ក្រុមប្រតិភូ​កីឡា​ប្រដាល់​គុនខ្មែរ បាន​ទទួល​លទ្ធផល​ដ៏​ត្រចះត្រចង់ សម្រាប់​ការ​រៀបចំ​ការប្រកួតជើងឯកគុនខ្មែរអន្តរជាតិកម្ពុជា ក្រិក ជា​ប្រវត្តិសាស្រ្ត​លើកដំបូង នៅទី​ក្រុង Heraklion ​កោះ Crete ប្រទេស​ក្រិក ដោយក្នុង​នោះ​កីឡាករ​កម្ពុជា ធន់ រិទ្ធី, សន រ៉ាគីម, គឹម វាសនា និង ធន់ ស៊ីហុង សុទ្ធតែ​ដណ្តើម​បានខ្សែ​ក្រវាត់រៀងៗ​ខ្លួន ប៉ុន្តែ​ជើង​ខ្លាំង លន បញ្ញា បែរជា​លះបង់​ខ្សែ​ក្រវាត់​របស់​ខ្លួនឱ្យអ្នក​ផ្សេង​ទៅ​វិញ។

តាម​រយៈ​ការ​ប្រកួត កាលពី​យប់​ថ្ងៃអាទិត្យ ម្សិលមិញ​នេះ កីឡាករ​វ័យក្មេង​ ធន់ ស៊ីហុង បាន​ប្រើពេល​តិចជាងគេ ដើម្បី​ដណ្តើម​​បានខ្សែ​ក្រវាត់ ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម តាម​រយៈ​ការ​ផ្តួល​អ្នក​ប្រដាល់​របស់​ក្រិក Tahir Dervishi ឱ្យ​សន្លប់ នៅ​ចុង​ទឹក​ទី​១ បន្ទាប់ពី​វ៉ៃ​ឱ្យ​អាជ្ញាកណ្តាល​រាប់​ចំនួន​២​លើក​រួច​មក។

ចំណែក​កីឡាករ គឹម វាសនា ​បាន​ម៉ាត់​ចូល​ពោះ​ពេញៗ បណ្តាល​ឱ្យ​អ្នក​ប្រដាល់​របស់​ម្ចាស់​ផ្ទះ Vasilis Paraskevopoulos សន្លប់​នៅចុងទឹក​ទី​២ ដើម្បី​ក្លាយជា​ម្ចាស់​ផ្ទះក្នុងទម្ងន់​៧២គីឡូក្រាម រីឯ សន រ៉ាគីម ក៏​បាន​វ៉ៃ​ឱ្យ​​កីឡាកររបស់​ក្រិក Ention Mouchai សន្លប់​នៅ​ចុងទឹក​ទី​២​ផងដែរ ដើម្បី​ឈ្នះ​បាន​ខ្សែ​ក្រវាត់ ក្នុង​ទម្ងន់​ ​៦៣,៥​គីឡូ​ក្រាម ហើយ​​អ្នក​លេង​កណ្តាប់ដៃ ធន់ រិទ្ធី ​ដណ្តើម​បាន​​ខ្សែក្រវាត់ក្នុង​ទម្ងន់​៧៥​គីឡូក្រាម ក្រោយ​ឈ្នះ​​កីឡាករម្ចាស់​ផ្ទះ Panagiotis Kousis ដោយពិន្ទុ។


ដោយ​ឡែក ម្ចាស់​មេដាយមាសស៊ីហ្គេម ឆ្នាំ​២០២៣ លន បញ្ញា ក៏ត្រូវទទួល​​បានខ្សែ​ក្រវាត់ ក្នុង​ប្រភេទទម្ងន់​៦៦គីឡូក្រាម​ផងដែរ ខណៈ​ដៃគូ​របស់​គេ Mario Gousho មានបញ្ហា​សុខ​ភាព មិនអាច​ឡើង​ប្រកួត​បាន​នោះ ប៉ុន្តែ បញ្ញា មិន​ទទួល​យកខ្សែ​ក្រវាត់នេះ​ទេ គឺ​រូបគេបាន​សម្រេច​ដាក់​ខ្សែ​ក្រវាត់នេះ ឱ្យគូ​ផ្សេង​ប្រកួត​ដណ្តើម​វិញ។


ជុំវិញ​រឿងនេះ លន បញ្ញា បាន​និយាយ​ថា៖​ «​ខ្សែ​ក្រវាត់​ហ្នឹង​ស្អាត ខ្ញុំ​ចង់​​បាន ប៉ុន្តែ​បើ​យើងមិន​បាន​ប្រកួត​ផង តើ​យក​មក​ធ្វើ​អី? វាគ្មាន​តម្លៃ ព្រោះ​ខ្ញុំ​មកទី​នេះ ដើម្បី​ប្រកួត​បង្ហាញ​ពី​គុនខ្មែរ តែ​បែរ​ជាមិន​បាន​ប្រកួត»។

ចំពោះ​​ការសម្រេច​មិន​យក​ខ្សែ​ក្រវាត់​របស់ លន បញ្ញា នេះ គណៈ​កម្មការ​រៀបចំការ​ប្រកួត បាន​យក​ខ្សែ​ក្រវាត់នេះ ដាក់​ឱ្យកីឡាករ គង់ សំបូរ និង​អ្នក​ប្រដាល់​​ក្រិក Petro Sacho ប្រកួត​ដណ្តើមគ្នា ហើយជា​លទ្ធផល​ Petro បាន​យក​ឈ្នះ គង់ សំបូរ ដោយពិន្ទុ ដើម្បី​ទទួល​បានខ្សែ​ក្រវាត់​មួយ​នេះយ៉ាង​រំភើប​បំផុត។

ការ​ឈ្នះ​ខ្សែ​ក្រវាត់​របស់​កីឡាករ Petro Sacho បាន​ធ្វើឱ្យ​ការលះបង់​ខ្សែក្រវាត់​របស់ លន បញ្ញា ​ក្លាយជាការ​ចង់​ចាំ​ដ៏​ល្អបំផុត​របស់​ម្ចាស់​ផ្ទះ​ក្រិក ព្រោះ​វាជា​ខ្សែ​ក្រវាត់តែមួយគត់ ដែល​កីឡាករ​​របស់​ម្ចាស់​ផ្ទះដណ្តើម​បាន។

ចំណែកការ​ប្រកួត​​មិត្ត​ភាព​ដណ្តើម​ពាន​កិត្តិយស​វិញ កីឡាករ​ម្ចាស់​ផ្ទះ Matin Latifi ត្រូវបាន​អ្នកប្រដាល់​ចាស់​វស្សា​របស់​កម្ពុជា ឡុង សុវណ្ណឌឿន ចាប់បុកជង្គង់​រហូត​អ្នក​ឱ្យ​ទឹក​បោះ​កន្សែងសុំចុះចាញ់​នៅចុង​ទឹក​ទី​២ តែ​កីឡាការិនី Fani Peloumpi បាន​យក​ឈ្នះ​ ធន់ ស្រីពេញ ដោយពិន្ទុ៕