ភ្នំពេញ៖ ការ​ប្រកួត​កីឡាបាល់​ទះតេជោលីគ (TECHO Volleyball Cambodia League) ដែល​​​​កំពុងដំណើរ​ការ​ប្រកួត​ប្រជែង នៅ​វិមានពហុកីឡដ្ឋានជាតិ​អូឡាំពិកកម្ពុជា បាន​ក្លាយជា​ព្រឹត្តិការណ៍​ ដែល​កំពុង​ទទួលបានការគាំ​ទ្រ​ខ្លាំងពី​អ្នក​គាំ​ទ្រ ព្រោះ​​​​ការ​ប្រកួត​នេះ មាន​ភាព​ស្វិត​ស្វាញ​​ខ្លាំង ដោយ​មានការ​ចូលរួម​ពី​កីឡាករ​បរទេស។

តាម​រយៈការ​ប្រកួត​​២សប្តាហ៍ ដែលបានចាប់​ផ្តើម​ជា​ផ្លូវការ តាំងពី​ថ្ងៃទី​១២ ខែមករា មក​នោះ ក្រុម​វិសាខា និងក្រុម​បញ្ជាការ​ដ្ឋាន​អង្គរក្ស នៅមិនទាន់​ស្គាល់ការ​បរាជ័យដូចគ្នា ដោយ​​ក្រុម​ទាំង​២នេះ កំពុង​​មាន​ភាគ​រយខ្ពស់ ក្នុងការ​ដណ្តើម​យក​លេខ​១ នៅ​ក្នុង​ការ​ប្រកួត​ជុំទី​​១ ក្នុង​វគ្គ​៨​ក្រុមដំបូង​នេះ។

យ៉ាងណា​ក៏​ដោយ តាម​រយៈការ​ប្រកួតចំនួន​​៥​លើក​កន្លង​មក​នេះ ក្រុមវិសាខា បាន​យក​ឈ្នះ​ក្រុមស្នងការដ្ឋាននគរបាលកណ្តាល ក្រុម​ស្នង​ការដ្ឋាន​នគរបាល​ពោធិ៍សាត់ ក្រុម​ស្នងការ​រាជ​ធានី​ភ្នំពេញ ក្រុមខេត្តព្រះសីហនុ និង​ក្រុម​កងពលធំ​អន្តរាគមន៍​​លេខ៣ ដោយ​លទ្ធផល​៣​សិត​​ដាច់ (៣-០) ដូចគ្នា ដើម្បី​ទទួល​បាន​១៥ពិន្ទុ​ពេញ និងកំពុង​ឈរ​នៅលេខ​១ ជាបណ្តោះ​អាសន្ន។


ការ​ប្រកួត​រវាង​ក្រុម​ក្រសួង​មហាផ្ទៃ (ឆ្វេង) ជាមួយ​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស កាល​ពីថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២៤។រូប សហការី

ចំណែក​ក្រុមបញ្ជាការ​ដ្ឋានអង្គរក្ស បាន​ឈរនៅលេខ​២ ដោយ​មាន​១៣ពិន្ទុ ព្រោះ​ការ​​ប្រកួត​ចំនួន​៥​លើក​កន្លង​មក​នេះ ពួកគេ​បាន​យក​ឈ្នះ​ដោយ​លទ្ធផល ៣-០ ចំនួន​១​លើក​ទៀត ហើយបាន​ឈ្នះ​ដោយ​លទ្ធផល ៣-១ និង ៣-២ ចំនួន​២​លើកដូចគ្នា ខណៈ​ការលក្ខខណ្ឌ​នៃ​ការ​ប្រកួត «តេជោលីគ» នេះ ការ​​ឈ្នះ​ដោយ​លទ្ធផល ៣-១ បាន២ពិន្ទុ និង​ឈ្នះ ៣-២ បានត្រឹម​១​ពិន្ទុ​​ទេ។


ជាមួយ​លទ្ធផល​នេះ ​ក្រុម​បញ្ជាការ​ដ្ឋាន​អង្គរក្ស និង​ក្រុម​ក្រសួង​មហាផ្ទៃ ដែល​កំពុង​ឈរ​នៅលេខ​៣ ដោយមាន​១៣ពិន្ទុ​ដែរ​នោះ បាន​​ប្រកួត​គ្នា​យ៉ាង​ស្វិត​ស្វាញ​បំផុត សម្រាប់ការ​ជួបគ្នា កាលពី​ថ្ងៃទី​១៩ ខែមករា ហើយ​ជាលទ្ធផល​ក្រុម​បញ្ជាការ​ដ្ឋាន​អង្គរក្ស បាន​​យក​ឈ្នះដោយ​លទ្ធផល ៣-២ ជាមួយ​គ្រាប់​បាល់ ២៥-១៥ ៤១-៤៣ ២៥-២២ ២៣-២៥ និង ១៥-៩។

ចំពោះ​គ្រាប់បាល់​យក​ឈ្នះ​គ្នា​រហូត​ដល់ ៤៣-៤១ នេះ បានក្លាយជា​កំណត់ត្រា​គ្រាប់​បាល់​ច្រើន​​បំផុត ដែល​មិន​ធ្លាប់​មាន នៅ​ក្នុង​ប្រវត្តិ​បាល់​ទះ​នៅ​កម្ពុជា​​ទេ ដោយសារ​តែ​ក្រុមបញ្ជាការ​ដ្ឋាន​អង្គរក្ស និង​ក្រសួង​មហាផ្ទៃ មាន​កម្រិត​លេង​ល្អ ហើយ​​បាន​​​ដាក់​បញ្ចូល​កីឡាករ​បរទេស​ចំនួន​៣​នាក់​ឱ្យ​ចូលរួម​ជួយ​ក្រុម ក្នុងការ​ប្រកួត​តេជោលីគ​នេះ​ដូចគ្នា ដោយ​កីឡាករ​​បរទេស​ទាំង​នោះ សុទ្ធ​​តែ​​មានសមត្ថ​ភាព​​លេងខ្លាំង។

ការ​ប្រកួត​រវវាងក្រុម​វិសាខា (ខៀវ) ជាមួយក្រុមកង​ពល​ធំអន្តរាគមន៍​លេខ​៣ នៅក្នុង​វិមានពហុកីឡដ្ឋានជាតិ​អូឡាំពិក។រូប សហការី

សម្រាប់ការ​ប្រកួត​​កីឡាបាល់ទះតេជោលីគ រដូវកាលទី​១ ឆ្នាំ​២០២៤​នេះ ​មាន​ការ​ប្រកួត​ចំនួន​៣ជុំ គឺ​ជុំទី១ ​ជាការ​ប្រកួត​វិលជុំ​សន្សំពិន្ទុ​រវាង​ក្រុម​ទាំង​៨ ដែល​ត្រូវ​ធ្វើ​រៀងរាល់​ថ្ងៃសុក្រ សៅរ៍ និងអាទិត្យ នៅវិមាន​ពហុកីឡ​ដ្ឋានជាតិអូឡាំពិក ចាប់ពី​ថ្ងៃទី១២ ខែមករាមក រួច​ហើយ​យក​​​ក្រុមឈរលេខ១ ​ដល់​លេខ​៦ ទៅ​​ប្រកួត​នៅជុំទី២ ដើម្បី​ចម្រាញ់​​យក​ក្រុមខ្លាំង​៤​ក្រុម​ចុង​ក្រោយ ទៅ​ប្រកួត​នៅ​ជុំទី៣ ឬ​វគ្គ​ពាក់​កណ្តាល​​ផ្តាច់​ព្រ័ត្រ ចំណែក​​ក្រុម​ឈ្នះ នៅជុំទី​៣ ត្រូវ​ឡើង​​ទៅ​​ប្រកួតដណ្ដើមជើងឯក នៅ​វគ្គ​​ផ្តាច់​​ព្រ័ត្រ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២៤។  

យ៉ាងណាមិញ សម្រាប់​ការ​សម្រាប់ការ​ប្រកួត​សន្សំពិន្ទុ​២​លើកចុង​ក្រោយ​ក្នុងជុំទី​១​ នា​ថ្ងៃទី​២៦ និងទី​២៧ ខែមករា ខាង​មុខ​នេះ បាន​ក្លាយជា​ការ​ប្រកួត​យ៉ាងសំខាន់ ដើម្បី​កំណត់​យក​៦​ក្រុម ឡើង​ទៅលេង​នៅជុំ​ទី​២ ហើយ​ក៏ជាជំនួប​ដ៏សំខាន់ ដែល​ក្រុម​វិសាខា ត្រូវ​ប៉ះ​ក្រុម​បញ្ជាការ​ដ្ឋាន​អង្គរក្ស ដើម្បី​ដណ្តើម​គ្នា​យក​លេខ​១ ដែល​ត្រូវ​ធ្វើ​នៅ​ព្រឹក​ម៉ោង ១០:៣០ ថ្ងៃទី​២៦ ខែមករា៕