អតីត​គ្រូ​បង្គោល​ក្រុម​ជម្រើស​ជាតិ​បាល់​ទាត់​កម្ពុជា លោក Felix G.Dalmas បាន​បង្ហោះ​សារ​យ៉ាង​វែង​អន្លាយ បង្ហាញ​ពី​ទំហំ​ចិត្ត​ដែល​លោក​មាន​ចំពោះ​បាល់​ទាត់​កម្ពុជា ក្នុង​អំឡុង​ពេល​លោក​បាន​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា។ ​


លោក​​ចាត់​ទុក​ថា ជា​មោទនភាព​មួយ ​ដែលលោក​​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ប្រវត្តិ​សាស្រ្ត​របស់​បាល់​ទាត់​នៅ​​កម្ពុជា ហើយ​​​លោក​បាន​ជំរុញ​ និងស្នើ​ឱ្យ​អ្នក​ពាក់​ព័ន្ធ​ទាំ​ងអស់ ត្រូវ​ការពារ​​កេរ្តិ៍​ឈ្មោះ និង​ទង់ជាតិ​កម្ពុជា តាម​រយៈ​បាល់​ទាត់​នេះ ដោយ​ស្មារតី​អង់​អាច​ក្លាហាន​បន្ត​ទៅ​ទៀត។

ជាមួយការ​បង្ហោះ​​សំណេរ​យ៉ាង​វែង​អន្លាយ​ ​នៅ​លើ​ផេច​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន នាព្រឹក​ថ្ងៃ​ពុធនេះ លោក Felix បាន​រំឭក​ទៅ​ដល់​សមិទ្ធផល ដែល​លោក​បាន​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា កាលពី​ឆ្នាំ​២០១៩ គឺ​ពេល​ដែល​ក្រុម​កម្ពុជា បាន​បង្កើត​ប្រវត្តិ​សាស្រ្ត ឡើង​ទៅ​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ នៃ​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ​២០១៩ នៅ​ហ្វីលីពីន ជា​លើក​ដំបូង ហើយ​សម្រាប់​ការ​ប្រកួត​កម្រិត AFF នាពេលនោះ ក៏​ក្រុម​កម្ពុជា​ធ្វើ​បាន​ល្អ  ដោយ​នាំ​មក​នូវ​ដោយ​ភាព​រុង​រឿង និងភាព​រីក​រាយ​ដល់​អ្នក​គាំទ្រ​កម្ពុជា​ជា​ខ្លាំង។


លោក Felix ​ថា នៅ​ពេលនោះ កម្ពុជា​ពិត​ជា​លើក​កម្ពស់​បាល់​ទាត់​​បាន​ល្អ​ប្រសើរ​ខ្លាំង ដោយ​ក្រុម​កម្ពុជា ​មិន​ស្គាល់​ភាព​ចាញ់​ទាល់​តែ​សោះ​ ក្នុង​ការ​ប្រកួត​ក្នុង​ផ្ទះ​អស់​រយៈ​ពេល​​១​ឆ្នាំ ហើយ​បាន​រក្សា​ភាព​ខ្លាំង​ក្នុង​ទឹក​ដី​របស់​ខ្លួន​ឯង ពេល​ប្រកួត​​ប្រជែង​ជាមួយ​ក្រុម​​ខ្លាំង​ៗជាច្រើន​ រួមទាំង​ការ​ប្រកួត​ក្រៅ​ដីផងដែរ។ ជាមួយគ្នា​នោះ កម្ពុជា​​បាន​បើក​ទ្វារ​ទទួល​យក​កីឡាករ​បរទេស​ចូល​សញ្ជាតិ ហើយ​បាន​ផ្តល់​ឱកាស និង​អភិវឌ្ឍ​គ្រូ​បង្វឹក​ក្នុង​ស្រុក​ជា​ច្រើន។ 


គ្រូ​បង្វឹក​អាហ្សង់​ទីន​រូប​នេះ បាន​បញ្ជាក់​តាម​សំណេរ​របស់​ខ្លួន​បែបនេះ​ថា៖ «យើង​បាន​នាំបាល់​ទាត់​កម្ពុជា ខិត​ទៅ​ជិត​សក្តានុពល​ពិត​របស់​វា ជាមួយ​នឹង​មនោគម​វិជ្ជា​លេង​យ៉ាង​ច្បាស់​លាល់។ យើង​បាន​លើក​កម្ពស់​ស្តង់ដា​ និង​កម្រិត​របស់​ក្រុម​ជម្រើស​ជាតិ ពង្រឹង​ការ​ប្រកួត ដើម្បីឱ្យ​អ្នកដែល​បន្ត​អភិវឌ្ឍ​កីឡា​ទៅ​ថ្ងៃ​អនាគត មាន​មូល​ដ្ឋាន​គ្រឹះ​រឹងមាំ ដើម្បី​ជំរុញ​ប្រទេស​កម្ពុជា​ឆ្ពោះ​ទៅមុខ​ជា​និច្ច»។


គួរ​បញ្ជាក់​ថា លោក Felix ត្រូវ​បាន​សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា (FFC) សម្រេច​បញ្ចប់​កិច្ច​សន្យា​ជា​គ្រូ​បង្គោលពី​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២៤ បន្ទាប់ពី​អ្នកគាំ​ទ្រ​បានរិះ​គន់​ខ្លាំង​ទៅលើ​គ្រូ​បង្វឹក​រូបនេះ ដែល​ដឹក​នាំ​ក្រុម​កម្ពុជា ទទួល​លទ្ធផល​មិន​បាន​ល្អ ចាប់​តាំង​ពី​លោក Felix វិល​ត្រឡប់​មក​ដឹកនាំ​ក្រុម​កម្ពុជា​ជា​ថ្មី តាំង​ពី​​ខែ​មេសា ឆ្នាំ២០២៣​មក។

ជាមួយ​គ្នា​នោះ FFC ​​បាន​​តែង​តាំង​គ្រូ​បង្វឹក​​ជនជាតិ​ជប៉ុន​លោក Koji Kyotoku ធ្វើជា​គ្រូ​បង្គោល​ថ្មី​ជំនួស​វិញ ខណៈ​ពេលនេះ លោក Koji ​បាន​នឹង​កំពុង​ប្រមូល​ផ្តុំ​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដើម្បី​ធ្វើ​ការ​ប្រកួត​មិត្ត​ភាពអន្តរជាតិ​​ជាមួយ​ក្រុម​ឆាយនីសតៃប៉ិ (Chinese Taipei) នៅ​ពហុកីឡ​ដ្ឋានជាតិ​អូឡាំពិក នា​ថ្ងៃទី​១១ ខែ​តុលា ខាងមុខ​នេះ។ 

សកម្មភាព​ហ្វឹកហាត់​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា ដើម្បី​ត្រៀម​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម Chinese Taipei នៅ​ពហុកីឡដ្ឋានជាតិ​អូឡាំពិក នាថ្ងៃទី១១ ខែតុលានេះ។ រូបថត FFC

យ៉ាងណា​ក៏​ដោយ តាម​បទពិសោធន៍​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ជា​ច្រើន​ឆ្នាំមក​នេះ លោក Felix G.Dalmas បាន​អះអាង​ថា ក្រុម​បាល់​ទាត់​កម្ពុជា នាពេល​បច្ចុប្បន្ន បាន​​ស្ថិត​នៅ​លើ​​របត់​ល្អ​មួយ ហើយ​នឹង​បន្ត​រីកចម្រើន​ជាមួយ​នឹង​ទេពកោសល្យ​របស់​កីឡាករ​កម្ពុជា​ ដែល​កំពុងបន្ត​កើនឡើង​ដើម្បី​ភាព​រីក​ចម្រើន​ទៅ​មុខ​។

បន្ថែម​លើ​នេះ លោក​បាន​មើល​ឃើញ​ថា វិស័យ​បាល់​ទាត់​នៅ​កម្ពុជា មាន​មនុស្ស​ល្អ​ៗជាច្រើន​កំពុង​ធ្វើ​ការ​ក្នុង​វិស័យ​មួយ​នេះ ហើយ​លោក​ថ្លែង​អំណរ​គុណ​ចំពោះ​បុគ្គលិក ដែល​បានទទួល​ខុស​ត្រូវ​លើ​ការ​ជំរុញ​ការ​អភិវឌ្ឍ​ និង​កំពុង​ហ្វឹក​ហ្វឺន​ដល់​ក្រុម​បាល់​ទាត់​កម្ពុជា​យ៉ាង​ខ្លាំង​ក្លា នៅ​តាម​​ជំរុំ​ហ្វឹកហាត់​ជា​ច្រើន ដោយ​លោក​ Felix យល់​ថា អ្នក​ទាំង​អស់​នោះ នឹង​មាន​អនាគត​ល្អ ហេតុនេះ​គ្រប់​គ្នា​ត្រូវ​​បន្ត​ការពារ​នូវកេរ្តិ៍​ឈ្មោះ ឬ​ទង់​ជាតិ​កម្ពុជា តាម​រយៈ​​បាល់​ទាត់​នេះ ដោយ​ភាព​អង់​អាច។

លោក​បាន​បញ្ជាក់​ថា៖ «អ្នក​ពិត​ជា​មាន​អនាគត​ដ៏​អស្ចារ្យ នៅ​ខាង​មុខ​របស់​អ្នក។ សូមអរគុណ​ដល់​កីឡាករ​ទាំង​អស់ ដែល​បាន​លះ​បង់​គ្រប់​បែប​យ៉ាង​ និង​តស៊ូ ហើយ​ជឿ​ជាក់​លើ​វិស័យ​បាល់​ទាត់​របស់​កម្ពុជា​យើង។ សូម​បន្ត​ការពារ​ពណ៌ (ទង់ជាតិ​) បាល់​ទាត់​កម្ពុជា​ដោយ​ទឹក​ចិត្ត ជាមួយ​ទេពកោសល្យ និង​ស្មារតីអង់​អាច​ក្លាហាន​របស់​អ្នក»។

លោក​បន្ថែម​ថា៖ «សូម​អរគុណ​ដល់​អ្នក​គាំទ្រ​ទាំង​អស់ ដែលជឿ​ជាក់​លើ​ពួក​យើង និងគាំទ្រ​ពួក​យើង​រហូត​ដល់​ទី​បញ្ចប់។ ខ្ញុំ​ពិត​មាន​មោទនភាព​ខ្លាំង​ណាស់ ដែល​បាន​ក្លាយ​ជា​ផ្នែក​មួយនៃ​ប្រវត្តិ​សាស្រ្ត​របស់​បាល់​ទាត់​ប្រទេស​កម្ពុជា ហើយ​ខ្ញុំ​ទន្ទឹង​រង់​ចាំ​មើល​ថា តើ​កម្ពុជា​នឹង​ធ្វើ​អ្វីបន្ទាប់​ទៀត? ខ្ញុំ​នឹង​បន្ត​គាំទ្រ​មនុស្ស​ល្អ​ៗ ដែល​ធ្វើ​ការ ​ដើម្បី​ធ្វើ​ឱ្យ​ក្រុម​បាល់​ទាត់​កម្ពុជា​កាន់​តែ​ប្រសើរ​​ឡើង។ សូម​សំណាង​ល្អ និង​ជោគជ័យ​ទាំង​អស់​គ្នា រហូត​ដល់​វិស័យ​បាល់​ទាត់​មួយ​នេះ នាំយើង​មក​ជួប​គ្នា​ម្តង​ទៀត»។

គួរបញ្ជាក់​ថា នេះជា​លើក​ទី​១​ហើយ ដែល​លោក Felix បាន​បង្ហោះសារ​បរិយាពី​ទំហំចិត្ត​របស់​​លោកមានចំពោះ​បាល់​ទាត់​កម្ពុជា ចាប់តាំងពី​លោក​បានបញ្ចប់​កិច្ចសន្យាជាគ្រូ​បង្គោល​របស់​​ក្រុមជម្រើសជាតិកម្ពុជា កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២៤ ហើយ​ទង្វើនេះ បាន​ធ្វើ​ឱ្យ​អ្នកគាំ​ទ្រ​មួយចំនួនបានចូល​បញ្ចេញ​មតិអរគុណ​ដល់​លោក Felix ដែលនៅតែ​គិត​ និងខ្វល់​ដល់​​ក្រុមបាល់​ទាត់​កម្ពុជា។ ​ជាមួយ​គ្នានេះ មាន​អ្នក​គាំ​ទ្រ​ខ្លះ ក៏​ចង់​ឃើញ​គ្រូ​បង្វឹក​រូបនេះ វិល​ត្រឡប់មក​​ប្រកប​អាជីពបាល់​ទាត់​​នៅ​កម្ពុជា​ម្តង​ទៀតផងដែរ។

អ្នកគាំ​ទ្រ ដែល​មាន​គណនី​ឈ្មោះ Sao Vathana បាន​បញ្ចេញ​មតិយោបល់​បែប​នេះ​ថា៖ «ខ្ញុំ​ចាប់​ចិត្ត​នឹង​ការ​ដឹក​នាំ​របស់​លោក​គ្រូ (Felix) តាំងពី Sea Game 2019 ហើយ​ខ្ញុំ​ចង់​ឃើញមាន​វត្ត​មាន​លោក​គ្រូ នៅ​វិស័យ​កីឡា​បាល់​ទាត់​នៅ​កម្ពុជា​ដដែល គឺ​អាចដឹកនាំ ឬធ្វើ​ជា​ផ្នែក​ណាមួយ តាម​បណ្ដា​ក្លិប​នៃ​លីគ​កំពូល​កម្ពុជា»៕