ភ្នំពេញ៖ ការ​ប្រកួត​កីឡាបាល់​ទះតេជោលីគ (TECHO Volleyball Cambodia League) ដែល​បាន​ដំណើរ​ការ​ប្រកួត​ប្រជែង នៅ​វិមានពហុកីឡដ្ឋានជាតិ​អូឡាំពិកកម្ពុជា តាំងពី​ថ្ងៃទី ​១២ ខែ​មករា​ មក​នោះ បានបញ្ចប់​ការ​ប្រកួតជុំទី​១ ជា​ផ្លូវការ​ហើយ ចំណែក​ការ​ប្រកួត​​​ជុំ​ទី​២​ រវាង​ក្រុម​គេច​ផុតពីការ​ធ្លាក់​ទាំង ​៦ នឹងត្រូវ​ធ្វើ​នៅ​ថ្ងៃអាទិត្យ​នេះ ដើម្បី​ស្វែង​រក ​​​​៤ ក្រុម​ចុង​ក្រោយ ឡើង​ទៅ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ផ្តាច់​ព្រ័ត្រ។

សម្រាប់ការ​ប្រកួតជុំ​ទី១ រវាងក្រុមទាំង ​៨ ដែល​ទើប​បានបញ្ចប់ កាល​ពី​យប់​ថ្ងៃ​សៅរ៍ ម្សិលមិញ​​នេះ ក្រុម​វិសាខា បាន​បន្ត​យក​ឈ្នះ​ក្រុមបញ្ជាការ​ដ្ឋាន​អង្គរក្ស និង​ក្រុម​ក្រសួង​មហា​ផ្ទៃ ដោយ​លទ្ធផល​៣សិតដាច់ (៣-០) ដូចគ្នា ហើយ​លទ្ធផល​នេះ បាន​ធ្វើ​​ឱ្យ វិសាខា ​អាច​បញ្ចប់​ការ​​ប្រកួត​​​ទាំង ​៧ ​លើក​នៅ​ក្នុងជុំ​ទី​១ ​របស់​ខ្លួន ដោយការ​ឈ្នះ ៣-០ ដូច​គ្នា​ទាំង​អស់ និង​មាន ​២១ ពិន្ទុ​ពេញ។

ជាមួយ​ការ​មិនទាន់​ស្គាល់​ការ​ចាញ់ នៅ​ក្នុង​ការ​ប្រកួត​ជុំទី​១ ​នេះ បាន​ធ្វើ​ឱ្យក្រុម​ប្រមូល​ផ្តុំ​ដោយ​​កីឡាករ​ជម្រើសជាតិ វិសាខា មានទំនុក​ចិត្តកាន់តែ​ខ្ពស់ ក្នុង​ការ​ឈាន​ទៅ​រក​ការ​ឈ្នះ​ជើង​ឯក ការ​ប្រកួត​តេជោលីគ ជា​លើកដំបូង​នេះ ព្រោះ​នៅ​ក្នុង​ចំណោម​ក្រុម​ទាំង​អស់ ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ មិន​មាន​ក្រុមណា​មួយ អាច​តដៃជាមួយ​ក្រុម​វិសាខា បាន​ ១ សិត​នោះ​ទេ។


ចំណែក​ក្រុម​បញ្ជាការ​ដ្ឋាន​អង្គរ បាន​ឈរ​នៅលេខ ​២ ដោយមាន ​​១៦ ពិន្ទុ​ស្មើជាមួយ​ក្រុម​​ឈរ​នៅលេខ ​៣ ក្រសួងមហាផ្ទៃ រីឯ​ក្រុម​ស្នងការរាជធានី​ភ្នំពេញ ឈរ​នៅលេខ​ ៤ មាន​ ១២ ពិន្ទុ ហើយ​ក្រុម​កងពលធំអន្តរាគមន៍លេខ​៣ ឈរ​នៅលេខ ​៥ មាន ​៨ ពិន្ទុ ខណៈ​ក្រុម​ស្នងការ​ដ្ឋាន​នគរ​បាល​ពោធិ៍សាត់ ​ដែល​​ឈ្នះ​ ២ ចាញ់​ ៥ និង​មាន ​៧ ពិន្ទុ​នោះ ​ឈរ​នៅលេខ​៦ ចុងក្រោយ​គេ សម្រាប់​ក្រុម ដែល​ទទួល​បានឱកាស ឡើង​ទៅ​ប្រកួត​នៅ​ជុំទី២។


ប៉ុន្តែ​ក្រុមបាល់​ទាត់​ខេត្តព្រះសីហនុ ដែលធ្លាប់បាន​យក​ឈ្នះ​ក្រុម​វិសាខា ដោយ​លទ្ធផល ៣-២ ដើម្បី​គ្រងជើង​ការ​ប្រកួត​កីឡា​បាល់ទះ​ពាន​រង្វាន់​ឯកឧត្តម ស សុខា ឆ្នាំ ២០២៣ ​នោះ បាន​ធ្លាក់​ចេញពី​ការប្រកួត «តេជោលីគ» នេះ​ហើយ បន្ទាប់ពី​ពួកគេ​បានបញ្ចប់​ការ​ប្រកួត​ជុំ​ទី​១ ដោយ​ឈ្នះ​បាន​ត្រឹម​ ១ ​​ដង និងចាញ់​ ៦ ​ដង ចំណែក​ក្រុមស្នងការនគរ​បាល​កណ្តាល ក៏​ត្រូវបាន​កាត់​ចេញ​ពី​​ការ​ប្រកួតនេះ ក្រោយ​ពេល​ពួកគេ រក​មិនឃើញ​ការ​ឈ្នះ​សោះ សម្រាប់​ការ​ប្រកួត​ទាំង​ ៧​​ លើក។

យ៉ាងណា​មិញ សម្រាប់​ការ​ប្រកួត​បើក​ឆាកជុំ​ទី២ នៅ​ថ្ងៃអាទិត្យ​នេះ ក្រុម​វិសាខា ត្រូវ​ជួប​ក្រុម​​ស្នងការនគរ​បាល​ពោធិ៍សាត់ នៅ​ម៉ោង​ ១ ​រសៀល រីឯ​ក្រុមកងពល​ធំ​អន្តរាគមន៍​លេខ ​៣ ត្រូវ​​ប្រឈម​​ជាមួយ​​ក្រុម​​បញ្ជាការ​ដ្ឋាន​អង្គរក្ស ចាប់ពីម៉ោង ៣ ​រសៀលតទៅ ហើយ​ក្រុម​ក្រសួង​មហាផ្ទៃ ​ត្រូវ​​ប៉ះ​ក្រុម​ស្នងការ​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ម៉ោង​ ៦។

សម្រាប់​​ការ​ប្រកួត​ជុំទី​២​ នេះ ​ក្រុម​ទាំង​ ៦ ត្រូវ​ប្រកួត​វិលជុំ​សន្សំពិន្ទុ ដូច​ការ​ប្រកួតជុំ​ទី​១ ​ដែរ គឺ​មានន័យ​ថា ក្រុមទាំង​៦​នេះ ត្រូវ​ជួបគ្នា​ទាំង​អស់ ហើយ ៤ ក្រុម ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​​​គេ នឹង​ត្រូវ​ឡើង​ទៅ​ប្រកួតជុំ​ទី​៣ ឬវគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ដើម្បី​រក​ក្រុម​ឈ្នះ​ឡើង​ទៅប្រកួត​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ នៅថ្ងៃទី​ ១៨ ខែកុម្ភៈ ឆ្នាំ ​២០២៤៕