ភ្នំពេញៈ ស្ថិតនៅវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ យុវតី ២ រូប ដែលកំពុងរៀននៅវិទ្យាល័យហ៊ុនសែនបូរី ១០០ ខ្នង អាចមានសមត្ថភាពដណ្តើមយកមេដាយតាមរយៈការប្រកួតថ្នាក់ជាតិនៅក្នុងវិញ្ញាសាកីឡាវ៉ូវីណាម ដែលជាវិញ្ញាសាមួយត្រូវបានដាក់ចូលក្នុងការប្រកួតស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្លាប់ធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ ២០២៣។
ក្នុងភាពជាបងប្អូនបង្កើតនឹងគ្នាដែលបច្ចុប្បន្នកំពុងសិក្សានៅវិទ្យាល័យហ៊ុនសែនបូរី ១០០ ខ្នង យុវតី សេង សុខលីហ្សា ដែលមានអាយុ ១៥ ឆ្នាំ រៀនថ្នាក់ទី៩ បានឈ្នះជយលាភីមេដាយមាសចំនួន ២ និងប្រាក់ចំនួន ២ គ្រឿងពីការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់គិរីសួគ៌ឆ្នាំ ២០២៣ កាលពីថ្ងៃទី ៤-៥ ខែមករា ឆ្នាំ ២០២៤ លើវិញ្ញាសាកីឡាវ៉ូវីណាម។ ចំណែកយុវតី សេង សុខលីតា អាយុ ១៦ ឆ្នាំ ត្រូវជាបងស្រីបង្កើតរៀននៅថ្នាក់ទី១១ ក៏ដណ្តើមបានមេដាយចំនួន៣គ្រឿងផងដែរលើវិញ្ញាសាដូចគ្នា។
ផ្ដើមចេញពីជោគជ័យនេះ ក្តីស្រមៃបន្ទាប់របស់អ្នកទាំង២គឺចង់ចូលហាត់នៅក្នុងក្លិបជម្រើសជាតិ និងជាតំណាងកីឡាការិនីវ៉ូវីណាមជម្រើសជាតិ។ ជាពិសេសបងប្អូនទាំង២ គឺ លីតា និងលីហ្សា ក៏មានក្តីប្រាថ្នាចង់ចូលរួមប្រកួតជាអន្តរជាតិនៅប្រទេសដើមកំណើតកីឡាវ៉ូវីណាមគឺប្រទេសវៀតណាមផងដែរ។ កត្តាដែលធ្វើឱ្យបងប្អូនស្រីទាំង២នាក់សម្រេចចិត្តជ្រើសរើស និងហាត់កីឡាវ៉ូវីណាមគឺដោយសារតែការស្រឡាញ់កីឡាមួយប្រភេទនេះផ្ទាល់ហើយក៏មានការណែនាំពីអ្នកជិតខាងនិងគ្រូបង្ហាត់កីឡានេះផងដែរ។
អ្នកទាំង២បានឱ្យដឹងថា ពួកគេពិតជាមានអារម្មណ៍សប្បាយចិត្តនៅពេលដែលទទួលបានមេដាយ ដោយសារមុនពេលហាត់ដំបូងពួកគេមិនទាន់មានសមត្ថភាពអាចទទួលបានមេដាយនៅឡើយទេ តែដោយសារការខិតខំប្រឹងប្រែងហាត់កន្លងមក និងមានការជំរុញលើកទឹកចិត្តពីគ្រូបង្ហាត់ ទើបពួកគេអាចមានសមត្ថភាពដណ្តើមបានមេដាយដូចនេះ។
លីហ្សា បាននិយាយថា៖«ខ្ញុំសប្បាយចិត្តដោយសារតែខ្ញុំទទួលបានមេដាយមាស២ ដែលក្នុងនោះខ្ញុំធ្វើការសម្តែង៣ និងប្រយុទ្ធមួយ»។ លីតា បានបន្ថែមថា៖«ខ្ញុំទទួលបានមេដាយចំនួន៣ នៅក្នុងវិញ្ញាសាដូចជា ឯកត្តជន ញឹត មួងវៀងវៃ ក្រុមថាប់ទឺវៀង និងវៃក្រុម ញឹត មួងវៀង»។
លើសពីនេះទៀត ម្ចាស់មេដាយទាំង២នាក់បានឱ្យដឹងដែរថា នៅក្នុងការប្រកួតនេះមិនងាយស្រួលទទួលបានមេដាយប៉ុន្មានទេ ដោយសារតែដៃគូប្រកួតភាគច្រើនមានសមត្ថភាពសុទ្ធសឹងតែជាជម្រើសជាតិ។ សម្រាប់ការប្រយុទ្ធ គេមិនលេងជង្គង់ និងកែងទេ គឺគេលេងតែដៃ និងជើងប៉ុណ្ណោះ ដោយមានការពាក់មួក ពាក់កាយ និងធ្មេញការពារ។
យុវតី លីហ្សា បានឱ្យដឹងថា នៅពេលប្អូនចូលហាត់កីឡាវ៉ូវីណាមដំបូងមានការលំបាកខ្លាំងគឺមានគេហាត់ច្រើន ហើយរូបប្អូនមិនទាន់មានបច្ចេកទេសក្នុងការហាត់នៅឡើយទេ តែប្អូនបានហាត់ក្នុងរយៈពេល១ម៉ោងកន្លះក្នុង១ថ្ងៃសម្រាប់ត្រៀមប្រកួត។
ប្អូនស្រីបានបន្តថា ការចូលក្លិបនេះគឺជាការសម្រចចិត្តរបស់ប្អូនចាប់តាំងពីការប្រកួតកីឡាវ៉ូវីណាមជើងឯកក្មេងៗគិរីសួគ៌ដំបូងមកម្ល៉េះ។ សម្រាប់ការចូលប្រកួតតំណាងឱ្យក្លិបកងយោធពលខេមរភូមិន្ទវិញ ប្អូនស្រីបានបញ្ជាក់ថា ខាងក្លិបសែនសុខដែលប្អូនកំពុងហាត់បច្ចុប្បន្នបានចាត់តាំងឱ្យអ្នកទាំង២ហាត់តំណាងឱ្យក្លិបនេះដោយមានរួមបញ្ចូលគ្នាទាំងក្លិបផ្សេងៗមានប្រហែល៣០ ទៅ៤០នាក់ ។
លីហ្សា បានបន្តទៀតថា៖ «សម្រាប់ការសម្រេចចិត្តជ្រើសរើសកីឡាវ៉ូវីណាមគឺដោយសារខ្ញុំមើលឃើញថា កីឡាវ៉ូវីណាមវាអត់សូវល្បី ប៉ុន្តែអាចថា កីឡានេះវាល្អ មានសុវត្ថិភាព និងមានកម្លាំងអាចធ្វើឱ្យយើងមាំមួនបាន ហើយកីឡាហ្នឹងក៏ល្អសម្រាប់សុខភាពយើងផងដែរ»។
យុវតីរូបនេះ បានបញ្ជាក់ថា៖ «កីឡាវ៉ូវីណាមគេហាត់មានកីឡាដាវ ដាវគូ វ៉ៃគ្រំ មានឯកត្តជន មានប្រយុទ្ធប្រុស ស្រី មានប្រុស៣នាក់ និងកីឡាផ្សេងៗទៀត»។
លីហ្សា បានប៉ាន់ស្មានថា ចំពោះសមត្ថភាពរបស់ប្អូនបើប្រៀបធៀបទៅនឹងការប្រកួតអន្តរជាតិ និងការប្រកួតកីឡាស៊ីហ្គេមកន្លងមក គឺនៅមានកម្រិតនៅឡើយ តែយ៉ាងណាក្ដីប្អូនថានឹងខិតខំប្រឹងប្រែងបង្កើនសមត្ថភាពបន្ថែមទៀត។
ចំណែក យុវតី លីតា វិញ បានឱ្យដឹងថា៖ «ខ្ញុំមានអារម្មណ៍ថា សប្បាយ ដោយសារតែកាលពីមុនយើងធ្លាប់ចូលប្រកួតដែរ ប៉ុន្តែយើងអត់បាន[មេដាយ]យើងឃើញគេបានយើងសប្បាយចិត្ត យើងក៏ប្រឹងហាត់ខ្លួនឯង ដល់ពេលបានទៅយើងសប្បាយចិត្តថា ខ្លួនឯងអាចធ្វើបាន ហើយខំប្រឹងប្រែងហាត់បន្ថែមទៀត»។
ជាមួយនេះដែរ លីតា បានឱ្យដឹងទៀតថា ប្អូនមានការស្រឡាញ់កីឡាវ៉ូវីណាមនេះ ហើយមានបំណងចង់ទៅប្រកួតជាអន្តរជាតិជាកីឡាការិនីជម្រើសជាតិ និងប្រកួតនៅប្រទេសដែលជាដើមកំណើតកីឡាវ៉ូវីណាមផងដែរ។
គួររំឭកដែរថា ក្នុងការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ គិរីសួគ៌ ឆ្នាំ២០២៣ សមាគមក្លិបកីឡាវ៉ូវីណាមរបស់កងយោធពលខេមរភូមិន្ទដែលលីតា និងលីហ្សា ជាកីឡាការិនីហាត់តំណាងបានគ្រងចំណាត់ថ្នាក់លេខ១ ហើយក៏ជាក្លិបដែលទទួលបានមេដាយច្រើនជាងគេផងដែរ ដែលមេដាយសរុបមានរហូតដល់១៦គ្រឿង ក្នុងចំណោមសមាគមក្លិប១៣ទៀតដែលបានចូលរួមប្រកួតនៅក្នុងកម្មវិធីនេះ។
ជាក់ស្តែងសមាគមក្លិបនេះទទួលបានមេដាយមាសចំនួន១២គ្រឿងនៅក្នុងនោះមានមេដាយប្រាក់ចំនួន២គ្រឿង និងមេដាយសំរឹទ្ធចំនួន២គ្រឿង នៅលើវិញ្ញាសាកីឡាវ៉ូវីណាមផ្សេងៗ។
ចំពោះការទទួលបានជយលាភីមេដាយរបស់លីហ្សា និងលីតា លោកគ្រូ សេង សកល ដែលបង្រៀននៅវិទ្យាល័យហ៊ុនសែនបូរី១០០ខ្នង និងជាឪពុកយុវតីទាំង២រូបតែងតែមកចូលរួមលើកទឹកចិត្តដល់កូនស្រីរបស់លោកជានិច្ច។ លោកគ្រូបានឱ្យដឹងថា លោកគ្រូមានតែការលើកទឹកចិត្តឱ្យពួកគាត់ខិតខំហ្វឹកហាត់ឱ្យបានល្អបន្តទៀតដើម្បីឱ្យឈានទៅបន្តនៅថ្នាក់ជាតិ ។
លោកគ្រូបានបញ្ជាក់ថា៖ «ប្រសិនបើកូនស្រីសម្រេចចិត្តធ្វើជាកីឡាការិនីជម្រើសជាតិ គឺខ្ញុំមានតែការគាំទ្រ១០០ភាគរយហ្នឹងហើយដើម្បីឱ្យពួកគាត់ខិតខំ ឱ្យតែពួកគាត់ចូលចិត្តហាត់កីឡាហ្នឹង ខ្ញុំជួយជំរុញឱ្យបានតទៅទៀត»។
លោក ម៉ី សុមុនី ជានាយករងតំណាងគណៈគ្រប់គ្រងនៅវិទ្យាល័យហ៊ុនសែនបូរី១០០ខ្នងបានថ្លែងដែរថា៖ «តាមពិតទៅ កីឡាការិនីទាំង២នាក់គាត់ប្រកួតក្នុងនាមក្លិបទេ គាត់ទទួលបានជយលាភីអ៊ីចឹងសាលាមានមោទនភាព មានការត្រេកអរ និងកោតសរសើរ ហើយចំពោះសិស្សដែលមានភាពខិតខំយើងតែងតែមានការបណ្តុះបណ្តាលឱ្យមានការរីកចម្រើនទៅតាមទេពកោសល្យរៀងៗខ្លួន»។
លោកបានបន្តថា លោកគ្រូមានតែការលើកទឹកចិត្តនិងជំរុញ ពីព្រោះថា ជយលាភីសម្រាប់ឧត្តមភាពផ្នែកកីឡានេះ វាជាកិតិ្តយសសម្រាប់ខ្លួនឯង គ្រួសារ សាលារៀន និងសង្គមជាតិដែលសាលាកំពុងតែបណ្តុះបណ្តាលធនធានមនុស្សតាមចតុស្តម្ភនៃការអប់រំ ការពង្រីកសក្តានុពល និងទេពកោសល្យទៅតាមឧបនិស្ស័យចំណង់ចំណូចិត្ដរបស់សិស្ស ដូចជា ការជំរុញក្លិបតេក្វាន់ដូ ក្លិបវ៉ូវីណាម ក្លិបខាងសិល្បៈរបាំបុរាណ សម័យ ស្មូត តែងនិពន្ធ ជាដើមដើម្បីឱ្យសិស្សមានសមត្ថភាពចម្រុះប្រៀបដូចទៅនឹងសួនដែលមានផ្កាចម្រុះពណ៌ដូច្នោះដែរ៕ កុសល សិរីកន្យា