គិតមកដល់ពេលនេះ ប្រតិភូកីឡាប្រដាល់គុនខ្មែរ បានត្រៀមខ្លួនរួចរាល់អស់ហើយ ដើម្បីរៀបចំការប្រកួតជើងឯកគុនខ្មែរអន្តរជាតិកម្ពុជា ក្រិក ជាប្រវត្តិសាស្រ្តលើកដំបូង នៅទីក្រុង Heraklion កោះ Crete ប្រទេសក្រិក នាថ្ងៃទី២៤ ខែវិច្ឆិកានេះ បន្ទាប់ពីប្រតិភូកីឡាប្រដាល់គុនខ្មែរមួយក្រុមនេះ បានធ្វើដំណើរទៅដល់ទឹកដី ដែលមានវប្បធម៌ក្បាច់គុនដ៏ចំណាស់មួយនេះ កាលពីថ្ងៃទី២០ ខែវិច្ឆិកា។
លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានលើកឡើង ក្នុងសន្និសីទកាសែត កាលពីថ្ងៃទី១៩ ខែវិច្ឆិកាថា ការចេញទៅប្រកួតនៅប្រទេសក្រិក ជាលើកដំបូងនេះ ជាកំណត់ត្រាថ្មីមួយ ដែលកម្ពុជា បានបញ្ជូនប្រតិភូកីឡាទៅចូលរួមក្នុងលក្ខណៈទ្រង់ទ្រាយធំ ក្រោមកិច្ចសហការជាមួយស្ថានីយទូរទស្សន៍ជាតិកម្ពុជា (ទទក) និងមានការឧបត្ថម្ភធំពីក្រុមហ៊ុនវឌ្ឍនៈប្រ៊ូវើរី។
លោកបានបន្ថែមថា ក្រៅពីការបញ្ជូនកីឡាករ៧នាក់ និងកីឡាការិនី១នាក់ទៅប្រកួត កម្ពុជា ក៏បានបញ្ជូនគ្រូបង្វឹកគ្រូបង្វឹក មន្រ្តីសហព័ន្ធ ក្រុមភ្លេងប្រពៃណីខ្មែរ និងចៅក្រមអាជ្ញាកណ្តាល១នាក់ សម្រាប់ចូលរួមរៀបចំ និងកាត់សេចក្តី នៅក្នុងការប្រកួតនៅប្រទេសក្រិកផងដែរ ដែលធ្វើឡើងតាមសំណើររបស់ភាគីក្រិក ហើយនេះជាព្រឹត្តិការណ៍ដ៏សំខាន់ ដើម្បីផ្សព្វផ្សាយគុនខ្មែរ ទៅកាន់ពិភពលោក។
លោក ខូវ ឆាយ បញ្ជាក់ថា៖ «ការចេញទៅប្រទេសក្រិកនេះ ជាបេសកកម្មដ៏វិសេសវិសាល ដែលមិនត្រឹមតែចូលរួមការប្រកួតទេ ប៉ុន្តែយើងទៅបង្ហាញឱ្យពិភពលោកបានឃើញពីសិល្បៈក្បាច់គុនបុរាណខ្មែរ ព្រមទាំងផ្សព្វផ្សាយឱ្យគេទទួលស្គាល់ ស្ងប់ស្ញែង និងងាកមកហាត់គុនខ្មែរ ហើយឈានទៅដល់ការបើកក្លិប និងបើកសហព័ន្ធប្រដាល់គុនខ្មែរ នៅតាមប្រទេសនានា ក្នុងតំបន់អឺរ៉ុប ដើម្បីឱ្យគ្រប់ប្រទេស នៅលើសកលលោក ទទួលស្គាល់គុនខ្មែររបស់យើង»។
ដោយសារក្រិក ជាប្រទេសដែលមានវិប្បធម៌ក្បាច់គុនដ៏ចំណាស់ និងជាប្រទេសដើមកំណើតនៃព្រឹត្តិការណ៍កីឡាអូឡាំពិកផងដែរ លោក ខូវ ឆាយ បានយល់ឃើញថា ការសហការរៀបចំឱ្យមានការប្រកួតជើងឯកគុនខ្មែរអន្តរជាតិកម្ពុជា ក្រិកនេះ នឹងធ្វើឱ្យប្រទេសផ្សេងៗទៀត នៅក្នុងតំបន់អឺរ៉ុប មានការចាប់អារម្មណ៍កាន់តែខ្លាំងពីគុនខ្មែរ ហើយនេះជាការបោះជំហានទៅមុខមួយកម្រិតទៀត ដើម្បីឈានទៅសម្រេចគោលដៅដាក់ «គុនខ្មែរ» ទៅក្នុងអូឡាំពិក។
លោក ឆាយ បានសង្កត់ធ្ងន់ថា៖ «យើងធ្វើម៉េចឱ្យគុនខ្មែររបស់យើង បានក្លាយទៅជាប្រភេទកីឡាមួយ នៅក្នុងអូឡាំពិក ហើយត្រូវបានប្រទេសនានា នៅលើពិភពលោក ចូលរួមប្រកួតប្រជែងដណ្តើមយកមេដាយ និងពានរង្វាន់របស់គុនខ្មែរយើង។ នេះជាផែនការ ដែលយើងចង់បានទៅថ្ងៃអនាគត ហេតុនេះយើងត្រូវប្រឹងប្រែងទាំងអស់គ្នា»។
ចំណែកកញ្ញា ឡុង ស៊ីណេត តំណាងឱ្យក្រុមហ៊ុនវឌ្ឍនៈប្រ៊ូវើរី បាននិយាយថា៖ «នេះជាជំហានថ្មីមួយរបស់គុនខ្មែរ ក៏ដូចជាកម្មវិធី Krud Kun Khmer បោះជំហានទៅកាន់ទ្វីបអឺរ៉ុប ក្នុងលក្ខណៈទ្រង់ទ្រាយធំ ជាពិសេសប្រទេសក្រិកនេះ ដែលមានវប្បធម៌វ័យចំណាស់ដូចកម្ពុជាដែរ ហើយនេះជាការពាំនាំស្តង់ដារៀបចំការប្រកួតគុនខ្មែររបស់យើង ដើម្បីឱ្យអន្តរជាតិបានស្គាល់កាន់តែច្រើន»។
សម្រាប់ការប្រកួតជើងឯកគុនខ្មែរអន្តរជាតិកម្ពុជា ក្រិកនេះ មានការប្រកួតដណ្តើមខ្សែក្រវាត់ចំនួន៥គូ ដោយក្នុងនោះ លន បញ្ញា ត្រូវជួបកីឡាករម្ចាស់ផ្ទះ Mario Gousho ក្នុងទម្ងន់៦៦គីឡូក្រាម រីឯ ធន់ ស៊ីហង ត្រូវប៉ះកីឡាករ Tahir Dervishi ក្នុងទម្ងន់៥៧គីឡូក្រាម ហើយ គឹម វាសនា ត្រូវប្រកួតជាមួយ Vasilis Paraskevopoulos ក្នុងទម្ងន់៧២គីឡូក្រាម ខណៈ Sorn សន រ៉ាគីម ត្រូវតទល់នឹងកីឡាករ Ention Mouchai ក្នុងទម្ងន់៦៣,៥គីឡូក្រាម។
ចំណែកអ្នកលេងកណ្តាប់ដៃ ធន់ រិទ្ធី ត្រូវវ៉ៃដណ្តើមខ្សែក្រវាត់ជាមួយកីឡាករម្ចាស់ផ្ទះ Panagiotis Kousis ក្នុងទម្ងន់៧៥គីឡូក្រាម រីឯកីឡាករ ឡុង សុវណ្ណឌឿន, គង់ សំបូរ និងកីឡាការិនី ធន់ ស្រីពេញ ត្រូវប្រកួតដណ្តើមពាន ជាមួយកីឡាករ កីឡាការិនីរបស់ប្រទេសក្រិកទៅតាមប្រភេទទម្ងន់រៀងៗខ្លួន ដោយការប្រកួតនេះ នឹងចាប់ផ្តើមពីល្ងាចម៉ោង៦នៅក្រិក ត្រូវនឹងម៉ោង១០យប់ នៅកម្ពុជា ហើយទូរទស្សន៍ជាតិកម្ពុជា នឹងធ្វើការផ្សាយបន្តផ្ទាល់ការប្រកួតទាំង៨គូនេះ។
ជុំវិញនឹងការចេញទៅប្រកួតជាលើកដំបូង នៅប្រទេសក្រិកនេះ កីឡាករ កីឡាការិនីទាំង៨នាក់របស់កម្ពុជា សុទ្ធតែអះអាងពីការត្រៀមខ្លួនបានល្អ និងប្រឹងប្រែងប្រកួតឱ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមយកជ័យជម្នះ ព្រមទាំងធ្វើឱ្យពិភពលោកបានមើលឃើញកាន់តែច្បាស់ពីភាពសម្បូរបែបនៃសិល្បៈក្បាច់គុនបុរាណខ្មែរ។
កីឡាករមានវ័យចាស់វស្សាជាងគេ ឡុង សុវណ្ណឌឿន បាននិយាយថា៖ «សម្រាប់ការប្រកួតនៅក្រៅស្រុកកន្លងមក ខ្ញុំនៅមិនទាន់ទទួលបានជោគជ័យទេ តែការចេញប្រទេសក្រិកលើកនេះ ខ្ញុំបានត្រៀមខ្លួនយ៉ាងពិសេស ដើម្បីដណ្តើមឱ្យបានជោគជ័យ ហើយក្រៅពីប្រកួត ខ្ញុំចង់ពាំនាំយកវប្បធម៌ និងអរិយធម៌ដ៏ចំណាស់របស់ខ្មែរ ទៅបង្ហាញនៅលើទឹកដីដ៏ចំណាស់របស់ក្រិកផងដែរ»។
ចំណែកម្ចាស់មេដាយមាសស៊ីហ្គេម លន បញ្ញា បាននិយាយថា៖«សម្រាប់ការប្រកួតលើកនេះ ខុសប្លែកពីប្រកួតដណ្តើមខ្សែក្រវាត់នៅក្នុងស្រុក ព្រោះវាជាការប្រកួត ដើម្បីផ្សព្វផ្សាយ និងបង្ហាញពីស្នៀតក្បាច់គុនខ្មែរ ឱ្យទៅកាន់ពិភពលោកបានស្គាល់ អ៊ីចឹងខ្ញុំប្តេជ្ញាដណ្តើមឱ្យបានជ័យជម្នះត្រឡប់មកមាត់ប្រទេសវិញ ដោយខ្ញុំមានសង្ឃឹម៩០ភាគរយ»៕