ត្រឹមជាកីឡាករឡើង​ប្រកួត​ជំនួស​គេ​ដោយមិនបាន​ត្រៀម​ខ្លួន ប៉ុន្តែ​អ្នក​ប្រដាល់​មក​​ពី​ខេត្ត​បន្ទាយមានជ័យ មាស ប៊ុនថេន បែរជា​ធ្វើ​ឱ្យគ្រប់​គ្នា​មានការ​ភ្ញាក់ផ្អើល​ជាមួយ​សមត្ថភាព​ប្រកួត​របស់​គេ បន្ទាប់ពី​កីឡាករ​រូបនេះ បាន​យក​ឈ្នះ​អ្នកប្រដាល់​ជើង​ខ្លាំង​របស់​អេស្ប៉ាញ Mario Alvares មុនពេល​គណៈកម្មការ​សម្រេច​ឱ្យ​ឈ្នះលើ ធន់ វណ្ណា ដោយស្វ័យ​ប្រវត្តិ ក្នុង​វគ្គ​​ផ្តាច់​ព្រ័ត្រ ដើម្បី​ក្លាយជា​ម្ចាស់​ខ្សែ​ក្រវាត់ ក្នុង​ប្រភេទទម្ងន់៦០គីឡូក្រាម​​យ៉ាងរំភើប​ នៅក្នុងអាជីពជា​លើក​ដំបូង​។

នៅមុនការ​ប្រកួត​ម៉ារ៉ាតុងដណ្តើម​ខ្សែ​ក្រវាត់ នៅលើ​សង្វៀន​បាយ័ន កាលពី​ថ្ងៃអាទិត្យ កន្លងមក​នេះ គ្មានអ្នកណា​ជឿ​ថា មាស ប៊ុនថេន អាច​ឆ្លង​ផុត​វគ្គជម្រុះ​៣ទឹក​នោះ​ទេ នៅពេល​កីឡាករ​រូបនេះ ត្រូវជួប​ជើង​ខ្លាំង Mario Alvares ព្រោះ​អ្នក​ប្រដាល់​រូប​នេះ ធ្លាប់​ម៉ាត់​ជើង​ខ្លាំង​ជាម្ចាស់​មេដាយមាស​ស៊ីហ្គេម ឆ្នាំ​២០២៣ ឈុត សេរីវ៉ាន់ថង ​ឱ្យ​សន្លប់ធំ​ត្រឹមពាក់​កណ្តាល​ទឹក​ទី​១ សម្រាប់​ការ​ប្រកួតជម្រុះ​ដណ្តើម​ខ្សែក្រវាត់ ដែល​ធ្វើ​នៅលើ​ទឹក​ដីប្រទេស​បារាំង កាលពី​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២៤។

ប៉ុន្តែ​តាម​រយៈការ​ប្រកួត​ជាក់​ស្តែង មាស ប៊ុនថេន ពិតជា​មាន​ចលនា​វាយ​ចេញ​​ចូល​យ៉ាង​រហ័ស​រហួន ដើម្បី​ទប់ទល់ជាមួយកណ្តាប់ដៃ​វាយចេញធ្ងន់ៗ​របស់ Mario Alvares ហើយ​អ្វី​ដែលកាន់តែ​ពិសេស​នោះ ប៊ុនថេន បាន​វាយកែង​បណ្តាល​ឱ្យ​ជើង​ខ្លាំង​មកពី​​អេស្ប៉ាញ​ម្នាក់​នេះ មាន​ឈាម​ហូរតាម​រន្ធ​ច្រមុះ​តាំងពី​ទឹក​ទី​១ មុនពេល​ចៅ​ក្រម​បាន​សម្រេច​ឱ្យ​ឈ្នះ​ដោយពិន្ទុ​មិនឯច្ឆន្ទ ៣-២ ក្រោយការ​ប្រកួត​៣ទឹក​យ៉ាង​ស្វិត​ស្វាញបានបញ្ចប់។


ជាមួយការ​ទទួលបានជ័យជម្នះ​ដ៏គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ មាស ប៊ុនថេន ត្រូវ​ឡើង​ទៅជួប​ជើង​ខ្លាំងជា​ជនរួមជាតិ ធន់ វណ្ណា ដែល​បាន​យក​ឈ្នះ​កីឡាករ​អេស្ប៉ាញ Julio Cessa ដោយពិន្ទុ​ដាច់ នៅ​ក្នុង​វគ្គជម្រុះ​៣​ទឹកនោះ​ដែរ ប៉ុន្តែ​ជំនួប​វគ្គ​ផ្តាច់​ព្រ័ត្រ​របស់អ្នកទាំង​២នេះ មិន​ត្រូវបាន​ធ្វើ​ឡើង​នោះ​ទេ ដោយសារ ធន់ វណ្ណា មាន​របួសជង្គង់ឆ្វេង ពេល​ប្រកួតជាមួយ​ Julio Cessa នៅ​ចុង​ទឹក​ទី​៣។

បញ្ហា​របួសជង្គង់នេះ ជាហេតុ​នាំ​ឱ្យគណៈកម្មការ​ប្រកួត សម្រេច​ឱ្យ មាស ប៊ុនថេន ឈ្នះ ធន់ វណ្ណា ដោយស្វ័យ​ប្រវត្តិ​តែម្តង ដើម្បី​ទទួល​បាន​​ខ្សែ​ក្រវាត់ ជា​លើកដំបូង នៅ​ក្នុងអាជីព​របស់​ខ្លួន អមជាមួយប្រាក់រង្វាន់ចំនួន​១២​លាន​រៀល ខណៈ ធន់ វណ្ណា បាន​ប្រាក់​រង្វាន់​៤លាន​រៀល ក្នុងនាមជា​អ្នក​បាន​លេខ​២។


មាស ប៊ុនថេន បានព្យាយាមទាត់កាត់ ពីការចូលម៉ាត់របស់ជើងខ្លាំងមកពីអេស្ប៉ាញ Mario Alvares សម្រាប់ការប្រកួតនៅលើសង្វៀនបាយ័ន កាលពីថ្ងៃអាទិត្យ។ រូបថត Boostrong

យ៉ាង​ណា​ក៏ដោយ អ្នកទស្សនាមួយ​ចំនួន ហាក់មិនសូវពេញ​ចិត្ត​នោះ​ទេ ដែល​ចៅក្រម​បាន​សម្រេច​ឱ្យ មាស ប៊ុនថេន ឈ្នះ​ពិន្ទុ​កីឡាករ​អេស្ប៉ាញ Mario Alvares នៅវគ្គជម្រុះ ព្រោះ​ពួកគេ​មើលឃើញ​ថា Mario វាយ​កណ្តាប់ដៃចូលពេញៗ​ល្អជាង។ ប៉ុន្តែ​ចំពោះ ប៊ុនថេន ផ្ទាល់ មិន​បានគិតបែប​នោះ​ទេ ព្រោះ​គេ​បាន​កត់​សម្គាល់​ឃើញ​ថា Mario បាន​តែ​កណ្តាប់ដៃ និងបុក​ជង្គង់ ខណៈ​ក្បាច់​ទាំងនេះ រូបគេ​បានសិក្សាច្បាស់រួច​ហើយ ក្នុងការ​ទប់ស្កាត់។

ប៊ុនថេន បាន​និយាយ​ថា៖ «​ក្បាច់ពិសេស​របស់គាត់ (Mario Alvares) ដូចជាមិនមាន​អ្វី​ច្រើន​ទេ គឺ​មាន​តែកណ្តាប់ដៃ និងបោះជង្គង់ ហើយដើម្បីទប់​ស្នៀតនេះ ខ្ញុំបាន​ទាត់​កាត់ និង​បោះ​កែង​។ ​ខ្ញុំ​បានមើលវីដេអូការ​ប្រកួត​ដែលគាត់​ធ្លាប់​ចាញ់ ហើយ​ខ្ញុំ​ឃើញ​ថា គាត់រាងអន់ពោះ​ទឹក​ និង​ដៃ គឺ​ពេល​យើង​ទាត់កាត់គាត់​ច្រើន​ទៅ ធ្វើ​ឱ្យគាត់​ឆាប់​ធ្លាក់ដៃ ហើយ​វាយ​ចេញ​អត់សូវ​ធ្ងន់ អ៊ីចឹង​ខ្ញុំ​បាន​ហាត់ត្រៀមទាំង​អស់​ និង​ប្រើ​បច្ចេក​ទេស​​ប្រកួត​ជាមួយគាត់ គឺ​មិន​មែន​ឈ្នះ​ដោយការ​ចាយដន្យ​នោះ​ទេ»។

រំឭក​ទៅដល់ការ​ទទួលបានឱកាសចូល​រួម​ប្រកួត ដណ្តើម​ខ្សែ​ក្រវាត់លក្ខណៈ​អន្តរជាតិជាលើកដំបូងនេះ កីឡាករ​ធ្លាប់​ប្រកួត​៥៦ដង ឈ្នះ​៥០ ចាញ់​៦ មាស ប៊ុនថេន បានអះអាង​ថា រូបគេ​ទទួលបាន​ដោយ​កម្រ និងទាំង​ប្រថុចញ៉ុច ដោយ​​មានពេល​ហ្វឹកហាត់ត្រៀម​បាន​ត្រឹម​៤​ថ្ងៃទេ តែជាការ​ហ្វឹកហាត់ខ្លាំង ដើម្បីត្រៀម​ការ​​​ប្រកួត​កម្មវិធីដ៏ធំ ជា​លើកដំបូង​នេះ។​

មាស ប៊ុនថេន បានឈ្នះខ្សែក្រវាត់ជាលើកដំបូង ក្នុងអាជីពអបដោយប្រាក់រង្វាន់ចំនួន១២លានរៀល។ រូបថត Boostrong

កីឡាករ​វ័យ​១៩​ឆ្នាំ​រូបនេះ បាន​បញ្ជាក់​ថា៖ «ខ្ញុំ​មិន​នឹក​ស្មានដល់​ថា គាត់​ (អ្នក​រៀបចំកម្មវិធី​ប្រកួត) បាន​ទំនាក់ទំនង​ខ្ញុំ​ឱ្យមក​ប្រកួត​កម្មវិធី​ធំ​បែបនេះទេ គឺ​ពេលនោះ ខ្ញុំកំពុង​នៅវត្តហូបបាយជុំ​គ្នា តែ​ពេល​គាត់ Call ទៅ​ប្រាប់ ខ្ញុំមានអារម្មណ៍​​ភ័យ​ផង និងរំភើប​ផង។ ​ខ្ញុំ​ហូប​បាយ​អស់តែ​កន្លះចាន​ទេ ក៏​រត់ទៅ​ហ្វឹក​ហាត់ទាំង​ថ្ងៃ​តែម្តង ព្រោះ​បាន​លេង​កម្មវិធី​ធំ ត្រូវតែ​ប្រឹង​ប្រែង​ឱ្យអស់ពី​សមត្ថ​ភាព»។

យ៉ាង​ណាក៏ដោយ មាស ប៊ុនថេន ក៏​បាន​សម្តែង​ការ​សោក​ស្តាយ​ចំពោះ ធន់ វណ្ណា ដែល​មានរបួស​ជង្គង់​មិនអាច​ឡើង​មកប្រកួត​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រជាមួយ​ខ្លួនបាន ព្រោះ ប៊ុនថេន ​ផ្ទាល់ ក៏មានបំណង​ចង់​ជួប ធន់ វណ្ណា ព្រមទាំង​ចង់​ជួប​ប្រកួត​ជាមួយ​ជើងខ្លាំង បឺត សង្ឃឹម និង ពេជ្រ សម្បត្តិ ផង​ដែរ។

សិស្សគណ​ក្លិបមនោរម្យភ្នំតូច មានកម្ពស់ ១,៦៨ម៉ែត្រ មាស ប៊ុនថេន និយាយ​ថា៖ «ខ្ញុំមានបំណង​ចង់ជួប​គាត់​ដែរ ព្រោះ​មួយ​រយៈនេះ​ឃើញ​គាត់រាង​ឡើង​ដែរ អ៊ីចឹង​ខ្ញុំសូម​ផ្តាំ​ទៅបង ធន់ វណ្ណា សូម​ឆាប់​បាន​ជា​សះស្បើយ ព្រោះ​ខ្សែក្រវាត់នេះ បើកម្មវិធី​រៀបចំ​ឱ្យ​មានការ​ប្រកួត​ដណ្តើម ដឹងតែ​មាន​ឈ្មោះ​បង​ដែរ ព្រោះ​ខ្ញុំចង់​ដឹងឈ្នះ​ចាញ់​ឱ្យ​ដាច់ស្រេច ហើយ​ខ្ញុំ​ក៏មានបំណង​ចង់​ជួបបង ពេជ្រ សម្បត្តិ និង​បង បឺត សង្ឃឹម ផងដែរ»៕