ក្រុម​លីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ SP Falcons FC របស់​ម៉ុងហ្គោលី ក្នុង​វគ្គជម្រុះ​តាមពូលពាន​រង្វាន់ AFC Challenge League 2024/2025 ប្រចាំតំបន់​អាស៊ីខាង​កើត នៅ MFF Stadium Ulaanbaatar នា​រសៀលម៉ោង​២​ថ្ងៃពុធ​នេះ។


ដោយ​ឈរ​នៅពូល​E ក្រុម​ SP Falcons បាន​នឹង​កំពុង​ឈរ​នៅកំពូល​តារាង​ជា​បណ្តោះ​អាសន្ន បន្ទាប់​ពី​ពួកគេ​បាន​ប្រកួតស្មើ ០-០ ជាមួយ​ក្រុមភ្ញៀវ Madura United របស់​ឥណ្ឌូនេស៊ី ចំណែក​កម្រិត​លេង​របស់​ក្រុមទាំង២​នេះ ត្រូវបាន​លោក Jose Munoz មើល​ឃើញ​ថា សុទ្ធតែ​មានគុណ​ភាពល្អ​ ដែល​នឹង​ផ្តល់ការ​លំបាក​ដល់​ក្រុមព្រះខ័នរាជស្វាយររៀង ក្នុងការ​ប្រជែង​យកឱកាស​ឡើង​ទៅ​ជុំ​បន្ទាប់។

ទន្ទឹម​នឹងនេះ លោក Jose Munoz  បានចាត់ទុក​ពានរង្វាន់ AFC Challenge League​នេះ ជាការ​ប្រកួត​អន្តរជាតិ​ថ្មី​មួយ​ទៀត ដែល​បានជំរុញ​ទឹក​ចិត្តកាន់តែ​ខ្លាំង​ក្លា​ទៅដល់​​ក្រុមស្វាយរៀង ក្នុងការ​ប្រជែង ប៉ុន្តែ​ពួក​គេ​ត្រូវ​​ផ្តោត​អារម្មណ៍​ឱ្យ​បាន​ខ្លាំង និង​ធ្វើ​ឱ្យ​បាន​ល្អបំផុត ជាពិសេស​ការ​ជួប​ក្រុមម្ចាស់​ផ្ទះ​ SP Falcons ដែលជាការ​ប្រកួត​បើក​ឆាក​របស់​ខ្លួន នៅ​រសៀល​ថ្ងៃពុធនេះ។


គ្រូ​បង្គោល​ក្រុមស្វាយរៀង លោក Jose Munoz  បាន​ថ្លែង​ក្នុងសន្និសីទ​កាសែត នៅប្រទេស​ម៉ុងហ្គោលី កាលពី​ថ្ងៃអងា្គរ​ថា៖​ «​យើង​ត្រូវ​ចាប់​ផ្តើម​ឱ្យ​បាន​ខ្លាំង សម្រាប់​ការ​ប្រកួត​​នេះ ព្រោះ​វា​ជា​ការ​ប្រកួត​មួយ​ដ៏តឹងតែង​សម្រាប់​យើង។ យើង​ត្រូវលេង​ក្រៅ​ដី​​ ជាពិសេស​ត្រូវ​លេង​ជាមួយក្រុម​ម្ចាស់​ផ្ទះ ដែលជា​ក្រុមលេ​ងខ្លាំង​ តែ​យើង​ក៏​រំភើប​ក្នុងលេង​ដូចគ្នា»។


លោក Jose Munoz ពេល​ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​ប្រទេស​ម៉ុងហ្គោលី កាល​ពី​ថ្ងៃ​អង្គារ។ រូបថត ស្វាយរៀង


លោក​បន្ថែម​ថា៖ «SP Falcons ​ជា​ក្រុមខ្លាំង គឺ​គាត់ប្រជែង និងរត់​​គ្រប់​ពេល ជាពិសេស​​គាត់ប្រជែងគ្រប់​បាល់​ទាំង​អស់ ហើយ​ក្រុមនេះ ក៏​មាន​គុណ​ភាព​ក្នុងការ​លេងបាល់ពីក្រោម​ទៅ ដើម្បី​ស្វែង​រក​ទីតាំង​ដែល​ទូលាយ​ និងជា​ក្រុម​​ធ្វើ​បាន​ល្អ សម្រាប់បាល់​រៀបចំ។ ម្យ៉ាង​ទៀត ដោយសារនេះជា​ការប្រកួត​ក្នុងទឹក​ដី​ អ៊ីចឹង​​វាបានជំរុញ​ទឹក​ចិត្តពួក​​គាត់​បន្ថែម​ទៀត ក្នុងការ​ប្រកួតជាមួយ​ក្រុម​យើង»។

ចំណែក​កីឡាករជប៉ុន Ryo Fujii បាន​និយាយ​ក្នុងសន្និសីទកាសែត កាលពី​ថ្ងៃអង្គារ​នោះ​ដែរ​ថា៖​ «​សម្រាប់​ការ​ប្រកួតនេះ យើង​ត្រូវ​ប្រើ​ប្រាស់​ថាម​ពល​របស់​យើង​ទាំង​អស់ ជាពិសេស​យើង​ត្រូវធ្វើ​ម៉េច​ឱ្យ​បាន​ល្អជាងគូ​ប្រកួត​ ទើប​យើង​អាច​គ្រប់​គ្រងការ​ប្រកួត​ហ្នឹងបាន»។

ជាមួយគ្នា​នេះ លោក Jose Munoz ក៏បាន​រំពៃមើល​ទៅដល់​​ទម្រង់លេងក្រុម Madura United របស់​ឥណ្ឌូនេស៊ី ដោយ​លោកកត់​សម្គាល់​ឃើញ​ថា ​ជា​​ក្រុម​លេង​នៅលីគកម្រិតខ្ពស់​មួយ ដែល​​​មាន​កីឡាករ​ល្អៗ​ទាំង​កីឡាករ​បរទេស និង​កីឡាករ​ក្នុងស្រុក ហើយ​នេះជាកត្តា​ប្រឈម​របស់​ក្រុម​ស្វាយរៀង ក្នុងការ​ប្រជែង​ជាមួយក្រុម Madura United ក៏ដូចជា​ក្រុម SP Falcons។

កីឡាករ​ជា​ជម្រើស ១១​នាក់​ដំបូង​របស់​ក្រុម​ម្ចាស់​ផ្ទះ SP Falcons ពេល​ប្រកួត​ស្មើ ០-០ ជាមួយ​ក្រុម Madura United កាលពីថ្ងៃទី២៧ ខែតុលា។ រូបថត SP Falcons

លោក Jose Munoz បាន​បញ្ជាក់ថា៖ «យើង​ដឹង​ហើយ​ថា យើង​មានការ​ពិបាកទាំង​២​ប្រកួត​ ប៉ុន្តែ​យើង​ក៏​ត្រូវ​ការ​រក្សា​កម្រិត​លេង​របស់​យើង​​នៅ​ក្រៅ​ដី ព្រោះ​​យើងចង់​បង្ហាញ​ពីកម្រិត​​សមត្ថ​ភាព​របស់​ក្រុម​មកពី​លីគកំពូល​កម្ពុជា​ ជាពិសេសគុណ​ភាពកីឡាករ និង​ក្លិប​របស់​យើង​ដូចគ្នា»។

តែទោះបីជាយ៉ាង​ណា គ្រូ​បង្វឹកសញ្ជាតិ​អេស្ប៉ាញ លោក​ Jose Munoz ក៏​មានការបារម្ភ​ទៅលើ​ការ​សម្រប​ខ្លួនរបស់កូនក្រុម ​នៅលើ​ទឹក​ដី​ប្រទេស​ម៉ុងហ្គោលី ដែល​កំពុងមាន​អាកាសធាតុ​ត្រជាក់​ខ្លាំង ហើយការ​លេង​នៅលើ​ស្មៅសិប្បនិម្មិត ក៏ជា​ផលលំបាក​មួយ​ផងដែរ សម្រាប់​ក្រុម​ស្វាយរៀង បើទោះបីជា​ពូល​E ដែល​មាន​ត្រឹម​៣​ក្រុមនេះ គេកំណត់​យក​ក្រុមលេខ​១ និងលេង​២ ឡើង​ទៅ​លេង​ជុំ​បន្ទាប់។

លោក​បាន​សង្កត់ធ្ងន់​ថា៖ «យើង​ត្រូវ​សម្រប​​ខ្លួន​ទៅនឹង​អាកាសធាតុ ទីលាន និង​បរិយា​កាស​​នៅ​ទីនេះឱ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើទៅបាន ហើយ​ខំប្រឹង​ធ្វើ​ឱ្យអស់ពី​សមត្ថ​ភាព​រៀងៗ​ខ្លួន និងលេងសហការគ្នាជា​ក្រុម។ ​គោលដៅចម្បង​របស់​យើង​ គឺដើម្បី​ឈានទៅលេង​នៅ​វគ្គ​បន្ទាប់​ទៀត ​ហើយវាជាមូល​ហេតុ​ដែល​យើងមកទីនេះ»៕