ក្រុមកំពុង​ឈរ​នៅលេខរៀង​ទី​​២ ​នៃ​លីគ​កំពូល​កម្ពុជា វិសាខា បាន​ថម​ថយឱកាស​មួយ​​កម្រិត​ ក្នុងការ​តាមប្រជែង​យក​លេខ​១​ពី​ក្រុម​ភ្នំពេញ​ក្រោន បន្ទាប់ពី​ពួក​គេ មិន​អាច​សង​សឹក​ទៅលើ​​ក្រុម​ណាហ្គាវើលដ៍ បាន ខណៈដែល​ ​ភ្នំពេញក្រោន នៅតែ​អាច​រក្សាកំណត់​ត្រា​មិន​ធ្លាប់​ចាញ់​របស់​ខ្លួនជា​លើក​ទី​១២​​នោះ។

បើទោះបីជា​៩​ប្រកួត​កន្លងមក​នេះ ក្រុម​វិសាខា បាន​ឈ្នះ​៨​លើក មុនពេល​ស្មើ​គ្នា ៣-៣ ជាមួយ​ក្រុម​ភ្នំពេញ​ក្រោន ប៉ុន្តែ​ពួកគេ ស្ទើរ​តែចាញ់​ក្រុមម្ចាស់​ផ្ទះ​ណាហ្គាវើលដ៍ ១-០ ជាថ្មី​ម្តង​ទៀត សម្រាប់ការ​ជួបគ្នា ក្នុង​ជើង​ទី​២ នៅ​កីឡដ្ឋាន​ខេត្ត​កំពង់ស្ពឺ កាលពី​យប់​ថ្ងៃអាទិត្យ ព្រោះ​ខ្សែ​ប្រយុទ្ធ Yusuke Minagawa រក​បាន​គ្រាប់បាល់​បើក​ឆាក​ឱ្យក្រុមណាហ្គា បាន​មុន នៅនាទីទី​​៣៤ ប៉ុន្តែ​ត្រូវ​បាន​ខ្សែ​ប្រយុទ្ធ​របស់កូរ៉េខាងត្បូង Park Jungbin រក​បាន​១​គ្រាប់​វិញឱ្យ​វិសាខា នៅនាទីទី​៥៩ ដើម្បីជួយ​ឱ្យក្រុមទាំង​២​ស្មើ​គ្នា ១-១។

យ៉ាង​ណា​ក៏​ដោយ ក្រុម​វិសាខា ហាក់មិនសូវសប្បាយ​ចិត្តជាមួយ​លទ្ធផល​ស្មើ​គ្នា ១-១ ជាមួយ​ណាហ្គាវើលដ៍ នេះ​ទេ ព្រោះ​ការ​រក​បាន​១ពិន្ទុ​នេះ បាន​ធ្វើ​ឱ្យ​ពួកគេ មានគម្លាត​ពិន្ទុ​ដាច់​ឆ្ងាយ​ពី​ក្រុម​កំពុង​ឈរ​នៅលេខ​១ ភ្នំពេញ​ក្រោន រហូត​ដល់​៨ពិន្ទុ គឺ​ ៣៤ទល់​នឹង​២៦ពិន្ទុ ព្រោះ​ ភ្នំពេញ​ក្រោន នៅតែ​អាច​រក​បាន​៣ពិន្ទុបន្ថែម សម្រាប់​ការ​ប្រកួត​លើក​ទី​១២​របស់​ខ្លួនជាមួយក្រុម​កងយោធពលខេមរភូមិន្ទ។


សម្រាប់ការ​ដណ្តើម​បាន​៣ពិន្ទុ​ពីក្រុម​កងយោធពល​ខេមរភូមិន្ទ (ទ័ព) កាលពី​យប់​ថ្ងៃសៅរ៍ កន្លងមក​នេះ លោក Oleg Starynskyi គ្រូ​បង្គោល​ក្រុម​ភ្នំពេញ​ក្រោន បាន​និយាយ​ថា៖​ «ការឈ្នះ​៣ពិន្ទុនេះពិតជាសំខាន់ណាស់ ព្រោះការ​ប្រកួត​មាន​ភាព​ស្វិតស្វាញ​ខ្លាំង។ ​យើង​ធ្វើ​បាន​យ៉ាង​ល្អ តាម​រយៈការ​វាយបក​យ៉ាង​រហ័ស»។

តាម​រយៈការ​ប្រកួត​យ៉ាងស្វិតស្វាញ នៅ​កីឡដ្ឋាន​ Smart RSN កាលពី​យប់​ថ្ងៃទី​២៣ ខែវិច្ឆិកា​នោះ ភ្នំពេញ​ក្រោន ហាក់មិនហ៊ាន​ប្រថុយ​ប្រឋាន​វាយសម្រុក​ទៅលើ​ក្រុមទ័ព ប៉ុន្មាន​ទេ ព្រោះ​ពួកគេ ក៏មានការ​បារម្ភ​ទៅលើ​ការ​វាយ​បក​​របស់​ក្រុម​ទ័ព​ផងដែរ ជាពិសេសការ​បញ្ចប់ទី​ដ៏​មានគុណ​ភាព​របស់​​ខ្សែ​ប្រយុទ្ធ​ Josemar Balanga Agostinho ដែល​កំពុង​ឈរ​លេខ​១ ក្នុងនាមជា​កីឡាករ​រក​បានគ្រាប់បាល់​ច្រើនជាងគេ ជាបណ្តោះអាសន្ន។


ប៉ុន្តែបន្ទាប់ពី Josemar មានរបួស និង​​ត្រូវបាន​ប្តូរចេញ​នៅ​នាទីទី​២១ គឺ​​អ្វីៗមានការ​​ប្រែ​ប្រួល ធ្វើ​ឱ្យ​​ភ្នំពេញ​ក្រោន ​អាច​​រក​បាន​៣​គ្រាប់​ជាប់ៗគ្នា ពីការ​រក​បាន​គ្រប់បាល់​របស់​ Ogawa Yudai នៅនាទីទី​២៦ RAFAEL ANDRES NIETO RONDON នៅនាទីទី៣៦ និង JELLE JOOST GOSELINK នៅនាទីទី​៤៨ មុនពេល​ខ្សែ​ប្រយុទ្ធ SHORI MURATA រក​បាន​១​គ្រាប់​វិញ​ឱ្យ​ក្រុមទ័ព នៅនាទីទី​៦២។

លោក ភា សុភ័ត្ត្រា គ្រូ​បង្គោល​ក្រុម​ទ័ព បាន​បង្ហាញការសោកស្តាយ​ខ្លាំង ចំពោះ​ការ​ចាញ់​ក្រុម​ភ្នំពេញ​ក្រោន ៣-១ លើកនេះ។ ​លោក​បានអះអាង​ថា ការ​ចាញ់នេះ ដោយសារ​តែ​ក្រុម​របស់​លោក មិនអាច​លេង​ទៅតាម​ផែន​ការដែលបាន​រៀបចំ បន្ទាប់ពី​ម្ចាស់​អាវ​លេខ​៩ Josemar មានរបួស មិនអាច​បន្ត​លេង​ទៀត​បាន។

ខ្សែប្រយុទ្ធ Josemar Balanga Agostinho របស់ក្រុមទ័ព បានអូសបាល់ចូលតំបន់ការពាររបស់ក្រុមភ្នំពេញក្រោន មុនពេលរបួស ហើយត្រូវបានប្តូរចេញ នៅនាទីទី២១។ រូបថត Tiffy Army

លោក សុភ័ត្ត្រា បាន​និយាយ​ក្រោយការ​ប្រកួត​ថា៖ «អ្វី​ដែល​សោក​ស្តាយបំផុត​នោះ គឺ​ក្រោយពេលដែល Josemarមានរបួ​ស ធ្វើឱ្យផែនការដែលយើងហ្វឹកហាត់ប៉ុន្មានថ្ងៃមកនេះ មិនអាចដំណើរការទៅមុខ​ទៀត​បាន។ នៅពេលដែលមាន Josemar គឺខ្សែការពាររបស់ ភ្នំពេញ​ក្រោន ២នាក់អត់ហ៊ានឡើងទេ តែក្រោយពេលគាត់​របួស អ្វីៗត្រូវបានផ្លាស់ប្ដូរ ខ្សែការពារទាំង​២របស់​គេ​ហ៊ានឡើងចែក​បាល់ដល់​​តំបន់​កណ្តាល ដោយសារគ្រូ​បង្វឹក​គេ មានភាពឆ្លាតវៃ ក្នុងការ​រៀបចំផែន​ការ​លេង»។

សម្រាប់ការ​ប្រកួត កាលពី​ថ្ងៃសៅរ៍​នោះ​ដែរ ក្រុមព្រះខ័នរាជស្វាយរៀង បាន​លត់​ក្រុម ISI ដង្កោសែន​ជ័យ ៦-០ សម្រាប់ការ​ប្រកួត​លើក​ទី​១០​របស់​ពួកគេ ដើម្បី​ឈរ​នៅលេខ​៣ មាន​២២ពិន្ទុ ស្មើជាមួយក្រុមណាហ្គាវើលដ៍ និង​អង្គរ​ថាយហ្គឺរ ចំណែក​ខ្សែ​ប្រយុទ្ធ​ធ្លាប់​ល្បី​ឈ្មោះ​ ទើបជាពីរបួស ចាន់ វឌ្ឍនាកា រកបាន​គ្រប់បាល់ជាលើកដំបូង ដើម្បី​ជួយ​ឱ្យក្រុមបឹងកេត យក​ឈ្នះ​ក្រុមគិរីវង់សុខសែន​ជ័យ ៣-១ កាលពី​ថ្ងៃអាទិត្យ ធ្វើ​ឱ្យ បឹងកេត បន្ត​ឈរ​នៅលេខ​៦ មាន​១៧ពិន្ទុ៕

ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ពេលបង្ហាញខ្លួនក្នុងជម្រើសរើស១១នាក់ដំបូងរបស់បឹងកេត ពេលយកឈ្នះក្រុមគិរីវង់សុខសែនជ័យ ៣-១ កាលពីថ្ងៃអាទិត្យ។ រូបថត CPL