លោក ថោង ខុន ទេសរដ្ឋមន្រ្តី​ទទួល​បន្ទុកជំរុញ​ការអភិវឌ្ឍ​ចលនា​កីឡា និងជា​ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​កម្ពុជា (NOCC) បាន​អះអាង​ថា ការ​ប្រកួត​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ “ពាន​រង្វាន់​សម្តេច​បវរធិបតី” លើកទី១ ឆ្នាំ២០២៤ ត្រូវ​បាន​ធ្វើ​ឡើង​​ដើម្បី​អភិរក្ស និងអភិវឌ្ឍ “មរតក​យុទ្ធ​គុន​ដូន​តាខ្មែរ” ព្រមទាំង​ធ្វើ​ទំនើប​កម្ម​ និង​អភិវឌ្ឍ​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ​ឱ្យ​មាន​ការ​រីកចម្រើន ​អាចបញ្ចូល​ទៅ​ក្នុង​ការ​ប្រកួត​កីឡា​កម្រិត​អន្តរ​ជាតិ។


លោក ថោង ខុន បាន​ថ្លែង​ថា៖ «ការ​រៀបចំ​ឱ្យ​មាន​នូវ​ព្រឹត្តិការណ៍​ប្រកួត​យុទ្ធ​គុន​ចម្រុះ​ខ្មែរបុរាណ​ជា​ប្រវត្តិ​សាស្រ្ត​នេះ​ឡើង គឺក្រោម​គំនិត​ផ្តួច​ផ្តើម​ដ៏​ខ្ពង់​ខ្ពស់​ប្រកប​ដោយ​ចក្ខុ​វិស័យ​វែង​ឆ្ងាយរបស់ សម្តេច​បវរធិបតី​នាយក​រដ្ឋ​មន្រ្តី ក្នុង​គោលដៅ​លើក​កម្ពស់ អភិ​រក្ស និងអភិវឌ្ឍ​មរតក​យុទ្ធ​គុនដូនតា​ខ្មែរ»។

ការ​លើក​ឡើង​​របស់​លោក ថោង ខុន ត្រូវ​បាន​ធ្វើ​ឡើង ក្នុងពិធី​បើក​ការ​ប្រកួត​យុទ្ធ​គុន​ចម្រុះខ្មែរ​បុរាណ​ពាន​រង្វាន់​សម្តេច​បវរធិបតី​នេះ នៅ​វិមាន​ពហុកីឡ​ដ្ឋាន​ជាតិ​អូឡាំ​ពិក នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ និង​​គ្រោង​​បញ្ចប់​នៅ​ថ្ងៃទី​២០ ខែតុលា ហើយ​ព្រឹត្តិការណ៍​មាន​ប្រតិភូ គ្រូ​បង្វឹក ព្រឹទ្ធាចារ្យ  និង​កីឡាករ កីឡាការិនី​ចូល​រួម​ជាង​៧០០​នាក់ ដែល​មាន​ទាំង​ក្រុម​ក្បាច់​គុន​កងយោធ​ពល​ខេមរ​ភូមិន្ទ គុនល្បុក្កតោ យុទ្ធ​ក្រម​ខម គុន​ខ្មែរ យុទ្ធ​គុន​ចម្រុះ និង​ក្រុម​អត្តពលិក​ជា​មហា​ជន។


ក្នុង​នាម​ជា​ប្រធាន​គណៈ​កម្មការ​ចំពោះ​កិច្ច​រៀបចំ​ការ​ប្រកួត​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ “ពានរង្វាន់​សម្តេច​បវរធិបតី” ឆ្នាំ​២០២៤​នេះ លោក ថោង ខុន បានចាត់​ទុក​កម្មវិធី​នេះ ជា​ព្រឹត្តិការណ៍​កីឡា-វប្បធម៌-ទេសចរណ៍​ដ៏​មាន​សារៈ​សំខាន់ និង​មាន​គុណ​តម្លៃ​ថ្លៃ​ថ្លា​បំផុត ក្នុង​ការ​រួម​ចំណែកគាស់​រំលេច​ឡើង​វិញ​នូវ​យុទ្ធគុន​បុរាណ ក្បួន​យុទ្ធគុន យុទ្ធសិល្ប៍ យុទ្ធោបករណ៍​បុរាណ និង​យុទ្ធសាស្ត្រ​សង្គ្រាម​របស់​ព្រះ​មហា​វីរក្សត្រ និង​វីរ​បុព្វ​បុរស​ដូន​តា​ខ្មែរ​គ្រប់​ជំនាន់ បាន​ប្រើ​ប្រាស់​ជា​មូលដ្ឋាន​ក្នុង​ការ​បង្កើត​បាន​អាណាចក្រ​ខ្មែរ​ដ៏​រឹង​មាំ​នា​សម័យ​បុរាណ។


លោក​បន្ថែម​ថា ការ​ប្រកួត​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ “ពានរង្វាន់​សម្តេច​បវរធិបតី”​នេះ ក៏ដើម្បី​សិក្សា​ស្រាវ​ជ្រាវ​ប្រវត្តិ​យុទ្ធ​គុន ស្វែង​រក​ប្រភព​ឯក​សារ​បុរាណ និង​ទស្សន​វិជ្ជា​យុទ្ធ​គុន​ដូន​តាខ្មែរ​ដែល​នៅ​សេស​សល់ ហើយ​កំពុង​កប់​បាត់​ក្នុង​សហគមន៍ ដើម្បី​យក​មក​រៀបចំ​ជា​ឯកសារ ទាំងឯកសារ​សំណេរ និង​ឯកសារ​ឌីជីថល​របស់​ជាតិ សម្រាប់​បន្សល់​ទុក​ឱ្យ​កូន​ខ្មែរ​គ្រប់​ជំនាន់​ប្រើ​ប្រាស់ ជា​មូល​ដ្ឋាន។


លោក ថោង ខុន ថ្លែង​ក្នុង​ពិធី​បើក​ការ​ប្រកួត​យុទ្ធគុន​ចម្រុះ​ខ្មែរ​បុរាណ “ពាន​រង្វាន់​សម្តេច​បវរធិបតី” ​លើក​ទី១ ឆ្នាំ​២០២៤។ រូបថត ឈន ណន

លោក​បញ្ជាក់​ថា៖ «យើង​ពិត​ជា​មាន​មោទន​ភាព ចំពោះ​ព្រះ​មហា​វីរក្សត្រ និង​វីរបុព្វ​បុរសដូន​តាខ្មែរ ដែល​បាន​ខិតខំ​បង្កើត​វប្បធម៌ អរិយធម៌ និង​រតន​សម្បត្តិ​មហា​សាល ទាំង​រូបី អរូបី​ឱ្យ​យើងទាំង​អស់​គ្នា​គ្រប់​ជំនាន់ ចំណែក​​យុទ្ធ​គុន​ខ្មែរ​បុរាណ យើង​មាន​ភស្តុតាង និង​សក្ខី​កម្ម​ជា​ច្រើន ដូចជា​ការ​រៀបរាប់​ពី​ថ្វី​ដៃ​យុទ្ធ​គុន​របស់​អតីត​ព្រះ​មហា​ក្សត្រ តាម​សិលាចារឹក សាស្រ្តា​ស្លឹក​រឹត តាមជញ្ជាំង​ប្រាសាទ​ជា​ច្រើន និង​តាម​សហគមន៍​នានា​ទូទាំង​ប្រទេស និង​នៅ​អតីត​ចក្រភព​ខ្មែរ​បុរាណ ដើម្បី​ទុក​ឱ្យ​កូន​ខ្មែរ​សម័យ​ទំនើប ជីកកកាយ សិក្សាស្រាវជ្រាវ និង​ចង​ក្រង​រក្សា​ទុក​ជា​សម្បត្តិ​វប្បធម៌​យុទ្ធ​គុន​ជាតិ​ដ៏​មាន​តម្លៃ​បំផុត»។

ជាមួយ​គ្នា​នេះ លោក ថោង ខុន បាន​ស្នើ​ឱ្យ​គណៈ​កម្មការ​ស្រាវជ្រាវ​គម្ពីរ​អាថ៌​កំបាំង​យុទ្ធ​គុនដូន​តាខ្មែរ ដែល​រាជ​រដ្ឋា​ភិបាល ទើប​បាន​បង្កើត​កាល​ពី​ថ្ងៃ​ទី ១១ ខែ​កញ្ញា ឆ្នាំ​២០២៤ បន្ត​អនុវត្តការងារ​សិក្សា​ស្រាវជ្រាវ​គម្ពីរ​អាថ៌​កំបាំង​យុទ្ធ​គុន​ដូនតា​ខ្មែរ ដោយ​សហការ​យ៉ាង​ជិត​ស្និត​ជាមួយក្រសួង ស្ថាប័ន និង​អាជ្ញាធរ​មូល​ដ្ឋាន​ពាក់​ព័ន្ធ​ចុះ​ទៅ​សិក្សា​ស្រាវជ្រាវ​ផ្ទាល់​ជាមួយ​ព្រឹទ្ធា​ចារ្យ​យុទ្ធគុន​ខ្មែរ​នៅ​តាម​សហគមន៍​មូល​ដ្ឋាន ស្រប​តាម​អនុសាសន៍​ណែ​នាំ  ដ៏ខ្ពង់​ខ្ពស់​បំផុត​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។

លោក​បាន​សង្កត់​ធ្ងន់​​ថា៖ «យើង​សង្ឃឹម​ជឿ​ជាក់​ថា តាម​រយៈ​ការ​រៀបចំ​ការ​ប្រកួត​កីឡា​យុទ្ធគុន​ចម្រុះ​ខ្មែរ​បុរាណ​ពាន​រង្វាន់​សម្តេច​បវរធិបតី​នា​ពេល​នេះ នឹង​ក្លាយ​ជា​កា​លានុវត្ត​ភាព​ដ៏​សំខាន់ក្នុង​ការ​ធ្វើ​ទំនើប​កម្ម និង​អភិវឌ្ឍ​យុទ្ធ​គុន​ចម្រុះ ខ្មែរ​បុរាណ​ឱ្យ​មាន​ការ​រីកចម្រើន ស្រប​តាម​ស្តង់​ដាកីឡា​​អន្តរ​ជាតិ និង​គោលការណ៍​ចលនា​អូឡាំ​ពិក​ឈាន​ឆ្ពោះ​ទៅ​ទទួល​ស្គាល់​ជា​អន្តរ​ជាតិ និង​អាចបញ្ចូល​ទៅ​ក្នុង​ការ​ប្រកួត​កីឡា​កម្រិត​តំបន់ និង​កម្រិត​អន្តរ​ជាតិ នា​ពេល​អនាគត»។

តាម​​របាយការណ៍​របស់​លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និង​កីឡា​ និងជា​ប្រធាន​សហព័ន្ធ​កីឡាយុទ្ធគុន​ចម្រុះ​កម្ពុជា បាន​ឱ្យ​ដឹង​ថា ការ​ប្រកួតកីឡាយុទ្ធគុន​ចម្រុះ​ខ្មែរ​បុរាណ​ពានរង្វាន់សម្តេចបវរធិបតី​នេះ មាន​ប្រតិភូ​កីឡាករ​កីឡាការិនី​ មន្រ្តី​បម្រើការទាំង​អស់​សរុប​​​៧២២នាក់​ ក្នុង​នោះ​មាន​កីឡាករ​៣៤៨នាក់ កីឡាការិនី​៧៧​នាក់ គ្រូ​បង្វឹក​៥៧នាក់ មន្រ្តី​បច្ចេក​ទេស អាជ្ញាកណ្តាល​​ចៅក្រម​១៧០នាក់​ មន្រ្តីពេទ្យ​ជំនាញកីឡា​៣៥​នាក់ និង​ព្រឹទ្ធាចារ្យ​យុទ្ធគុន​៣៥​នាក់៕