កីឡាករ​លំដាប់​ខ្លាំង​របស់​កម្ពុជា និងជា​ម្ចាស់មេដាយ​មាសស៊ីហ្គេម ឆ្នាំ​ ២០២៣ ឡៅ ចន្ទ្រា គឺ​ជា​បេក្ខភាព​ ដែល​ត្រូ​វបាន​ដាក់​ឱ្យ​ប្រកួតជាមួយ​ខ្លាចាស់ជា​តារាថៃហ្វៃ សុដសុខន (Sudsakorn Sor Klinmee) ក្នុង​ព្រឹត្តិការណ៍ The Battle of Kings របស់​សង្វៀន​ប្រដាល់​ទទក ដែល​ធ្វើ​នៅ​សង្កាត់​ព្រែកឯង ខណ្ឌច្បារអំពៅ នា​យប់​ថ្ងៃទី​ ៣ និង​ទី​ ៤ ខែកុម្ភៈ នេះ គឺក្នុងពេល​ដែល​ ធន់ រិទ្ធី ត្រូវ​ប្រកួតសងសឹកជាមួយ​ជើងខ្លាំង សៃយុគ (Saiyok Pumpanmuang)។

ប្រធាន​ផ្គូផ្គង​​​ប្រចាំ​សង្វៀន​ប្រដាល់​ទទក លោក ម៉ុល នី ​បាន​ប្រកាស​ពីការ​ដាក់​ឱ្យ ឡៅ ចន្ទ្រា ជួបជាមួយ​អ្ន​ក​ប្រដាល់​ សុដសុខន កាលពី​ព្រឹក​ថ្ងៃទី ​២៩ ខែមករា ហើយនេះជា​លើកទី​៣​ ហើយ ដែល​កីឡាករ​ធ្លាប់​មាន​ឈ្មោះបោះសំឡេងខ្លាំង នៅ​សង្វៀន ​Thai Fight រូប​នេះ បាន​​មក​​ប្រកួត​នៅ​កម្ពុជា។

សម្រាប់​ការ​បង្ហាញ​វត្ត​មាន​​លើកដំបូង កាលពី​ថ្ងៃទី​ ១៥ ខែមេសា ឆ្នាំ​ ២០២៣ សុដសុខន បានចាញ់ពិន្ទុ ព្រំ សំណាង ទាំង​ទ្រម​ខ្លួនក្នុង​ការ​ប្រកួតដណ្តើម​ខ្សែ​ក្រវាត់ Krud Kun Khmer ទម្ងន់ ​៧៥ គីឡូក្រាម ហើយ​ការ​មក​ប្រកួត​ជា​លើក​ទី​២ ​រូប គេ បានស្មើពិន្ទុ​ជាមួយ អ៊ុង វិរៈ ចំណែក​ការ​ជួប​ជើង​ខ្លាំង ឡៅ ចន្ទ្រា លើក​នេះគឺ​តាម​គម្រោង​អ្នក​ទាំង​ ២ ត្រូវជួប​គ្នា​ប្រកួត ​៥​ ទឹក នា​ថ្ងៃទី​ ៤ ខែកុម្ភៈ។


ចំណែក​ការ​ជួបគ្នា​រវាង​ ធន់ រិទ្ធី ​និង សៃយុគ ត្រូវ​បាន​សង្វៀន​​ប្រដាល់ទទក ប្រកាស​តាំងពី​ថ្ងៃ​ទី​​ ២១ ខែមករា គឺ​ក្នុងពេល​ដែល រិទ្ធី បានម៉ាត់​ឱ្យ​កីឡាករ​អ៊ីរ៉ង់ Choli Zadeh Abolfaz ដួល​សន្លប់ ក្នុង​ទឹក​ទី​២ ក្នុង​ព្រឹត្តិការណ៍ Krud Kun Khmer ដែល​​ធ្វើ​នៅកីឡដ្ឋានខេត្តក្រចេះ ខេត្តក្រចេះ​។

ការ​តាម​ម៉ាត់​កីឡាករអ៊ីរ៉ងឱ្យ​សន្លប់​ ទាំង​ខ្លួន​មានរបួស​ហើម​ភ្នែក​ឆ្វេង មើល​លែង​ឃើញ​នោះ ត្រូវបាន ធន់ រិទ្ធី អះអាង​ ក្រោយ​ការ​ប្រកួត​ថា គឺ​ដើម្បី​បានប្រកួតសងសឹកជាមួយ សៃយុគ នេះ​​តែម្តង ព្រោះ​តារា​ប្រដាល់​​របស់​ថៃ​ម្នាក់​នេះ ធ្លាប់​បាន​​វ៉ៃ​​រូបគេ​​​ឱ្យ​​សន្លប់ក្នុង​ទឹក​ទី២ សម្រាប់​ការ​​ប្រកួតនៅ​សង្វៀន Thai Fight កាល​ពី​ខែ​តុលា ​ឆ្នាំ​ ២០២២ តែ​ការ​មុនសន្លប់​​នោះ ធន់ រិទ្ធី ក៏​បាន​​ម៉ាត់​ឱ្យ សៃយុគ វង្វេង ត្រូវ​បានអាជ្ញាកណ្តាលរាប់ នៅ​ទឹក​ទី​១​ ផងដែរ ហើយ​នេះជាអ្វី ដែល រិទ្ធី នៅតែ​មិនអស់​ចិត្ត។​


សម្រាប់​ត្រៀម​ខ្លួន​ប្រកួត​សងសឹក​ជាមួយ សៃយុគ នៅលើ​ទឹក​ដី​ខ្លួនឯង​នេះ លោក ធន់ សុភា គ្រូ​បង្វឹក​របស់ ធន់ រិទ្ធី បាន​និយាយថា៖​ «ចំពោះ រិទ្ធី យើង​បាន​បុក​ហ្វឹកហាត់​ខ្លាំង​ដល់​គាត់ ហើយ​យើង​បានថែសុខភាព​គាត់​ទៀត ចំណែក​របួស​របស់​គាត់ កាលពេល​ប្រកួត​ជាមួយ​កីឡាករ​អ៊ីរ៉ង់ Choli Zadeh Abolfaz ក៏​​វិល​មក​ភាព​ប្រក្រតី​វិញ​អស់​ហើយ​ដែរ ខណៈ​មួយ​រយៈ​ចុង​ក្រោយ​នេះ រិទ្ធី មានឆន្ទៈ​ខ្ពស់ និង​មានភាពស៊ូ​ខ្លាំង ដោយ​គាត់​បាន​យក​បេះដូងមក​ប្រកួត ដើម្បី​គុនខ្មែរ»។

ជាមួយ​គ្នា​នេះលោក ម៉ុល នី បានអះអាង​ថា ​ការ​ដាក់​ឱ្យ ឡៅ ចន្ទ្រា និង ធន់ រិទ្ធី ប្រកួត​ជាមួយ​​តារាថៃហ្វៃ សុដសុខន និង សៃយុគ នៅលើ​ទឹក​ដី​កម្ពុជា នា​ថ្ងៃទី​៣ និងទី​៤ ខែកុម្ភៈ ខាង​មុខ​នេះ ជាព្រឹត្តិការណ៍​ដ៏​អស្ចារ្យ មិន​ធ្លាប់​មាន​កន្លងមក ដោយ​លោក​រំពឹង​ថា ការ​ប្រកួត​នេះ នឹង​មាន​ភាពកក្រើក​ខ្លាំង។

លោក​បាន​និយាយ​ថា៖​ «​សង្វៀន​របស់យើង ធ្លាប់​បាន​យក​កីឡាករ​លំដាប់​ខ្លាំងៗ មក​ប្រកួតជាមួយ​កីឡាករ​កម្ពុជា​យើង ជាញឹកញយហើយ ចំណែក សុដសាខន ក៏​យើង​ធ្លាប់​បាន​យក​មក​ប្រកួត​កន្លងមក​ផងដែរ ប៉ុន្តែ​នេះជា​ប្រវត្តិសាស្រ្ត​មួយ ដែល​យើងនាំ​យក​តារា Thai Fight មក​លើ​សង្វៀ​ន​តែមួយ ក្នុង​​ថ្ងៃ​តែមួយ ដែលមិនទាន់​មាន​ស្ថានីយទូរទស្សន៍ ឬម្ចាស់​ឧបត្ថម្ភ ​ណា​ធ្វើបាននោះ​ទេ»។

ប្រធាន​ផ្គូផ្គង​ប្រចាំ​សង្វៀន​ប្រដាល់ទទក​រូប​នេះ បាន​បន្ថែម​ថា៖ «សៃយុគ និង សុដសាខន ​ត្រូវ​​បាន​គេ​ចាត់​ទុក​ថា ជាបងធំ ឬមេធីម ប្រចាំ​សង្វៀន Thai Fight ហើយនេះជា​លើក​ដំបូង ដែល​តារា​​ប្រដាល់​របស់​ថៃ​ទាំង​ ២ ឌួង​នេះ នឹង​ត្រូវ​ធ្វើ​ដំណើរ​មក​កាន់​ទឹក​ដី​កម្ពុជា ក្នុង​ពេល​​តែមួយ ចំណែក​អ្នកប្រដាល់​ចម្រុះ​ជាតិសាសន៍មួយចំនួន​ទៀត ក៏​ត្រូវ​បង្ហាញ​វត្ត​មាន ក្នុង​ព្រឹត្តិការណ៍  The Battle of Kings លើកនេះ​ផងដែរ»៕