ភ្នំពេញៈ លោក​ទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​(NOCC) បាន​អះអាងថា កីឡាករ កីឡាការិនី ដែល​នឹងចូលរួម​ទិវា​រត់ប្រណាំង​ចម្ងាយ​ឆ្ងាយ​អន្ដរជាតិ​អង្គរលើក​ទី​៧ ឆ្នាំ​២០២៤ (7th Angkor Ultra Trail 2024) នៅ​ថ្ងៃទី​២៧ ខែមករា ខាងមុខនេះ ជាពិសេស​ជនបរទេស​ជាង​១​ពាន់​នាក់​មកពី​គ្រប់​ទ្វីប នៅលើ​ពិភពលោក នឹង​បាន​មើលឃើញ​កាន់តែច្បាស់​ពី​ស្ថានភាព​ពិតប្រាកដ​របស់​ប្រទេស​កម្ពុជា ជាពិសេស​តំបន់​អង្គ​រថា មាន​ភាពស្រស់ស្អាត​បែបណា​។​

ក្នុង​សន្និសីទកាសែត​ស្តីពី​ការប្រកួត Angkor Ultra Trail 2024 នេះ នៅ​ទីស្នាក់ការ NOCC កាលពី​ថ្ងៃទី​៨ ខែមករា លោក ថោង ខុន  បាន​លើកឡើងថា ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩ គឺ​សភាពការណ៍​ពិភពលោក នៅតែ​មិនទាន់មាន​ភាពប្រាកដប្រជា ជាពិសេស​សង្គ្រោះ​រវាង​អ៊ុយ​ក្រែ​ន​-​រុស្ស៊ី និង​អ៊ីស្រាអែល​ជាមួយ​ហា​ម៉ាស់ ដែល​ធ្វើឱ្យ​ដំណើរ​របស់​ទេសចរណ៍ នៅតែ​មិនទាន់មាន​ភាពល្អប្រសើរ​។​

តែ​យ៉ាងណាក៏ដោយ លោក​បាន​អះអាងថា ប្រទេស​កម្ពុជា នៅតែ​ជា​គោលដៅ មាន​សុខ​សុវត្ថិភាព​ពេញលេញ ដែល​អ្នក​ទាំងអស់គ្នា​បានដឹង និង​បាន​ស្គា​ល់ហើយ ជាពិសេស​ភាព​ល្បី​រន្ទឺ​របស់​កម្ពុជា ក្រោយពី​ទទួលបាន​ជោគជ័យ​ដ៏​ធំធេង ចំពោះ​ការរៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ គឺអាច​និយាយបានថា នៅលើ​វិស័យ​កីឡា​នេះ អ្នកណា​ក៏​ចង់​មក​កម្ពុជា​ដែរ ពិសេស​ការរៀបចំ​ព្រឹត្តិការណ៍​នីមួយៗ នៅ​អង្គរវត្ត គឺ​គេ​ចាប់អារម្មណ៍ និង​ចូល​ចិ​ត្ដ​ច្រើន​។​


លោក ថោង ខុន បាន​បញ្ជាក់ថា​៖ «​កាល​កូ​វីដ រាជរដ្ឋាភិបាល បានប្រកាស​យក​ពេលវេលា​នោះ ដើម្បី​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ ៣៨ ​ខ្សែ ហើយ​អាជ្ញាធរ​អប្សរា​ក៏​ខិតខំ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់​អង្គ​រដែរ អ៊ីចឹង​បើ​យើង​ទៅលេង​ក្នុង​តំបន់​អង្គរ​សព្វថ្ងៃ វា​ហាក់ដូចជា​កន្លែង​មួយ សម្រាប់​បង្កើន​ជីវិត​របស់​យើង​ឱ្យ​ស្រស់ស្រាយ ដោយសារ​ការ​ស្រូបយក​បរិយាកាស​ដ៏​បរិសុទ្ធ​នៅ​តំបន់​នោះ​»​។​

ទន្ទឹម​ជាមួយគ្នានេះ លោក ថោង ខុន បានឱ្យដឹង​ទៀតថា តាមរយៈ​ការរៀបចំ​ទិវា​រត់ប្រណាំង Angkor Ultra Trail 2024​នេះ គឺ​កីឡាករ កីឡាការិនី​ទាំងអស់ ដែល​បាន​ចូលរួម ជាពិសេស​ជនបរទេស នឹង​បាន​មើលឃើញ​កាន់តែច្បាស់​ពី​ភាព​ស្ថានភាព​ពិតប្រាកដ​នៅ​កម្ពុជា ជាពិសេស​នៅ​តំបន់​អង្គរ ថា មានការ​រីកចម្រើន និង​មាន​ភាពស្រស់ស្អាត​ដល់ក​ម្រិ​ត​ណា​ហើយ​។ 


លោក​បាន​បញ្ជាក់ថា​៖ «​កន្លងមក​យើង​អាច​មើលឃើញ​អំពី​ភាព​មាន​សុខ​សុវត្ថិភាព​ពេញលេញ​របស់​កម្ពុជា តាមរយៈ​ការ​ទិវា​រត់ប្រណាំង Angkor Ultra Trail​នេះ ដែល​រត់​កាត់​ស្បៃ​រាត្រី ហើយ​កាត់​ជនបទ អ៊ីចឹង​អ្នក​បាន​ចូលរួម​រត់​លើក​នេះ នឹង​ឃើញច្បាស់​ថា កម្ពុជា​ស្ថិតនៅ​ដំណាក់​កាលណា​? មានន័យថា កម្ពុជា​កំពុងស្ថិត​នៅក្នុង​សុខសន្ដិភាព​ពេញលេញ មិន​ថា​ថ្ងៃ ឬ​យប់ ប្រជាពលរដ្ឋ​រួសរាយ​រាក់ទាក់ ចេញមក​ស្វាគមន៍​កីឡាករ​ទាំងអស់ គឺ​អ្នករត់​របស់​យើង នឹង​ទទួលបាន​ភាពសប្បាយ​​រីករាយ ដូច​ការចូលរួម​ទិវា​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​កន្លងមក​ដែរ​»​។​

លោក​ទេសរដ្ឋមន្ត្រី បាន​បន្ថែមថា​៖ «​យើង​សង្ឃឹមថា ព្រឹត្តិការណ៍ Angkor Ultra Trail 2024 នឹង​ជួយ​ផ្សព្វផ្សាយ​កម្ពុជា បាន​កាន់តែ​ល្អ​ថែមទៀត ពិសេស​អំពី​ទឹកដី​មួយ ដែល​ពោរពេញ​ដោយ​សុខសន្ដិភាព និង​មាន​លក្ខណៈ​ស្រស់បំព្រង ទាំង​ធម្មជាតិ និង​ប្រទេសជាតិ​។ រីឯ​ទីតាំង​រៀបចំ គឺ​នៅ​តំបន់​អង្គរ ដែលជា​តំបន់​បេតិកភណ្ឌ​ដ៏​ល្បីល្បាញ​លើ​ពិ​ព​លោក តែ​អ្វីដែល​ប្លែក​ជាង​មុន អ្នក​មក​ចូលរួម គឺអាច​ហោះ​ត្រង់ តាម​យន្ដហោះ​ធុន​ធំ​មកកាន់​ក្រុង​សៀមរាប តាមរយៈ​អាកាស​យានដ្ឋាន​អន្ដរជាតិ​ថ្មី ដែល​អាច​ចុះចត​យន្ដហោះ​ធំៗ​ប៉ុន្មាន​ក៏បាន​»​។​

ចំណែក​លោក Edouard George ប្រធាន​ក្រុមហ៊ុន Phoenix Voyages ដែលជា​ដៃគូ​សហការ​រៀបចំ​ព្រឹត្តិការណ៍ Angkor Ultra Trail បានឱ្យដឹងថា គិត​មកទល់ពេលនេះ មាន​អ្នក​ចុះឈ្មោះ​ចូលរួម ទិវា​រត់ប្រណាំង Angkor Ultra Trail 2024 ចំនួន​១ ០៧៦​នាក់​ហើយ ដែល​មកពី​គ្រប់​ទ្វីប ស្មើនឹង​៤៣​ប្រទេស​លើ​ពិភពលោក ហើយ​ភាគច្រើន គឺ​ប្រជាជន​កម្ពុជា បារាំង វៀតណាម កូរ៉េខាងត្បូង និង​អាមេរិក​។​

លោក Edouard George បាន​បន្ថែមថា​៖ «​យើង​នឹង​ខិតខំ​ធ្វើការ​ជំរុញ​ការចុះឈ្មោះ​នេះ​ឱ្យបាន ​៣០០ ឬ ៤០០​ នាក់​ ទៀត ដើម្បីឱ្យ​ចំនួន​អ្នកចូលរួម​ឈានដល់​១ ៥០០ ​នាក់ រហូតដល់​ថ្ងៃទី​២៧ ខែមករា ដែលជា​ថ្ងៃ​រៀបចំ​កម្មវិធី ហើយ​ខ្ញុំ​ក៏​ទើបបាន​បំផុស​ចលនា​កីឡា​នេះ នៅ​មជ្ឈិមបូព៌ា តាម​ប្រសាសន៍​ឯកឧត្តម ថោង ខុន ដើម្បី​ជំរុញ​ទេសចរណ៍​កម្ពុជា​ទៅ​មជ្ឈិមបូព៌ា អ៊ីចឹង​គេ​នឹង​អាច​ភ្លក្ស​រសជាតិ​ថ្មី​នៅ​កម្ពុជា ជាពិសេស​នៅ​តំបន់​អង្គរ ពិសេស​ការរៀបចំ​រចនា​សម្ព័ន្ធ​ព្រលានយន្តហោះ​ថ្មី នៅ​ខេត្តសៀមរាប​»៕