ក្រុមកីឡាការិនីជម្រើសជាតិ​អេឡិចត្រូនិក​កម្ពុជា ដែលគេប្រសិទ្ធនាម​ថា ជា​ក្រុមអ្នកចម្បាំង​​អង្គរ (Angkor Warriors) បាននាំ​យក​មេដាយ​ប្រាក់ ដែល​ពួកគេ​ដណ្តើម​បាន​ពីការ​ប្រកួត​​កីឡា​អេឡិចត្រូនិក​ជើងឯក​ពិភព​លោក លើកទី១៦ (16th IESF World E-Sports Championship 2024) លើ​វិញ្ញាសា Mobile Legends: Bang Bang នៅ​ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត មក​ដល់​មាតុប្រទេស​វិញ នា​ព្រឹក​ថ្ងៃព្រហស្បតិ៍​នេះ។

បើទោះបីជា​ក្រុម​ Angkor Warriors មិនអាច​ដណ្តើម​បានមេដាយ​មាស ប៉ុន្តែ​ការ​ឈ្នះ​បាន​មេដាយ​ប្រាក់នេះ ត្រូវបាន​សហព័ន្ធ​កីឡាអេឡិចត្រូនិក​កម្ពុជា (EFC) ចាត់​ទុក​ថា ជាការ​បង្កើត​ប្រវត្តិសាស្រ្ត​ថ្មី ​ចំពោះ​ក្រុម​កីឡាការិនី E-Sports ​កម្ពុជា សម្រាប់ការ​​បាន​​ទៅ​ប្រកួតដល់​ជុំ​ចុង​ក្រោយ​​នៃ​ព្រឹត្តិការណ៍ World E-Sports Championship នេះ ជា​លើកដំបូង បន្ទាប់ពី​ពួកគេ បាន​ឆ្លង​កាត់​ប្រកួតជម្រុះ​ប្រចាំតំបន់អាស៊ាន​ជា​ច្រើន​លើក ដោយបាន​ឈ្នះ​ក្រុម​ជម្រើសជាតិ​ឡាវ ប្រ៊ុយណេ និងហ្វីលីពីន តែ​ចាញ់​ក្រុមនារី​ឥណ្ឌូនេស៊ី។

លោក លន់ សាមឌី អគ្គលេខាធិការ EFC បាន​និយាយ​ពេល​លោក​ដឹកនាំ​ក្រុម Angkor Warriors មក​ដល់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ នាព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា​នេះ​ថា៖ ​«នេះជាលើកដំបូង ដែល​ក្រុមកីឡាការិនី​របស់​យើង​ បានចូលរួម​ប្រកួត​ជើងឯកពិភព​លោក ហើយ​ទម្រាំទទួល​បានលេខ​២​នេះ គឺ​មិន​ធម្មតា​ទេ ដោយក្រុម​យើង​បាន​ឆ្លង​កាត់​ការ​ប្រកួតជាច្រើនដំណាក់​កាល និងស្វិតស្វាញ​បំផុត»។


សម្រាប់​ការ​​ប្រកួតជុំ​ចុងក្រោយ ពី​ថ្ងៃទី​​១៦ ដល់​ទី​២០ ខែវិច្ឆិកា​​នៃព្រឹត្តិការណ៍ World E-Sports Championship 2024 ដែល​មាន​៤៩​ប្រទេស​​ចូល​រួម​នេះ ក្រុមនារី​អ្នក​ចម្បាំង​អង្គរ បានទទួល​ចំណាត់ថ្នាក់លេខ​២ ប្រចាំពូល​B បន្ទាប់ពីពួក​គេ​បាន​យក​ឈ្នះ​ក្រុមកីឡាការិនី​ជម្រើសជាតិ​នេប៉ាល់ អាហ្សង់ទីន ម៉ុងហ្គោលី ​កូឡុំប៊ី តែ​​បានចាញ់​ក្រុមលេខ​១​របស់​អ៊ុយក្រែន រីឯ​ក្រុមនេប៉ាល់ បាន​លេខ​៣។

ជាមួយ​លទ្ធផល​នេះ ក្រុមនារី​កម្ពុជា ត្រូវ​ឡើង​ទៅជួបក្រុមលេខ​១​ពូលAរបស់​ឥណ្ឌូនេស៊ី នៅ​វគ្គ Upper Bracket Semifinal រីឯ​ក្រុម​នារី​អ៊ុយ​ក្រែន ត្រូវជួបក្រុមលេខ​២ពូល​A មកពី​អេហ្ស៊ីប ក្នុង​វគ្គនេះ​ដូចគ្នា ចំណែក​ក្រុម​ម្ចាស់​ផ្ទះអារ៉ាប៊ីសាអ៊ូឌីត ដែល​បាន​លេខ​៣​ប្រចាំពូល​A បាន​ធ្លាក់ទៅ​​ប្រកួត​​នៅ​កម្រិត Lower Bracket ដោយ​រង់​ចាំ​ក្រុមទាំង​២ ដែលបានចាញ់​ក្នុង​វគ្គ Upper Bracket។


តាម​រយៈការ​ប្រកួត​នោះ ក្រុមនារី​កម្ពុជា នៅ​តែ​បន្ត​ចាញ់​ក្រុមកីឡាការិនី​របស់​ឥណ្ឌូនេស៊ី ២-០ ហើយ​ក្រុម​អ៊ុយ​ក្រែន ក៏​បានចាញ់​ក្រុមអេហ្ស៊ីប ២-០ ដូចគ្នា។ លទ្ធផលនេះ​បានជួយ​ឱ្យក្រុម​ឥណ្ឌូនេស៊ី និង​អេហ្ស៊ីប ​ឡើង​ទៅជួបគ្នា​នៅ​វគ្គ Upper Bracket Final ម្តង​ទៀត ចំណែក​ក្រុម​កម្ពុជា និងអ៊ុយក្រែន បាន​ធ្លាក់​មក​ប្រកួត​ក្នុង​វគ្គខ្វែង Lower Bracket ជាមួយក្រុមនារីនេប៉ាល់ និង​ក្រុម​អារ៉ាប៊ីសាអ៊ូឌីត។

យ៉ាង​ណាក៏​ដោយ នៅ​ក្នុងការ​ប្រកួត​វគ្គ​ខ្វែង Lower Bracket នេះ ក្រុម​នារី​កម្ពុជា បានយក​ឈ្នះ​ក្រុមម្ចាស់​ផ្ទះ​​អារ៉ាប៊ីសាអ៊ូឌីត ២-១ ហើយ​ក្រុមនារី​របស់​អ៊ុយ​ក្រែន បានទម្លាក់​ក្រុមនារី​នេប៉ាល់ ដោយបាន​យក​ឈ្នះ ២-០ ផងដែរ ​ធ្វើ​ឱ្យក្រុមមកពីពូល​Bជាមួយ​គ្នានេះ ឡើង​ទៅជួបគ្នា​នៅ​វគ្គ Lower Bracket Simifinal ម្តង​ទៀត។

សម្រាប់​ការជួបគ្នាជា​ថ្មី​នេះ ក្រុមនារី​កម្ពុជា បានសងសឹក​លើ​​ក្រុម​នារីអ៊ុយ​ក្រែន បាន​សម្រេច តាម​រយៈការ​យក​ឈ្នះ ២-០ វិញ ដើម្បី​ឡើង​ទៅប្រកួត​វគ្គ Lower Bracket Final ជាមួយក្រុមនារី​អេហ្ស៊ីប ដែល​បានចាញ់​ក្រុមនារី​ឥណ្ឌូនេស៊ី ២-១ នៅ​វគ្គ Upper Braket Final ហើយក្រុម​កម្ពុជា បាន​វាយបក​យក​ឈ្នះ​ក្រុមអេហ្ស៊ីប ដោយ​លទ្ធផល​ ២-១។

តែទោះបីជា​យ៉ាង​ណា សម្រាប់​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ ដណ្តើម​យកមេដាយមាស នៅ​វគ្គ Grand Final គឺ​​ក្រុម​ Angkor Warriors របស់​កម្ពុជា នៅ​តែមិនអាច​​យក​ឈ្នះ​​ក្រុម​ខ្លាំង​របស់ឥណ្ឌូនេស៊ី បានដដែល ដោយពួកគេ​បានបន្តចាញ់ ២-០ និង​​បានមេដាយប្រាក់ អមជាមួយ​ប្រាក់​រង្វាន់​ចំនួន​២៥០០០​ដុល្លារ ខណៈ​ក្រុម​មេដាយមាស​របស់ឥណ្ឌូនេស៊ី បាន៥ម៉ឺន​ដុល្លារ រីឯ​ក្រុមម្ចាស់មេដាយ​សំរឹទ្ធ​របស់អេហ្ស៊ីប បាន ១៥០០០ដុល្លារ ចំណែក​ក្រុមលេខ​៤ អ៊ុយ​ក្រែន ក៏បាន​ប្រាក់​រង្វាន់១ម៉ឺន​ដុល្លារ​ផងដែរ។

ជាមួយ​ការដណ្តើម​បាន​មេដាយប្រាក់​កម្រិត​ពិភព​លោកនេះ កីឡាការិនី ឆៃលីម កិន្នារី ដែលជា​ប្រធាន​ក្រុម Angkor Warriors បាននិយាយ​ថា៖ ​«សម្រាប់ការ​ប្រកួត​នេះ យើង​រំពឹង​បាន​ត្រឹម​ចូល Top3 អី​ទេ ប៉ុន្តែ​យើងបានដល់​លេខ​២ ហើយខ្ញុំ​ពេញ​ចិត្ត​នឹងស្មារតី​ប្រយុទ្ធ​របស់​ក្រុម​ខ្ញុំ ដែល​បាន​ធ្លាក់​ទៅលេង​​កម្រិត Lower ហើយ តែ​បានខំប្រឹង​ប្រែងលេង​ដោយឆន្ទៈ រហូត​ឡើង​មកដល់​វគ្គ​ Grand Final»។

តែទោះបីជា​យ៉ាង​ណា ការចាញ់​ក្រុមកីឡាការិនីជម្រើសជាតិ​ឥណ្ឌូនេស៊ី ដោយ​លទ្ធផល ២-០ ដូចគ្នា​ទាំងការ​ប្រកួតជម្រុះក្នុង​តំបន់អាស៊ាន រួមទាំង​​​វគ្គ Upper Bracket Semifinal និង​វគ្គ Grand Final សម្រាប់​ការ​ប្រកួត​នេះ វាបានក្លាយជា​ចំណុច​ខ្សោយ​មួយ ដែល​ ឆៃលីម កិន្នារី មើល​ឃើញ​ថា មកពី​​ក្រុម​របស់​ខ្លួន មានបទពិសោធន៍​តិចជាង​ក្រុមនារី​ឥណ្ឌូនេស៊ី។

ជាមួយ​ហេតុផលនេះ លោក លន់ សាមឌី បាន​អះអាង​ថា សហព័ន្ធ​កីឡាអេឡិចត្រូនិក​កម្ពុជា នឹង​ជំរុញ​បន្ថែម​ទៀត ដល់​ក្រុម​នារី E-Sports កម្ពុជា សម្រាប់ត្រៀម​ការ​ប្រកួត​ស៊ីហ្គេម លើក​ទី​៣៣ ឆ្នាំ​២០២៥ នៅប្រទេស​ថៃ ដែលប្រភេទ​កីឡា E-Sports ​នេះ គឺ​មាន​វិញ្ញាសា Mobile Legends ទាំង​ផ្នែក​បុរស និងនារី អ៊ីចឹង​យើង​ត្រូវ​ប្រឹង​ប្រែងជំរុញ​បន្ថែម ឆ្ពោះ​ទៅកាន់​ការ​ប្រកួត​នោះ។

លោក​បញ្ជាក់​ថា៖​ «​ប្រទេស​ខ្លាំងៗនៅ​ក្នុងតំបន់​អាស៊ានមួយចំនួន មាន​​ចំណាត់ថ្នាក់​ពិភព​លោក​ហើយ ជាពិសេស​ឥណ្ឌូនេស៊ី ហើយឥឡូវ​​កម្ពុជា​យើង ក៏​បានជាប់ចំណាត់ថ្នាក់លេខ​ ២​ ​ពិភពលោកដែរ ប៉ុន្តែ​ដើម្បី​ទទួល​បានជោគ​ជ័យ​បន្ថែម យើង​ត្រូវ​ពង្រឹង​​បន្ថែម​ទៀត​ គឺ​ក្លិប​​ត្រូវតែ​បង្កើន​ការ​ហ្វឹក​ហាត់​ដល់ពួកគាត់ ហើយសហព័ន្ធ នឹង​​​បង្កើត​ឱ្យ​មានការ​ប្រកួតបន្ថែម​ ដើម្បី​ឱ្យពួកគាត់​បាន​ប្រកួត ពង្រឹងសមត្ថភាព​ឱ្យកាន់តែ​បាន​ល្អ​ដូចគ្នា»៕