ភ្នំពេញ៖ អនុប្រធានអចិន្ត្រៃយ៍សហព័ន្ធកីឡាទូកក្តោងកម្ពុជា លោក ថោង រដ្ឋសក្តិ បាន​ធ្វើ​ការ​វាយ​តម្លៃខ្ពស់ ទៅ​ដល់​គ្រប់​ភាគីពាក់ព័ន្ធ ដែល​បាន​ខិតខំប្រឹង​ប្រែងរួមគ្នា ធ្វើ​ឱ្យ​​ការ​ប្រកួត​កីឡា​ទូក​ក្តោង​​ជ្រើសរើសជើងឯ​កថ្នាក់ជាតិ អាច​ដំណើរ​​ការទៅ​​បាន​រលូន និង​បញ្ចប់​ដោយជោគ​ជ័យ​ចំណែក​​លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ បានអះអាង​ថា ក្រុម​អត្តពលិកដែល​​បាន​ចូល​រួម​​ការ​ប្រកួតនេះ មាន​​ស្មារតី​ទទួល​ខុសត្រូវខ្ពស់ ក្នុងការ​ទទួលយកលទ្ធផលចាញ់ និង​ឈ្នះ​របស់​ខ្លួន។


បើទោះបីជាការប្រកួតកីឡាទូកក្តោងជើងឯកថ្នាក់ជាតិ ឆ្នាំ ២០២៣ ​មាន​កីឡាករ កីឡាការិនី​​​ចូលរួម​​សរុប​ត្រឹម​ ៣០ នាក់ ហើយ​ក្នុង​នោះ​វិញ្ញាសា Byte Boat Open មាន​កីឡាករ​​​តែ ​២ នាក់ក្ដី ប៉ុន្តែ​​តាមរយៈការ​ប្រកួត​​ប្រជែង​នៅ​មជ្ឈមណ្ឌលជាតិ​ហ្វឹកហ្វឺន​កីឡា​ទូកក្តោង​កម្ពុជា ក្នុង​​​​ខេត្ត​​ព្រះសីហនុ ​កាល​ពីថ្ងៃទី​ ២៧ ដល់​ទី​ ២៩ ខែមករា ឆ្នាំ​ ២០២៤ ​​នេះ គឺ​ពិតជា​មាន​ភាព​ស្វិត​ស្វាញ​​ខ្លាំង ហើយនេះជាអ្វី​ដែល​ លោក ថោង រដ្ឋសក្តិ បានប្រាប់ទៅ​​ក្រុម​អត្តពលិកជា​​ម្ចាស់​ជើង​ឯក​ត្រូវ​ចងចាំ និង​ខំរក្សា​ពី​គុណផល​​របស់​ខ្លួន។

នៅ​ក្នុងពិធី​បិទការ​ប្រកួត កាលពីថ្ងៃទី​ ២៩ ខែមករា​នោះ ​លោក ថោង រដ្ឋសក្តិ បាន​ថ្លែង​ថា៖ «ខ្ញុំ​សូម​អបអរសាទរ​ដល់​​កីឡាករ កីឡាការិនី ដែល​បាន​ទទួល​ជយ​លាភីពីការ​ប្រកួត​ជើងឯក​​ថ្នាក់​ជាតិ​​នេះ ហើយ​អ្នក​ទទួល​​បាន​ជយលាភី​ទាំង​នេះ ត្រូវ​ចងចាំថា ជើងឯក​ដ៏​អស្ចារ្យ​ម្នាក់ ត្រូវ​​រក្សា​​គុណផល​កីឡា​របស់​ខ្លួន ប្រកបដោយវិន័យ និង​ការ​ស្មោះត្រង់ ចំពោះជំនាញ និង​ទេព​កោសល្យ»។



លោក​បាន​បន្ថែម​ថា៖ «​ក្រុម​អត្តពលិក​ទាំងអស់ ត្រូវ​​​ប្រកាន់​ខ្ជាប់​នូវ​ប្រពៃណី​របស់​កីឡា​ទូកក្តោង គឺទី​​១ ត្រូវ​ជឿ​ជាក់​លើ​ខ្លួន​ឯង ដែល​មាន​សមត្ថភាព​ពិត​ប្រាកដទី​២ ត្រូវ​​ថែរក្សា​បរិស្ថាន​នៅ​លើ​ទីលាន​ប្រកួត ទាំង​នៅ​លើ​គោក និង​​លើ​ផ្ទៃ​ទឹក រីឯ​ទី​៣ ត្រូវ​គោរព​​វិន័យ និង​ខិតខំ​តស៊ូ​​ក្នុង​​ការ​​ហ្វឹក​​ហាត់ និង​ទី​៤ ភាព​ជោគ​ជ័យ គឺ​មិន​អាច​កើត​ចេញ​​​ពី​ម្នាក់​​ឯង​ទេ»។


តាម​របាយការណ៍​របស់គណៈកម្មការ​រៀបចំ បានឱ្យ​ដឹង​ថា ​ការប្រកួត​ជើងឯក​ថ្នាក់​ជាតិ​នេះ មាន​​ការ​​ប្រកួត​​ចំនួន​៥​វិញ្ញាសា ហើយជា​លទ្ធផលការ​ប្រកួត​វិញ្ញាសា Windsurfing Open ដែល​​មាន​កីឡាករ​​ចូល​រួម​ ១៣​ នាក់ គឺ​ចំណាត់ថ្នាក់លេខ​ ១ បាន​ទៅ​លើ​កីឡាករ ម៉ែន ចាន់ណារ៉ុង លេខ ២ ម៉ុញ ផាន់ណៈ និង​លេខ ៣ គង់ សំរេច រីឯ ​វិញ្ញាសា Wind FoilIQ:Foil Open ដែល​មាន​កីឡាករ​ ៤ ​នាក់ គឺ​​លេខ ១ បានទៅ កែវ ភានុន លេខ ២ កែវ ភារុណ និង​លេខ ៣ កីឡាករ សែម ប្រុសពៅ។

ចំណែក​ការ​ប្រកួតវិញ្ញាសា ILCA Open ដែលមានកីឡាករកីឡាការិនី ៦ ​នាក់​​ចូល​រួម​នោះ លេខ​​ ១ បាន​ទៅលើកីឡាករ ញ៉ូវ ចាន់ លេខ ២ កីឡាករ ឡុច ដារ៉ុង និង​លេខ៣ កីឡាការិនី ចាន់ សុខវាសនា រីឯ​​​វិញ្ញាសា Byte BoatOpen ដែល​មាន​​តែ​កីឡាករ​២នាក់ចូល​រួមនោះ ​គឺ​​លេខ ១ បាន​ទៅ​​កីឡាករ ញិប ផាន់ណា និង​លេខ ២ កីឡាករ ថា ប៊ុនថេង។ ចំពោះ​​វិញ្ញាសា Optimist Open ដែល​មាន​អត្តពលិក​ចូល​រួម​៥​នាក់ គឺ​កីឡាករ បូ សំអ៊ី បាន​លេខ ​១ រីឯ​លេខ ២ បាន​ទៅ​កីឡាករ ទិត សុវណ្ណា និង​លេខ៣ កីឡាករ ធឿន ដាវីត។

លោក ថោង រដ្ឋសក្តិ បាន​បន្ថែ​ម​​ថា៖ «នេះ​ជាការ​ប្រកួត​ដ៏​មាន​​សារៈ​សំខាន់​មួយសម្រាប់​បន្ត​​កសាង​សមត្ថភាព គុណភាព ទេពកោសល្យ និងវិជ្ជាជីវៈ​​របស់​អត្តពលិក ជាពិសេស​​​ជា​ការ​វាស់​​ស្ទង់​​សមត្ថភាព​របស់​មន្រ្តីបច្ចេកទេស និងចៅក្រមរបស់​សហ​ព័ន្ធ ក្រោម​ការ​ជួយ​គាំទ្រ​របស់​ក្រសួងអប់រំ យុវជន និង​កីឡា ដើម្បី​​ជំរុញ និងអភិវឌ្ឍវិ​ស័យ​កីឡាទូកក្តោង ​នៅកម្ពុជា ក្នុង​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​​ប្រកួត​​កីឡាទូក​ក្តោង​ជា​លក្ខណៈ​អន្តរជាតិ ជាពិសេស​ឆ្ពោះ​ទៅ​កាន់​ការ​ប្រកួត​កីឡា​យុវជន​អាស៊ី លើកទី៤ ឆ្នាំ ២០២៩ ដែល​កម្ពុជា​​ត្រូវ​ធ្វើជាម្ចាស់ផ្ទះ»។

ចំណែក​លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍​ការ​ប្រកួត​កីឡា​ទូកក្តោង​​​ជើងឯកថ្នាក់ជាតិ ឆ្នាំ ២០២៣ ស្រប​​ពេល​ក្រុង​ព្រះសីហនុ ទើប​តែ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ ១ ជា​ទីក្រុង​មាន​ពិធី​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ល្អ​ជាងគេ ប្រចាំឆ្នាំ ២០២៣ ហើយ​តាម​រយៈ​ការ​​ប្រកួតនេះ លោក​បានមើលឃើញ​ថា កីឡាករ កីឡាការិនី​ បាន​ចូលរួម​ប្រកួត​ប្រកប​ដោយ​ស្មារតី​ទទួលខុសត្រូវ និង​​ស្ម័គ្រ​ចិត្ត​ទទួល​យក​លទ្ធផល​ចាញ់​ឈ្នះ ​ដែល​​ជា​​ធាតុ​ដ៏​​សំខាន់​​នៃ​សេចក្តី​​​ថ្លៃថ្នូរ ​ស្រប​​តាម​គោលការណ៍​យុត្តិធម៌និង​មិត្តភាព​។

លោក​បានបញ្ជាក់ នៅ​ក្នុង​ពិធីបិទ​ការ​ប្រកួត​​​ថ្នាក់​ជាតិ​​នោះ​​ថា៖ «ភាព​ជោគជ័យ​របស់​យើង​​កើត​​ចេញ​​ពី​​ការ​ផ្តល់​​កិច្ច​សហការ​គ្នា​បាន​យ៉ាង​ល្អប្រសើរ ហើយ​លទ្ធផល ​ដែល​យើង​ទទួល​បាន​​នា​ពេល​នេះ ពិត​ជា​ស័ក្តិ​សម​សម្រាប់​កីឡាករ កីឡាការិនី ​ដែល​​ត្រូវ​​បាន​​ធ្វើការ​វិនិច្ឆ័យ​អំពី​លក្ខណៈ​បច្ចេកទេសភាពប៉ិនប្រសប់ និង​លក្ខខណ្ឌ​ដទៃ​ទៀត​​ដោយ​គណៈ​កម្មការរៀបចំ​ការ​ប្រកួត»៕