ក្រុមកីឡាការិនីជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់គ្រូបង្គោល លោក ឃួន ឡាបូរ៉ាវី បាននឹងកំពុងហ្វឹកហាត់ពង្រឹងបន្ថែមទៅលើចំណុចខ្វះខាត ដើម្បីត្រៀមការប្រកួតកាត់សេចក្តីជាមួយក្រុមកីឡាការិនីជម្រើសជាតិម៉ាឡេស៊ី ក្នុងការប្រកួតពានរង្វាន់ជើងឯកនារីអាស៊ាន ឆ្នាំ២០២៤ (AFF Women’s Cup 2024) នៅលើទឹកដីប្រទេសឡាវ នាថ្ងៃទី២៩ ខែវិច្ឆិកា ខាងមុខនេះ។
ដោយឈរនៅពូលB ដែលមានត្រឹម៣ប្រទេស គឺក្រុមកីឡាការិនីជម្រើសជាតិកម្ពុជា បានបញ្ចប់ការប្រកួតបើកឆាករបស់ខ្លួនជាមួយក្រុមជម្រើសជាតិឥណ្ឌូនេស៊ី កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ដោយលទ្ធផលស្មើគ្នា ០-០ ហើយការចែកគ្នាម្នាក់១ពិន្ទុនេះ គឺក្រុមនារីកម្ពុជា បានឈរនៅលេខ១ប្រចាំពូលនេះជាបណ្តោះអាសន្ន។
ការប្រកួតស្មើ ០-០ ជាមួយក្រុមនារីឥណ្ឌូនេស៊ីនោះ ត្រូវបានគ្រូបង្គោល ឃួន ឡាបូរ៉ាវី មើលឃើញថា ក្រុមនារីកម្ពុជា ធ្វើបានល្អទាំងការគ្រប់គ្រងបាល់ និងបង្កើតឱកាស ប៉ុន្តែបែរជាគ្មានសំណាង រកបានគ្រាប់បាល់ ដោយក្នុងនោះកីឡាការិនី សឿន វិផា, ហេង សុវណ្ណមុនី, ឈិត សាភឿន និង ពឿន គន្ធា សុទ្ធតែមានឱកាសស៊ុតបាល់នៅក្នុងប្រអប់ទីរបស់ក្រុមឥណ្ឌូនេស៊ី តែធ្វើមិនបានល្អដូចគ្នា ហើយអ្វីដែលអ្នកគាំទ្រស្តាយបំផុតនោះ គឺការស៊ុតបាល់ទៅប៉ះរបារទីរបស់ខ្សែប្រយុទ្ធ ហេង សុវណ្ណមុនី នៅនាទីទី១៥។
លោក ឃួន ឡាបូរ៉ាវី បាននិយាយក្នុងអំឡុងពេលហ្វឹកហាត់ កាលពីថ្ងៃចន្ទថា៖ «ខ្ញុំសប្បាយចិត្តទៅនឹងការលេងរបស់កីឡាការិនីយើង ពេលប្រកួតជាមួយក្រុមឥណ្ឌូនេស៊ី ព្រោះគ្រប់គ្នាធ្វើបានទៅតាមការរៀបចំរបស់ក្រុម។ យើងគ្រប់គ្រងហ្គេមបានល្អទាំងពេលការពារ ពេលប្រយុទ្ធ ហើយយើងគ្រប់គ្រងបាល់ក៏បានច្រើន បង្កើតឱកាសក៏បានច្រើន ប៉ុន្តែអ្វីដែលយើងអត់សំណាងនោះ គឺការបញ្ចប់ទីរបស់យើង»។
ចំពោះបញ្ហានេះ អតីតខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្រុមជម្រើសជាតិកម្ពុជា ឃួន ឡាបូរ៉ាវី បានអះអាងថា លោកនឹងព្យាយាមកែប្រែង និងបន្ថែមនូវចំណុចមុតស្រួច ដល់ក្រុមកីឡាការិនីជម្រើសជាតិកម្ពុជា ដើម្បីត្រៀមប្រកួតកាត់សេចក្តីចុងក្រោយជាមួយក្រុមនារីម៉ាឡេស៊ី នៅថ្ងៃទី២៩ ខែវិច្ឆិកាខាងមុខនេះ។
បើទោះបីជា ក្រុមនារីកម្ពុជា ត្រូវការត្រឹម១ពិន្ទុបន្ថែម ដើម្បីបានឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែ ឃួន ឡាបូរ៉ាវី មិនចង់ឃើញកូនក្រុមរបស់ខ្លួន ទទួលបានលទ្ធផលស្មើម្តងទៀត ពេលប្រកួតជាមួយក្រុមនារីម៉ាឡេស៊ី ឡើយ គឺលោកចង់ឃើញក្រុមនេះទទួលបានជ័យជម្នះ ដើម្បីឱ្យស្របទៅនឹងការប្តេជ្ញាចិត្តរបស់កម្ពុជា សម្រាប់ការចូលរួមប្រកួតប្រជែងយកពានរង្វាន់ AFF Women’s Cup លើកនេះ។
គ្រូបង្គោលក្រុមនារីកម្ពុជារូបនេះ បានបញ្ជាក់ថា៖ «យើងមកទីនេះ (ប្រទេសឡាវ) ដើម្បីប្រជែងយកពានរង្វាន់ អ៊ីចឹងចំពោះការតាំងចិត្តរបស់ខ្ញុំ និងរបស់កីឡាការិនីទាំងអស់ គឺយើងចង់ឈ្នះគ្រប់ការប្រកួត ហេតុនេះបើទោះបីជាការប្រកួតក្រោយ យើងត្រូវការតែ១ពិន្ទុ ដើម្បីឡើងទៅវគ្គបន្តក៏ដោយ ប៉ុន្តែយើងត្រូវការឈ្នះ ហើយយើងរំពឹងថា ក្រុមរបស់យើង នឹងអាចទទួលបានជ័យជម្នះ សម្រាប់ការប្រកួតជាមួយក្រុមម៉ាឡេស៊ី»។
ដោយឡែកក្រុមកីឡាការិនីជម្រើសជាតិឥណ្ឌូនេស៊ី នឹងត្រូវប្រកួតលើកទី២របស់ខ្លួន ជាមួយក្រុមនារីម៉ាឡេស៊ី នៅយប់ម៉ោង ៧:៣០ ថ្ងៃអង្គារនេះ ហើយនៅក្នុងជំនួបនេះ ក្រុមឥណ្ឌូនេស៊ី ត្រូវការត្រឹម១ពិន្ទុទេ ដើម្បីកក់កៅអី នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ចំណែកក្រុមកីឡាការិនីជម្រើសជាតិទីម័រខាងកើត ក៏ត្រូវប្រកួតជម្រុះចុងក្រោយប្រចាំពូលA ជាមួយក្រុមនារីសិង្ហបុរី នៅរសៀលម៉ោង៣ ថ្ងៃអង្គារនេះផងដែរ បន្ទាប់ពីពួកគេ បានប្រកួតស្មើ ១-១ ជាមួយក្រុមម្ចាស់ផ្ទះរបស់ឡាវ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា៕