ភ្នំពេញៈ ក្រុម​កំពុង​ឈរ​នៅលើ​កំពូល​តារាង​លី​គ​កម្ពុជា​កម្ពុជា ព្រះខ័ន​រាជ​ស្វាយរៀង បានប្រកាស​ពី​ភាពជា​ដៃគូ​អន្តរជាតិ​ជាមួយ​ក្លិប​ម្ចាស់​ជើងឯក​នៃ​លី​គ​កំពូល​របស់​ឡាវ Young Elephantes FC ដែល​ត្រូវបាន​ធ្វើឡើង កាលពី​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២៤ ដើម្បី​កសាង​អនាគត និង​ភាព​ជ័យជម្នះ​រួមគ្នា នៅក្នុង​វិស័យ​បាល់ទាត់​នេះ​។​

ក្លិប​មាន​មូលដ្ឋាន​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង ព្រះខ័ន​រាជ​ស្វាយរៀង បានបង្ហាញ​ក្តីរំភើប​ខ្លាំង ហើយ​បានចាត់ទុក​ការ​ចាប់ដៃ​ជាមួយ​ក្លិប Young Elephantes FC នេះ ថា ជា​ភាព​ដៃគូ​ក្លិប​អន្តរជាតិ​ជា​ប្រវត្តិសាស្ត្រ​របស់ខ្លួន និង​ជា​កិច្ចសហការ​ជា​យុទ្ធសាស្ត្រ ដោយមាន​ធាតុ​សំខាន់ៗ ដែល​បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​វាង​ម្ចាស់​ក្លិប​ទាំង​២ ដើម្បី​ស្វែងរក​ឧត្តមភាព និង​ភាព​រីកចម្រើន​ជាមួយគ្នា​។​

​ចំពោះ​ឧត្តមភាព​នៃ​ភាពជា​ដៃគូ​នេះ ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង និង​ក្លិប Young Elephantes FC បាន​ផ្តោត​សំខាន់​ទៅលើ​ចំណុច​គោល​សំខាន់ៗ​ចំនួន​៥​។ នេះ​បើតាម​ការប្រកាស នៅលើ​ផេ​ច​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង កាលពី​ថ្ងៃទី​៥ ខែមករា កន្លងមកនេះ​។


ចំណុច​ទី​១ គឺ​ការដោះដូរ​កីឡាករ ដោយ​ក្លិប​ទាំង​២ យល់ថា ជា​សិល្បៈ​នៃ​ការរៀបចំ​ការផ្លាស់ប្តូរ​ទេពកោសល្យ​បែប​ទំនើបកម្ម និង​ការ​សម្រប​ខ្លួន នៅលើ​មាត្រដ្ឋាន​កម្រិត​ពិភពលោក​។​

​ចំណុច​ទី​២ ការចែករំលែក​ព័ត៌មាន គឺ​ការ​តម្រឹម​ចក្ខុវិស័យ​ជា​យុទ្ធសាស្ត្រ​របស់​ក្លិប​ទាំង​២ ដើម្បី​សម្រេចបាន​នូវ​ភាពជោគជ័យ​រួមគ្នា តាមរយៈ​ការសហការ​ចែករំលែក​ព័ត៌មាន ហើយ​ទី​៣ កិច្ចសហការ​ប្រព័ន្ធ​ផ្សព្វផ្សាយ តាមរយៈ​បណ្តាញ​សង្គម រួមបញ្ចូល​ការចាប់ផ្ដើម​កិច្ចសហប្រតិបត្តិការ ដើម្បី​ទាក់ទាញ​អ្នកទស្សនា និង​ពង្រឹង​ទំនាក់ទំនង​អ្នកគាំទ្រ​។​


​ចំពោះ​ចំណុច​ទី​៤ គឺ​ក្លិប​ទាំង​២ ផ្តោត​សំខាន់​ទៅលើ​ការប្រកួត​មិត្តភាព និង​ការ​ជំរំ​ហ្វឹកហាត់​ទៅវិញទៅមក ហើយ​ចំណុច​នេះ ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង បានបញ្ជាក់​តាមរយៈ​សេចក្តីប្រកាស​របស់ខ្លួន​ថា ជាការ​កែលម្អ អភិវឌ្ឍ​ជំនាញ និង​ការបង្កើត​មិត្តភាព តាមរយៈ​ការខិតខំ​ប្រឹងប្រែង​សហការ​រៀបចំ​ឱ្យបាន​ល្អ​។​

ចំណែក​ចំណុច​ទី​៥ គឺ​ការទំនាក់ទំនង​ធុរកិច្ច​អន្តរជាតិ ដោយ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង បាន​គូសបញ្ជាក់ថា​៖ «​ជាការ​បង្កើត​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​រួមគ្នា ដែល​វា​លើសពី​សកម្មភាព​នៅលើ​ទីលាន​បាល់ទាត់​។ យើង​ត្រួស​ត្រាយផ្លូវ​ឆ្ពោះទៅកាន់​អនាគត​មួយ ដែល​កើតចេញពី​ការសហការ និង​ជ័យជម្នះ​រួមគ្នា​»​។​

​សម្រាប់​ការប្រកាស ភាពជា​ដៃគូ​អន្តរជាតិ​រវាង​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​របស់​កម្ពុជា និង​ក្លិប Young Elephantes FC នេះ​បានធ្វើឱ្យ​អ្នកគាំទ្រ​របស់​ក្លិប​ទាំង​២ បង្ហាញ​ការគាំទ្រ​ខ្លាំង ដោយ​ពួកគេ​គិតថា កិច្ចសហប្រតិបត្តិការ​នេះ នឹង​ជួយ​ឱ្យ​ក្លិប​ទាំង​២​នេះ ទទួលបាន​ផលចំណេញ​ទាំងសងខាង ព្រោះ​ព្រះខ័ន​រាជ​ស្វាយរៀង ក៏​ជា​ក្រុម​ខ្លាំង និង​មាន​មូលដ្ឋាន​ច្បាស់លាស់ ដែល​កំពុង​ឈរ​នៅលើ​កំពូល​តារាង​នៃ​លី​គ​កំពូល​កម្ពុជា ឆ្នាំ​២០២៣-២០២៤ ជា​បណ្តោះអាសន្ន ចំណែក Young Elephantes ក៏​ទើប​ក្លាយជា​ម្ចាស់​ជើងឯក​នៃ​លី​គ​កំពូល​របស់​ឡាវ (Lao League 1) កាលពី​ឆ្នាំ​២០២៣​។​

​ជាមួយគ្នានេះ ក្លិប Young Elephantes FC ក៏មាន​បទពិសោធន៍​ច្រើន ក្នុង​ការប្រកួត​អន្តរជាតិ​ផងដែរ ជាពិសេស​ការបង្ហាញ​ខ្លួន ក្នុង​ប្រកួត​ពានរង្វាន់ AFC Cup ប៉ុន្តែ​ការប្រកួត ក្នុង​វគ្គ​ជម្រុះ​បឋម (Preliminary Stage) ពាន AFC Cup កាលពី​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២៣ ក្រុម Young Elephantes បាន​ធ្លាក់ ក្រោយ​ចាញ់​ក្រុម​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន​របស់​កម្ពុជា ៣-០ នៅ​កីឡដ្ឋាន​ស្មា​ត​អ​អេស​អិន​។​

​យ៉ាងណាក៏ដោយ សម្រាប់​ការចាប់​ដៃគូ​ជា​អន្តរជាតិ​ជាមួយ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ជា​លើកដំបូង​នេះ ក្លិប Young Elephantes បាន​សម្តែង​ការរីករាយ​ខ្លាំង ដោយ​ក្លិប​មួយ​នេះ បាន​បង្ហោះ​សារ នៅលើ​ផេ​ច​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​ថា​៖ «​យើង​ថ្លែងអំណរគុណ និង​មាន​កិត្តិយស សម្រាប់​កិច្ចសហការ​ជាមួយ​ក្រុម​កំពូល​មកពី​ប្រទេស​កម្ពុជា (​ព្រះខ័ន​រាជ​ស្វាយរៀង​។ សូម​អរគុណ​ចេញពី​បេះដូង​»៕