ភ្នំពេញ៖ ពហុកីឡដ្ឋានជាតិ (អូឡាំពិក) ដែលត្រូវបានកសាងឡើង នៅឆ្នាំ១៩៦២ និងបានសម្ពោធជាផ្លូវការ នៅថ្ងៃទី១២ ធ្នូ ១៩៦៤ ហើយគូរប្លង់ដោយស្ថាបត្យករខ្មែរដ៏ល្បីឈ្មោះលោក វណ្ណ ម៉ូលីវណ្ណ នោះ បាននិងកំពុងប្រែមុខមាត់ថ្មី ជាមួយការបំពាក់កៅអីផ្អែកថ្មី នៅជុំវិញបរិវេណទាំងមូល ដែលរំលេចចេញរូបរាងយ៉ាងស្រស់ស្អាត ទៅតាមរចនាប័ទ្មរបស់ខ្មែរ។
ការបំពាក់កៅអីផ្អែកនេះ ត្រូវបានធ្វើឡើង ក្រោមជំនួយរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) និងការកៀរគររកចំណូលបន្ថែមរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ហើយការបំពាក់កៅអីថ្មីនេះ គឺបន្ទាប់ពី FFC បានទទួលការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីកែប្រែសោភណភាពស្តាតដ៏ចំណាស់មួយនេះ ឱ្យស្របតាមស្តង់ដាអន្តរជាតិរបស់ AFC និង FIFA។
លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រាប់ថា ចំនួនកៅអី ដែលត្រូវបានបំពាក់នៅបរិវេណពហុកីឡដ្ឋានជាតិនេះ មានចំនួនសរុប ២៥ ០០០ កៅអី ហើយក្រុមហ៊ុនក្នុងស្រុកឈ្មោះ Camfield Trading ជាអ្នករ៉ាប់រងគ្រប់បែបយ៉ាង ទៅលើការបំពាក់កៅអីផ្អែកនេះ ជាមួយទឹកប្រាក់សរុបចំនួន ៤៩៨ ៧៥០ ដុល្លារ។
លោក កែវ សារ៉េត បានបញ្ជាក់ថា៖ «ទឹកប្រាក់៤៩៨ ៧៥០ដុល្លារនេះ ជាចំនួនទឹកប្រាក់ ដែលសហព័ន្ធ បានដាក់ឱ្យក្រុមហ៊ុនម៉ៅការដេញថ្លៃ ដើម្បីបំពាក់កៅអីផ្អែក នៅពហុកីឡដ្ឋានជាតិ ចំនួន ២៥ ០០០ កៅអី បន្ថែមទៅលើកៅអី ដែលយើងបានបំពាក់រួចហើយ នៅខាងមុខវេទិកា ដែលមានចំនួន ៥ ០០០ កៅអី»។
បើតាមតួលេខនេះ គឺមានន័យថា ពហុកីឡដ្ឋានជាតិ បន្ទាប់ពីការបំពាក់កៅអីថ្មីរួចហើយ នឹងអាចផ្ទុកអ្នកគាំទ្របាន៣ម៉ឺននាក់ ដែលទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) និងសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ខណៈការប្រកួតអន្តរជាតិផ្លូវការកម្រិតអាស៊ី និងពិភពលោក កន្លងមក AFC និង FIFA បានអនុញ្ញាតឱ្យមានការលក់សំបុត្រត្រឹម៥ ០០០សន្លឹក សម្រាប់កន្លែងមានកៅអី នៅមុខវេទិកាតែប៉ុណ្ណោះ ចំណែកទីតាំងអង្គុយ ដែលកំពុងបំពាក់កៅអីថ្មីបន្ថែមនេះ គេមិនអនុញ្ញាតទេ។
ជាមួយគ្នានេះ លោក កែវ សារ៉េត បានឱ្យដឹងទៀតថា ដំណើរការបំពាក់កៅអីផ្នែកថ្មីនេះ ត្រូវធ្វើឱ្យរួចរាល់ នៅក្នុងដំណាច់ខែកុម្ភៈ ឆ្នាំ២០២៤ ខណៈរយៈពេលចូល១សប្តាហ៍មកនេះ ក្រុមជាង និងវិស្វករ ទើបតែចាប់កៅអី បានប្រមាណ៤០ភាគរយទេ ហើយពួកគេ កំពុងពន្លឿនការងារនេះ ដើម្បីធ្វើឱ្យរួចរាល់ តាមកាលកំណត់។
អគ្គលេខាធិការ FFC រូបនេះ បាននិយាយថា៖ «ការបំពាក់កៅអីថ្មីនេះ ត្រូវធ្វើឱ្យបានរួចរាល់ នៅត្រឹមខែកុម្ភៈ ព្រោះចូលដល់ខែមីនា យើងនឹងមានការប្រកួតផ្លូវការមកដល់ហើយ ហើយយើងជឿថា ក្រុមហ៊ុនម៉ៅការរបស់យើង នឹងអាចធ្វើឱ្យទាន់ពេលវេលា»។
ទន្ទឹមជាមួយគ្នានេះ ការបំពាក់កៅអីផ្អែកថ្មី ចំនួន ២៥ ០០០ កៅអីនេះ ត្រូវបានធ្វើឡើង ទៅតាមប្លង់របស់អ្នករចនាប្លង់យ៉ាងត្រឹមត្រូវ ដោយមានរំលេចចេញឈ្មោះ «ពហុកីឡដ្ឋានជាតិ» នៅចំណុចកណ្តាល ហើយកៅអីនៅសងខាង ក៏ផ្គុំចេញជារូបជារូបផ្ការំដួល ដែលជាផ្កាតំណាងឱ្យអត្តសញ្ញាណជាតិផងដែរ។
លោក កែវ សារ៉េត បានបញ្ជាក់ថា៖ «សម្រាប់ការរៀបចំប្លង់បំពាក់កៅអីផ្អែកនេះ គឺយើងមានរំលេចចេញនូវពាក្យ ពហុកីឡដ្ឋានជាតិ នៅផ្នែកកណ្តាល ចំណែកនៅសងខាង យើងមានរំលេចចេញជារូបផ្ការំដួលយ៉ាងស្រស់ស្អាត តាមលំនាំរចនាប័ទ្មរបស់ខ្មែរ ដោយមានអ្នករចនាប្លង់យ៉ាងត្រឹមត្រូវ ព្រោះនេះជាស្តាតតំណាងឱ្យជាតិរបស់យើង ដែលមានអាយុកាលយូរហើយ ហេតុនេះយើងត្រូវធ្វើឱ្យស្អាត និងប្លែកជាងកីឡដ្ឋានរបស់បណ្តាក្លិបផ្សេងៗ»៕