ក្រុម​បាល់​ទាត់​អាយុ​ក្រោម១៦ឆ្នាំ​​របស់​ក្លិប​វិសាខា និង​ក្រុម​អាយុក្រោម​១៩​ឆ្នាំ​របស់​ក្លិប​​ ISI ដង្កោ​សែន​ជ័យ បាន​គ្រងតំណែង​​ជើងឯក​រៀងៗ​ខ្លួននៅ​ក្នុង​ការ​ប្រកួត​​ជម្រើសជើងឯក​ខេមបូឌានលីគយុវជន (Cambodian Youth League) ដែល​ទើប​បានបញ្ចប់ កាលពី​ថ្ងៃអង្គារ។

សម្រាប់​ការ​ប្រកួត Cambodian Youth League ​ប្រចាំ​ឆ្នាំ​២០២៤​នេះ ក្រុម​យុវជន​របស់​ក្លិប​វិសាខា ដណ្តើម​បាន​ចំណាត់​ថ្នាក់​លេខ​១ ទាំង​ការ​ប្រកួត​កម្រិត​​អាយុ​ក្រោម​១៦​ឆ្នាំ (U16) និង​អាយុ​ក្រោម​១៩ឆ្នាំ ប៉ុន្តែ​ក្រុម​យុវជន​​របស់​វិសាខា​ទាំង​ ២កម្រិត​នេះ ទទួល​បាន​លទ្ធផល​ខ្វែង​គ្នា សម្រាប់ការ​ឈរ​ចាំ​ប្រកួត​នៅវគ្គ​ផ្តាច់​ព្រ័ត្រ ដែល​​បាន​ធ្វើ​ឡើង នៅ​ពហុកីឡដ្ឋានជាតិ​អូឡាំពិក កាលពី​ថ្ងៃអង្គារ។

តាម​រយៈ​ការ​ប្រកួត​ប្រជែង​រវាង​ក្រុមចំនួន១០ ដែល​ត្រូវ​លេង២ជើងនោះ ​ក្រុមU16​វិសាខា បាន​បញ្ចប់​ការ​ប្រកួត​របស់​ខ្លួន ដោយ​​ឈ្នះ​១៧ ចាញ់​១ មាន៥១ពិន្ទុ តាម​ពី​ក្រោយ​ដោយ​​ក្រុម​សៀម​រាប​យូណាយធីត ដែល​​ឈ្នះ​១៤ ចាញ់​៤​ដង មាន​៤២​ពិន្ទុ រីឯ​ក្រុម​U16​កង​យោធពល​ខេមរភូមិន្ទ ឈរ​នៅលេខ​៣ មាន​៣៣ពិន្ទុ ហើយ​ក្រុម​U16ព្រះខ័នរាជស្វាយរៀង ឈរ​នៅលេខ​៤ មាន​៣១ពិន្ទុ។


យោង​តាម​លទ្ធផល​នេះ និងរូបបន្ត​នៃ​ការ​ប្រកួត គឺ​ក្រុម ​U16 យោធពល​ខេមរភូមិន្ទ ត្រូវ​​ប្រកួត​ខ្វែង​ជាមួយ​ក្រុម​U16ស្វាយរៀង ដើម្បី​យក​អ្នក​ឈ្នះ​ឡើង​ទៅជួបក្រុម​សៀម​រាបយូណាយធីត ដែល​ឈរ​ចាំ​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ហើយជា​លទ្ធផល​ក្រុម​យុវជន​​កងយោធពល​ខេមរភូមិន្ទ បាន​យក​ឈ្នះ​ក្រុម​យុវជន​ព្រះខ័នរាជស្វាយរៀង  ៥-០ ប៉ុន្តែពួកគេ​បានចាញ់​ក្រុម​សៀម​រាប ៦-៥ ក្នុង​ការទាត់បាល់ប៉េណាល់​ទីកាត់សេចក្តី បន្ទាប់ពី​ក្រុមទាំង​២ បានស្មើ​គ្នា ២-២។

តាម​រយៈ​ជ័យជម្នះ​នេះ បានជួយ​ឱ្យ​ក្រុមសៀម​រាបយូណាយធីត ឡើង​ទៅជួបក្រុម​U16វិសាខា ជា​ថ្មី​ម្តង​ទៀត នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ កាលពី​ថ្ងៃអង្គារ ប៉ុន្តែ​ពួកគេ​​បាន​បន្ត​ចាញ់​ដោយ​លទ្ធផល ១-០ បើទោះបីជា ក្រុម​វិសាខា នៅសល់សមាជិក​ត្រឹម​១០នាក់ ក្រោយពេល​កីឡាករ គារ វិសាល បានទទួល​កាត​ក្រហម នៅនាទីទី​៥៦ ហើយ​គ្រាប់បាល់​ជ័យជម្នះ​១​គ្រាប់នេះ ជា​ការស៊ុត​បាល់​បញ្ចូល​ទី​របស់​ខ្សែ​ប្រយុទ្ធ ពៅ ពីមករា តាំងពី​នាទីទី៤៥+៣។


ក្រុម​ISIដង្កោសែន​ជ័យ បាន​ក្លាយ​ជាម្ចាស់ជើងឯក​លីគ​យុវជន​អាយុ​ក្រោម​១៩​ឆ្នាំ បន្ទាប់ពីពួក​គេ បាន​យក​ឈ្នះ​ក្រុម​U19វិសាខា នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។រូប​ថត CPL

ដោយ​ដែល​សម្រាប់ការ​ប្រកួតលីគ​យុវជនអាយុ​ក្រោម​១៩​ឆ្នាំ​វិញ គឺ​ក្រុម​U19វិសាខា បាន​ឈរ​នៅលេខ​១ ក្រោយ​បញ្ចប់​ការ​ប្រកួត​សន្សំពិន្ទុ​ទាំង​២ជុំ ដោយឈ្នះ​​១៦ ចាញ់​២ដង មាន៤៨ពិន្ទុ រីឯ​​ក្រុម ​ISIដង្កោសែន​ជ័យ ឈរ​នៅលេខ​២ មាន៤០ពិន្ទុ ហើយ​ក្រុម​U19កងយោធពលខេមរភូមិន្ទ ឈរ​នៅលេខ ៣ មាន​៣៦ពិន្ទុ និងក្រុម​យុវជន​របស់បឹងកេត ឈរ​នៅលេខ​៤ មាន​៣៣ពិន្ទុ។

នៅ​ក្នុង​ការ​ប្រកួត​ខ្វែង​រវាង​ក្រុមលេខ​៣ និង​ក្រុមលេខ ​៤ គឺ​U19​ របស់បឹងកេត បាន​ទម្លាក់​ក្រុម​U19របស់​កងយោធពល​ខេមរភូមិន្ទ តាម​រយៈ​ការ​យក​ឈ្នះ ៣-១ ប៉ុន្តែ​សម្រាប់ការ​ឡើង​ទៅជួប​ក្រុម​U19 របស់​ ISI ដង្កោសែនជ័យ នៅ​វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ គឺ​បឹងកេត បានចាញ់​ដោយ​លទ្ធផល ៣-១ វិញ។

តាម​រយៈ​លទ្ធផល​នេះ បានជួយ​ឱ្យ​ក្រុមU19របស់​ISIដង្កោសែន​ជ័យ ឡើង​ទៅជួប​ក្រុមU19វិសាខា នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ហើយ​ជំនួប​រវាង​ក្រុម​ទាំង​២នេះ បាន​ក្លាយជា​ការ​ប្រកួត​ដ៏​ជក់​ចិត្តព្រោះ​ក្រុមទាំង​២​នេះ រក​បាន​គ្រាប់បាល់​ប្រដេញគ្នាយ៉ាង​ស្វិតស្វាញ ហើយបានស្មើ​គ្នា ៤-៤ ក្នុងការ​ប្រកួតពេញម៉ោង។ ប៉ុន្តែ​នៅក្នុងការ​ទាត់បាល់ប៉េណាល់​ទី​កាត់សេចក្តី គឺ​ ISI បានយក​ឈ្នះ​ដោយ​លទ្ធផល ៤-៣ ដើម្បី​លើ​កពាន​យ៉ាងរំភើប​បំផុត។

ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​រវាង​ក្រុម​U16វិសាខា (ខៀវ) និង​ក្រុមសៀមរាបយូណាយធីត ដោយ​វិសាខា បាន​យក​ឈ្នះ ១-០។ រូប​ថត CPL

តាម​រយៈការ​ប្រកួតលីគយុវជន​ទាំង​កម្រិត U16 និង​U19 ប្រចាំ​ឆ្នាំ​២០២៤​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ក្លិបវិសាខា កំពុង​ឈានមុខ​គេ​សម្រាប់ការ​បណ្តុះកីឡាករ​ជាថ្នាល​បន្ត​វេន ហើយ​ក្លិប ISI ដង្កោសែន​ជ័យ និងសមាគម​កីឡាកងយោធពល​ខេមរភូមិន្ទុ ក៏មានសម្ទុះ​ខ្លាំង​ផងដែរ ហើយ​អ្វី​ដែលអ្នកគាំ​ទ្រ​នឹក​ស្មាន​មិន​ដល់​នោះ គឺ​ក្លិប​សៀម​រាបយូណាយធីត បែរជា​អាចបណ្តុះបណ្តាល​បាន​ធនធាន​កីឡាករជាយុវជន​ដ៏មានគុណ​ភាព សម្រាប់ចូលរួមការ​ប្រកួត​លីគ​យុវជនអាយុ​ក្រោម​១៩​ឆ្នាំ នៅ​ឆ្នាំ​នេះ។

ផ្ទុយ​ទៅ​វិញ​ក្រុម​ដែល​កំពុង​ឈរ​នៅកំពូល​តារាង​នៃលីគ​កំពូល​កម្ពុជា ភ្នំពេញ​ក្រោន ដោយ​ឈ្នះ​១០ និងស្មើ​១​ដង​នោះ បែរ​ជាបង្ហាញ​ភាព​ថម​ថយ​មួយ​កម្រិត លើការ​បណ្តុះ​ថ្នាល​បន្ត​វេន​ទៅ​វិញ ព្រោះ​ការ​ប្រកួត​លីគ​យុវជន​នេះ ក្រុម​U16 ភ្នំពេញ​ក្រោន បាន​ឈរ​នៅលេខ​៧ ដោយ​ឈ្នះ​៤ ស្មើ​៤ ចាញ់​១០​ដង មាន​១៦ពិន្ទុ រីឯ​ក្រុម​U19​វិញ បាន​ឈរ​នៅលេខ​៥ ដោយ​ឈ្នះ​៧ ស្មើ​៤ ចាញ់​៧ដង មាន​២៥ពិន្ទុ៕