ក្រុមជម្រើសជាតិ​បាល់​ទាត់​កម្ពុជា​អាយុ​ក្រោម​១៧​ឆ្នាំ (U17) បានបន្ត​យក​ឈ្នះក្រុមU17ម៉ាកាវ ដោយ​លទ្ធផល ១-០ គឺដូចគ្នាទៅនឹ​ងការ​យក​ឈ្នះ​​ក្រុមU17បង់ក្លាដែស ១-០ កាលពី​ថ្ងៃទី​១៩ ខែតុលា​ដែរ ហើយ​ការ​ដណ្តើម​បានជ័យជម្នះ​២លើកជាប់ៗគ្នានេះ បានជួយ​ឱ្យ​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា ឡើង​ទៅ​ឈរ​នៅលេខ​១​ប្រចាំពូល​B  នៃ​ការប្រកួតវគ្គជម្រុះពានរង្វាន់ AFC U17 Asian Cup 2025 ជាបណ្តោះ​អាសន្ន។

តែទោះបីជា​យ៉ាង​ណា ការ​យកឈ្នះ​លើ​ក្រុម​U17ម៉ាកាវ ១-០ ដែលជាការ​ស៊ុត​បាល់​បញ្ចូលទី​របស់​ខ្សែបម្រើ​ពាក់លេខ​២៣ ពៅ ពីមករា នាទីទី​១៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក​កម្ពុជា កាលពី​យប់​ថ្ងៃ​ចន្ទកន្លងមកនេះ គឺ​មិន​បាន​ធ្វើ​ឱ្យ​គ្រូ​បង្គោល​លោក Koji Gyotoku សប្បាយ​ចិត្ត​​នោះទេ។

គ្រូ​បង្វឹកជប៉ុន​លោក Koji Gyotoku ដែលមានភារកិច្ច​​ដឹកនាំ​ក្រុម​ធំជម្រើសជាតិកម្ពុជា​ផង​​នោះ បាន​មើល​ឃើញ​ថា ក្រុម​U17កម្ពុជា បាន​បង្ហាញ​ទម្រង់​មិនល្អ​ទាល់​តែ​សោះ។


ចំណែក​អ្នក​ទស្សនា​ភាគ​ច្រើន ក៏មិនពេញ​ចិត្ត​នឹង​ទម្រង់​លេង​​នេះ​ដូចគ្នា ព្រោះ​តាមស្ថាន​ភាព​ប្រកួត​ជាក់​ស្តែង កាលពី​ថ្ងៃចន្ទ​នោះគឺ​ក្រុម​យុវជន​កម្ពុជា គួរណាស់​​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​នេះ ខណៈ​ក្រុម​ម៉ាកាវ នៅ​សល់សមាជិក​ត្រឹម​១០នាក់​នៅលើទីលាន ក្រោយ​ខ្សែ​ការពារ Tang Tin ទទួល​បានកាត់ក្រហម តាំងពីនាទីទី​១៣​នោះ។

លោក Koji Gyotoku បាន​និយាយក្នុងសន្និសីទកាសែត ក្រោយការ​ប្រកួត​​ថា៖ «ការ​ប្រកួត​ថ្ងៃនេះ ក្រៅពី​ការ​ទទួល​បាន៣ពិន្ទុ គឺ​ការ​លេង​របស់​យើង​ដូចជាមិនមែន​អ្វី​ដែល​ខ្ញុំពេញ​ចិត្តសោះ។ ការ​លេង​ថ្ងៃនេះ យើ​ង​ធ្វើអត់​​បានល្អអ្វីទាំង​អស់ អ៊ីចឹង​បើ​និយាយពី​ចំណុច​កែ​ប្រែ​វិញ គឺ​យើង​ត្រូវកែប្រែ​ទាំង​អស់»។


គ្រូបង្វឹក​ជនជាតិ​​ជប៉ុន​លោក Koji Gyotoku ពេល​​ដឹកនាំ​​ក្រុម​​U17​កម្ពុជា យក​​ឈ្នះ​​ក្រុម U17 ម៉ាកាវ ១-០ កាល​ពី​ថ្ងៃ​យប់​ថ្ងៃចន្ទ ប៉ុន្តែ​លោក​មិន​​ពេញ​ចិត្ត​ពី​ទម្រង់​​លេង​​របស់​​ក្រុម​​ម្ចាស់​​ផ្ទះ​​ទេ។ រូប​ថត FFC

យ៉ាង​ណាក៏​ដោយ លោក Koji បាន​ទទួល​ស្គាល់​ថា ក្រុម​U17កម្ពុជា បានប្រឹង​ប្រែង​លេង​ខ្លាំង ដើម្បី​ទទួលបានជ័យជម្នះ​នេះ ប៉ុន្តែ​បញ្ហា​នៅត្រង់ថា ពួកគេ​លេងអត់​បាន​ល្អ និងមិនអាច​ធ្វើ​បាន​តាម​អ្វី​ដែល​លោក​បាន​រៀបចំ និង​ដាក់​ឱ្យ ហេតុ​នេះ​លោក Koji ចង់​ឱ្យ​កីឡាករទាំង​អស់ ដាក់​ចិត្ត​ឱ្យ​បានកាន់តែ​ខ្លាំង ពិសេស​ត្រូវ​ធ្វើ​អ្វី​ឱ្យ​ប្រាកដ និង​យល់ឱ្យបាន​ច្បាស់ពី​អ្វី​ដែល​ត្រូវ​លេង សម្រាប់ការ​ប្រកួតជាបន្ត​ទៀត។

លោក​បញ្ជាក់ថា៖ «ការ​ទទួលបានជ័យជម្នះ​ថ្ងៃនេះ មិនមែន​ថា ដៃគូ​ប្រកួត​របស់​យើងលេង​បែប​ហ្នឹង យើងមើល​ស្រាល​គាត់ ហើយលេង​មិនបាន​ល្អ​ទេ ​តែ​ដោយសារកីឡាករ​របស់​យើង​អត់​ដឹង​ថា ត្រូវ​លេង​របៀបណា​ដោយ​ខ្លួនឯង យើងមាន​បញ្ហា​ដោយ​ខ្លួន​ឯង។ ពួកគាត់​ខំប្រឹង​មែន​ទែន ដើម្បីទទួល​បាន​ជ័យជម្នះនេះ ហើយ​ខ្ញុំ​អរគុណ​ដល់ការ​ប្រឹង​ប្រែង​របស់​ពួកគាត់ ហើយការ​ប្រកួត​បន្ទាប់ ខ្ញុំនឹង​ព្យាយាមកែ​ប្រែ ដើម្បី​ធ្វើ​ឱ្យបាន​ល្អជាងនេះ»។

ការ​ប្រកួត​រវាង​ក្រុម​U17កម្ពុជា និងក្រុម​U17ម៉ាកាវ នៅពហុកីឡដ្ឋានជាតិ កាលពី​យប់ថ្ងៃចន្ទ។ រូប​ថត FFC

ចំណែក​ខ្សែ​ការពារ​ពាក់​​លេង​៦ លឹម វឌ្ឍនា ក៏បាន​ទទួលស្គាល់​ថា មិនរួម​ក្រុម​របស់​ខ្លួន​ធ្វើមិន​បាន​ល្អ​ដែរ។ វឌ្ឍនា បាន​និយាយ​ថា៖​ «​ខ្ញុំ​គិត​ថា ថ្ងៃ​នេះ​យើង​ធ្វើ​អត់សូវបាន​ល្អ គឺការ​លេង​អត់​សូវស៊ីចង្វាក់​គ្នា ព្រោះការ​ប្រមូល​អារម្មណ៍​របស់ពួក​យើង​អត់សូវបាន​ល្អ និងមិនមាន​ភាពពុះកញ្ជ្រោល​ក្នុងការ​លេង»។​

ដោយ​ឡែក​ លោក Emmanuel Libano គ្រូ​បង្វឹក​ក្រុមU17ម៉ាកាវ បានសរសើរ​កូនក្រុម​របស់លោក​ថា លេង​បាន​ល្អ ហើយ​លោក​បាន​ទម្លាក់ការ​ចាញ់​ក្រុមU17កម្ពុជា ១-០ នេះ ដោយសារ​កីឡាករ​​របស់លោក មិន​ទាន់​មាន​ភាពសមទៅ​នឹង​អាកាសធាតុ នៅក្នុងប្រទេស​កម្ពុជា ជាពិសេស​ក្រុម​ម៉ាកាវ នៅសល់សមាជិក​ត្រឹម​១០នាក់ តាំងពីនាទីទី​១៣។

លោក​បាន​និយាយ​ថា៖​ «កីឡាករ​របស់យើងពិតជា​ធ្វើ​បាន​ល្អ ដែលខ្ញុំ​មិន​ធ្លាប់​បាន​ឃើញពីមុន​ទេ ប៉ុន្តែ​ក៏នៅ​មានចំណុចខ្វះ​ខាត​មួយចំនួន ដែលអាច​មកពី​ការ​មិន​ទាន់សមជាមួយ​អាកាសធាតុ និង​តំបន់ ហេតុនេះ​ពួកគាត់​ត្រូវការ​ពេល​វេលា​បន្ថែម ដើម្បីសម្រប​ខ្លួនឱ្យ​សម​​នឹង​អាកាស​ធាតុ​នៅ​ទីនេះ»។

លោក Emmanuel Libano បន្ថែម​ថា៖ «ទោះបីជា​យើង​នៅ​សល់​កីឡាករ​តែ​១០នាក់ តែ​ក្រុមបាន​ព្យាយាម​លេង​ដល់នាទី​ចុងក្រោយ ហើយបើសិន​​យើងនៅ​​​កីឡាករ​១១នាក់ពេញ ខ្ញុំ​គិត​ថា លទ្ធផលអាច​នឹង​ស្មើ​គ្នា ព្រោះ​នៅពេល​យើងបាត់​កីឡាករ​ម្នាក់ យើង​ត្រូវ​ធ្វើការ​ងារ​ច្រើន ដើម្បីទប់​ទល់ជាមួយ​ក្រុមកម្ពុជា ដែល​នៅសល់កីឡាករ​១១​នាក់​ពេញ»។

សម្រាប់​ការប្រកួតវគ្គជម្រុះពានរង្វាន់ AFC U17 Asian Cup 2025 ប្រចាំពូល​Bនេះ ក្រុម​U17កម្ពុជា នៅសល់​ការ​ប្រកួត​ចំនួន​២​លើក​ទៀត គឺការជួបក្រុម​U17អាហ្វហ្គានីស្ថាន នៅ​ថ្ងៃទី​២៥ និងចុង​ក្រោយ​ប៉ះក្រុម​U17ហ្វីលីពីន ខណៈការ​ប្រកួត​កាលពី​ថ្ងៃចន្ទ​នោះ​ដែរ ក្រុមហអាហ្វហ្គានីស្ថាន បាន​លត់​ក្រុម​ហ្វីលីពីន រហូត​ដល់ ៨-០ ហើយ​ចំពោះ​ការ​ប្រកួត​ពាន​នេះ គេ​យក​ក្រុមលេខ​១​តាមពូល​ទាំង​១០ និងក្រុម​លេខ​២​ល្អ​ចំនួន​៥​ក្រុម ដើម្បី​ឡើង​ទៅ​ប្រកួត នៅ​ជុំ​ផ្តាច់​ព្រ័ត្រ ដែល​នឹង​ធ្វើ​នៅ​ Saudi Arabia៕