សិក្ខាកាមជា​គ្រូបង្វឹក និង​កីឡាករ កីឡាការិនី ដែល​ទើប​ទទួល​បាន​ចំណេះដឹង​ពី​វគ្គ​សាម​គ្គី​អូឡាំពិក ស្ដីពី «គ្រូ​បង្វឹក​កីឡា​លើក​ទម្ងន់ លើក​ទី២» ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ក្លាយ​ជា​ធនធាន​​ដ៏​សំខាន់​ក្នុង​ការ​ពង្រីក​វិសាល​ភាព​កីឡា​លើក​ទម្ងន់នៅ​កម្ពុជា ព្រមទាំងប្រើចំណេះដឹង​ទើបទទួល​បាននេះ ទៅ​​ពង្រឹង​សមត្ថ​ភាព​ខ្លួនឯង​ឱ្យ​កាន់តែ​ប្រសើរ ដើម្បី​ចូលរួម​ប្រកួតប្រជែង​យក​មេដាយ ក្នុងស៊ីហ្គេម លើក​ទី​៣៣ ឆ្នាំ​២០២៥ នៅប្រទេស​ថៃ។


លោក Aveenash Pandoo ដែលជាគ្រូឧទ្ទេស នៅ​ក្នុង​វគ្គ​នេះ បាន​ឱ្យ​ដឹង​ថា សិក្ខាកាម​ទាំង​ ២៥នាក់ (ស្រី​១០នាក់) ពិតជា​មាន​ការ​ខិតខំ​ប្រឹង​ប្រែង និង​យក​ចិត្តទុក​ដាក់​ខ្លាំង​ទៅ​លើ​ការ​សិក្សា​រៀនសូត្រ នៅ​ក្នុង​​វគ្គ​សាមគ្គីអូឡាំពិក ស្ដីពី​គ្រូ​បង្វឹក​កីឡា​លើក​ទម្ងន់ លើក​ទី២​នេះ ដែល​បាន​ដំណើរ​ការ​ចាប់ពី​ថ្ងៃទី​២០ ដល់​ទី​២៧ ខែតុលា នៅ​ទីស្នាក់​ការ​គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា។

លោក​បាន​ចាត់​ទុក​វគ្គ «គ្រូ​បង្វឹក​កីឡា​លើក​ទម្ងន់ លើកទី២» នេះ​ជាវគ្គ​ដ៏សំខាន់ ដែល​ធ្វើ​ឱ្យ​សិក្ខាកាមកម្ពុជា យល់​ដឹង​កាន់តែ​ច្រើន​ទាំង​ទៅលើ​បច្ចេក​ទេស និង​របៀប​បង្ហាត់​សិស្ស ក៏ដូចជា​ពង្រឹង​សមត្ថ​ភាព​ខ្លួនឯង ព្រោះវគ្គនេះ​បាន​បង្ហាត់បង្ហាញ​តាំង​ពី​ការ​រៀបចំ​ដំណើរ​អភិវឌ្ឍ​រយៈពេល​ខ្លី និង​រយៈពេល​វែង​, គោលការណ៍​ក្នុង​ការ​បង្វឹក, ការ​រៀបចំ​ផែន​ការ​បង្វឹក​, បច្ចេក​ទេស​ធ្វើ​ចលនា​, ការបង្កើត​កម្លាំង​ក្នុង​កីឡា​លើក​ទម្ងន់​ និងអាហាររូបបឋម ព្រមទាំង​បាន​ណែនាំ​​ពី​បច្ចេក​ទេស​សំខាន់ៗ​ជាច្រើន​ទៀត។


គ្រូឧទ្ទេស​អន្តរជាតិ​រូប​នេះ បាន​ថ្លែង​នៅ​ក្នុងពិធីវគ្គ កាលពី​ថ្ងៃទី​២៧ តុលា​ថា៖ ​«​ខ្ញុំ​សូមអរគុណ និង​កោត​សរសើរ​នូវ​ការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំងក្លា​​របស់​អ្នកទាំង​អស់​គ្នា ហើយ​សូម​យក​ចំណេះ​ដឹង ដែល​បាន​កត់ត្រា និង​សិក្សា​ក្នុង​វគ្គនេះ ទៅបំពេញ​ក្នុង​ការងារ​របស់អ្នកទាំង​អស់​គ្នា។ ​ខ្ញុំ​សង្ឃឹម​ថា នឹង​បាន​ឃើញ​ក្រុម​អត្តពលិក​លើក​ទម្ងន់​​កម្ពុជា ​ទទួល​​បាន​ជោគជ័យ​សម្រាប់​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ​២០២៥»។


ចំណែក​លោក ផេង ប៉ាក អគ្គលេខាធិការស្តីទីសហព័​ន្ធ​កីឡាលើក​ទម្ងន់​កម្ពុជា បាន​ថ្លែង​ថា៖​ «សហព័ន្ធ​កីឡាលើក​ទម្ងន់​កម្ពុជា រៀបចំ​វគ្គនេះ​ឡើង ក្នុងគោល​បំណង​ចង់​ឱ្យ​សិក្ខាកាមទាំ​ង​អស់ ធ្វើ​ការ​អភិវឌ្ឍ​សមត្ថ​ភាព​ និងបច្ចេក​ទេស​គ្រូ​បង្វឹក​ផ្នែក​កីឡា​លើក​ទម្ងន់ ​ឆ្ពោះ​ទៅ​ចូលរួម​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ​២០២៥ នៅថៃ និងត្រៀម​ការ​ប្រកួតកីឡា​​យុវជន​អាស៊ី​ ឆ្នាំ​២០២៩ ដែល​កម្ពុជា ធ្វើ​ជាម្ចាស់​ផ្ទះ»។


អ្នកគ្រូ ទ្រី សុថាវី ពេលឡើងទទួលវិញ្ញាបនបត្រពីគ្រូឧទ្ទេសលោក Aveenash Pandoo នៅទីស្នាក់ការ NOCC។ រូបថត ឈន ណន

ដោយឡែក លោក ងិន សុបញ្ញា ដែល​បានចូលរួម​ក្នុង​ពិធី​បិទវគ្គ​នោះ តំណាងឱ្យ​គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា  បាន​លើកទឹក​ចិត្ត និងជំរុញ​ឱ្យ​សិក្ខាកាមជាគ្រូ​បង្វឹក និងជា​កីឡាករ កីឡាការិនី​ទាំង​២៥​នោះ យក​ចំណេះ​ជំនាញ​ដែល​ទទួល​បានពី​គ្រូ​ឧទ្ទេស​អន្តរជាតិ ទៅ​បណ្តុះ​បណ្តាល​ដល់​អ្នកជំនាញ​ក្រោយ ក៏​ដូចជា​ពង្រឹង​សមត្ថ​ភាព​ខ្លួនឯង​ឱ្យ​បានកាន់តែ​ប្រសើរ ធ្វើ​យ៉ាង​ណា​ឱ្យ​ក្រុម​លើក​ទម្ងន់​កម្ពុជា អាច​​ប្រកួត​ប្រជែង​រក​មេដាយ ​ក្នុង​កម្រិត​ស្តង់ដា​ខ្ពស់ នា​ព្រឹត្តិការណ៍​ស៊ីហ្គេម ឆ្នាំ​២០២៥​។ 

ឆ្លើយតបទៅនឹង​ការ​ជំរុញ ក៏ដូចជា​ការ​ដាក់​ក្តីសង្ឃឹម​របស់​គ្រូ​ឧទ្ទេស និង​ថ្នាក់ដឹកនាំ ទៅលើ​ក្រុម​អត្តពលិក​កីឡាលើក​ទម្ងន់​កម្ពុជា​នេះ អ្នកស្រី ទ្រី សុថាវី គ្រូ​បង្វឹក​ជម្រើស​ជាតិ​កីឡាលើក​ទម្ងន់​កម្ពុជា បាន​អះអាង​ថា មេរៀន​ដែល​ទទួល​បាន​នៅ​ក្នុង​វគ្គ​គ្រូបង្វឹកកីឡាលើកទម្ងន់ លើកទី២នេះ បាន​ក្លាយ​ជា​ចំណេះដឹង​​ដ៏សំខាន់ ក្នុង​ការ​ជួយ​អភិវឌ្ឍ​សមត្ថ​ភាព និង​ការ​យល់​ដឹង​របស់​កីឡាករ កីឡាការិនី​លើក​ទម្ងន់​កម្ពុជា​ កាន់តែ​ប្រសើរ ក្នុង​ការឈាន​ទៅដណ្តើម​យក​មេដាយ នៅស៊ីហ្គេម។

ទ្រី សុថាវី បាន​និយាយ​ថា៖ «ឆ្លងកាត់​​វគ្គបណ្តុះបណ្តាល​នេះ យើងបានដឹង​ច្រើនពីពាក្យ​បច្ចេក​ទេស ដែល​ប្រើ​ក្នុងកីឡា​លើក​ទម្ងន់ ជាពិសេសគ្រូឧទ្ទេស​របស់​យើង បាន​ប្រាប់​ពី​​ល្បិច​គណនាគិតជាភាគរយនៃ​ការលើក និង​ភាគ​រយ​នៃ​កម្លាំង​ថាមពល​យើងប្រើ​ជា​ប្រចាំ ចំណែក​បច្ចេក​ទេស​របស់ក្រុមអត្តពលិក​យើង​នៅពេលនេះ​ ក៏មានការ​កើន​ឡើង​ផងដែរ ហេតុនេះ​យើង​មាន​រំពឹងថា នឹង​អាច​​ដណ្តើម​បានមេដាយ សម្រាប់ការ​ប្រកួតស៊ីហ្គេម ឆ្នាំ​២០២៥»។

លោក ងិន សុបញ្ញា តំណាងឱ្យ NOCC បានប្រគល់វត្ថុអនុស្សាវរីយជូនទៅដល់គ្រូឧទ្ទេស លោក Aveenash Pandoo។ រូបថត ឈន ណន

ទន្ទឹមជាមួយគ្នានេះ សហព័ន្ធ​កីឡាលើកទម្ងន់​កម្ពុជា ក៏បាន​ដាក់​គោលដៅច្បាស់​លាស់ ក្នុង​ការ​ឈាន​ទៅ​​ប្រមាញ់​យក​មេដាយ នៅ​ស៊ីហ្គេម ឆ្នាំ​២០២៥ផង​ដែរ បន្ទាប់​ពីសហព័ន្ធ​នេះ បាន​បង្កើត​កំណត់​ត្រាឈ្នះ​បានមេដាយ​សំរឹទ្ធ​១ ពីការ​ប្រកួតស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា ដែល​រកបាន​ដោយ​កីឡាការិនី ទ្រី សុភ័ក្ររាជ ក្នុង​ប្រភេទ​ទម្ងន់​៥៥គីឡូក្រាម ខណៈ​ពេល​នេះ សុភ័ក្ររាជ និង​កីឡាការិនី ជ័យ ពៅសុជាតា ក៏​កំពុង​ហ្វឹក​ហាត់​​ពង្រឹង​សមត្ថ​ភាព​នៅប្រទេស​ចិន ត្រៀម​ស៊ីហ្គេម​ នៅឆ្នាំ​ក្រោយដូចគ្នា។

អ្នកគ្រូ សុថាវី បាន​បញ្ជាក់ថា៖​ «ការ​ដាក់​គោលដៅ​របស់​សហព័ន្ធ​កីឡាលើកទម្ងន់​​កម្ពុជា គឺ​ឱ្យ​កីឡាករ កីឡាការិនី​សម្រួច​ទៅ​យក​មេដាយ សម្រាប់​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ​២០២៥ គឺ​ត្រូវ​តែ​ដណ្តើម​ឱ្យ​បាន​មេដាយកម្រិត​ណាមួយ នៅ​ក្នុងការ​ប្រកួត​ទាំង​១០​ប្រភេទទម្ងន់ សម្រាប់​ស៊ីហ្គេម​ខាង​មុខ​នេះ»៕