ប្រធានក្រុមជម្រើសជាតិ​បាល់​ទះកម្ពុជា សួន ចាន់ណារ៉ូ បាន​សម្រេច​ចូល​និវត្តន៍ពីអាជីព​បាល់​ទះ​ជា​ផ្លូវ​ការ​ហើយ បន្ទាប់ពី​រូបគេ​បាន​​រួមចំណែក​យ៉ាងសំខាន់ ជួយ​ឱ្យក្រុម​កម្ពុជា ដណ្តើម​បាន​មេដាយ​សំរឹទ្ធ មេដាយប្រាក់ និង​ពាន​រង្វាន់អន្តរជាតិជា​ច្រើន​ទៀត ប៉ុន្តែ​ថ្នាក់​ដឹក​នាំ​សហព័ន្ធ​កីឡាបាល់​ទះ​កម្ពុជា មិន​ចង់​ឱ្យ​អ្នកលើក​បាល់​ដៃទី​១​ប្រចាំស្រុកខ្មែរ​រូប​​នេះ ឃ្លាត​ឆ្ងាយពី​បាល់​ទះ​នោះ​ទេ។


នៅ​ក្នុង​កម្មវិធីប្រកាសការ​ចូលនិវត្តន៍ពីក្រុមជម្រើសជាតិ​កម្ពុជា​​របស់ សួន ចាន់ណារ៉ូ ដែល​ធ្វើ​នៅ​ផ្សារទំនើប​ជីបម៉ុង កាលពី​ថ្ងៃទី​២១ ខែតុលា លោក អាំង សិរីពិសិដ្ឋ អគ្គ​លេខាធិការ​សហព័ន្ធ​កីឡាបាល់​ទះកម្ពុជា ​បានសម្តែងការ​សោក​ស្តាយ ចំពោះការ​សម្រេច​ចិត្ត​បញ្ចប់អាជីព​បាល់​ទះ​របស់ ចាន់ណារ៉ូ ប៉ុន្តែ​លោក​បាន​អះអាង​ថា លោកឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ ស សុខា ជាប្រធានសហព័ន្ធ និង​ថ្នាក់​ដឹកនាំ​ផ្សេងៗទៀត មិនចង់​ឱ្យ​អ្នក​លើក​បាល់​លំដាប់លេខ​១​រូប​នេះ ឃ្លាតឆ្ងាយពី​បាល់​ទះ​ឡើយ។

លោក សិរីពិសិដ្ឋ បាន​ថ្លែង​ថា៖ ​«​ក្រោមការ​ដឹកនាំ​របស់​ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គឺ​​លោក​​ចង់​ឱ្យ សួន ចាន់ណារ៉ូ កុំ​ឃ្លាត​ឆ្ងាយ​ពី​វិស័យបាល់​ទះ​។ គាត់​អាចយកចំណេះជំនាញពិត​ប្រាកដ​របស់​ខ្លួន ទៅបណ្តុះ​បណ្តាល​នៅលើ​វិស័យបាល់​ទះ​នេះ ដោយគាត់អាច​ជា​គ្រូ​បង្វឹក ជា​​គ្រូជំនួយ​របស់ជម្រើសជាតិ ឬក៏អាច​បង្ហាត់នៅតាម​ក្លិប»។ 


ជាមួយគ្នានេះ លោក អាំង សិរីពិសិដ្ឋ បាន​បង្ហើប​ថា សួន ចាន់ណារ៉ូ ក៏​អាច​នឹង​វិល​ត្រឡប់មក​លេង​នៅក្នុង​ក្រុមជម្រើសជាតិ​វិញ​ផងដែរ បើ​សិនជា​កីឡាករ​របស់​ក្លិប​វិសាខា​រូបនេះ អាច​បញ្ចុះ​ទម្ងន់ ព្យាបាលជំងឺ​​របួស​ ដើម្បី​ធ្វើឱ្យ​​រាង​កាយ​​របស់​ខ្លួនឯង​បាន​ល្អប្រសើរ​វិញ ព្រោះ ចាន់ណារ៉ូ ជា​កីឡាករ​ដ៏សំខាន់បំផុត​នៅក្នុង​ជម្រើសជាតិ​កម្ពុជា។


អគ្គលេខាធិការ​រូបនេះ បញ្ជាក់​ថា៖ «សួន ចាន់ណារ៉ូ ជា​វីរកីឡាករ​​នៅ​ក្នុង​វិស័យបាល់ទះកម្ពុជា​​​យើង និងជា​ key player ទាំង​ការ​លេង​នៅក្នុងក្លិប និងជម្រើសជាតិ ដែល​ធ្វើ​ឱ្យបាល់ទះ​កម្ពុជា​​យើង​បានកែ​ប្រែ​មុខ​មាត់ នៅលើ​ឆាក​អន្តរជាតិ អ៊ីចឹង​ការចូលនិវត្តន៍​របស់ ចាន់ណារ៉ូ វានឹង​ប៉ះពាល់​ដល់​ក្រុម​កម្ពុជា​យើង ព្រោះ​រហូត​មក​ដល់​ពេលនេះ អ្នក​លើក​បាល់​ដៃទី​២​របស់​យើង នៅមិន​ទាន់អាច​​​ប្រៀបផ្ទឹមជាមួយ សួន ចាន់ណារ៉ូ បាន​ទេ ប៉ុន្តែ​១ឆ្នាំ​២ឆ្នាំ​បន្តទៅមុខ​ទៀត យើង​នឹង​មានអ្នក​បន្ត​វេន​ហើយ»។


សួន ចាន់ណារ៉ូ ពេល​ចូលរួមជាមួយ​ក្រុមជម្រើសជាតិបាល់​ទះ​កម្ពុជា​កន្លងមក តែ​ពេលនេះ​រូបគេ​បាន​ប្រកាសចូលនិវត្តន៍ នៅ​ត្រឹមអាយុ​២៩​ឆ្នាំ។ រូប​ថត សហការី

លោក​​បន្ថែម​ថា៖ ​«ការ​ចូលនិវត្តន៍​របស់ ចាន់ណារ៉ូ គឺ​ទី​១ គាត់​​ឡើងគីឡូ ទី​២ គាត់​មាន​បញ្ហាខ្នង ចង្កេះ និងកជើង អ៊ីចឹងគាត់បាន​បើកឱកាស​ឱ្យ​យុវជន​បន្ត​វេន​របស់​យើង​មានឱកាស​បាន​ក្លាយជា​អត្តពលិកដៃទី​១។ នេះជា​ការ​លះបង់របស់​គាត់ ប៉ុន្តែ​​បើ​​សហព័ន្ធ​ អាច​ព្យាបាល​ជំងឺ​​របស់គាត់បាន​ល្អប្រសើរ​វិញ ហើយ សួន ចាន់ណារ៉ូ មានឆន្ទៈ​ក្នុងការ​សម្រក់​គីឡូបានពី​៥​ទៅ​៨គីឡូក្រាម យើងជឿជាក់ថា គាត់​នឹង​វិល​មក​លេងវិញ​បាន ហើយ​សហព័ន្ធ ​នៅតែ​បើក​ភ្លើង​ទទួលយកគាត់»។

ចំណែក​លោក លាង ម៉េង សហស្ថាបនិក និង​ប្រធានក្រុមអគ្គនាយក​ក្រុមហ៊ុនខ្មែរប៊ែវើរីជីស ដែលបានឧបត្ថម្ភដល់​វិស័យបាល់​ទះ​ច្រើនជាង​គេ​នៅកម្ពុជា ក៏បានបង្ហាញការ​សោក​ស្តាយ ចំពោះការ​ចូលនិវត្តន៍​របស់ សួន ចាន់ណារ៉ូ ព្រោះ​ ណារ៉ូ បានលះបង់​ច្រើនណាស់ ដើម្បី​លើក​មុខបាត់បាល់ទះ​កម្ពុជា ហេតុនេះ​លោក​មិនចង់​ឃើញ​អ្នក​មាន​ស្នាដៃ និងបទពិសោធន៍​ល្អ​បែបនេះ ត្រូវ​ឃ្លាត​ឆ្ងាយ​ពីវិស័យ​បាល់ទះ​ទេ។

លោក លាង ម៉េង បានបញ្ជាក់​ថា៖ «ខ្ញុំសូមកោតសរសើរ​អស់ពី​ដួងចិត្ត ដែល ណារ៉ូ បានលះបង់​ខ្លាំង​បំផុត ជាពិសេស​ចាក​ចេញពីឪពុក​ម្តាយបងប្អូន និងគ្រួសា ​ធ្វើ​ម៉េច​ឱ្យ​កិត្តិយស កេរ្តិ៍​របស់​សហព័ន្ធ និ​ងក្រុម​ជម្រើសជាតិ​យើង​ល្បី ហើយ​ខ្ញុំជឿជាក់ថា ស្នាម​ដានជើង​ដ៏​ល្អ​បែបនេះ​ អ្នកជំនាន់​ក្រោយ នឹង​បន្ត​វេន​ធ្វើ ដើម្បី​ធ្វើ​ម៉េច​ឱ្យ​ប្រទេស​យើង​តូច​មែន តែ​​មាន​ធនធាន អាច​ទៅប្រកួត​ប្រជែង​ជាមួយ​គេ​បាន»។

លោក​បាន​បន្ថែម​ថា៖ «ខ្មែរ​យើងអាច​ធ្វើ​បាន គ្រាន់តែ​ពេលខ្លះ​យើង​ខ្វះ​ពេល​វេលា និងឱកាស​ អ៊ីចឹង​ខ្ញុំជឿ​ថា ចាន់ណារ៉ូ នឹង​យក​បេះ​ដូង និង​បទពិសោធន៍​ដ៏មានតម្លៃ​របស់ខ្លួន មក​ចូលរួមជាមួយ​សហព័ន្ធ​ ដើម្បី​បង្ហាត់បង្ហាញ​ដល់​អ្នកជំនាន់​ក្រោយ ព្រោះ​ម្នាក់ៗ​សុទ្ធតែមានបេះដូង និង​គោល​ដៅរួម​ចង់​បាន​​មេដាយមាស និង​ជ្រោង​ទង់ជាតិរបស់​កម្ពុជា​ នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម»។​

គួររំឭក​​ថា កីឡាករ​វ័យ​២៩​ឆ្នាំ សួន ចាន់ណារ៉ូ បាន​ចាប់​ផ្តើម​លេង​បាល់ទះ​តាំង​ពី​ក្មេង​​​ ជា​មួយ​នឹង​អំណោយ​ផល​​កាយ​សម្បទា​ល្អ ​ហើយ​រូបគេបាន​ចាប់​ផ្តើម​ចូល​​ក្លិប​អាជីព​ដំបូង​ គឺកងពល​ធំ​អន្តរាគមន៍​លេខ​៣ នៅ​ឆ្នាំ​​២០១២ មុន​ពេល​​ផ្លាស់​ទៅ​ក្រុម​​បាល់ទះ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ព្រៃវែង​ ក្នុង​ឆ្នាំ​២០១៧​ ដែល​ក្រោយ​មក​ប្តូរ​ឈ្មោះ​ ​ ក្លិប​បាល់ទះ​វិសាខា ​ជា​ទ្រនំ​​​ថ្មី ​​ដែល​រូប​គេ​ជ្រក​កោន​រហូត​ដល់​ចូល​និវត្តន៍។

នៅ​ក្នុង​​រយៈ​ពេល ​៦​​ឆ្នាំ​ចុងក្រោយ​នេះ សួន ចាន់ណារ៉ូ បាន​ជួយ​ឱ្យ​​ក្លិប​វិសាខា ឈ្នះ​​មេដាយ​​មាស និងពាន​រង្វាន់ជា​ច្រើន​ទាំងការ​ប្រកួត​ក្នុងស្រុក និង​ក្រៅ​ប្រទេស​ ជាពិសេស ចាន់ណារ៉ូ បានបង្កើត​ស្នាដៃ​ជា​ច្រើន​ សម្រាប់​ការ​លេង​ឱ្យក្រុម​ជម្រើស​ជាតិ​ តាំងពី​ឆ្នាំ​២០១៦មក។ ​អ្វី​ដែល ចាន់ណារ៉ូ ចាំមិន​ភ្លេច​ គឺ​ពេល​ដែល​ក្រុម​កម្ពុជា បាន​ឈ្នះមេដាយសំរឹទ្ធ ជា​លើកដំបូង ក្នុងការ​ប្រកួត​​ស៊ីហ្គេម ឆ្នាំ​២០២២ នៅ​វៀតណាម និង​ការ​បន្ត​ឈ្នះ​មេដាយ​ប្រាក់ នាការ​ប្រកួត​​ស៊ីហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា។

រំឭក​ដល់សមិទ្ធផល​ទាំង​អស់នោះ សួន ចាន់ណារ៉ូ បាននិយាយ​ថា៖​ «ខ្ញុំស្រលាញ់បំផុត គឺ​ទង់ជាតិកម្ពុជា! រាល់ពេល​ដែល​ខ្ញុំ​ចេញ​ទៅ​ប្រកួត ខ្ញុំតែងសម្លឹងមើលទង់ជាតិ​ ហេតុនេះខ្ញុំ​បានតាំង​ចិត្តថា ត្រូវខំប្រឹង​ហាត់​ គឺ​បើ​មិន​បាន​លេខ​១ ក៏​បាន​លេខ​២ ឬលេខ​៣​ដែរ ដើម្បី​ឱ្យ​ទង់ជាតិ​កម្ពុជា ហូត​ទៅជាមួយគេ ហើយខ្ញុំពិតជាសប្បាយ​ចិត្តណាស់ នៅពេល​យើង​បានលេខ​៣ ពេល​ស៊ីហ្គេម នៅ​វៀតណាម និង​បានលេខ២ ពេលស៊ីហ្គេម ឆ្នាំ​២០២៣ នៅកម្ពុជា»។

យ៉ាងណាក៏ដោយ ការដណ្តើម​បាន​ត្រឹម​មេដាយប្រាក់ និងសំរឹទ្ធ ពីការ​ប្រកួតស៊ីហ្គេមនេះ សួន ចាន់ណារ៉ូ ថា នៅ​មិនទាន់​សម្រេច​គោលដៅ​ធំ​របស់​ក្រុមជម្រើសជាតិកម្ពុជានោះទេ ហេតុ​នេះ ចាន់ណារ៉ូ បានទទូច​ឱ្យកីឡាករ​កម្ពុជា ដែលជាសិស្សប្អូន ត្រូវខំប្រឹង​ពង្រឹង​សមត្ថ​ភាព​ឱ្យបានកាន់តែ​ខ្លាំង ដើម្បីប្រជែង​យកមេដាយមាស នាការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ​២០២៥ នៅប្រទេស​ថៃ ហើយ​ ចាន់ណារ៉ូ ខ្លួនឯង​ក៏រំពឹង​ថា អាច​ព្យាបាល​របួស​បានជាសះស្បើយ និង​សម្រក​ទម្ងន់​ធ្វើ​ឱ្យ​រាងកាយ​រឹងមាំល្អ​វិញ ដើម្បី​វិលត្រឡប់មកលេង​ឱ្យក្រុមជម្រើសជាតិ​ផងដែរ។

កីឡាករ​កម្ពស់​ ១,៩០​ម៉ែត្រ សួន ចាន់ណារ៉ូ បាន​និយាយ​ថា៖​ «សូមប្អូនៗ​ជា​កីឡាករ​​ខំប្រឹង​ហាត់ ដើម្បី​យកមេដាយជូនជាតិ នៅស៊ីហ្គេម ឆ្នាំ​២០២៥ ហើយបើ​សុខភាព​ខ្ញុំ​ល្អ ខ្ញុំ​មានឱកាស គឺ​ខ្ញុំក៏អាចនឹង​មកជួយ​ក៏ថា​បានដែរ ព្រោះ​ខ្ញុំស្រលាញ់​ជាតិ​មែន​ទែន។ ខ្ញុំ​តែងរំឭក​​រឿង​ជាតិ​របស់​ខ្ញុំ គឺ​ទៅណា ក៏​ខ្ញុំ​មិន​ភ្លេចដែរ រឿង​ទង់ជាតិកម្ពុជា​របស់​ខ្ញុំ»៕