កីឡាការិនី​បាល់​ទាត់​កម្ពុជា​ចំនួន​២៣នាក់​ ត្រូវបានជ្រើស​រើសជា​បេក្ខភាព​ចុង​ក្រោយ សម្រាប់​ចូល​រួមការ​ប្រកួត​ពាន​រង្វាន់​ជើង​ឯក​នារី​​អាស៊ាន ឆ្នាំ​ប២០២៤ (AFF Women’s Cup 2024) ពី​ថ្ងៃ​ទី២៣ ដល់​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៤​ នៅ​ប្រទេស​ឡាវ។ នេះ​បើ​តាម​បញ្ជីរាយនាម កីឡាការិនីជម្រើសជាតិ​ ចុងក្រោយ​របស់​សហព័ន្ធ​កីឡាបាល់​ទាត់កម្ពុជា នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។

តាម​បញ្ជីរាយនាម​កីឡាការិនីជម្រើសជាតិ​កម្ពុជា ចុងក្រោយ​​ទាំង២៣​នាក់​នេះ គឺ​មាន​កីឡាការិនី​មកពី​​ក្លិប​ភ្នំពេញ​ក្រោន​ចំនួន​៧នាក់ ក្លិប​វិសាខា​ចំនួន​៦នាក់ ក្លិបណាហ្គាវើលដ៍​ចំនួន​៤នាក់ ក្លិប​បាល់​ទាត់​សៀម​រាប ៣នាក់ ក្លិប​បឹងកេត​ចំនួន​២នាក់ និងម្នាក់​ទៀត​ជា​កីឡាការិនី​កូនខ្មែរ​-កាណាដា ​ឈីវ សាលីណា ដែល​ធ្លាប់បានរួមចំណែក​ជួយ​ក្រុម​នារី​កម្ពុជា ក្នុងការ​ប្រកួតស៊ីហ្គេម ឆ្នាំ​២០២៣​ផងដែរ។

ចំពោះ​បេក្ខភាព​ទាំង​២៣​នាក់​នេះ គឺ​ត្រូវបាន​សម្រិតសម្រាំង​​ចេញ​ពី​​កីឡាការិនី​ចំនួន​៣០នាក់ ដែល​ត្រូវបាន​កោះហៅមក​ធ្វើតេស្ត សម្រាប់​ការ​ប្រមូលផ្តុំ កាលពី​ថ្ងៃទី​៧ ខែវិច្ឆិកា ដើម្បី​ត្រៀម​ការ​ប្រកួតពាន​រង្វាន់ AFF Women’s Cup 2024​ ដោយ​ព្រឹត្តិការណ៍​នេះ ​ក្រុម​នារី​កម្ពុជា ​ស្ថិត​ក្នុង​​ពូល​B ជា​មួយ​ក្រុម​នារី​ម៉ាឡេស៊ី និង ឥណ្ឌូនេស៊ី ខណៈ​ពូល A ​មាន​ម្ចាស់​ផ្ទះ​ឡាវ សិង្ហបុរី និង​​ទីម័រ​​ខាង​កើត។


តែទោះបីជា​យ៉ាង​ណា អ្នក​គាំ​ទ្រ​ភាគ​ច្រើន នៅតែមិនអស់​ចិត្ត ដែល​ការ​ប្រមូល​ផ្តុំលើក​​នេះ បែរជា​គ្មាន​វត្តមាន​កីឡាការិនី​កូន​កាត់​ខ្មែរ-កាណាដា Melania Joy Hoekstra ព្រោះ​កីឡាការិនី​មានកម្ពស់​រូបនេះ ជា​ខ្សែ​ការពារ​ដ៏សំខាន់ ដែល​​ជួយ​ឱ្យក្រុម​នារី​ជម្រើសជាតិ​កម្ពុជា បង្កើតបាន​ប្រវត្តិ​​សាស្រ្ត នៅ​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ តាម​រយៈការ​ប្រជែង​បានឱកាស​ឡើង​ទៅ​ប្រកួត​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ជា​លើកដំបូង ក្នុង​នាមជា​ម្ចាស់​ផ្ទះ។

កីឡាការិនីកូនកាត់ខ្មែរ-កាណាដា Melania Joy Hoekstra ពេលប្រកួតជាមួយក្រុមកីឡាការិនីជម្រើសជាតិឡាវ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣។ រូបថត Ishikawa


យ៉ាង​ណា​ក៏​ដោយ បើ​តាមប្រភព​ច្បាស់ការណ៍ បាន​ឱ្យ​ដឹង​ថា ការ​ដែល​សហព័ន្ធកីឡាបាល់​ទាត់​កម្ពុជា មិនបាន​កោះហៅ​ Melania Joy Hoekstra មក​ចូលរួមជាមួយ​ក្រុមជម្រើសជាតិ​កម្ពុជា​លើកនេះ ដោយសារ​កីឡាការិនី ​មាន​ដើម​កំណើត​នៅតំបន់ Bowmanville ក្នុង​ខេត្ត Ontario ប្រទេស​កាណាដា​រូបនេះ ជាប់​លេង​ឱ្យ​​ក្លិបបាល់​ទាត់​​របស់តៃវ៉ាន់ Kaohsiung Attackers មិនអាច​ដក​ខ្លួនមក​បាន។

ជាមួយគ្នានេះ ម្ចាស់អាវ​លេខ​៥ Melania Joy Hoekstra ក៏បាន​បង្ហាញ​ការសោក​ស្តាយ ចំពោះ​ការ​បាត់បង់ឱកាស​នេះ​ផងដែរ។ នាងបាន​​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួនបែប​នេះ​ថា៖​ «ពិត​ជាសោក​ស្តាយ​ក្នុង​ការប្រកាស​នេះ ប៉ុន្តែ​​ខ្ញុំ​នឹង​មិន​អាច​ចូល​រួម​​ប្រកួត​​ឱ្យ​​​ជម្រើស​ជាតិ​ក្នុង​វគ្គ​ជម្រុះ AFF បាន​ទេ»។

កីឡាការិនី​រូបនេះ បានបន្ថែម​ថា៖ ​«រដូវ​កាលប្រកួត​​របស់​ខ្ញុំ ​នៅ​តៃវ៉ាន់ គឺ​​​ដល់​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ទើប​ចប់​ ហើយ​ខ្ញុំ​ពិត​ជា​មិន​អាច​ចាក​ចេញ​បាន ​មុន​ពេល​​ទីផ្សារ FIFA បើក​ឡើយ។ សង្ឃឹម​ថា ខ្ញុំ​​អាច​វិល​​ត្រឡប់​ទៅលេង​​តំណាងឱ្យ​​ជម្រើស​​ជាតិ​កម្ពុជា ​នៅ​ឆ្នាំ​២០២៥។ សូម​សំណាង​ល្អ​​ដល់​កីឡាការិនី ដែល​​ត្រូវ​បាន​ជ្រើស​រើស។ ខ្ញុំ​នឹង​​អបអរ​ដល់​អ្នក​ទាំង​អស់​គ្នា។ ស៊ូ​ស៊ូ​កម្ពុជា!!»។

បេក្ខភាពជាកីឡាការិនីជម្រើសជាតិកម្ពុជា ទាំង២៣នាក់ ដែលត្រូវបានជ្រើសរើស ត្រៀមចូលរួមការប្រកួតពាន AFF Women’s Cup 2024 នៅប្រទេសឡាវ។ រូប FFC

គួរ​រំឭក​ថា សម្រាប់ការ​ចូលរួមជាមួយក្រុម​កីឡាការិនីជម្រើសជាតិ​កម្ពុជា ជា​លើកដំបូង ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ខ្សែ​ការពារ​ Melania Joy Hoekstra ​បាន​ក្លាយ​​ជា​កម្លាំង​​យ៉ាង​​សំខាន់ ដែល​​បាន​ជួយ​ក្រុម​នារី​ជម្រើស​ជាតិ​កម្ពុជា ឡើងដល់​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​​ព្រ័ត្រ បន្ទាប់ពីបាន​ទទួលចំណាត់​ថ្នាក់លេខ​២​ប្រចាំពូល​ B ក្រោយ​ពួកគេ​បាន​យក​ឈ្នះ​​​ក្រុមនារី​ឡាវ ២-០ ឈ្នះ​ក្រុម​សិង្ហបុរី ១-០ និង​ចាញ់ក្រុមនារី​​​ថៃ ៣-០។

ប៉ុន្តែ​​ការ​ឡើង​ទៅជួប​ក្រុមនារី​លេខ​១មកពីពូល​A ​របស់​​វៀតណាម គឺ​ក្រុម​នារី​កម្ពុជា បានចាញ់ ៤-០ ចំណែក​ការ​វិល​ទៅជួប​ក្រុមនារី​ថៃ ក្នុងការ​ប្រកួតដណ្តើម​យក​មេដាយ​សំរឹទ្ធ គឺ​ក្រុម​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា បាន​បន្តចាញ់​រហូត​ដល់ ៦-០ ដោយបាន​ត្រឹម​លេខ​៤ គ្មាន​មេដាយ​ដដែល៕