អ្នកចាំទី​វ័យក្មេង​របស់​ក្លិប​ភ្នំពេញក្រោន សាវែង សំណាង ត្រូវបាន​កោះហៅ​ចូល​រួមជាមួយ​ក្រុមជម្រើសជាតិ ជាលើក​ទី​២ បន្ទាប់ពី​ខក​ខាន​អស់រយៈពេលចូល​៤ឆ្នាំ ចំណែក​ខ្សែ​ប្រយុទ្ធ គី រីណា និង ស រតនា ក៏​ត្រូវបាន​កោះហៅ​ឱ្យ​ចូលរួមជាមួយក្រុមជម្រើសជាតិ​ជាថ្មី​ផងដែរ សម្រាប់​ការ​ប្រមូល​ផ្តុំ​​​ហ្វឹក​ហាត់​នៅ​កាតា ពី​ថ្ងៃទី​១២ ដល់​ទី​១៧ ខែវិច្ឆិកា។


បើតាម​បញ្ជីរាយនាម​កីឡាករ​ទាំង​២៣​នាក់ ដែល​ត្រូវ​ចេញ​ទៅ​ហ្វឹកហាត់​នៅ​កាតា​នេះ គឺ​សាវែង សំណាង ត្រូវបានកោះហៅ​ឱ្យ​ចូលរួម​ជាមួយ​ក្រុមជម្រើសជាតិ ជំនួស​អ្នក​ចាំទី​ដៃទី​១​របស់​ក្រុម​វិសាខា ហ៊ុល គីមហ៊ុយ ចំណែក​អ្នកទី​ដៃទី​១​របស់​ក្រុម​ព្រះខ័នរាជស្វាយរៀង វីរៈ ដារ៉ា និង​អ្នកចាំទីរបស់​ក្រុម​ណាហ្គាវើលដ៍ រ៉េត លីហេង នៅតែ​ជា​ជម្រើស​របស់​គ្រូ​បង្គោលជនជាតិជប៉ុន លោក Koji Gyotoku ដដែល។

ការ​ទទួល​បាន​ឱកាសចូលរួមជាមួយ​ក្រុមជម្រើសជាតិ​កម្ពុជា​ ជាលើកទី​២​នេះ ដោយសារ​តែ សាវែង សំណាង មាន​សមត្ថ​ភាព​​សង្រ្គោះបាល់​កាន់តែ​ល្អ សម្រាប់ការ​បង្ហាញខ្លួនជា​បន្តបន្ទាប់ ក្នុងពេល​ដែល​​អ្នកចាំទី​ អ៊ុំ វិចិត្រ មានរបួស។ សំណាង បានរួមចំណែក​យ៉ាងសំខាន់ជួយ​ឱ្យ​ក្រុម​ភ្នំពេញក្រោន មិនទាន់​ស្គាល់ការ​ចាញ់​សោះ សម្រាប់ការ​ប្រកួតលីគកំពូល​កម្ពុជា ចំនួន​១១​លើក​មក​នេះ ដោយពួកគេ​ឈ្នះ​១០​ និងស្មើ​១​ដង ហើយកំពុងឈរ​នៅលេខ​រៀងទី​១ ដោយមាន៣១ពិន្ទុ​ដាច់​ឆ្ងាយ​ពីក្រុមលេខ​២ វិសាខា រហូត​ដល់​៦ពិន្ទុ។


យ៉ាង​ណា​ក៏​ដោយ សម្រាប់​ការ​ប្រជែងយកឱកាស ដើម្បី​បាន​លេង​នៅលើ​ទីលាន​ ក្នុង​ក្រុមជម្រើសជាតិ​នេះ គឺ​អាច​មានការ​ពិបាក​ចំពោះ​​ម្ចាស់​ស្រោម​ដៃមាស ឆ្នាំ​២០២២ សាវែង សំណាង ព្រោះ​​តាម​រយៈការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិចំនួន​២​លើក ក្រោមការ​ដឹកនាំ​របស់​គ្រូ​បង្គោល​ថ្មី លោក  Koji Gyotoku គឺ​អ្នកចាំទី វីរៈ ដារ៉ា និង ហ៊ុល គីមហ៊ុយ បានជាប់ក្នុង​​ជម្រើសដំបូងម្នាក់​១​ប្រកួត រីឯ រ៉េត លីហេង បាន​ត្រឹម​អង្គុយ​ចាំនៅកន្លែង​​កៅអីបម្រុង។


សាវែង សំណាង បានប្រាប់នាព្រឹក​ថ្ងៃអង្គារនេះ​ថា៖ ​«សម្រាប់​ជម្រើសជាតិ ខ្ញុំ​​ធ្លាប់​ជាប់​ច្រើន​ដង​ក្នុង​ឈុត​យុវជន ចំណែក​ឈុត​ធំ ខ្ញុំ​​ជាប់​លើកដំបូង កាលពី​ឆ្នាំ​២០២០-២០២១ ក្នុងពេល​ក្រុម​កម្ពុជា ទៅលេង​នៅប្រទេសអាហ្វហ្គានីស្ថាន ហើយខ្ញុំសប្បាយ​ចិត្ត សម្រាប់​ការ​ជាប់​ជម្រើសជាតិ​ឡើង​វិញនេះ ដោយសារ​មានការ​ខិតខំប្រឹង​ប្រែងហ្វឹក​ហាត់ និង​ប្រកួត​ទាំង​ក្នុង​ទី​លាន និងក្រៅ​ទីលាន»។


អ្នកចាំទី សាវែង សំណាង ពេល​​បង្ហាញ​ខ្លួន​ក្នុង​​ក្រុម​​ភ្នំពេញ​ក្រោន ហើយ​ពេល​នេះ​រូបគេ ត្រូវ​បាន​កោះ​ហៅ​ឱ្យ​​ចូល​រួម​ជាមួយ​ក្រុមជម្រើសជាតិ​កម្ពុជា ជាលើក​ទី​២ ក្រោយ​ខកខាន​ចូល ​៤​ឆ្នាំ។ រូប​ថត ភ្នំពេញ​ក្រោន

កីឡាករ​វ័យ​២៥​ឆ្នាំ សាវែង សំណាង បន្ថែម​ថា៖​ «សម្រាប់​ការ​ប្រជែង​យក​កៅអីលេង​ នៅ​ក្នុង​ក្រុម​ជម្រើសជាតិ​ ខ្ញុំមើលឃើញ​ថា វីរៈ ដារ៉ា គាត់​ល្អ គឺ​ពិបាក​​ប្រជែង​ជាមួយ​គាត់​តាំងពី​កាយសម្បទា កម្លាំង និងតាក់ទិច ប៉ុន្តែ​ការ​ប្រកួតប្រជែង​នៅតែ​មានចំពោះ​ខ្ញុំ ព្រោះ​នៅក្នុង​ក្លិប​ក៏ខ្ញុំ​ខំប្រឹង​ហាត់ ហើយពេលទៅជម្រើសជាតិ ក៏ត្រូវតែ​ខំប្រឹង គឺ​ប្តេជ្ញា​ធ្វើ​យ៉ាងម៉េច​ហាត់​ឱ្យអស់ពី​សមត្ថ​ភាព ដើម្បី​ឱ្យគ្រូ​បង្វឹក​ គាត់​មើល​ឃើញសមត្ថភាព​របស់​យើង»។

ជាមួយគ្នានេះ ខ្សែ​ប្រយុទ្ធ​ធ្លាប់លេង​ឱ្យក្រុម​ខេត្តព្រៃវែង និង​វិសាខា គី រីណា ដែល​កំពុង​បង្ហាញ​ទម្ងន់​លេង​យ៉ាង​ល្អ ដើម្បី​ជួយ​ឱ្យ​ក្រុម​អង្គរថាយហ្គឺរ ឡើង​មក​ឈរ​នៅកំពូល​តារាង​ទាំង​៤ (Top4) នៃ​ការ​ប្រកួត​លីគកំពូល​កម្ពុជា ឆ្នាំ​២០២៤-២០២៥ ត្រូវបាន​កោះហៅ​ឱ្យ​ចូល​រួមជាមួយ​ក្រុមជម្រើសជាតិជា​ថ្មី បន្ទាប់ពី​បាត់​មុខ​មួយ​រយៈ​ពេល។ រីឯខ្សែ​ប្រយុទ្ធវ័យ​ក្មេង ស រតនា របស់​វិសាខា ក៏​ត្រូវបាន​កោះហៅ​ចូលរួមជាមួយ​ក្រុមជម្រើសជាតិជាថ្មីដូចគ្នា។

ចំណែក​កីឡាករ​ចំនួន​២០នាក់​ទៀត នៅតែ​ត្រូវបានគ្រូបង្គោល​លោក Koji Gyotoku ផ្តល់​ទំនុក​ចិត្ត​ឱ្យ​​ចូលរួមជាមួយ​​ក្រុម​ជម្រើសជាតិ​ ក្នុង​នោះ​មាន​ សៀង ចន្ធា, តាំង ប៊ុនឆៃ របស់​ក្លិប​បឹងកេត កីឡាករ យូឌៃ អូកាវ៉ា, អ៊ន ចាន់ប៉ូលីន, សឿត បារាំង, យ៉ើ ម៉ូស្លីម និង លឹម ពិសុទ្ធ ​របស់​ក្រុម​ភ្នំពេញ​ក្រោន។ ញាណ សុស៊ីដាន, មីហ្ស៊ូ ហ៊ីការ៉ូ, សឿយ វិសាល, សារ៉េត គ្រីយ៉ា, ថេឡរ នីកូឡាស់, គឹម សុខយុទ្ធ និង​ មិន រតនៈ របស់​ក្លិប​ព្រះខ័ន​រាជស្វាយរៀង កីឡាករ កាន់ ម៉ូ, សារ ទី, ឡេង ណូរ៉ា របស់​ក្រុម​វិសាខា និង​ខ្សែ​បម្រើ​ប្រយុទ្ធ សុះ ស៊ូហាណា  ​របស់​ក្រុម​ណាហ្គាវើលដ៍។

ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​ហុងកុង​កាល​ពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៤។ រូបថត FFC

សម្រាប់ការ​ប្រមូល​ផ្តុំហ្វឹក​ហាត់នៅកាតា​នេះ លោក កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធកីឡាបាល់​ទាត់​កម្ពុជា បាន​ប្រាប់ភ្នំពេញប៉ុស្តិ៍ នៅព្រឹក​ថ្ងៃ​អង្គារ​នេះថា ក្រុមជម្រើសជាតិ​កម្ពុជា ​នឹងមានការ​ប្រកួត​មិត្តភាព​បិទទ្វារ​នៅ​ទី​នោះ តែ​ចំពោះ​ការ​ប្រកួតមិត្ត​ភាព​អន្តរជាតិជាផ្លូវការ​ផ្សេង​ទៀត នៅមិនទាន់​បញ្ជាក់នោះ​ទេ។

លោក សារ៉េត បានបញ្ជាក់​ថា៖​ «ដោយសារ​តែ​ពេល​វេលា​ខ្លី ហើយ​ម្ចាស់​ផ្ទះកាតា ក៏មិនមាន​ពេល​គ្រប់​គ្រាន់​ក្នុងការ​សុំជាគោលការណ៍​​ច្បាប់ ដើម្បី​រៀបចំការ​ប្រកួត អ៊ីចឹង​មាន​តែ​ការ​ប្រកួត​​បិទទ្វារ​ទេ ហើយក្រៅតែពីការ​ប្រកួត​មិត្ត​ភាព​បិទទ្វារ​នៅកាតា យើង​នៅមិនទាន់មានការបញ្ជាក់​ថា នឹងមានការប្រកួត​មិត្តភាពអន្តរជាតិណាផ្សេង​ទៀត​នៅឡើយ​ទេ គិតមក​ដល់ពេលនេះ»។

គួររំឭក​ថា ក្រោមការ​ដឹកនាំ​របស់​គ្រូ​បង្គោលលោក Koji Gyotoku គឺ​ក្រុមជម្រើសជាតិកម្ពុជា បាន​ធ្វើ​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ ចំនួន២​លើក​ហើយ ដោយ​ក្នុង​នោះ​ក្រុម​កម្ពុជា ​បាន​យក​ឈ្នះ​ក្រុម​​ឆាយនីសតៃប៉ិ (Chinese Taipei) ៣-២ ​នៅពហុកីឡដ្ឋានជាតិ​អូឡាំពិក កាលពី​ថ្ងៃទី​១១ ខែ​តុលា តែ​កម្ពុជា​បាន​ចាញ់​ក្រុមម្ចាស់ផ្ទះ​ហុងកុង ៣-០ ក្នុងការ​ប្រកួត​មិត្ត​ភាព កាលពី​ថ្ងៃទី​១៥ ខែតុលា។

ដោយឡែក​សម្រាប់ការ​ប្រមូល​ផ្តុំ​ហ្វឹកហាត់ក្រុមជម្រើសជាតិ​កម្ពុជា លើក​​នេះ គឺ​​ត្រៀម​ខ្លួន​សម្រាប់ការ​ប្រកួត​​ពាន​រង្វាន់​ ASEAN Championship 2024 ពី​ថ្ងៃទី​៨ ដល់​ទី​២០ ខែធ្នូ ដោយកម្ពុជា​ឈរ​នៅពូលA ​ជាមួយ​ក្រុមជម្រើសជាតិ​ថៃ ម៉ាឡេស៊ី សិង្ហបុរី និងទីម័រ​ខាងកើត ខណៈពូល​B មាន​វៀតណាម ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន និងឡាវ៕