លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​សហព័ន្ធ​កីឡាអេឡិចត្រូនិក​កម្ពុជា (EFC) បាន​ជំរុញ​កីឡាករ កីឡាការិនី ព្រម​ទាំង​មន្រ្តី​បច្ចេក​ទេស​ដែល​ទទួល​បន្ទុក​លើ​ការ​រៀបចំ​ការ​ប្រកួត​ត្រូវ​តែ​ប្រកាន់​ឱ្យ​បាន​នូវ «យុត្តិធម៌» ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រភេទ​កីឡា E-Sports ​នេះ កាន់​តែ​មាន​ការ​រីក​ចម្រើន ហើយជ្រើស​រើស​បាន​អត្តពលិក​កាន់​តែ​មានគុណ​ភាព សម្រាប់​​ប្រកួត​តំណាង​ឱ្យជាតិ នៅលើ​ឆាក​អន្តរជាតិ។

លោក​បាន​ថ្លែង​ថា៖ «ឱ្យ​តែ​មានខ្ញុំ​នៅត្រង់ណា គឺ​ត្រូវតែ​មាន​ទង់យុត្តិធម៌​ដោត​នៅចំពោះមុខ​ខ្ញុំ! ធ្វើអ្វី​ក៏​ដោយ ​ដាច់ខាត​ត្រូវតែមាន​យុត្តិធម៌ ព្រោះ​បើមាន​យុត្តិធម៌​ហើយ ការងារ​​នឹង​មាន​ប្រសិទ្ធ​ភាព សាមគ្គី​ភាព ហើយ​នៅក្នុង​​កីឡារបស់​យើង​ក៏​ដូចគ្នា យុត្តិធម៌​សំខាន់ណាស់ ព្រោះ​មានយុត្តិធម៌​អត់​ឈ្លោះ​គ្នា​ទេ»។

លោក ជា ច័ន្ទបរិបូរណ៍ បាន​ថ្លែង​បែប​នេះ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការ​ប្រកួត​កីឡាអេឡិចត្រូនិកជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០២៤ នៅទី​ស្នាក់​ការ​ក្រសួងព័ត៌មាន កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ហើយលោក​​មានការជឿជាក់​ថា ការ​ប្រកាន់ភ្ជាប់​នូវ​យុត្តិធម៌ នឹង​ធ្វើ​ឱ្យការ​ប្រកួត​ថ្នាក់ជាតិ​នៅក្នុង​ខែ​វិច្ឆិកា​នេះដំណើរ​ការ​ទៅ​ដោយរលូន គ្មានជម្លោះ ពិសេស​ជ្រើសរើស​បាន​អត្តពលិក​ដែលមានគុណ​ភាព​ល្អ សម្រាប់​ប្រកួត​តំណាង​ឱ្យជាតិទៀត។​​


លោក​បញ្ជាក់​ថា៖ «នៅ​ក្នុង​កីឡា​អេឡិចត្រូនិក​របស់​យើង​នេះ វាពាក់ព័ន្ធជាមួយនឹង​បច្ចេក​វិទ្យា អ៊ីចឹង​យើង​ត្រូវពង្រឹង​មន្រ្តី​អាជ្ញាកណ្តាល​យើង​បន្ថែម​ទៀត។ ចំណែក​ដៃគូ​សហការ​ខាង​ទី​លាន និងខាង​បច្ចេក​វិទ្យា ក៏ត្រូវ​តែ​ឱ្យ​ល្អ​ប្រសើរ​ថែម​ទៀត ដើម្បី​ធ្វើ​យ៉ាង​ណា​រក្សា​ឱ្យបាន​នូវ​យុត្តិធម៌​នៅ​ក្នុងការ​ប្រកួត ហើយពេល​មានបញ្ហា​អ្វី ត្រូវដោះស្រាយជា​បន្ទាន់​ ដើម្បី​រកចំណុចកណ្តាល​មួយឱ្យ​ល្អ​ទាំងអស់​គ្នា»។

ប្រធាន EFC ដដែលនេះ បាន​បន្ថែម​ថា៖ «ខ្ញុំ​ជឿជាក់​ថា ការ​ប្រកួត​ជម្រើសជើងឯក​ថ្នាក់ជាតិ​របស់​យើង លើក​នេះ កាន់តែ​មានគុណ​ភាព ប្រសិទ្ធភាព ហើយ​យើង​នឹង​ទទួល​បាន​​កីឡាករ​ល្អៗ ដើម្បី​ត្រៀម​ប្រកួត​ជាមួយ​អន្តរជាតិ។ ឈ្នះ​ការ​ប្រកួត​ថ្នាក់ជាតិ ជាមោទនភាព​មួយ​ហើយ តែ​បើ​ឈ្នះការ​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ​បន្ថែម​ទៀត វា​កាន់តែ​ជាកិត្តិយសធំ សម្រាប់​កីឡា E-Sports ​របស់​យើង»។


លោក ជា ច័ន្ទបរិបូរណ៍ ពេល​ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការប្រកួតកីឡាអេឡិចត្រូនិកជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ កាលពីថ្ងៃទី១២ ខែវិច្ឆិកា។ រូប​ថត ឈន ណន

ទាក់ទងទៅនឹងការ​ប្រកួត​ប្រជែង​នៅលើ​ឆាក​អន្តរជាតិនេះ លោក ជា ច័ន្ទបរិបូរណ៍ បាន​លើក​ទឹក​ចិត្ត និងជំរុញ​ឱ្យ​ក្រុម​អត្តពលិក​អេឡិចត្រូនិកកម្ពុជាទាំងអស់ ត្រូវ​ខិតខំហ្វឹកហាត់ដុសខាត់សមត្ថភាពទៅលើ​វិញ្ញាសាថ្មីៗ​ឱ្យ​បាន​កាន់​តែ​ប្រសើរ ដើម្បីត្រៀម​ការ​ប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ​២០២៥ ព្រោះ​លោក លន់ សាមឌី អគ្គលេខាធិការ EFC បាន​អះអាង​ថា ស៊ីហ្គេម ខាងមុខ​នេះ ម្ចាស់​ផ្ទះ​ថៃ មិនបានដាក់​ប្រភេទវិញ្ញាសា​ដែល​ក្រុម​កម្ពុជា ធ្លាប់​ដណ្តើម​បាន​មេដាយមាស​៣ ប្រាក់​១ និងសំរឹទ្ធ​១ នៅស៊ីហ្គេម ឆ្នាំ​២០២៣នោះទេ។

លោកបានសង្កត់​ធ្ងន់​ថា៖ ​«កីឡា E-Sports នេះ ពិតជាពិបាក ព្រោះ​វិញ្ញាសា​ដែល​យើង​កំពុង​តែលេង​ល្អ តែថ្ងៃ​ក្រោយ​វិញ្ញាសាហ្នឹង​លែងមាន​ប្រជាប្រិយភាព គេទៅចាប់យក​​វិញ្ញាសា​ថ្មី ដែលយើង​​ត្រូវចាប់​ផ្តើមឡើង​វិញ ហើយការ​ប្រកួត​ស៊ីហ្គេមនេះ​ទៀត គឺ​ម្ចាស់​ផ្ទះ គេ​រៀបចំអ្វីមួយ​ដែល​ជារបស់គេ​ខ្លាំងជាង»។

ក្រុមកីឡាករ កីឡាការិនី E-Sports បានថតជុំគ្នាជាមួយ​ថ្នាក់​ដឹកនាំ និង​ដៃគូសហការ នៅ​ក្នុងសន្និសីទសារព័ត៌មាន កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៤។ រូប​ថត ឈន ណន

«ថៃ វិញ្ញាសា​មួយចំនួន ធ្លាប់​ចាញ់​យើង​នៅស្រុក​ខ្មែរ អ៊ីចឹង​ថៃ នឹងមិន​ដាក់​វិញ្ញាសា​នោះ នៅស៊ីហ្គេម ឆ្នាំ​២០២៥​​ទេ ហេតុនេះ​បើ​យើងដឹង​ថា គេដាក់វិញ្ញាសាអ្វី យើងខំប្រឹង​លេង​វិញ្ញាសា​ហ្នឹង​ទៅ។ ​យើង​នៅសល់ពេល​១ឆ្នាំ​ទៀត ហេតុនេះសូមអត្តពលិក​ទាំង​អស់ ខិតខំសម្រួចគុណភាពបច្ចេកទេសត្រៀមខ្លួនឱ្យបានល្អប្រសើរ ក្នុងគោលដៅដណ្តើមមេដាយជូនប្រទេសជាតិជាថ្មីម្តងទៀត»។ លោក ជា ច័ន្ទបរិបូរណ៍ បាន​បន្ថែម។

ជាមួយគ្នា​នេះ​ប្រធាន​សហព័ន្ធ EFC លោក ច័ន្ទបរិបូរណ៍ ក៏បាន​ចុះអនុស្សរណៈយោគយល់​គ្នា ជាមួយ​ដៃគូឧបត្ថម្ភ​ថ្មី ដើម្បី​ផ្តល់​លទ្ធភាព​កាន់តែ​ធំ ក្នុង​​ការ​រៀបចំការ​ប្រកួត ក៏ដូចជាពង្រឹង​គុណ​ភាពលេង​របស់​​ក្រុម​ E-Sports ឱ្យ​កាន់តែ​ប្រសើរ​ ហើយ​នៅក្នុងសន្និសីទសារព័ត៌មាន កាលពី​ថ្ងៃអង្គារ​នេះ EFC ក៏​ការ​បានប្រកាស​ពីការ​បញ្ជូន​ក្រុមកីឡាការិនី CFU Serendipity (MLBB) ឱ្យ​ទៅ​ចូលរួមប្រកួតជើងឯកពិភពលោក លើកទី១៦ នៅរាជធានីរីយ៉ាត ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត តំណាង​ឱ្យ​ក្រុមជម្រើសជាតិ (ANGKOR WARRIORS) ផងដែរ៕