ភ្នំពេញ៖ មជ្ឈមណ្ឌល និង​សាលា​កីឡា​បាល់​ទាត់​ជាតិ​ (​បាទី)​ ដែល​ជា​កន្លែងបណ្តុះ​បណ្តាល​​ថ្នាល​បាល់​ទាត់​​របស់សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា (FFC) បាន​សម្រេច​ទទួល​យក​យុវជន​អាយុ​ក្រោម​ ១៥ ​ឆ្នាំ​ ចំនួន​ ១៦ ​នាក់ ឱ្យ​ទៅរស់នៅ សិក្សា និងហ្វឹកហាត់​ជំនាញ​បាល់​ទាត់​នៅ​ទី​នោះជា​ផ្លូវការ​ហើយ ​បន្ទាប់ពី​ពួក​គេបាន​ទទួល​ជោគ​ជ័យ ក្នុងការ​ធ្វើ​តេស្ត កាលពី​ពេល​ថ្មីៗ​នេះ។

ជុំវិញ​ការ​ងារ​នេះ លោក កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា បានប្រាប់​​​កាលពី​ថ្ងៃពុធ​ថា ការ​​ធ្វើ​តេស្ត​ជ្រើសរើស​យុវជន​អាយុ​ក្រោម ​១៥​ ឆ្នាំនេះ គឺដើម្បី​បំពេញ​បន្ថែម​នៅ​ចំនួន​កីឡាករ​ក្នុង​ក្រុម​អាយុ​ក្រោម ​១៥​ ឆ្នាំ (U15)​ ដែល​​កំពុង​​​ស្នាក់​នៅ សិក្សា និង​ហ្វឹក​​ហាត់​​នៅ​មជ្ឈ​មណ្ឌល និង​សាលា​កីឡា​បាល់​ទាត់​ជាតិ បន្ទាប់ពីសមាជិក​មួយចំនួន​របស់​ក្រុម U15 ត្រូវបាន​ជ្រើស​រើស ឬដំឡើង​ឱ្យ​ទៅលេង​នៅ​ក្នុង​ក្រុមU18។

លោក​បានបញ្ជាក់​ថា៖​ «​នៅបាទី យើងមាន​ក្រុម​ U15 និង U18 ហើយ​​នៅ​ក្នុង​ក្រុម U18 ក្មេង​ៗ​របស់​យើង យ៉ាងយូរបំផុត​ត្រឹម​អាយុ​ ១៩ ​ឆ្នាំ ពួកគាត់​ត្រូវ​ប្រឡងបាក់​ឌុប​​ហើយ ហើយបើ​លើសពី​អាយុ​ ១៩ ឆ្នាំ ក៏​យើង​អត់​ទុក​ទៀត​នោះ​ដែរ ព្រោះ​វា​ដល់​ពេល​ដែល​គាត់​ត្រូវចេញ​ទៅប្រកប​អាជីព អ៊ីចឹង​កីឡាករ​ភាគ​ច្រើន នៅ​ក្រុម ​U15 ត្រូវបាន​គ្រូ​បង្វឹក​ជ្រើស​រើសឱ្យ​ទៅ​ចូល​ក្រុម​ U18 ចំណែក​អ្នកដែល​​យើង​ទើប​ជ្រើស​រើសបាន​នេះ គឺ​ត្រូវ​ដាក់បំពេញ​បន្ថែម​ក្នុង​ក្រុម​U15»។


សម្រាប់​ការ​​ធ្វើ​តេស្ត​​​កីឡាករជា​យុវជន​អាយុ​ក្រោម ​១៥ ​ឆ្នាំ ​មក​ពី​តាម​បណ្ដា​រាជ​ធានី-ខេត្ត ដើម្បី​ជ្រើសរើស​អ្នក​មានសមត្ថ​ភាព និង​ទេព​កោ​សល្យ​​​ចូល​​ទៅ​​ស្នាក់​នៅ សិក្សា និង​ហ្វឹក​​ហាត់នៅ​មជ្ឈមណ្ឌល និង​សាលា​កីឡា​បាល់​ទាត់​ជាតិ​នេះ ត្រូវ​បាន​ធ្វើ​ឡើង កាល​ពី​ថ្ងៃ​ទី ​១៦ ដល់​ថ្ងៃ​ទី ​១៨ ខែ​មករា ឆ្នាំ២០២៤ ក្រោម​ការ​ត្រួត​ពិនិត្យ និង​វាយ​តម្លៃ​ដោយ​គ្រូ​បង្វឹក​ជនជាតិជប៉ុន ដោយ​សម្រេច​យក ​​១៦ នាក់។


ចំពោះ​បេក្ខភាព​ទាំង ​១៦ នាក់ ដែលបានជាប់​ក្នុងការ​ធ្វើ​តេស្ត​នេះ រួម​មាន​កីឡាករ ឡុង ប៉ិច, ផល វីបុត្រ, សុខុម វរៈគន្ធ មកពី​ខេត្ត​មណ្ឌល​គិរី កីឡាករ ឆាយ ឆារ៉ាត់, សាន សីហៈ, ឆាយ ឆាណាត់ មកពី​ខេត្តប៉ៃលិន កីឡាករ សៃណាង គិមវចនា,​ ជា វុទ្ធី មកពី​​សៀម​រាប កីឡាករ មុនី កែវពិសិដ្ឋ មកពី​រតនគិរី កីឡាករ សីហា សុហ៊ិន មក​ពី​បន្ទាយ​មានជ័យ កីឡាករ ផុន វិសិទ្ធី មកពី​បាត់ដំបង កីឡាករ ក្លាក វិរៈវិលលៀម របស់​ព្រះសីហនុ កីឡាករ ជន ចាន់រ៉ា មក​ពី​កំពង់ធំ កីឡាករ សាញ់ សុខជា មកពី​ស្វាយ​រៀង កីឡាករ ម៉ឺន ហ្វារីហ្វីន មកពី​កំពង់​ឆ្នាំង និងកីឡាករ ស្រឿន ដេវីត ​របស់​រាជធានី​ភ្នំពេញ។

បើ​តាម​លោក កែវ សារ៉េត កីឡាករ​យុវជន​ទាំង​ ១៦ នាក់ ដែល​បានជ្រើស​រើសឱ្យ​ទៅ​ស្នាក់​នៅ សិក្សា និង​ហ្វឹក​ហាត់បាល់​ទាត់ នៅ​​មជ្ឈមណ្ឌល និង​សាលា​កីឡា​បាល់​ទាត់​ជាតិនេះ គឺ​​សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា នឹង​រ៉ាប់រង​គ្រប់បែប​យ៉ាង ទាំង​ទៅលើការ​ស្នាក់នៅ ហូបចុក ការ​សិក្សា​រៀនសូត្រ និងការបណ្តុះបណ្តាលជំនាញ​បាល់​ទាត់ តាម​ស្តង់ដា​អន្តរជាតិ​រហូត​ដល់​ពួកគេ​ប្រឡង​បាក់​​ឌុប​ថ្នាក់​ទី​១២។

លោក កែវ សារ៉េត បាន​បញ្ជាក់ថា៖ «​តម្រូវការ​ក្នុងការ​បណ្តុះបណ្តាល​ថ្នាល​បាល់​ទាត់នេះ យើង​ធ្វើ​ទៅតាមស្តង់ដាស្រុក​គេ គឺ​កីឡាករ​មាន​អាយុ​ ១៨ ឬ​​យ៉ាងច្រើន ​​១៩ ​ឆ្នាំ​ យើងត្រូវបញ្ចេញ​ឱ្យ​​ទៅ​ចូល​លេង​នៅតាម​ក្លិប​​ ហេតុនេះ​ក្មេងៗ ដែល​​ស្នាក់​នៅ សិក្សា និង​ហ្វឹក​​ហាត់​​នៅ​មជ្ឈ​មណ្ឌល និង​សាលា​កីឡា​បាល់​ទាត់​ជាតិ​គឺ​យើង​​កំណត់​​ត្រឹម​ការ​ប្រឡង​បាក់​ឌុប ថ្នាក់​ទី​១២។ ទោះ​​ប្រឡងជាប់​ក៏​ចេញ ប្រឡងធ្លាក់​ក៏​ចេញ​ដែរ ព្រោះ​វាដល់​កាល​កំណត់ ដែលពួកគាត់ត្រូវ​ចេញ​​ទៅ​ប្រកប​​អាជីព​ នៅ​ខាង​ក្រៅ​ហើយ»៕