ភ្នំពេញ៖ លោក ហួរ សុមេធ អនុ​ប្រធាន​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ តំណាង​ឱ្យ​លោក គុណ ញឹម រដ្ឋ​​មន្រ្តីប្រតិភូអមនាយក​រដ្ឋ​មន្រ្តី អគ្គនាយក​នៃអគ្គនាយក​ដ្ឋាន​គយ និងរដ្ឋាករ​កម្ពុជា ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​បាន​ថ្លែង​កោតសរសើរ​ដល់​សហព័ន្ធ​កីឡាជឺជីតស៊ូ​កម្ពុជា​ ដែល​បាន​វិវឌ្ឍ​ខ្លួន​យ៉ាងឆាប់រហ័ស ក្នុង​ការ​អភិវឌ្ឍ​ទាំង​ធនធាន​កីឡាករ កីឡាការិនី និង​ធន​ធាន​មន្រ្តី​បច្ចេក​ទេស ហើយ​បានជំរុញ​ឱ្យ​ប្រភេទ​កីឡា​នេះ អាច​មានលទ្ធភាពដណ្តើម​បានមេដាយ នៅលើ​ឆាក​អន្តរជាតិជាបន្ត​បន្ទាប់​ជូនប្រទេសជាតិ។

ជាមួយគ្នា​នេះ លោក ហួរ សុមេធ ​បានចាត់​ទុក​ការ​ប្រកួតកីឡាជឺជីតស៊ូ​ថ្នាក់ជាតិ ឆ្នាំ​២០២៣ ដែល​ទើប​បាន​ធ្វើ​ឡើង នៅ​ក្នុង​សាលនៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កាលពី​ថ្ងៃទី​២០ ដល់​ទី​២១ ខែមករា កន្លងមក​នេះ​ថា​​ ជា​ឱកាស​​ដ៏​សំខាន់ ដើម្បី​ជ្រើសរើស​​បានកីឡាករ កីឡាការិនី​មានសមត្ថ​ភាព និងទេព​កោសល្យ សម្រាប់​ប្រកួត​តំណាង​ឱ្យ​ជាតិ នៅ​លើ​ឆាក​អន្តរជាតិ​ជាបន្ត​ទៀត ជាពិសេស​ការ​ត្រៀម​ឆ្ពោះ​ទៅ​ធ្វើ​ម្ចាស់​ផ្ទះការ​ប្រកួត​កីឡាយុវជន​អាស៊ី ឆ្នាំ​២០២៩។

លោក​បាន​ថ្លែង ក្នុង​ពិធីបិទ​ការ​ប្រកួត​ កាលពី​ល្ងាច​ថ្ងៃទី​២១ ខែមករា​នោះ​​ថា៖ «ការ​ប្រកួត​​​ថ្នាក់​​ជាតិ​នេះ អាចចាត់​ទុក​ថា ជា​​ព្រឹត្តិការណ៍​ដ៏សំខាន់​បំផុត​របស់​សហព័ន្ធ ក្នុង​ការ​អភិវឌ្ឍ​មន្ត្រី​​បច្ចេកទេស​ឱ្យ​កាន់​តែ​មាន​ជំនាញ​​​​កម្រិត​ខ្ពស់ ស្រប​តាម​ស្តង់ដា​អន្តរ​ជាតិ និង​ការ​ជ្រើស​រើស​កីឡាករ កីឡាការិនី​​ថ្នាក់​ជាតិ ​សម្រាប់​​ចូល​រួម​​​ការ​ប្រកួតកីឡាជឺជីតស៊ូ​អន្តរ​ជាតិ​នានា ជា​ពិសេស​​ដើម្បី​​ត្រៀម​ខ្លួន​រៀបចំ​​ព្រឹត្តិការណ៍កីឡាយុវជន​អាស៊ី ឆ្នាំ២០២៩ ដែល​ប្រទេស​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ»។


លោក ហួរ សុមេធ ពេល​ឡើង​បំពាក់មេដាយ​ឱ្យ​ម្ចាស់​ជយលាភី ក្នុងពិធី​បិទ​ការ​ប្រកួត​កីឡាជឺជីតស៊ូជើងឯក​ថ្នាក់ជាតិ។ឈន ណន

ឆ្លង​កាត់​ការ​ប្រកួត​កីឡាជឺជីតស៊ូ​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០២៣ ​រយៈ​ពេល​២ថ្ងៃ​កន្លង​មក​នេះ លោក ហួរ សុមេធ ​ ​បាន​បង្ហាញ​ការ​​​សប្បាយ​រីករាយ​យ៉ាង​ក្រៃលែង​ក្នុង​​នាម​​ជា​​ស្ថាប័ន​ដៃ​គូ​អភិវឌ្ឍន៍ ដែល​បាន​ឃើញ​ពី​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​របស់​សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា ជាពិសេស​ព្រឹត្តិការណ៍​ប្រកួតថ្នាក់ជាតិនេះ​មាន​​អ្នក​​ចូល​រួម​ប្រកួត​យ៉ាង​ផុលផុស ដោយ​ភាគ​ច្រើនជាយុវជន យុវតី ដែលជាអ្នក​បន្តវេន​ជំនាន់​ក្រោយ។


អនុ​ប្រធាន​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ លោក ហួរ សុមេធ បាន​បញ្ជាក់​​ថា៖ «ខ្ញុំ​សូម​​កោត​សរសើរចំពោះថ្នាក់ដឹកនាំ និង​មន្ត្រីដឹកនាំ​ការ​​ប្រកួត​​របស់​សហព័ន្ធ ដែល​បាន​​រៀបចំ​​ការ​ប្រកួត​​​ថ្នាក់​ជាតិ​នេះឱ្យប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ទទួល​​បាន​​ជោគ​ជ័យ​​ជា​​ទីមោទនៈ ហើយ​ក្នុង​​នាម​​អគ្គនាយក​ដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា​ ប្តេជ្ញា​បន្ត​ជួយ​ឧបត្ថម្ភ​គាំទ្រ​គ្រប់​រូប​ភាព​​ដល់​ដំណើរ​​ការ​​អភិវឌ្ឍន៍​​សហព័ន្ធ​កីឡា​ជឺជីត​ស៊ូ​កម្ពុជា»។

តាម​របាយការណ៍​របស់​លោក ថោង បញ្ញាធន អនុ​ប្រធាន​ទី​១​ សហព័ន្ធ​កីឡាជឺជីតស៊ូ​កម្ពុជា បាន​ឱ្យ​ដឹង​ថា ការ​​ប្រកួតកីឡាជឺជីតស៊ូ​ជើង​ឯក​ថ្នាក់ជាតិ​នេះ មាន​សមាគម-ក្លិបចំនួន ​៩ បាន​​​ដាក់​ពាក្យ​​ចូលរួម ដោយ​មាន​កីឡាករ​ ៨៩ នាក់ កីឡាការិនី​ ៣៥ នាក់ គ្រូបង្វឹក​ ១៥ នាក់ ប្រតិភូ​ដឹក​នាំ ៩ នាក់ និងមន្រ្តីដឹកនាំការប្រកួត ​៦០ នាក់  សរុបចំនួន ២០៨ នាក់។

ក្រុម​អត្តពលិកទាំង​ ១២៤​ នាក់នេះ ​​ត្រូវ​បានបែង​ចែក​ការ​ប្រកួត​ជា​២វិញ្ញាសា គឺ​វិញ្ញាសា​ប្រយុទ្ធមាន​ហ្គីនិងវិញ្ញាសាប្រយុទ្ធ​គ្មានហ្គី ដោយមានសរុប ​១៩ ​វិញ្ញាសា ហើយ​ជា​លទ្ធផល​នៃ​ការ​ប្រកួត​នេះ ក្រុម​សមាគមកីឡាជឺជីតស៊ូ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​ឈ្នះ​មេដាយមាស​៥ ប្រាក់​១ និងសំរឹទ្ធ​២ បានឈរ​នៅចំណាត់​ថ្នាក់លេខ​១ តាម​ពី​ក្រោយ​ដោយ​ក្លិបគីរីជឺជីតស៊ូ ដែល​ឈ្នះ​បាន​មាស​ ៤ ប្រាក់​ ៦ និង​មេដាយសំរឹទ្ធ​ ១២។

ចំណែក​សមាគមកីឡាជឺជីតស៊ូមជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដែល​ទើប​បាន​ចូល​​រួម​ការ​ប្រកួត​ថ្នាក់ជាតិជា​លើក​ដំបូងនេះ ដណ្តើម​បាន​មេដាយមាស​៣ ប្រាក់​ ៣ និងសំរឹទ្ធ​ ១ ដើម្បី​ឈរ​នៅលេខ​៣ រីឯ​ក្លិបចតុមុខជឺជីតស៊ូ ក្លិប​ម៉ន​ស្ទើ​វ៉ាយ​វ៉េក​តូរី ក្លិប​ស្ទឹង​ត្រែង​យូដូ សមាគម​កីឡា​ជឺជី​តស៊ូ​ក្រសួងមហាផ្ទៃ និង​ក្លិបឱកាសប្រ៊ូជីក បាន​ឈរ​នៅលេខ​រៀង​បន្ត​បន្ទាប់​គ្នាតាម​រយៈមេដាយដែល​ពួកគេដណ្តើម​បាន ប៉ុន្តែ​ក្រុម​អត្តពលិក​របស់​​ក្លិបនាគរាជជឺជីតស៊ូ មិនដណ្តើម​បាន​មេដាយ​ទេ។

ជាមួយ​លទ្ធផល​នេះ លោក ថោង បញ្ញាធន បាន​វាយ​តម្លៃជារួម​ថា៖ ​«​តាម​ការ​សង្កេត យើង​​ឃើញថា កម្រិតបច្ចេកទេស កីឡាករកីឡាការិនី​​ភាគ​​ច្រើន​​មាន​​ការ​​រីក​ចម្រើន​ជាង​មុន បើ​ប្រៀប​ធៀប​ជាមួយ​​នឹង​​ឆ្នាំមុន។ ការរីកចម្រើន​​នេះ​ មក​ពី​​ក្រុ​ម​អត្តពលិក​ទាំង​អស់​​មាន​បទ​ពិសោធន៍​ច្រើន​ ដោយបានចូលរួមប្រកួតច្រើន​លើ​ក​ច្រើនសា​ ហើយ​គួបផ្សំ​នឹង​គ្រូ​បង្វឹក​មាន​បទ​ពិសោធន៍ និង​​ទេពកោសល្យ​បង្ហាត់ ដែល​ធ្វើឱ្យ​​ពួកគាត់ឆាប់​យល់ និង​ឆាប់​ចាប់​បាន​​​​បច្ចេក​ទេស​​ដែល​​គ្រូ​បង្ហាត់»។

ទន្ទឹម​នឹង​នេះ ការប្រកួតជើងឯក​ថ្នាក់ជាតិ​នេះ ​ពុំ​មាន​​បាតុភាព​អ្វី​ធ្វើឱ្យ​មាន​ការ​រាំង​ស្ទះ​ដល់​ដំណើរ​ការ​ប្រកួត​ឡើយ។ លោក ថោង បញ្ញាធន បាន​បញ្ជាក់ថា៖ «ការ​អនុវត្ត​ការងារ​​​ពេល​ប្រកួត​ប្រកប​​ទៅ​ដោយ​រលូន និងជោគជ័យចំណែក​អាជ្ញា​កណ្តាល​របស់​យើង ខិតខំ​ប្រឹង​ប្រែង​បញ្ចេញ​អស់​ពី​សមត្ថភាពក្នុង​ការ​វិនិច្ឆ័យ​​​និងការ​ផ្តល់​ពិន្ទុ។ ទោះ​បី​មិន​ទាន់​សុក្រឹតត្រឹម​ត្រូវ​ ១០០​ ភាគ​រយក្ដី តែ​អាច​ទទួល​យក​បានចំពោះ​ការ​ផ្តល់​ពិន្ទុ​ប្រកប​ដោយ​មនសិការ​វិជ្ជាជីវៈ​ជា​អាជ្ញាកណ្តាល»៕