​សំរឹទ្ធ ​រវាង​សមា​គម​ក្រសួង​មហាផ្ទៃ ​ជាមួយ​ក្លិប​ចំនួន​៩​ទៀត គឺ​មាន​ការ​ខុស​គ្នា​ឆ្ងាយ ប៉ុ​ន្តែ​ក្រុម​កីឡាក​រ កីឡាកា​រិនី ​ដែល​ចូលរួម​ប្រកួត​បាន​ប្រាប់​ថា លទ្ធ​ផល​នេះ​ វា​មិន​ប្លែក​ទេ ​ដោយសា​រតែ​​ក្រុម​អត្ត​ព​លិ​ក​ក្រសួង​មហា​ផ្ទៃសុទ្ធ​តែជា​កីឡាករ​ កីឡា​ការិនី​ជម្រើស​ជាតិ ហេតុ​នេះ​អ្នក​មក​ពី​ខេត្ត មិន​អាច​ប្រកួត​ឈ្នះ​ពួក​គាត់​បានទេ​។​


​ជា​មួយ​គ្នានេះ​ តាម​របាយ​ការណ៍​រប​ស់​គណៈ​កម្មការ​រៀបចំ​ការ​ប្រកួត​បា​នឱ្យដឹង​ដែរ​ថា កា​រប្រ​កួត​កីឡា​ចំបាប់​ជើង​ឯក​ថ្នាក់​ជាតិ​នេះ ​ក្រសួងម​ហាផ្ទៃ​បាន​បញ្ជូន​ក្រុម​អត្ត​ព​លិ​ក​ចូលរួ​ម​ច្រើន​ជាង​គេគឺ​សរុប​៣០​នាក់(​ស្រី​១៣​នាក់​) ក្នុង​ចំណោម​អត្ត​ព​លិ​ក​ចូល​រួម​សរុប​ចំនួន​៦៦​នាក់​ (​ស្រី​២០​នាក់​)គឺ​មាន​ន័យ​ថា ក្លិប​ចំនួន​៩​ទៀត​ បាន​បញ្ជូន​អត្ត​ព​លិ​ក​របស់​ខ្លួនត្រឹមតែ ​៤​នាក់ ​មក​ចូល​រួម​ប្រកួត​ដូច​គ្នា​។ 

​យ៉ាង​ណាក៏​ដោយ​ សម្រាប់​ការ​ប្រកួត​កីឡា​ចំបាប់​ជើង​ឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៣​នេះ ​លោក ​Casey Barnett អនុ​ប្រធាន​ទី​១ ​សហព័​ន្ធ​កីឡា​ចំបាប់​កម្ពុជា ​បាន​វាយ​តម្លៃ​ខ្ពស់​ទៅលើ​ការខិ​តខំ​ប្រឹង​ប្រែង​រៀបចំ​បាន​យ៉ាង​ល្អ​របស់​គណៈក​ម្មកា​រ ស្រ​បទៅ​តាម​បទ​បញ្ជា ​និង​ច្បាប់​នៃ​ការ​ប្រកួត​របស់​សហ​ព័ន្ធ​កីឡា​ចំបាប់​ពិភព​លោក​ ចំណែក​គុណ​ផល​នៃ​កា​រប្រកួ​តប្រ​ជែង​គឺមាន​ការកើ​នឡើ​ង ជាពិ​សេស​ក្រុមយុ​វជនដែ​លជា​​ធន​ធាន​យ៉ាងសំ​ខា​ន់សម្រាប់​ឆ្ពោះទៅ​​ចូលរួ​ម​ការ​ប្រកួត​កីឡា​យុវជន​​អាស៊ី ​ឆ្នាំ​២០២៩ ​ដោយ​កម្ពុជាត្រូវ​ធ្វើជា​​ម្ចាស់ផ្ទះ​​។​

​លោក ​Casey បាន​ថ្លែង ក្នុង​ពិធី​បិទ​ការ​ប្រកួត​ជើង​ឯក​ថ្នាក់ជា​តិ​លើក​នេះ​ថា​៖ «​យើង​ឃើញថា​ ការប្រកួ​ត​នេះ មាន​យុវជន ​យុវតី​ខ្មែរ​ច្រើន​ទៀតបាន​ចូល​រួម ហើយ​ខ្ញុំ​សូម​សរ​សើរ​ពី​បច្ចេក​ទេស និ​ង​ជំនាញ​របស់​ប្អូនៗដែលមា​ន​ការកើ​នឡើ​ង បើ​ប្រៀបធៀ​ប​ទៅនឹ​ង​ការប្រ​កួត​មុនៗ​។ លទ្ធ​ផល​នេះ ​បង្ហាញ​ឱ្យឃើ​ញ​ពី​ការខិ​តខំ​បង្វឹក​របស់​លោក​គ្រូ អ្នក​គ្រូ ​នៅ​តាម​ខេត្ត ​ក្នុង​ការ​ផ្តល់​ជំនាញ​ដល់​អ្នក​បន្ត​វេន​»​។​

​អតី​ត​អ្នក​ហាត់​ចំបាប់​ នៅ​អាមេ​រិក ​លោក Casey បាន​បន្ថែមថា​​៖ «​ជា​គោល​ដៅ​អាទិ​ភាព​របស់​សហ​ព័ន្ធ​យើង ចាប់​ពី​ពេល​នេះ​រហូត​ដល់​៥​ឆ្នាំ​ទៅ​មុខ​ទៀត គឺ​ត្រូវ​ពង្រឹង​ជំនាញ​ដល់​ក្រុម​យុវ​ជន សម្រាប់​ត្រៀម​ឆ្ពោះ​ទៅ​កាន់​ការប្រ​កួត​កីឡា​យុវជ​ន​អាស៊ី ​ឆ្នាំ​២០២៩ ​ហើយ​យើង​នឹង​បង្កើត​ឱ្យមា​ន​ការប្រ​កួត​ក្នុង​ស្រុក​កាន់​តែច្រើន ​នៅ​ឆ្នាំ​២០២៤​នេះ ដើម្បី​ទាក់​ទាញ​យុវជន​ឱ្យមក​ហ្វឹក​ហាត់​ចំបាប់​កាន់​តែច្រើ​ន ព្រោះ​ចំបាប់ ​ជា​កីឡា​ប្រពៃ​ណី​​របស់​ខ្មែរ អ៊ី​ចឹង​យើង​ត្រូវ​នាំ​គ្នា​អភិ​រក្ស និង​អភិ​វឌ្ឍ​ប្រភេទ​កីឡា​នេះ​ឱ្យ​កាន់​តែ​រី​កចម្រើន​ថែម​ទៀត​»៕