ភ្នំពេញ៖ សិក្ខាកាម​ជា​កីឡាករ កីឡាការិនី និង​មន្រ្តី​កីឡា​ចំនួន​២៥នាក់ ដែល​ទើបបាន​បញ្ចប់​វគ្គបណ្តុះ​បណ្តាល​មន្រ្តី​បច្ចេកទេស​រៀបចំ​ការ​ប្រកួត​កីឡា​ទូក​ក្តោង នៅខេត្ត​ព្រះសីហនុ ត្រូវ​បាន​ថ្នាក់ដឹកនាំ​​សហ​ព័ន្ធ​កីឡា​ទូក​ក្តោង​កម្ពុជា ចាត់​ទុក​ថា ជាធនធាន​ដ៏សំខាន់ ក្នុងការ​រួម​ចំណែក​ពង្រឹងការ​ប្រកួត​កីឡាទូក​ក្តោង​ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​បាន​កាន់​តែ​ល្អ និងមាន​គុណ​ភាពថែម​មួយ​កម្រិត​ទៀត។


វគ្គ​បណ្តុះ​បណ្តាល​មន្រ្តី​បច្ចេកទេស​រៀបចំ​ការ​ប្រកួត​កីឡា​ទូក​ក្តោង​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង  នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹក​ហ្វឺន​កីឡា​ទូក​ក្តោង​កម្ពុជា ស្ថិត​ក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប Bay of Lights ខេត្តព្រះសីហនុ កាលពី​ថ្ងៃទី​២៤ ដល់​ទី​២៦ ខែមករា ហើយវគ្គ​បណ្តុះបណ្តាល​នេះ ជា​ផ្នែក​មួយ​ដ៏សំខាន់​នៃ​​ផែនការ​សកម្មភាព​ការងារ ឆ្នាំ២០២៣ ​របស់​សហព័ន្ធ​កីឡាទូក​ក្តោង​កម្ពុជា ក្រោម​គម្រោង​ថវិកា​របស់​ក្រសួង​អប់រំ យុវជន និងកីឡា។​

លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខា​ធិការ​សហព័ន្ធ​កីឡា​ទូក​ក្តោង​កម្ពុជា បាន​ឱ្យ​ដឹង​ថាការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​ស៊ីហ្គេម លើកទី​៣២ ឆ្នាំ២០២៣ នៅ​ទីលាន​តេជោ ខេត្តព្រះសីហនុ កាល​ពី​ខែ​ឧសភា ឆ្នាំ២០២៣ កន្លង​មក សហព័ន្ធ​កីឡា​ទូក​ក្តោង​កម្ពុជា បាន​ទទួល​មេដាយ​ប្រាក់​១ សំរឹទ្ធ​២ ព្រមទាំ​ង​ចំណេះ​ដឹង បទពិសោធន៍​ល្អៗ​ជា​ច្រើន តែ​យើង​ក៏នូវ​​មាន​ចំណុច​ខ្វះខាត​មួយចំនួន ដែល​តម្រូវ​ឱ្យ​មន្ត្រី​បច្ចេកទេស​របស់​យើង​ ត្រូវ​សិក្សា​ស្វែងយល់​បន្ថែម ដើម្បី​បន្ត​អភិវឌ្ឍន៍​ខ្លួនទៅ​មុខ សម្រាប់ត្រៀម​ការ​ធ្វើជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​ជាតិ និង​អន្តរ​ជាតិ​ឱ្យ​បាន​កាន់​តែ​ល្អ។



លោក​បាន​បន្ថែម​ថា៖ «វគ្គ​បណ្តុះ​បណ្តាល​មន្ត្រី​បច្ចេកទេស​រៀបចំ​ការ​ប្រកួត​កម្រិត​មូលដ្ឋាននេះ ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​ឱ្យ​ប្រភេទ​កីឡា​ទូកក្តោង​របស់​កម្ពុជា មាន​មន្រ្តី​បច្ចេកទេស ដែលមាន​ជំនាញ​កម្រិត​ខ្ពស់ សម្រាប់​ត្រៀម​ការ​ប្រកួត​កីឡា​ជាតិ និង​អន្តរ​ជាតិ​ផ្សេងៗ នាពេល​ខាង​មុខ ជាពិសេស​ការ​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​កីឡា​យុវជន​អាស៊ី ឆ្នាំ២០២៩ និង​ដើម្បី​បង្ហាញដល់​មហាជន បានឃើញ និងស្វែង​យល់​អំពី​ប្រភេទ​កីឡា​ទូកក្តោង កាន់តែ​ច្បាស់​ថែម​ទៀត»។


អគ្គលេខាធិការ​រូបនេះ បាន​បញ្ជាក់​ថា៖ «មន្រ្តី​បច្ចេកទេស​រៀបចំ​ការ​ប្រកួត គឺជា​ក្រុមការងារ​សំខាន់​មួយ ដែល​អាច​ធ្វើឱ្យ​ការ​ប្រកួត​មួយ ទទួល​បាន​ជោគជ័យ ហើយ​បើ​មន្រ្តី​បច្ចេក​ទេស​រៀបចំ​ការ​ប្រកួត​របស់​កម្ពុជា​យើង មាន​ចំណេះ​ជំនាញ​កម្រិត​ខ្ពស់ ស្រប​តាម​ស្តង់ដា របស់សហព័ន្ធ​កីឡា​ទូកក្តោង​អន្តរជាតិ នោះ​គ្រប់​ការ​ប្រកួត​ទាំង​ថ្នាក់​ជាតិ និង​អន្តរ​ជាតិ ដែល​កម្ពុជា ត្រូវ​ធ្វើ​ជា​ម្ចាស់ផ្ទះ នឹងសុទ្ធ​សឹង​តែ​ទទួល​បាន​ជោគជ័យ និង​គុណ​ភាព​នៃ​ការ​ប្រកួត​ក្នុង​កម្រិតខ្ពស់»។

តាម​រយៈ​ការសិក្សា​ទាំង​ទ្រឹស្តី និងការអនុវត្ត​ជាក់​ស្តែង​រយៈ​ពេល​​៣​ថ្ងៃ នៅ​លើ​ទឹក​ដី​ខេត្ត​ព្រះសីហនុ​ កន្លងមក​នេះ វគ្គបណ្តុះ​បណ្តាល​មន្ត្រី​បច្ចេកទេស​រៀបចំ​ការ​ប្រកួត​កីឡា​ទូកក្តោង ​បាន​បញ្ចប់​ដោយ​ជោគ​ជ័យ ដោយ​សិក្ខាកាម​ទាំង​២៥​នាក់ ទទួល​បាន​នូវ​ចំណេះ​ដឹង​កម្រិត​ខ្ពស់​លើការ​រៀបចំ​ទម្រង់​នៃ​ការ​ប្រកួត ការប្រើ​ប្រាស់​ទង់​សញ្ញា សំឡេង​សម្គាល់ និង​ច្បាប់​បញ្ញតិ្ត​ផ្សេងៗ និង​បាន​អនុវត្ត​ផ្ទាល់​នៅ​លើ​ផ្ទៃ​ទឹក។

ជាមួយគ្នា​នេះ លោក​ឧត្តមនាវីទោ គឹម សាវុធ មេបញ្ជា​ការរង បញ្ជា​ការ​ដ្ឋាន​មូល​ដ្ឋានសមុទ្រ ដែល​ជា​គណៈអធិបតី នៅ​ក្នុង​ពិធី​បិទ​វគ្គ កាលពី​ថ្ងៃទី​២៦ ខែមករា​នោះ បានថ្លែង​កោតសរសើរ​ដល់​សិក្ខាកាម​ទាំង​អស់ ដែល​បាន​ខិតខំ និងយក​ចិត្តទុក​ដាក់​សិក្សា​រៀន​សូត្រ ​ទទួល​បានចំណេះ និង​ជំនាញ​ថ្មី​ៗ មក​អភិវឌ្ឍ​ខ្លួនបន្ថែម​ទៀត ដើម្បី​រួម​ចំណែក​ជាមួយ​សហព័ន្ធ​កីឡាទូកក្តោង​កម្ពុជា រៀបចំការ​ប្រកួត​ទាំង​ថ្នាក់ជាតិ និង​អន្តរជាតិ​ឱ្យ​បាន​កាន់​តែ​ល្អ ដើម្បី​ជា​មុខ​មាត់​របស់​ប្រទេស​កម្ពុជា។

ទន្ទឹមជាមួយគ្នា​នេះ ​ លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការសហព័ន្ធកីឡាទូកក្តោងកម្ពុជា បាន​ឱ្យ​ដឹងថា នៅក្នុងចំណោម​សិក្ខាកាមជាមន្រ្តី​បច្ចេក​ទេស​ទាំង​២៥នាក់ ដែល​ទើបបានបញ្ចប់​វគ្គបណ្តុះបណ្តាល​នេះ នឹង​ត្រូវ​ចូលរួម​រៀបចំការ​ប្រកួត​កីឡាទូកក្តោងថ្នាក់ជាតិ ឆ្នាំ​២០២៣ ដែល​នឹងធ្វើ​នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាទូកក្តោងកម្ពុជា ក្នុង​ខេត្ត​ព្រះសីហនុ ពីថ្ងៃទី​២៧ ដល់​ទី​២៩ ខែមករា ឆ្នាំ​២០២៤។

លោក សោម សុទ្ធរិទ្ធិពង្ស បានបញ្ជាក់​ថា៖ ​«នៅ​ក្នុងចំណោម​សិក្ខាកាម​ទាំង​២៥នាក់នេះ គឺ​មានមន្រ្តី​បច្ចេក​ទេស​ជាង​១០​នាក់ ដែល​នឹង​ត្រូវចូលរួមរៀបចំការ​ប្រកួត​ថ្នាក់ជាតិ​របស់​យើង​លើក​នេះ ចំណែក​អ្នក​ផ្សេង​ទៀត គឺ​ជា​កីឡាករ កីឡាការិនី ដែលពួកគាត់ នឹង​ត្រូវ​ចូលរួម​ការ​ប្រកួត​នេះ​ដូចគ្នា ហើយ​តាម​រយៈ​វគ្គបណ្តុះបណ្តាល​ កាលពី​ពេលថ្មីៗ​នេះ ខ្ញុំ​ជឿថា ទាំង​មន្រ្តី​បច្ចេក​ទេស និង​ក្រុមអត្តពលិក​របស់​យើង នឹង​អាច​យល់​កាន់តែច្បាស់ពីលក្ខខណ្ឌ និងច្បាប់​ទម្លាប់ថ្មីៗ ដែល​នឹង​ធ្វើ​ឱ្យ​ពួកគេ អាច​បំពេញ​ការងារ​បាន​ល្អរៀងៗ​ខ្លួន»៕